សារលិខិតបង្រៀនសួរសុខទុក្ខ ខែ កញ្ញា ឆ្នាំ 2014
បេសកកម្មដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ៖ អង្គលួងលោម
សូមសិក្សាឯកសារនេះដោយការអធិស្ឋាន ហើយព្យាយាមយល់ដឹងនូវអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងពីឆាកជីវិត និង បេសកកម្មរបស់ព្រះអង្គសង្គ្រោះ នឹងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើទ្រង់ ហើយប្រទានពរដល់អ្នកទាំងឡាយដែលអ្នកមើលថែ តាមការបង្រៀនសួរសុខទុក្ខបានដោយរបៀបណា ? ចំពោះព័ត៌មានបន្ថែម សូមចូលទៅreliefsociety.lds.org ។
ព្រះយេស៊ូវគ្រីស្ទ បានសន្យាថា « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ( យ៉ូហាន 14:18 ) ។ ទ្រង់នឹងប្រទានដល់យើងនូវ « ភួងលំអជំនួសផេះ ប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ » (អេសាយ 61:3) ។ ដោយសារព្រះគ្រីស្ទបានរងទុក្ខនូវដង្វាយធួនសម្រាប់ពួកយើងម្នាក់ៗ នោះទ្រង់នឹងពុំភ្លេចពួកយើងឡើយ ។ « ព្រះអង្គសង្គ្រោះរបស់យើងបានលើកដាក់លើរូបអង្គទ្រង់…ការឈឺចាប់របស់យើង និង ការរងទុក្ខ និង ការលំបាករបស់យើង ដូច្នេះទ្រង់អាចញាណពីអារម្មណ៍យើង និង ពីរបៀបដើម្បីលួងលោមយើង » ។ ប្រសាសន៍របស់ លីនដា អេស រីវ៉េស ទីប្រឹក្សាទីពីរ ក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ។1
ការដឹងថា ព្រះគ្រីស្ទ នឹងលួងលោមយើង នោះអាចនាំយើងឲ្យមានភាពសុខសាន្ត និង ការបំផុសគំនិតដើម្បីធ្វើតាមគំរូទ្រង់ ដោយបម្រើមនុស្សដទៃ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖ « ចំណេះដឹងរបស់យើងអំពីដំណឹងល្អ និង សេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើង នឹងលួងលោម និង គ្រាំទ្រយើង ហើយនាំមកនូវសេចក្តីអំណរមកកាន់ដួងចិត្តយើង នៅពេលយើងដើរដោយស្មោះត្រង់ និង រក្សាបទបញ្ញត្តិនានា ។ គ្មានអ្វីនៅក្នុងពិភពលោកនេះ ដែលអាចរារាំងយើងបានឡើយ » ។2
ដកស្រង់ចេញពីព្រះគម្ពីរ
យ៉ូហាន 14:18,23 អាលម៉ា 7:11 –13 គោលលទ្ធិ និង សេចក្តីសញ្ញា 101:14–16
ចេញពីប្រវត្តិសាស្ត្ររបស់យើង
អ៊ីឡែន អិល ជេក ប្រធានសមាគមសង្គ្រោះទូទៅទី 12 បានមានប្រសាសន៍ថា ៖ « ក្នុងការបង្រៀនសួរសុខទុក្ខ យើងជួយគ្នាទៅវិញទៅមក ។ ជាញឹកញាប់ សកម្មភាពរបស់យើងអាចទាក់ទងគ្នាបានច្រើនជាងពាក្យពេចន៍របស់យើងទៅទៀត ។ ការឱបដោយសេចក្តីស្រឡាញ់គឺជាទំនាក់ទំនងមួយដ៏អស្ចារ្យ ។ ការសើចជាមួយគ្នា គឺរួបរួមពួកយើង ។ ពេលនៃការចែកចាយធ្វើឲ្យដួងព្រលឹងយើងស្រស់ស្រាយ ។ យើងមិនអាចបន្ថូរបន្ទុករបស់នរណាម្នាក់ដែលលំបាកជានិច្ចនោះទេ ប៉ុន្តែយើងអាចលើកទឹកចិត្តគាត់ ដូច្នេះគាត់អាចទ្រាំនឹងវាបាន » ។3
បងប្អូនស្ត្រីសមាគមសង្គ្រោះនៃអ្នកត្រួសត្រាយរបស់យើង « បានរកឃើញកម្លាំងខាងវិញ្ញាណ នៅក្នុងសេចក្តីស្រឡាញ់ និង សេចក្តីមេត្តាចំពោះគ្នាទៅវិញទៅមក ។ …នៅពេលពួកគេបានរងទុក្ខការលំបាកនៃជំងឺ និង សេចក្តីស្លាប់ នោះពួកគេបានអធិស្ឋានដោយសេចក្តីជំនឿសម្រាប់គ្នាទៅវិញទៅមក ហើយលួងលោមគ្នាទៅវិញទៅមក ។ ហេលែន ម៉ា វីតនី បានសរសេរថា < សេចក្តីស្រឡាញ់របស់ព្រះបានរីកសុះសាយក្នុងចំណោមមនុស្សលោក រហូតដល់មនុស្សទុច្ចរិតហាក់បីដូចជាគ្មានអំណាច មកបំបែកបំបាក់យើង និង ព្រះអម្ចាស់ ហើយនឹងមានពេលមួយ ដែលព្រួញដ៏ឃោរឃៅរបស់វានឹងពុំបង្កឲ្យមានទុក្ខព្រួយឡើយ > » ។4
© 2014 ដោយIntellectual Reserve, Inc.រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ 6/13 ។ អនុមតិការបកប្រែ ៖ 6/13 ។ ការបកប្រែនៃVisiting Teaching Message, September 2014. Cambodian. 10869 258