ឆ្នាំ ២០២៣
« នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ »
ខែ កញ្ញា ឆ្នាំ ២០២៣


« នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

« នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ »

ម៉ូសាយ ៥:១២

យើង​ម្នាក់ៗ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ការរំឭក​ផ្ទាល់ខ្លួន​អំពី​ព្រះគ្រីស្ទ ។ សូម​មើល​ទៅ​ពួកគេ ហើយ​ចងចាំទ្រង់ ។

រូបភាព
រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្ដី​លម្អិត​មកពី ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

ដោយ​ជា​ផ្នែក​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​របស់យើង យើង​ទាំងអស់​គ្នា​មិន​ត្រឹមតែ​ស្ថិតក្រោម​វាំងនន​នៃ​ភាពភ្លេច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្ថិតក្រោម ស្ថានភាព នៃ​ការភ្លេច​ផងដែរ ។ វាំងនន​នៃ​ភាពភ្លេច​ធ្វើ​ឲ្យ​យើង​ភ្លេច​ទិដ្ឋភាព និង​សេចក្តីពិត​ដែល​យើង​បានដឹង​ក្នុង​ស្ថានភាព​ជីវិត​មុន​ផែនដី​របស់​យើង ។ ស្ថានភាព​នៃ​ការភ្លេច​របស់យើង​នាំ​ឲ្យ​យើង​ភ្លេច និង​វង្វេង​ចេញពី​សេចក្តីពិត​ដែល​យើង​រៀន ឬ​បានរៀន​នៅក្នុង​ជីវិត​នេះ ។ លុះត្រាតែ​យើង​យកឈ្នះ​លើ​ស្ថានភាព​នៃ​ការភ្លេច​របស់យើង នោះ​យើង​នឹង « រហ័ស​ធ្វើ​អំពើ​ទុច្ចរិត​ណាស់ ប៉ុន្តែ​កម្រ​នឹក​ចាំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់ [ យើង ] » ដោយ​ឯកឯង ( នីហ្វៃទី​១ ១៧:៤៥ ) ។

ការរំឭក​ពី​ព្រះគ្រីស្ទ

រាល់​ព្រះបញ្ញត្តិ​ដែល​ទ្រង់​ប្រទានឲ្យ ព្រះ​បាន​សន្យា​ថា « នឹង​រៀបចំ​ផ្លូវ [ ដល់​យើង ] ដើម្បី​ឲ្យ [ យើង ] អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា » ( នីហ្វៃទី១ ៣:៧ ) ។ ដើម្បី​យើង​អាច​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់​ក្នុង​ការចងចាំ ព្រះអម្ចាស់​ដែលបាន​រៀបចំ​ការ​រំឭកនេះ ។

ជាការពិត​ណាស់ អ្វីៗ គ្រប់យ៉ាង​បាន​បង្កើតឡើង និង​បាន​ធ្វើឡើង​ដើម្បី​កត់ត្រា និង​រំឭក​យើង​ពី​ព្រះ​គ្រីស្ទ ( សូមមើល ម៉ូសាយ ៦:៦៣; សូមមើល​ផងដែរ អាលម៉ា ៣០:៤៤ ) ។ ឧទាហរណ៍ វា​មាន​គោលបំណង​ឲ្យ​យើង​ចងចាំ​ទ្រង់ « កាលណា [ យើង ] ដើរ​ឡើង​ភ្នំ​កាត់ព្រៃ ដុះ​ដេរដាស ហើយ​ឮ​បក្សី​យំ​ពិរោះ​លើ​ព្រឹក្សា » ។ ថ្ម​អាច​ស្រែក​ឡើង​ជា​ទីបន្ទាល់ និង​ការរំឭក​អំពី​ព្រះយេស៊ូវ ( សូមមើល លូកា ១៩:៤០ ) ។ តាមពិតផែនដី​ទាំងមូល ទាំង​ការស្តាប់ និង​ទាំង​ដោយ​ការមើលឃើញ ធ្វើជា​សាក្សី​ដ៏​អស្ចារ្យ ហើយ​ផ្តល់​នូវ​ការរំឭក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អំពី​អង្គបង្កើត​របស់​ផែនដី​នេះ ។

