សារលិខិតគណៈប្រធានទីមួយ ខែ កុម្ភៈ ឆ្នាំ ២០១៧
« ដូចយើងស្រឡាញ់អ្នក »
កាលពីប៉ុន្មានឆ្នាំកន្លងទៅ មានមិត្តម្នាក់ឈ្មោះល្វីសបានប្រាប់ខ្ញុំនូវដំណើររឿងដ៏កំសត់មួយអំពីម្ដាយរបស់គាត់ដែលមានចរិតរាបសា ហើយសម្ដីស្រទន់ ។ កាលគាត់បានចែកឋានទៅ គាត់មិនបានបន្សល់ទុកទ្រព្យសម្បត្តិឲ្យកូនប្រុសស្រីរបស់គាត់ទេ ប៉ុន្តែគាត់បានទុកនូវកេរមរតកដ៏ស្ដុកស្ដមខាងគំរូ ការលះបង់ និងការគោរពប្រតិបត្តិ ។
បន្ទាប់ពីពាក្យសរសើរនៅក្នុងពិធីបុណ្យសពត្រូវបានថ្លែងឡើង និងដំណើរដ៏សោកសៅឆ្ពោះទៅកាន់កន្លែងបញ្ចុះសពត្រូវបានធ្វើឡើង ក្រុមគ្រួសារនេះបានបើកមើលទ្រព្យសម្បត្តិដ៏តូចស្ដួចស្ដើងដែលម្ដាយខ្លួនបានបន្សល់ទុកឲ្យ ។ នៅក្នុងចំណោមទ្រព្យសម្បត្តិទាំងនោះ ល្វីសបានរកឃើញសារខ្លីមួយ និងកូនសោមួយ ។ សារខ្លីនោះបានចែងដូចតទៅនេះ ៖ « នៅជ្រុងបន្ទប់ដេកក្នុងទូដាក់ខោអាវរបស់ម៉ាក់ថតក្រោមគេមានប្រអប់តូចមួយ ។ នៅក្នុងប្រអប់នោះមាននូវទ្រព្យនៃដួងចិត្តរបស់ម៉ាក់ ។ កូនសោនេះសម្រាប់បើកប្រអប់នោះ » ។
កូនទាំងអស់បានងឿងឆ្ងល់ថាតើម្ដាយរបស់ខ្លួនបានទុករបស់មានតម្លៃអ្វីទៅនៅក្នុងប្រអប់នោះ ។
ប្រអប់នោះត្រូវបានយកចេញពីកន្លែងដែលរក្សាទុក ហើយប្រើកូនសោនោះបើកវាដោយប្រុងប្រយ័ត្ន ។ នៅពេលល្វីស និងកូនផ្សេងទៀតបានពិនិត្យមើលរបស់របរនៅក្នុងប្រអប់នោះ ពួកគេបានឃើញរូបថតរបស់កូនម្នាក់ៗដោយមានឈ្មោះ និងថ្ងៃខែឆ្នាំកំណើតនៅលើនោះ ។ បន្ទាប់មកល្វីស បានដកយកអំណោយសម្រាប់បុណ្យនៃសេចក្ដីស្រឡាញ់ដែលធ្វើដោយដៃមួយចេញមក ។ គាត់បានស្គាល់ថា ការសរសេរនោះជារបស់គាត់ គាត់បានអានពាក្យដែលគាត់បានសរសេរកាលពី ៦០ ឆ្នាំមុន ៖ « ជូនចំពោះអ្នកម៉ាក់ជាទីស្រឡាញ់ កូនស្រឡាញ់ម៉ាក់ » ។
ពួកគេមានអារម្មណ៍ក្ដុកក្ដួល និយាយតិចៗ ហើយពោរពេញដោយទឹកភ្នែក ។ ទ្រព្យសម្បត្តិរបស់អ្នកម្ដាយគឺជាគ្រួសារដ៏នៅអស់កល្បជានិច្ចរបស់គាត់ ។ ចំណុចពិសេសនៃទ្រព្យសម្បត្តិនោះស្ថិតនៅលើគ្រឹះដ៏រឹងមាំនៃពាក្យ « កូនស្រឡាញ់ម៉ាក់ » ។
នៅក្នុងពិភពលោកសព្វថ្ងៃនេះ គ្មានកន្លែងណាផ្សេងទៀតដែលត្រូវការគ្រឹះដ៏រឹងមាំនៃសេចក្ដីស្រឡាញ់ជាងនៅក្នុងផ្ទះឡើយ ។ ហើយគ្មានកន្លែងណាផ្សេងទៀតដែលពិភពលោកនេះ អាចរកឃើញគំរូមួយនៃគ្រឹះនោះប្រសើរជាងនៅក្នុងផ្ទះនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានធ្វើឲ្យសេចក្ដីស្រឡាញ់ក្លាយជារឿងដ៏សំខាន់នៅក្នុងជីវិតគ្រួសាររបស់ពួកគេឡើយ ។
ចំពោះយើងទាំងអស់គ្នាដែលប្រកាសថាជាពួកសិស្សរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ នោះទ្រង់បានប្រទានឲ្យនូវសេចក្ដីបង្គាប់ដ៏សំខាន់នេះថា
« ខ្ញុំឲ្យសេចក្ដីបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ។
« គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯងគឺ ដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។១
