ឆ្នាំ​២០១៦
សេចក្ដីសង្ឃឹម​នៃ​សេចក្ដីស្រឡាញ់​ក្នុង​គ្រួសារ​ដ៏​អស់កល្បជានិច្ច
សីហា 2016


សារលិខិត​គណៈប្រធាន​ទី​មួយ ខែ សីហា ឆ្នាំ ២០១6

សេចក្ដីសង្ឃឹម​នៃ​សេចក្ដីស្រឡាញ់​ក្នុង​គ្រួសារ​ដ៏​អស់កល្បជានិច្ច

អស់​ទាំង​អំណោយ​ទា​ន​ដែល​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​បាន​ប្រទាន​ដល់​កូនចៅ​របស់ទ្រង់ នោះជីវិត​ដ៏អស់កល្បជានិច្ច​គឺជា​អំណោយ​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត ( សូមមើលគ. និង ស. ១៤:៧ ) ។ អំណោយទាន​នោះ​គឺ​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ជា​ព្រះបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់​ជារៀងរហូត​ជា​ក្រុមគ្រួសារ ។ មាន​តែ​នៅក្នុង​នគរសេឡេស្ទាល​ជា​នគរ​របស់ព្រះ​ដ៏​ខ្ពស់​បំផុត​ប៉ុណ្ណោះ ដែលចំណង​សេចក្ដីស្រឡាញ់​ក្នុង​ជីវិត​គ្រួសារ​បន្ដ​មាន ។

យើង​ទាំងអស់​គ្នា​សង្ឃឹម​ចង់បាន​អំណរ​នៃ​ការ​រស់នៅក្នុង​គ្រួសារ​ជា​ទី​ស្រឡាញ់ ។ សម្រាប់​ពួក​យើង​មួយចំនួន វា​គឺជា​អារម្មណ៍​មួយ ដែល​យើង​ពុំ​ធ្លាប់​មាន​បទពិសោធន៍--ជា​អារម្មណ៍​មួយ​ដែល​យើង​ដឹង​ថា​អាច​មាន ប៉ុន្តែ​ពុំ​ទាន់​ក្លាយជា​ការពិត​នៅឡើយ ។ យើងអាច​នឹង​បានឃើញ​វា​មាន​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។ សម្រាប់​ពួក​​យើង​មួយចំនួន​ទៀត សេចក្ដីស្រឡាញ់​ក្នុងគ្រួសារ ហាក់ដូចជា​មាន​ពិត​ជាក់ស្ដែង និងមានតម្លៃ នៅពេល​ដែល​សេចក្ដីស្លាប់​បាន​បំបែក​យើង​ពី​កូន ពីម្ដាយ ពីឪពុក ពីបងប្អូនប្រុស ពីបងប្អូនស្រី ឬ​ជីដូនជីតា​ជាទីស្រឡាញ់ និង​សំណព្វ​របស់​យើង ។

យើង​ទាំងអស់​គ្នា​មាន​សេចក្ដីសង្ឃឹម​ថា​នា​ថ្ងៃ​ណា​មួយ យើង​អាច​ទទួលអារម្មណ៍​នៃ​ក្ដីស្រឡាញ់​យ៉ាងកក់ក្ដៅ​ជាថ្មី​ម្ដងទៀតពី​សមាជិក​គ្រួសារ​ដែល​យើង​ស្រឡាញ់​យ៉ាង​ខ្លាំង ដោយឱបក្រសោបទាំង​ក្តី​ឈឺចាប់សារជា​ថ្មី​ម្តង​ទៀតក្រសោ ។

ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​ស្គាល់​ពី​ដួងចិត្ត​របស់​យើង ។ ព្រះទ័យ​របស់ទ្រង់​គឺ​ប្រទាន​សុភមង្គល​ដល់​យើង ( សូមមើលនីហ្វៃទី ២ ២:២៥ ) ។ ហើយ​ដូច្នោះ ទ្រង់​បាន​ប្រទាន​អំណោយ​ជាព្រះរាជបុត្រា​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​កើត​មាន​អំណរ​ក្នុង​ចំណង​គ្រួសារ​ដែល​បន្ដ​មានជា​រៀងរហូត ។ ដោយសារ​ព្រះអង្គសង្គ្រោះ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់ នោះ​យើង​នឹង​ត្រូវ​បាន​រស់ឡើងវិញ ។ ដោយ​សារ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង​នោះ​យើងអាច​ប្រែក្លាយ​ទៅជាមាន​ភាព​សក្ដិសម​ចំពោះ​នគរ​សេឡេស្ទាលជាកន្លែង​ដែល​ក្រុម​គ្រួសារ​ត្រូវ​បាន​ចងភ្ជាប់​នឹង​គ្នា​នៅក្នុង​សេចក្ដីស្រឡាញ់​ជា​រៀងរហូត​តាមរយៈ​សេចក្ដីជំនឿ និងការ​ប្រែចិត្ត​របស់​យើង ។