ការរំឭក​ដែល​ហាក់​ដូចជា​ចៃដន្យ​នៅក្នុង​ការបង្កបង្កើត​ទាំងអស់​ត្រូវ​បាន​បន្ថែម​ដោយ​ការរំឭក​ជា​ផ្លូវការ​កាន់តែ​ច្រើន ដែល​យើង​រកឃើញ​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ អ័ប៊ីណាដៃ​បាន​បង្រៀន​ថា អ៊ីស្រាអែល​ពី​បុរាណ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ពិធីបរិសុទ្ធ​ដ៏​តឹងរ៉ឹង​ដើម្បី​អនុវត្ត​តាម​លំដាប់លំដោយ « ដើម្បី​ធ្វើ​ឲ្យ​គេ​នឹក​ចាំ​ដល់​ព្រះ និង​សព្វ​កាតព្វកិច្ច​របស់​គេ​ចំពោះ​ទ្រង់ » ( ម៉ូសាយ ១៣:៣០ ) ។ ពួក​ព្យាការី​សម័យ​ទំនើប​បាន​បង្រៀន​ការណ៍​ដដែល​នេះ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–ឆ្នាំ ១៩៨៥ ) បានប្រកាស​ថា « ខ្ញុំ​គិត​ថា​នឹង​គ្មាន​អ្នកក្បត់​សាសនា​ទេ នឹង​មិន​ដែល​មាន​ឧក្រិដ្ឋកម្ម​ដែរ ប្រសិនបើ​មនុស្ស​ចងចាំ ចងចាំ​យ៉ាង​ពិតប្រាកដ នូវ​អ្វី​ដែល​ពួកគេ​បានធ្វើ​សេចក្ដីសញ្ញា​ត្រៀម​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ឬ​នៅ​តុ​សាក្រាម៉ង់ និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ » ។

ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺ​ជា​សកល និង​ជា​បុគ្គល ។ ការរំឭក​របស់​ទ្រង់​ក៏​ដូច្នោះ​ដែរ ។ ដូច្នេះហើយ បន្ថែមពី​លើ​ពិធីបរិសុទ្ធ​ដូចគ្នា​ដែល​ផ្តល់​ដល់​មនុស្ស​ទាំងអស់ ទ្រង់​ផ្តល់​ឲ្យ​យើង​នូវ​ការរំឭក​ខុសៗគ្នា និង​ផ្ទាល់ខ្លួន​អំពីទ្រង់ ។ ឧទាហរណ៍ ដី​ឥដ្ឋ​ធម្មតា ឬ​ភក់​ទំនងជា​មិន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចងចាំ​ដល់​ព្រះយេស៊ូវ ឬ​មាន​មនោ​សញ្ចេតនា និង​ការដឹងគុណ​ចំពោះ​ទ្រង់​នោះ​ទេ ។ ប៉ុន្ដែ បុរស​ដែល​ភ្នែក​របស់គាត់​បាន​មើលឃើញ​ឡើងវិញ ពេល​ព្រះយេស៊ូវ​យក​ភក់​លាប​ភ្នែក​របស់គាត់ ប្រហែលជា​ចងចាំ​ព្រះយេស៊ូវ​ដោយ​ក្ដីស្រឡាញ់​រាល់​ពេល​ដែល​គាត់​មើល​ដីឥដ្ឋ—ភក់ ! ( សូមមើល យ៉ូហាន ៩:៦–៧ ) ។ ណាម៉ាន់ ទំនង​ជា​មិន​ដែល​មើលឃើញ​ទន្លេ ជាពិសេស​ទន្លេ​យ័រដាន់ ដោយ​មិន​​គិត​ពី​ព្រះអម្ចាស់​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​នៅ​ទីនោះ​ណាស់ ( សូមមើល ពង្សាវតារក្សត្យ ទី២ ៥ :១–១៥ ) ។ យើង​ម្នាក់ៗ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ការរំឭក​ផ្ទាល់ខ្លួន​អំពី​ព្រះគ្រីស្ទ​មួយ ឬ​ច្រើន ។ សូម​មើល​ទៅ​ពួកគេ ហើយ​ចងចាំទ្រង់ ។

