២០១៨
ព្រះបន្ទូល​នៃ​ព្រះ​ចំពោះ​បុត្រាបុត្រី​ទ្រង់
March 2018


សារលិខិត​គណៈប្រធាន​ទី​មួយ ខែ មីនា ឆ្នាំ ២០១៨

ព្រះបន្ទូល​នៃ​ព្រះ​ចំពោះ​បុត្រាបុត្រី​ទ្រង់

បទគម្ពីរ​ប្រាប់​យើង​ថា កិច្ចការ​ដំបូង​ដែល​ព្រះ​បាន​ធ្វើ​បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​បុរស និង ស្ត្រី នោះ​គឺ​ការមាន​បន្ទូល​ទៅ​កាន់​ពួកគេ ។ ទ្រង់​មាន​ដំណឹង​ដ៏​សំខាន់ និង ការណែនាំ​ដ៏​មាន​តម្លៃ ដែល​ត្រូវ​ប្រទាន​ដល់​ពួកគេ ។ ទ្រង់​គ្មាន​ព្រះរាជបំណង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បន្ទុក ឬ ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​ទ្រង់​ដឹកនាំ​ពួកគេ​ទៅ​រក​សុភមង្គល និង សិរីល្អ​អស់កល្ប​ជានិច្ច​វិញ ។

ហើយ​នោះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ តាំង​ពី​ពេល​នោះ​មកដល់​​ពេល​នេះ ព្រះ​បាន​បន្ត​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​នឹង​បុត្រាបុត្រី​ទ្រង់ ។ ព្រះបន្ទូល​ទ្រង់​ត្រូវបាន​រក្សាទុក ឲ្យ​តម្លៃ និង សិក្សា​ដោយ​ពួក​សិស្ស​គ្រប់​ជំនាន់ ។ វា​ត្រូវបាន​ទទួលស្គាល់​ដោយ​អស់​អ្នក​ទាំងឡាយ​ណា ដែល​ព្យាយាម​ស្គាល់​ព្រះឆន្ទៈ​របស់​ព្រះ ហើយ​បន្ទូល​ទាំងនោះ​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដីពិត​ថា « ព្រះយេហូវ៉ា ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើកតែ​ទ្រង់​សម្ដែង​ឲ្យ​ពួកហោរា ជាអ្នក​បម្រើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់ » ។

ការណ៍​នេះ​បាន​ក្លាយ​ជា​របៀប​មួយ​តាំង​ពី​គ្រា​ដំបូង​មក​ម៉្លេះ ហើយ​បន្ត​មក​រៀង​ដរាប​មក​ដល់​សព្វថ្ងៃ​នេះ ។ វា​មិន​គ្រាន់តែ​ជា​ដំណើររឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រះគម្ពីរ​ប៊ីប​នោះ​ទេ វា​ថែមទាំង​ជា​របៀប​ដែល​បាន​បង្កើត​ដោយ​ព្រះក្នុង​ការប្រទាន​សារលិខិត​ដ៏​ចាំបាច់ៗ​ដល់​បុត្រាបុត្រី​ទ្រង់ ។ ទ្រង់​បាន​លើក​បុគ្គល​ទាំងឡាយ​ចេញ​ពី​ចំណោម​ពួក​យើង ត្រាស់​ហៅ​ពួកលោក​ឲ្យ​ធ្វើ​ជា​ព្យាការី ហើយ​ប្រទាន​បន្ទូល​ឲ្យ​ពួកលោក​ថ្លែង ជា​ព្រះបន្ទូល​ដែល​អញ្ជើញ​យើង​ឲ្យ « ទទួល​ហាក់ដូចជា​បាន​មក​ពី​ព្រះឱស្ឋ [ របស់​ទ្រង់ ] ផ្ទាល់ » ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។

នេះ​គឺ​ជា​សារលិខិត​ដ៏​រុងរឿង​បំផុត ដែល​មាន​ការលើកទឹកចិត្ត និង ពេញ​ដោយ​ក្ដីសង្ឃឹម​នៃ​ការស្ដារឡើងវិញ​ថា—ព្រះ​ទ្រង់​មិន​គង់​នៅ​ស្ងៀម​ឡើយ ! ទ្រង់ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់​មិន​ទុក​យើង​ឲ្យ​វង្វេង​នៅ​ក្នុង​ភាពងងឹត​ឡើយ ។

ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ក្នុងខែ​មេសា និង ខែ​តុលា យើង​មាន​ឱកាស​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ តាមរយៈ​ពួក​អ្នក​បម្រើ​ទ្រង់នៅ​ក្នុង​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​របស់​យើង ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ពី​មុន​អ្នក​ថ្លែង​សុន្ទរកថា​ម្នាក់​ក្នុង​សន្និសីទ​ទូទៅ​ដើរ​ទៅ​ឯ​វេទិកា​និយាយ នោះ​គាត់​បាន​ចំណាយ​ពេល​ជា​យូរ​ក្នុង​ការខិតខំ ការអធិស្ឋាន និង ការសិក្សា​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការចាត់តាំង​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា ។ រាល់​សារលិខិត​សន្និសីទ​ទូទៅ បង្ហាញ​ឲ្យ​ឃើញ​ចំនួន​ម៉ោង​នៃ​ការរៀបចំ​ដែល​មិន​អាច​គណនា​បាន និង ការទូលអង្វរ​អស់​ពី​ដួងចិត្ត ដើម្បី​យល់​អំពី​សេចក្ដី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ស្ដាប់​ឮ ។

តើ​អ្វី​ដែល​អាច​នឹង​កើតឡើង ប្រសិនបើ​ការរៀបចំ​របស់​យើង​ក្នុង​នាម​ជា​អ្នក​ស្ដាប់ ដូច​នឹងការរៀបចំ​របស់​អ្នកឡើងនិយាយ ? តើ​ការឆ្ពោះ​ទៅ​រក​សន្និសីទ​ទូទៅ អាច​មាន​សភាព​ខុសគ្នា​ដូចម្ដេច ប្រសិនបើ​យើង​ចាត់ទុក​វា​ជា​ឱកាស​មួយ​ដើម្បី​ទទួលបាន​សារលិខិត​ពី​ព្រះអម្ចាស់​ផ្ទាល់ ? តាមរយៈ​ទំនុកបទ និង ទំនុកភ្លេង​ក្នុង​សន្និសីទ​ទូទៅ យើង​អាច​រំពឹង​ថា​នឹង​ទទួលបាន​ចម្លើយ​ផ្ទាល់ខ្លួនសម្រាប់​រាល់​សំណួរ ឬ បញ្ហា​ដែល​យើង​អាច​នឹង​កំពុង​ប្រឈមមុខ ។

ប្រសិនបើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​នឹង​មាន​បន្ទូល​ទៅ​កាន់​អ្នក​ឬ​អត់​នោះ ខ្ញុំ​សូម​រំឭក​អ្នក​អំពី​ទំនុកបទ​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​ន័យ​ជ្រៅ ដែល​កុមារ​របស់​យើង​ច្រៀង​ថា « [ អ្នក​ជា ] កូន​របស់​ព្រះ ហើយ​ទ្រង់​បាន​ចាត់ [ អ្នក ] មក » ។ ព្រះរាជ​បំណង​ទ្រង់​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅ « រស់នៅ​នឹង​ទ្រង់ » ។

ប្រសិនបើ​អ្នក​ទៅ​រក​ព្រះវរបិតាសួគ៌​ក្នុង​នាម​ជា​បុត្រ​របស់​ទ្រង់ អ្នក​អាច​ទូល​សូម​ទ្រង់​ដោយ​ចិត្ត​ស្មោះស​ថា « នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​រក​ផ្លូវ ។ បង្រៀន​ខ្ញុំ​អ្វី​ដែល​ត្រូវ​ធ្វើ » ។ ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​អ្នក​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​របស់​ទ្រង់ បន្ទាប់​មក វា​អាស្រ័យ​ទៅ​លើ​អ្នក​ដើម្បី « ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ » ។ ខ្ញុំ​សូម​សន្យា​ថា ប្រសិនបើ​អ្នក​ធ្វើ​ដូចនេះ « ទ្រង់​នឹង​ប្រទានពរ » ។

ការដឹកនាំ​របស់​ព្រះអម្ចាស់​គឺ​ចាំបាច់​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច​ដែល​វា​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែរ ។ នៅ​ពេល​យើង​ត្រៀមខ្លួន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ សូម​ឲ្យ​យើង​ស្វែងរក​ដោយ​ឧស្សាហ៍នូវ​ស្មារតី​នៃ​សេចក្ដីពិត ប្រយោជន៍​ឲ្យ​នៅ​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាមរយៈ​អ្នក​បម្រើ​ទ្រង់ នោះ​យើង​អាច​យល់ ត្រូវបាន​ស្អាងឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ [ យើង ] ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី [ យើង ] ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់ [ យើង ] និង​សិរី​ល្អ​ដល់​ព្រះ​នាមរបស់​ទ្រង់ » ។

បោះពុម្ព