ព្រះអង្គសង្គ្រោះ​បានបញ្ជូន​ព្យាការី​អេលីយ៉ា​ទៅ​ជួប​យ៉ូសែប ស្ម៊ីធ ឲ្យ​ស្ដារ​កូនសោ​បព្វជិតភាព​ឡើងវិញ ( សូមមើលគ. និងស. ១១០ ) ។ ដោយសារ​តែ​កូនសោ​ទាំងនោះ ទើប​នាំ​ឲ្យ​មាននូវ​អំណាច​នៃការ​ផ្សារភ្ជាប់ ដែល​បាន​ប្រទានឲ្យ​ជា​អំណោយ​ដ៏​មហិមា​បំផុត​របស់ព្រះ​ទៅដល់​កូនចៅ​របស់ទ្រង់–ជា​ជីវិត​អស់កល្បជានិច្ច​នៅក្នុង​ចំណង​ក្រុមគ្រួសារ​ជា​រៀងរហូត​តទៅ ។

វាគឺជា​ការ​ប្រទាន​ឲ្យ​មួយ​ដែល​កូនចៅ​គ្រប់រូប​របស់ព្រះ​ដែល​បាន​កើត​មកកាន់​ពិភពលោក​នេះ​អាច​ទាមទារ​យកបាន ។ កូនចៅ​ខាងវិញ្ញាណ​របស់ទ្រង់​មួយ​ភាគ​បី បាន​បដិសេធ​ការ​ប្រទាន​ឲ្យ​របស់ទ្រង់​កាល​នៅក្នុង​ពិភព​វិញ្ញាណ ។ ដោយសារ​តែ​ការ​ខ្វះ​នូវ​សេចក្ដីជំនឿ​គ្រប់គ្រាន់ បន្ទាប់មក​កើ​ត​មាន​នូវ​ការ​បះបោរ ដោយ បើកចំហ ពួកគេ​បានជ្រើសរើស​មិនចង់​ស្គាល់ពី​អំណរ​នៃ​អំណោយទាន​នៃ​ក្រុមគ្រួសារ​ដ៏អស់កល្បជានិច្ច​របស់ព្រះវរបិតាសួគ៌ ។

ចំពោះ​ពួក​យើង​ទាំងឡាយណា​ដែល​បាន​ឆ្លង​កាត់​ការសាកល្បង​ដ៏​សំខាន់​នៅក្នុង​ពិភព​វិញ្ញាណ​មុនជីវិត​រមែង​ស្លាប់ ហើយ​សក្ដិសម​ដើម្បី​ទទួល​អំណោយ​នៃ​រូបកាយ​ជីវិតរមែង​ស្លាប់ នោះ​ជម្រើស​ដ៏​ល្អបំផុត​នៃ​ជីវិត​អស់កល្បជានិច្ច គឺ​នៅតែ​ជា​របស់​យើង​ដើម្បីជ្រើសរើស ។ ប្រសិន​បើ​យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រក​ឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​យើងអាច​ជ្រើសរើស​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ដែល​នាំឲ្យ​យើង​សក្ដិសម​ចំពោះ​ជីវិត​អស់កល្បជានិច្ច ។ នៅ​ពេល​យើង​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់ នោះព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​សេចក្ដី​សង្ឃឹម និង​ទំនុក​ចិត្ត​ថា​យើង​ស្ថិត​នៅលើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏​អស់កល្បជានិច្ច ដើម្បី​រស់នៅ​ជា​ក្រុមគ្រួសារ​ជារៀងរហូត​នៅក្នុង​នគរ​សេឡេស្ទាល ។

ចំពោះ​មនុស្ស​មួយចំនួន អំណរ​ដ៏អស់កល្បជានិច្ច​នោះ​អាច​នឹង​ហាក់ដូចជា ជាសេចក្ដីសង្ឃឹម​ដែល​មិនច្បាស់លាស់ ឬ​រលត់​ទៅបន្ដិចម្ដងៗ ។ ឪពុក​ម្ដាយ កូនចៅ បងប្អូនប្រុស និង​បងប្អូន​ស្រី អាច​នឹង​ធ្វើ​ការ​ជ្រើសរើស​ជាច្រើន​ដែល​ហាក់ដូចជា​ពុំ​ឲ្យ​ពួកគេ​សក្ដិសម​នឹង​ជីវិត​អស់កល្បជានិច្ច ។ អ្នកអាច​នឹង​ងឿង​ឆ្ងល់​ផងដែរ​ថា​តើ​អ្នក​បាន​សក្ដិសម​តាមរយៈ​ដង្វាយធួន​នៃព្រះយេស៊ូវ​គ្រីស្ទ​ហើយ​ឬនៅ ។