ថ្លែង​ទីបន្ទាល់​ពី​ព្រះគ្រីស្ទ

កំណត់ត្រា និង​ប្រវត្តិ​សាស្រ្តជា​ដំណើររឿង​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​បណ្តាលឲ្យ​កើតឡើង​ដើម្បី​រៀបចំ​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់​ក្នុង​ការចងចាំ ។ ព្រះគម្ពីរ—គឺជា​កំណត់ត្រា​នៃ​ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះ​ជាមួយ​នឹង​បុត្រាបុត្រី​របស់​ទ្រង់—និយាយ​ជា​ញឹកញាប់​អំពី​ការ​ថ្លែង​ជា​សាក្សី ឬ « ថ្លែង​ទីបន្ទាល់ » ពីទ្រង់ ( សូមមើល កូរិនថូស ទី២ ៨:៣; យ៉ូហាន ទី១ ៥:៧; នីហ្វៃទី​១ ១០:១០; ១២:៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:៣១; ១១២:៤ ) ។

កំណត់ត្រា​ដ៏​ពិសិដ្ឋ រួមទាំង​កំណត់ហេតុ​ផ្ទាល់ខ្លួន ជួយ​ថ្លែង​ទីបន្ទាល់ ។ គ្រា​ដ៏​មាន​អត្ថន័យ​ដែល​មាន​ជាមួយ​ព្រះវិញ្ញាណ គឺជា​អំណោយទាន​មួយ ដែល​នៅក្នុង​គ្រា​នេះ យើង​ជឿ​ថា យើង​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ ។ ប៉ុន្តែ​ស្ថានភាព​នៃ​ការភ្លេច​របស់យើង​ធ្វើ​ឲ្យ​ភាពរស់​រវើក​នៃ​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​បំផុត សាបរលាប​ទៅតាម​ពេលវេលា ។ ការសរសេរ​កំណត់ហេតុ រូបថត ឬ​កំណត់ត្រា​មួយ មិន​ត្រឹមតែ​អាច​ជួយ​យើង​រំឭក​ពី​គ្រា​ដ៏​មាន​អត្ថន័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​អារម្មណ៍ និង​ព្រះវិញ្ញាណ​ដែល​យើង​មាន​អារម្មណ៍​មក​វិញ​ផងដែរ ។ ដូច្នេះ គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ដែល​ថា​បញ្ញត្តិ​ដំបូង​បន្ទាប់ពី​សាសនាចក្រ​ត្រូវ​បានរៀបចំ​ឡើង​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ « នឹង​មាន​បញ្ជី​មួយ​កត់​ទុក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:១ ) ។ កំណត់ត្រា​ដែល​បានរក្សាទុក​យ៉ាងត្រឹមត្រូវ ពង្រីក​ការចងចាំ​របស់យើង ហើយ​អាច​បញ្ចុះបញ្ចូល​យើង​ពី​កំហុស​របស់យើង ហើយ​នាំ​យើង​ទៅរក​ព្រះ ( សូមមើល អាលម៉ា ៣៧:៨ ) ។

ពិតណាស់​នៅ​ទីបំផុត យើង​អាច​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត ដោយសារ​យើង​បាន​ទទួល​សាក្សី​នៃ​សេចក្ដីពិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា « ជាទី​បន្ទាល់​ពី​ស្ថាន​សួគ៌ » ( ម៉ូសេ ៦:៦១ ) ។ នៅក្នុង​តួនាទី​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​កត់ត្រា​សេចក្តីពិត​នៅលើ « បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត [ ជាច្រើន ]​ខាង​សាច់​ឈាម [ របស់យើង ] វិញ » ( កូរិនថូស ទី២ ៣:៣ ) ។ ទ្រង់​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ព្រះគ្រីស្ទ និង​អ្វីៗ​ដែល​ទ្រង់​បាន​បង្រៀន​យើង ( សូមមើល យ៉ូហាន ១៤:២៦ ) ។

