សូមស្វាគមន៍មកកាន់ច្បាប់នេះ
ការដកស្រង់ចេញពីសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩២
វិសាលដ្ឋានព្រះវិហារបរិសុទ្ធមានសេចក្តីសុខសាន្តណាស់នៅអំឡុងពេលសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩២ ។ សំឡេងសាងសង់នៅលើដី និងសំឡេងរំញ័រនៃការជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក ដ៏ប្រវត្តិសាស្រ្តត្រូវបានផ្អាក ។
ប៉ុន្តែសេចក្តីសុខសាន្តមួយបែបទៀតបានបំពេញគេហដ្ឋាន និងដួងចិត្តរបស់យើង នៅពេលយើងផ្អាកសំឡេងនៃពិភពលោក ដើម្បីស្តាប់ព្យាការី និងសាវកដែលមានជីវិតរស់ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនជាមួយបុគ្គលិកលក្ខណៈនោះដែលមានពន្លឺក្នុងកែវភ្នែករបស់លោកថា « បងប្អូននឹងបន្ដស្ដាប់ឮសេចក្ដីពិតចេញពីវេទិកានេះនៅថ្ងៃនេះ និងថ្ងៃស្អែក » ។ « ចូរទូលសូមព្រះអម្ចាស់ប្រកបដោយការអធិស្ឋាន ដើម្បីបញ្ជាក់ថា អ្វីដែលបងប្អូនបានស្ដាប់ឮគឺជាការពិត » ( សូមមើល ទំព័រ ២៩ ) ។
នៅក្នុងសន្និសីទទាំងមូល អ្នកឡើងនិយាយបានបង្រៀនសេចក្តីពិតដែលពង្រឹងទីបន្ទាល់ រួមទាំងការធ្វើ និងការរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ( សូមមើលទំព័រ ៩៥ និង ៧៣ ) ការទទួលវិវរណៈផ្ទាល់ខ្លួន ( សូមមើល ទំព័រ ១៦ ) និងភាពជាសិស្ស ( សូមមើលទំព័រ ៧៧ ) ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ពេលបងប្អូនបន្តពង្រឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទជាអាទិភាពដ៏ខ្ពស់បំផុតរបស់បងប្អូន នោះសូមចាំមើលអព្ភូតហេតុដែលនឹងកើតមាននៅក្នុងជីវិតរបស់បងប្អូន » ( សូមមើល ទំព័រ ៩៥ ) ។
បន្ទាប់ពីសន្និសីទទូទៅបានបញ្ចប់ ការងារនៅព្រះវិហារបរិសុទ្ធសលត៍ លេក បានចាប់ផ្ដើមម្តងទៀត ។ ការងារ ឬការរៀបចំផ្សេងៗទៀតក៏បានចាប់ផ្តើមព្រមជាមួយព្រះវិហារបរិសុទ្ធចំនួន ១២៥ នៅជុំវិញពិភពលោកដែលត្រូវបានប្រកាស ឬកំពុងសាងសង់ផងដែរ ។ ឥឡូវនេះ រួមទាំងព្រះវិហារបរិសុទ្ធថ្មីចំនួន ១៨ ទីតាំងទៀត ដែលប្រធាន ណិលសុន បានប្រកាសនៅក្នុងសម័យប្រជុំចុងក្រោយនៃសន្និសីទ ( សូមមើល ទំព័រ ១២១ ) ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « [ ព្រះអម្ចាស់ ] កំពុងធ្វើឲ្យព្រះវិហារបរិសុទ្ធរបស់ទ្រង់មានកាន់តែជិតបង្កើយ » ។ « ទ្រង់កំពុងបង្កើនល្បឿនឲ្យយើងសាងសង់ព្រះវិហារបរិសុទ្ធនានា ។ ទ្រង់កំពុងបង្កើនសមត្ថភាពរបស់យើងដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល » ( សូមមើល ទំព័រ ១២១ ) ។