ព្យាការី​របស់ព្រះ​ម្នាក់​បាន​ផ្ដល់​ការ​ប្រឹក្សា​ដល់​ខ្ញុំ ដែល​ផ្ដល់ជា​ភាព​សុខសាន្ដ​ដល់​ខ្ញុំ ។ ខ្ញុំ​បានបារម្ភ​ថា ការជ្រើសរើស​របស់អ្នកដទៃ​ទៀត​អាច​នឹង​ធ្វើ​ឲ្យគ្រួសារ​របស់​យើង​មិនអាច​នៅជាមួយ​គ្នា​ជា​រៀងរហូត​បាន ។ លោក​បានមានប្រសាសន៍​ថា « អ្នក​កំពុង​បារម្ភ​អំពី​បញ្ហា​ខុសឆ្គង ។ អ្នកគ្រាន់តែ​រស់នៅ​សក្ដិសម​នឹង​នគរ​សេឡេស្ទាលទៅ​បាន​ហើយ នោះ​ការ​រៀបចំ​គ្រួសារ​របស់អ្នក​នឹង​កាន់តែ​អស្ចារ្យ​ជាង​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » ។

ចំពោះ​អស់​អ្នក​ដែល​ជួប​នឹងបញ្ហា​ផ្ទាល់ខ្លួន ឬ​អវត្តមាន​ដៃគូ និងកូនចៅ–ឬ–បាត់បង់​ក្ដីសង្ឃឹម​របស់ពួកគេ ខ្ញុំ​សូម​ធ្វើជាសាក្សី​ថា ៖ ព្រះវរបិតាសួគ៌​ស្គាល់ ហើយ​ស្រឡាញ់​អ្នក​ជា​កូន​វិញ្ញាណ​របស់ទ្រង់ ។ ខណៈ​ដែលអ្នក​នៅជាមួយទ្រង់ និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ ពីមុនជីវិត​នេះ ពួក​ទ្រង់​បាន​ដាក់ក្តីសង្ឃឹម​នៅ​ក្នុង​ចិត្ត​របស់អ្នក​ថា​អ្នក​មាន​ជីវិត​អស់កល្បជានិច្ច ។ ដោយព្រះចេស្តា​នៃ​ដង្វាយធួនរបស់ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ការ ហើយ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ នោះ​អ្នក​អាច​ទទួល​អារម្មណ៍​ដឹក​នាំ​ពេល​នេះ ហើយ​នឹង​ទទួលអារម្មណ៍​ដឹង​នៅក្នុង​បរលោក​នាយ​ថា​សេចក្ដីស្រឡាញ់​ក្នុងគ្រួសារ​គឺ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ សព្វព្រះទ័យចង់​ឲ្យ​​អ្នកទទួល​​យ៉ាង​ខ្លាំង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​នៅពេល​អ្នក​រស់នៅ​ដោយ​សក្ដិសម​នឹង​នគរ​សេឡេស្ទាល នោះ​ការ​សន្យា​របស់ព្យាការី​ថា « នោះ​ការ​រៀបចំ​គ្រួសារ​របស់អ្នក​នឹង​កាន់តែ​អស្ចារ្យ​ជាង​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » នឹង​ជា​របស់​អ្នក ។

ការ​បង្រៀន​ចេញ​ពី​សារលិខិត​នេះ

ចូរ​ពិចារណា​ចាប់​ផ្ដើម​ដោយ​ការ​ប្រាប់​ដល់អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន​អំពី​គ្រា​មួយ ដែល​អ្នក​មានអំណរគុណ​ចំពោះ​សេចក្ដីសង្ឃឹម​អំពី​ក្រុមគ្រួសារ​ដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​គ្រា​ទាំងឡាយ​ដែល​ពួកគេ​មានអារម្មណ៍​ដឹង​គុណ​ចំពោះ​ក្រុមគ្រួសារ​ដ៏អស់កល្បជានិច្ច ។ ចូរ​សួរ​ដល់ពួកគេ ប្រសិន​បើ​ពួកគេ​ចង់​ចែកចាយ ។ បន្ទាប់​មក​អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដើម្បី​កែលម្អ ហើយ​រស់នៅ​កាន់តែ​មានភាព​សក្ដិសម​នឹង​នគរ​សេឡេស្ទាល ដើម្បី​ឲ្យ​ការសន្យារបស់ព្យាការី​អំពី « ការ​រៀបចំ​ក្រុមគ្រួសារនឹង​កាន់តែ​អស្ចារ្យ​ជាង​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត … » អាច​ជា​របស់​ពួកគេ ។