ទំនាក់ទំនង​រវាង​ព្រះយេស៊ូវ កំណត់ត្រា ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការចងចាំ​ត្រូវ​បាន​បង្ហាញ​នៅក្នុង មរ៉ូណៃ ១០:៣–៥ ។ យើង​ទទួល​បាន​ការសន្យា​ថា ប្រសិនបើ​យើង​អាន​ព្រះគម្ពីរ​មរមន ដែល​ជា​កំណត់ត្រា​ដ៏​ពិសិដ្ឋ ក្នុង​វិញ្ញាណ​នៃ​ការចងចាំ ហើយ​ទូល​សូម​ព្រះ​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ដោយ​ដួងចិត្ត​ស្មោះសរ ដោយ​ចេតនា និង​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​យើង នូវ​ភាពត្រឹម​ត្រូវ​នៃ​កំណត់ត្រា​នោះ ។ ហើយ​ប្រសិនបើ​កំណត់ត្រា​ជាក់លាក់​នោះ​ជា​ការពិត នោះ​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

រូបភាព
ទេវតា​បាន​យាង​មក​ជួប អាលម៉ា និង​ពួក​បុត្រា​របស់​ម៉ូសាយ ។

Alma Arise [ អាលម៉ា​អើយ ចូរ​ក្រោក​ឡើង ] ដោយ វ៉លធើរ រ៉េន

ចងចាំ​ដើម្បី​ទទួល​បាន​ការសង្រ្គោះ

ការចងចាំ​ពីព្រះយេស៊ូវ នាំ​ឲ្យ​ទទួល​បាន​ការប្រោសលោះ និង​ការសង្គ្រោះ ។ សូម​ពិចារណា​អំពី​តួនាទី​ការរំឭក​ដើរតួ​ក្នុង​ការប្រោសលោះ​របស់​អាលម៉ា​ជា​កូន ។ នៅពេល​ទេវតា​បាន​បង្ហាញ​ព្រះកាយ​ចំពោះ​អាលម៉ា ទ្រង់​បាន​ប្រគល់​បញ្ញត្តិ​ឲ្យ​អាលម៉ា​ទៅ « ចូរ​កុំ​រក​បំផ្លាញ​សាសនាចក្រ​ទៀត​ឡើយ » ។ ប៉ុន្តែ​សូម្បីតែ​មុន​ចេញ​បញ្ញត្តិ​នោះ ទេវតា​ក៏​បាន​ប្រកាស​ថា « ចូរ​នឹកចាំ ពី​ការជាប់ឃុំឃាំង​របស់​ពួក​អយ្យកោ​អ្នក​… ហើយ ចូរ​នឹកចាំ ពី​ការណ៍​ដ៏​មហិមា​ទាំងឡាយ​ដែល [ ព្រះ​គ្រីស្ទ ] បាន​ធ្វើ​ដល់​ពួកគេ ដ្បិត​ពួកគេ​បាន​នៅក្នុង​សេវកភាព ហើយ​ទ្រង់ … ដោះ​ពួកគេ​ឲ្យ​រួច​ផុត » ( ម៉ូសាយ ២៧:១៦ បានបន្ថែម​ការបញ្ជាក់ ) ។

ការណែនាំ​របស់ទេវតា​ដែល​ត្រូវ​ចងចាំ មិនមែន​គ្រាន់តែ​ជា​ការណែនាំ​ដ៏​ឈ្លាសវៃ ដោយ​មាន​ការអនុវត្ត​ទូលំទូលាយ​នោះ​ទេ ។ សម្រាប់​អាលម៉ា វា​គឺជា​តម្រុយ​ជាក់លាក់មួយ ដែល​ជា​តម្រុយ​ដ៏​ពេញ ដោយ​ក្តី​ស្រឡាញ់ សម្រាប់​របៀប​ដែល​គាត់​អាច​រស់រាន​មាន​ជីវិត​ពី​បទពិសោធន៍​ដែល​ស្ទើរតែ​ស្លាប់ ។

