២០១៧
ជីវិត​ជា​សិស្ស​ម្នាក់
August 2017


សារលិខិត​គណៈប្រធាន​ទី​មួយប្រចាំ ខែ សីហា ឆ្នាំ ២០១៧

ជីវិត​ជា​សិស្ស​ម្នាក់

កាល​ពី​សាមសិប​ឆ្នាំ​មុន​នៅ​ប្រទេស ហ្គាណា និស្សិត​សាកលវិទ្យាល័យ​ម្នាក់​ឈ្មោះ ដូ បាន​ឈាន​ជើង​ចូល​សាលាប្រជុំ អិល.ឌី.អេស ជា​លើក​ដំបូង ។ មិត្ត​ម្នាក់​របស់ ដូ បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​នាង ហើយ ដូ បាន​មាន​ចម្ងល់​ចង់​ដឹង​ថាតើ​សាសនាចក្រ​យ៉ាង​ម៉េច​ទៅ ។

សមាជិក​នៅ​ព្រះវិហារ​មាន​ភាពរាក់ទាក់ ហើយ​ផ្ដល់​ភាពកក់ក្ដៅ ដែល​ធ្វើ​ឲ្យ​នាងទប់​សរសើរ​មិន​បាន ប៉ុន្តែ​ឆ្ងល់​ថា « តើ​នេះ​គឺ​ជា​សាសនាចក្រ​អ្វី​ទៅ ? »

ដូ បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​សម្រេចចិត្ត​រៀន​បន្ថែម អំពី​សាសនាចក្រ និង សមាជិក​នៃ​សាសនាចក្រ ដែល​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​អំណរ​ច្រើន​ក្រៃលែងនោះ ។ ប៉ុន្តែ​ខណៈដែល​នាង​បាន​សម្រេចចិត្ត​ធ្វើ​ដូច្នេះក្រុម​គ្រួសារ និង មិត្តភក្ដិ​​ល្អ​របស់នាង បាន​ចាប់ផ្ដើម​ជំទាស់​នឹងនាង​គ្រប់​ជំពូក ។ ពួកគេ​បាន​ពោល​រឿង​អាក្រក់ៗ​អំពី​សាសនាចក្រ ហើយ​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​ពួកគេ​អាច​ឃាត់ឃាំង​នាង ។

ប៉ុន្តែ ដូ បាន​ទទួល​ទីបន្ទាល់​មួយ ។

នាង​មាន​សេចក្ដីជំនឿ ហើយ​នាង​ស្រឡាញ់​ដំណឹងល្អ ដែល​បំពេញ​ជីវិត​របស់​នាង​ដោយអំណរ ។ ដូច្នេះហើយ នាង​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

ពេល​ក្រោយ​មក​ទៀត នាង​បាន​តាំង​ចិត្តខិតខំ​សិក្សា ហើយ​អធិស្ឋាន ។ នាង​បាន​តមអាហារ ហើយ​បាន​ស្វែងរក​ឥទ្ធិពល​នៃព្រះវិញ្ញាណបរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​នាង ។ ជា​លទ្ធផល ទីបន្ទាល់ និង សេចក្ដី​ជំនឿ​របស់ ដូ ​កាន់តែ​រឹងមាំ ហើយ​រីកចម្រើន​ឡើង ។ នៅ​ទីបំផុត នាង​បាន​សម្រេចចិត្ត​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ថ្វាយ​ព្រះអម្ចាស់ ។

បន្ទាប់​ពី​នាង​ត្រឡប់​ពី​បេសកកម្ម​វិញ នាង​បាន​ដើរ​លេង​ជា​គូ ហើយ​រៀបការ​ជាមួយ​អ្នក​ត្រឡប់​ពី​បេសកកម្ម​វិញ—ជា​បុរស​ម្នាក់​ដែល​បាន​ជ្រមុជទឹក​ឲ្យ​នាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន—ហើយ​បន្ទាប់​មក ពួកគេ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ យ៉ូហាណែស្បើក អាហ្វ្រិក​ខាង​ត្បូង ។

ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ ចាប់តាំង​ពី​ពេល​ដែល ដូ កាគូ បាន​ទទួល​បទពិសោធន៍​អំណរ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​លើក​ដំបូង ។ អំឡុង​ពេល​ច្រើន​ឆ្នាំ​នេះ ជីវិត​មិន​មែន​រីករាយ​ជានិច្ចកាលចំពោះ​នាង​នោះ​ទេ ។ នាង​បាន​អត់ទ្រាំ​នឹង​ការខូចចិត្ត និង ការអស់​សង្ឃឹម រួម​មាន​ការបាត់បង់​កូន​ពីរ​នាក់ — ដែល​ទុក្ខព្រួយ​ដ៏​សោកសៅ​នៃ​បទពិសោធន៍​ទាំងនោះ ​បន្ត​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ដួងចិត្ត​របស់​នាង ។

ប៉ុន្តែ នាង និង ស្វាមី​របស់​នាង អាន់តូនី បាន​ខិតខំ​ធ្វើការ​ជាមួយ​គ្នា និង ជាមួយ​ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ដែល​ពួកគេ​ស្រឡាញ់ទ្រង់​ដោយ​អស់​ពី​ចិត្ត ។

សព្វ​ថ្ងៃ​នេះ​គឺមាន​រយៈពេល ៣០ ឆ្នាំ ហើយបន្ទាប់​ពី​នាង​បាន​ទទួល​ពិធីបុណ្យជ្រមុជ​ទឹក ស៊ិស្ទើរ កាគូ កំពុង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​មួយ​ទៀត — ពេល​នេះ​នាង​បម្រើ​ជាមួយ​ស្វាមី​របស់​នាង ដែល​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស នីហ្សេរីយ៉ា ។

មនុស្ស​ដែល​ស្គាល់ ស៊ិស្ទើរ កាគូ និយាយ​ថា នាង​មាន​អ្វី​មួយ​ពិសេស ។ នាង​មាន​សុភមង្គល​ដ៏​រុងរឿង ។ ពេល​ចំណាយ​ពេល​ជាមួយ​នឹង​គាត់ នោះ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​រីករាយ ។

ទីបន្ទាល់​របស់​នាង​មាន​ភាពច្បាស់លាស់ ។ នាង​ថ្លែង​ដូចនេះ ៖ « ខ្ញុំ​ដឹង​ថា ព្រះអង្គសង្គ្រោះ​ទត​មើល​មក​ខ្ញុំ ថា​ជា​បុត្រី និង ជា​មិត្តសំឡាញ់​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ ៥:៧ អេធើរ ៣:១៤ ) ។ « ហើយ​ខ្ញុំ​ក៏​កំពុង​រៀន ព្រមទាំង​ព្យាយាម​យ៉ាង​ខ្លាំងក្លា ដើម្បី​ធ្វើ​ជា​មិត្តសំឡាញ់​របស់​ទ្រង់​ដែរ — មិន​គ្រាន់តែ​តាមរយៈ​ពាក្យសម្ដី​ដែល​ខ្ញុំ​ថ្លែង​ប៉ុណ្ណោះ​ទេ គឺ​តាមរយៈ​ទង្វើ​ដែល​ខ្ញុំ​ធ្វើ​ផងដែរ » ។

យើង​គឺ​ជា​ពួក​សិស្ស

ប្រវត្តិ​របស់​ស៊ិស្ទើរ កាគូ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ប្រវត្តិ​របស់​មនុស្ស​ជា​ច្រើន​ដែរ ។ នាង​មាន​បំណង​ស្គាល់​សេចក្ដីពិត នាង​បាន​បង់ថ្លៃ​ដើម្បី​បាន​ពន្លឺ​ខាង​វិញ្ញាណ នាង​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ និង មនុស្ស​ជុំវិញ​ខ្លួន​របស់​នាង ហើយ​កាល​កំពុង​ធ្វើ​ដូចនោះ នាង​បាន​ជួប​ប្រទះ​នឹង​ភាពលំបាក និង​ទុក្ខព្រួយ ។

