២០១៧
ការរស់នៅ​ក្នុង​ជីវិត​ដែល​បាន​ថ្វាយ
August 2017


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ​ប្រចាំខែ សីហា ឆ្នាំ ២០១៧

ការរស់នៅ​ក្នុង​ជីវិត​ដែល​បាន​ថ្វាយ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ការថ្វាយ គឺជា​ការញែក ឬ ឧទ្ទិស​អ្វី​មួយ​ចេញ​ជា​បរិសុទ្ធ ថ្វាយ​ចំពោះ​គោលបំណង​ដ៏​បរិសុទ្ធ ។ « ជោគជ័យ​ដ៏​ពិត​ក្នុង​ជីវិត​នេះ កើត​មាន​នៅ​ក្នុង​ការថ្វាយ​ជីវិត​របស់​យើង — ដែល​ជា​ពេល​វេលា និង ជម្រើស​របស់​យើង — ថ្វាយ​ចំពោះ​គោលបំណង​របស់​ព្រះ » ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « យើង​បែរ​ទៅ​គិត​អំពី​ការថ្វាយ​សំដៅ​ទៅ​លើ​តែ​ការថ្វាយ​ទ្រព្យសម្បត្តិ​របស់​យើង​នៅ​ពេល​មាន​ការដឹកនាំ​មក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការថ្វាយ​ដ៏​ឧត្តុង្គឧត្តម​បំផុត គឺ​ជា​ការថ្វាយខ្លួន​របស់​បុគ្គល​ម្នាក់​ចំពោះ​ព្រះ » ។

នៅ​ពេល​យើង​ថ្វាយ​ខ្លួន​យើង​ចំពោះ​ព្រះរាជបំណង​របស់​ព្រះ នោះ​យើង​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ​ដង្វាយធួន​របស់​ទ្រង់ ។ នៅ​ពេល​យើង​រស់នៅ​ក្នុង​ជីវិត​ដែល​បាន​ថ្វាយ នោះយើង​អាច​បាន​បរិសុទ្ធ​តាមរយៈ​ទង្វើ​ទាំងនោះ ។

ខារូល អិម ស្ទីហ្វិន ជាទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ បាន​មាន​ប្រសាសន៍​ដូចនេះ ៖ « អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន​ថា ‹ នៅ​ពេល​យើង​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា នោះ​យើង​កំពុង​ដើរ​ចេញ​ពី​លោកិយ ហើយ​ដើរ​ចូល​ទៅ​ក្នុង​នគរ​ព្រះ › ។

យើង​បាន​ផ្លាស់ប្ដូរ ។ « យើង​មាន​ភាពខុសប្លែក ហើយ​យើង​ប្រព្រឹត្ត​ខុស​ពី​មុន ។ អ្វី​ដែល​យើង​ស្ដាប់ ហើយ​អាន ហើយ​ថ្លែង​មាន​ភាពខុសប្លែក ហើយ​សម្លៀកបំពាក់​ដែល​យើង​ស្លៀកពាក់​មាន​ភាពខុសប្លែក ព្រោះ​យើង​ក្លាយ​ជា​បុត្រី​របស់​ព្រះ ដែល​បាន​ភ្ជាប់​នឹង​ទ្រង់​តាមរយៈ​សេចក្ដីសញ្ញា » ។

ការថ្វាយ​គឺ​ជា​សេចក្ដីសញ្ញា​ដែល​ព្រះ​ធ្វើ​ចំពោះ « ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ យើងនឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើងនឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​យើង » ( យេរេមា ៣១:៣៣ ) ។ ការរស់នៅ​ក្នុង​ជីវិត​ដែល​បាន​ថ្វាយ គឺ​មាន​ភាពចុះសម្រុង​ទៅ​នឹង​ផែនការ​ដែល​ព្រះ​មាន​សម្រាប់​យើង ។

បទគម្ពីរ​បន្ថែម

ថែស្សាឡូនីច ទី១ ១:៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥;

reliefsociety.lds.org

កំណត់ចំណាំ

  1. ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៦ ។

  2. នែល អេ ម៉ាក់ស្វែល « Consecrate Thy Performance » Liahona, ខែ កក្កដា ឆ្នាំ ២០០២ ទំព័រ ៣៩ ។

  3. ខារូល អិម ស្ទីហ្វិន « Wide Awake to Our Duties » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១៥–១៦ ។

បោះពុម្ព