ម្ភៃ​ឆ្នាំ​ក្រោយ​មក អាលម៉ា​បាន​ចែកចាយ​ជាមួយ​នឹង​កូន​ប្រុស​របស់​គាត់ ហេលេមិន​យ៉ាងលម្អិត​អំពី​អ្វី​ដែល​លោក​បាន​ឆ្លង​កាត់​ខណៈ​គាត់​សន្លប់ និង​និយាយ​មិន​ចេញ​អស់​រយៈពេល​បី​ថ្ងៃ « បាន​ឆ្លងកាត់​ការ​វេទនា​ជា​ច្រើន បាន​ប្រែ​ចិត្ត​នៅ​ពេល​ជិត​ស្លាប់ » ( ម៉ូសាយ ២៧:២៨ ) ។ បន្ទាប់ពី​ទេវតា​បាន​ចាកចេញ អាលម៉ា​បាន​ចងចាំ អ្វីគ្រប់យ៉ាងប្រក្រតី ប៉ុន្តែ​អ្វី​ដែល​គាត់​អាច​ចងចាំ​បាននោះ​គឺ​អំពើបាប​របស់​គាត់ប៉ុណ្ណោះ ។

អាលម៉ា​បាន​ប្រកាស​ថា « តែ​ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ … មែន​ហើយ ឪពុក​បាន​ចាំ​នូវ​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​ខ្លួន ដោយ​ហេតុ​នេះ​ហើយ ឪពុក​ត្រូវ​ទទួល​ទោស​ដោយ​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក » ( « អាលម៉ា ៣៦:១២–១៣ ) ។ គំនិត​នៃ​ការឈរ​នៅ​ចំពោះ​ព្រះ​បាន​បំពេញ​អាលម៉ា ដោយ « សេចក្ដី​រន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន » ដែល​គាត់​គិត​ចង់​រត់គេច ដោយ​ពុំ​ចង់​ស្លាប់​ដោយ​ងាយៗ ប៉ុន្តែ​ដោយ​ការ​ប្រែក្លាយ​ជា « រលត់​ទៅ​ទាំង​ព្រលឹង​ទាំង​រូប​កាយ »​( អាលម៉ា ៣៦:១៤–១៥ ) ។

នៅ​ត្រង់​នេះ យើង​គួរ​តែ​ឈប់ ហើយ​ស្វែងយល់​ថា ៖ អាលម៉ា មិនមែន​គ្រាន់តែ​បង់​ពិន័យ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​រយៈពេល​បី​ថ្ងៃ ដែល​ត្រូវបាន​កំណត់ទុក​ជាមុន​ថា ជា​លទ្ធផល​ត្រឹមត្រូវ​សម្រាប់​អំពើបាប​របស់គាត់​នោះ​ទេ ។ អត់ទេ គាត់​ចាប់ផ្ដើម—នៅ​បី​ថ្ងៃ​ដំបូង—នៃ​ការត្រូវ​បាន « ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់ ​ដ៏​អស់​កល្ប​ជានិច្ច នៃ​សេចក្ដី​ស្លាប់ » ( អាលម៉ា ៣៦:១៨ បាន​បន្ថែម​ការគូសបញ្ជាក់ ) ។

ប្រាកដណាស់ គាត់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​នេះ​លើស​ពី​បី​ថ្ងៃ—ឥត​កំណត់—ប្រសិនបើ​វា​មិន​បានកើតឡើង​ចំពោះ​កត្តា​ដែល​ថា គាត់​បានចងចាំ​ពី​ចំណុច​ណា​មួយ​ដោយ​ក្ដីមេត្តាករុណា ដែល​ឪពុក​របស់គាត់​បាន​ព្យាករ​ « ពី​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្សលោក » ។ បន្ទាប់មក លោក​បាន​មាន​ប្រសាសន៍​ថា

« ឥឡូវ​នេះ នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​កំពុងតែ​ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ។