ប៉ុន្តែ​ទោះ​ជា​មាន​ការប្រឆាំង ទោះ​ជា​មាន​ទុក្ខព្រួយ​យ៉ាង​ណា​ក្ដី នាង​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ ។ ហើយ​វាមាន​សារៈសំខាន់​ដូច​គ្នា​ទៅ​នឹង​ការរក្សា​អំណរ​របស់​នាង​ដែរ ។ នាង​បាន​រក​ឃើញ​របៀប​ដែល​មិន​គ្រាន់តែ​ដើម្បី​អត់ទ្រាំ​ក្នុង​ភាពលំបាក​នៃ​ជីវិត​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បីភាព​រីកចម្រើន​ផងដែរ ទោះ​ជា​មាន​ភាពលំបាក​ទាំងនោះ​ក្ដី !

ប្រវត្តិ​របស់​នាង​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រវត្តិ​របស់​បងប្អូន និង ខ្ញុំ​ដែរ ។

វា​កម្រ​ណាស់​ដែល​ដំណើរ​ជីវិត​របស់​យើង​មាន​ដំណើរ​រលូន ឬ គ្មាន​ការសាកល្បង​នោះ ។

យើង​ម្នាក់ៗ​មាន​ដំបៅ​ដួងចិត្ត ការខកចិត្ត និង ទុក្ខព្រួយ ។

យើង​ក៏​នឹង​អាច​មាន​អារម្មណ៍​បាក់ទឹកចិត្ត​នៅ​គ្រា​ដែល​មាន​ភាពលំបាក​ពន់ពេក​ដែរ ។

ប៉ុន្តែ​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ក្នុង​ជីវិត​ជា​សិស្ស​ម្នាក់ — គឺជា​បុគ្គល​ដែល​បន្ត​មាន​ចិត្ត​ស្មោះត្រង់ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ ជា​បុគ្គល​ដែល​ទុកចិត្ត​លើ​ព្រះ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ជា​បុគ្គល​ដែល​រស់នៅ​តាម​ដំណឹងល្អ​ជា​រៀងរាល់​ថ្ងៃ និ​ងជារៀងរាល់​ម៉ោង ជា​បុគ្គល​ដែល​ធ្វើ​ការបម្រើ​ដូច​ព្រះគ្រីស្ទ​ទៅ​ដល់​មនុស្ស​ជុំវិញ​ខ្លួន ដែល​ជា​ទង្វើ​ល្អ​ម្ដង​មួយៗ — ជា​អ្នក​ទាំងឡាយ​ណាដែលធ្វើ​កិច្ចការ​តូចតាចៗ​របស់​ពួកគេ តែង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​មួយ​ដ៏​ធំ ។

អ្នក​ទាំងឡាយ​ដែល​មាន​សណ្ដានចិត្ត​កាន់តែ​ល្អ ដែល​កាន់តែ​ចេះ​អភ័យទោស និង ដែល​កាន់តែ​មានក្តី​មេត្តា​ករុណា នោះ​នឹង​ទទួល​បាន​ក្តីមេត្តាករុណា​វិញ ។ អ្នក​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​ទីកន្លែង​កាន់តែ​មាន​ភាពស្រស់បំព្រង ជា​អ្នក​ដែលមាន​ទង្វើ​ខ្វល់ខ្វាយ មានក្ដីស្រឡាញ់ និង​ជា​អ្នក​ដែល​ព្យាយាម​រស់នៅ​ក្នុង​ជីវិតនៃ​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ដ៏​មាន​ពរ ដ៏​ជា​ទី​ពេញចិត្ត និង ភាព​សុខសាន្ដ​គឺ​ជាអ្នក​ទាំងឡាយណា​ដែល​នឹង​រក​ឃើញ​អំណរ​នៅ​ទីបំផុត ។

ពួកគេ​នឹង​ដឹង​ថា « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស … គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ … គឺ​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ។

បោះពុម្ព