ប្រសិនបើយើងគោរពតាមព្រះបញ្ញត្តិឲ្យស្រឡាញ់គ្នាទៅវិញទៅមក នោះយើងត្រូវប្រព្រឹត្តចំពោះគ្នាដោយចិត្តមេត្តា និង ដោយការគោរព តាមរយៈការបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅវិញទៅមកជាប្រចាំថ្ងៃ ។ សេចក្ដីស្រឡាញ់ផ្ដល់នូវពាក្យសម្ដីល្អ ចម្លើយអត់ធ្មត់ ទង្វើសប្បុរស ការស្តាប់ដោយការយល់ចិត្ត និងដួងចិត្តដែលមានការអភ័យទោស ។ នៅរាល់ទំនាក់ទំនងរបស់យើង ឥរិយាបថទាំងនេះ និង ឥរិយាបថផ្សេងទៀតនឹងជួយបង្ហាញឲ្យឃើញពីសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់យើង ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បានថ្លែងថា « សេចក្ដីស្រឡាញ់…គឺជាសុភមង្គលដ៏ធំធេងនៅចុងបញ្ចប់ ។ ប៉ុន្តែវាលើសពីសុភមង្គលនៅចុងបញ្ចប់ទៅទៀត ។ សេចក្ដីស្រឡាញ់គឺមាននៅតាំងពីការចាប់ផ្ដើមផងដែរ ហើយចាប់ពីចំណុចនោះមកវាធ្វើឲ្យមានភាពស្រស់ស្អាតពាសពេញផ្ទៃមេឃនៅថ្ងៃមួយដែលមានព្យុះភ្លៀង ។ សេចក្ដីស្រឡាញ់គឺជាសុវត្ថិភាពដែលកូនក្មេងតូចៗស្រែកយំចង់បាន ហើយយុវវ័យប្រាថ្នាចង់បាន វាគឺជាតំណដែលចងភ្ជាប់អាពាហ៍ពិពាហ៍ ហើយជាឥទ្ធិពលស្ងប់ស្ងាត់ដែលការពារការឈ្លោះប្រកែកធ្ងន់ធ្ងរនៅក្នុងផ្ទះ វាគឺជាសេចក្ដីសុខសាន្តនៃមនុស្សវ័យចំណាស់ ជាពន្លឺព្រះអាទិត្យនៃសេចក្ដីសង្ឃឹមដែលភ្លឺកាត់សេចក្ដីស្លាប់ ។ មានពរអ្វីម៉្លេះដល់អស់អ្នកណាដែលរីករាយនឹងសេចក្ដីស្រឡាញ់នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយគ្រួសារ ព្រះវិហារ និងពួកអ្នកជិតខាងខ្លួននោះ » ។២
សេចក្ដីស្រឡាញ់គឺជាកត្តាដ៏សំខាន់នៃដំណឹងល្អ ជាលក្ខណៈដ៏ថ្លៃថ្នូរបំផុតនៃព្រលឹងមនុស្ស ។ សេចក្ដីស្រឡាញ់គឺជាថ្នាំព្យាបាលសម្រាប់គ្រួសារ សហគមន៍ និងប្រទេសដែលមានជំងឺ ។ សេចក្ដីស្រឡាញ់អាចបង្ហាញតាមរយៈស្នាមញញឹម ការគ្រវីដៃ ការបញ្ចេញមតិល្អៗ និងការសរសើរ ។ សេចក្ដីស្រឡាញ់គឺជាការលះបង់ ការបម្រើ និងការមិនគិតពីខ្លួនឯង ។
ស្វាមីទាំងឡាយ សូមស្រឡាញ់ភរិយារបស់អ្នក ។ សូមប្រព្រឹត្តចំពោះពួកគាត់ដោយសេចក្ដីថ្លៃថ្នូរ និងអំណរគុណ ។ បងប្អូនស្រ្តីទាំងឡាយ សូមស្រឡាញ់ស្វាមីរបស់អ្នក ។ សូមប្រព្រឹត្តចំពោះពួកគាត់ដោយការគោរព និងការលើកទឹកចិត្ត ។
ឪពុកម្ដាយទាំងឡាយ សូមស្រឡាញ់កូនៗរបស់អ្នក ។ សូមអធិស្ឋានឲ្យពួកគេ បង្រៀនពួកគេ ហើយថ្លែងទីបន្ទាល់ទៅកាន់ពួកគេ ។ កូនៗទាំងឡាយ សូមស្រឡាញ់ឪពុកម្ដាយរបស់អ្នក ។ សូមបង្ហាញការគោរព ការដឹងគុណ និងការគោរពប្រតិបត្តិចំពោះពួកគាត់ ។
មរមន បានទូន្មានថា ប្រសិនបើគ្មានសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទទេ « [ យើង ] គ្មានជាអ្វីទាំងអស់ » ។៣ ខ្ញុំអធិស្ឋានសូមឲ្យយើងធ្វើតាមពាក្យទូន្មានរបស់មរមនឲ្យ « អធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យ [ យើង ] បានពោរពេញដោយសេចក្តីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណា ដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យ [ យើង ] អាចក្លាយទៅជាកូនព្រះ ដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ » ។៤
© 2017 by Intellectual Reserve, Inc. All rights reserved. ។ បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៦ ។ អនុមតិបកប្រែ ៖ ៦/១៦ ។ ការបកប្រែនៃ First Presidency Message, February 2017 ។ Cambodian ។ 97922 258