« ឥឡូវ​នេះ មើលចុះ នៅពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាងនេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត » ( អាលម៉ា ៣៦:១៧–១៩ ) ។

អាលម៉ា​បាន​ធ្វើ​តាម​បញ្ជា​របស់​ទេវតា​ឲ្យ​ចងចាំ ។ គាត់​បាន​ចងចាំ​ព្រះយេស៊ូវ ។ ហើយ​ដូច​ដែល​ព្រះយេស៊ូវ​បាន​រំដោះ​ពួក​អយ្យកោ​របស់​អាលម៉ា​ឲ្យ​រួច​ពី​ការ​ជាប់​ឃុំឃាំង​របស់​ពួកគេ នោះ​ទ្រង់​បាន​រំដោះ​អាលម៉ា​ចេញ​ពី​ការជាប់ឃុំឃាំង​របស់​គាត់​ដែរ ។

ឱ​នោះ​ជា​សេចក្ដី​មេត្តា​ករុណា និង​ការរំដោះ​ដ៏​ខ្លាំងក្លា​ណាស់​ណា៎ ! ឱ​នោះ​ជា​ការ​ផ្លាស់ប្តូរ​ដួងចិត្ត​និង​គំនិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ! អាលម៉ា ដែល​ប៉ុន្មាននាទី​មុន​បាន​គិត​ចង់​រត់គេច​ចេញពី​វត្តមាន​របស់​ព្រះ ដោយ​ការរលត់​ទៅ ឥឡូវ​នេះ​បាន​ឃើញ​ពួកទេវតា​ដ៏​បរិសុទ្ធ​របស់ទ្រង់ និង « រំពឹង​ចង់​បាន​នៅ​ទី​នោះ » ( អាលម៉ា ៣៦:២២ ) ។

អព្ភូតហេតុ​នៃ​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​ធ្វើ​ឲ្យ​សកម្មឡើង​ដោយ​ការចងចាំ​ដ៏​សាមញ្ញ​មួយ ។ បទពិសោធន៍​របស់​អាលម៉ា​ផ្ដល់​អត្ថន័យ​ពិត​ដល់​ពាក្យ​ចុងក្រោយ​នៃ​សេចក្ដីអធិប្បាយ​ចុងក្រោយ​របស់​ស្ដេច​បេនយ៉ាមីន​ថា ៖ « ហើយ​ឥឡូវ​នេះ ឱ​មនុស្ស​លោក​អើយ សូម​ចងចាំ ហើយ​កុំ​វិនាស​បង់​ឡើយ » ( ម៉ូសាយ ៤:៣០ ) ។

ទ្រង់​ចងចាំ​យើង

នៅពេល​ដែល​យើង​ព្យាយាម​ចងចាំ​ព្រះយេស៊ូវ​ជានិច្ច វា​ជា​ការសំខាន់​ដែល​ត្រូវ​ចងចាំថា ទ្រង់​ចង​ចាំ​យើង​ជានិច្ច ។ ទ្រង់​បាន​ឆ្លាក់​យើង​នៅ​លើ​ព្រះហស្ត​របស់​ទ្រង់ ( សូមមើល អេសាយ ៤៩:១៦ ) ។ សូម​គិត​អំពី​ការណ៍​នេះ—ព្រះយេស៊ូវ​ដ៏​មាន​ព្រះហឫទ័យ​សប្បុរស​នឹង​មិន​អាច​បំភ្លេច​យើង​បាន​ឡើយ ប៉ុន្តែ​ទ្រង់​ងាយ​នឹង​ភ្លេច​អំពើ​បាប​របស់​យើង​ដែល​ធ្វើ​ឲ្យព្រះកាយ​ទ្រង់​ជាំ ។

នោះ គឺ​ជា​កិច្ចការដ៏​មាន​តម្លៃ ។

កំណត់​ចំណាំ

  1. « តើ​ទ្រង់ធំ​ប៉ុនណា » ទំនុក​តម្កើង ល.រ. ៣៨ ។

  2. The Teachings of Spencer W. Kimball កំណែ ។ Edward L. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ១១២ ។

បោះពុម្ព