« តើអ្នកចង់ដឹងបន្ថែមដែរឬទេ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើអ្នកចង់ដឹងបន្ថែមទៀតដែរឬទេ ?
មិត្តរួមតង់របស់ខ្ញុំម្នាក់ខុសពីទាហានដទៃទៀត ដូច្នេះខ្ញុំបានសួរគាត់ពីមូលហេតុ ។
ខ្ញុំបានចុះឈ្មោះក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិករយៈពេលបីឆ្នាំ ហើយបានមកដល់ប្រទេសវៀតណាមខាងត្បូងនៅថ្ងៃខួបកំណើតគម្រប់អាយុ ២០ ឆ្នាំរបស់ខ្ញុំ ។ ប្រាំបីខែក្រោយមក ខ្ញុំត្រូវបានចាត់ឲ្យទៅអង្គភាពមួយនៅភាគពាយ័ព្យនៃទីក្រុងសៃហ្គន ។ ពេលនៅទីនោះ ខ្ញុំបានសង្កេតឃើញភ្លាមៗថា មិត្តរួមតង់របស់ខ្ញុំម្នាក់ ឈ្មោះ ថូម៉ាស់ សាលីសប៊ឺរី មានចរិកលក្ខណៈខុសពីអ្នកផ្សេងទៀត ។
ភាពខុសប្លែកនេះគួរឲ្យចាប់អារម្មណ៍ណាស់ ដែលទីបំផុតខ្ញុំបានសួរគាត់ថា « ថម ហេតុអ្វីបានជាលោកខុសពីអ្នកដទៃដូច្នេះ ? »
គាត់បានឆ្លើយថា « ដោយសារខ្ញុំជាពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
« តើអ្វីទៅជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ? » ខ្ញុំបានសួរ ។
គាត់បានរៀបចំឲ្យខ្ញុំជួបជាមួយគាត់ និងលោក ហារ៉ូល លីវីស ជាអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មវិញ ដែលកំពុងបម្រើជាជំនួយការរបស់បព្វជិតប្រចាំអង្គភាព ។ ក្នុងអំឡុងពេលការប្រជុំជាលើកដំបូងរបស់យើងនៅក្នុងតង់ដែលបម្រើជារោងជំនុំតូចមួយ ខ្ញុំបានយល់ព្រមថា ប្រសិនបើខ្ញុំពិតជាជឿលើអ្វីដែលពួកគេកំពុងប្រាប់ខ្ញុំ ខ្ញុំនឹងទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំក៏បានទទួលគម្ពីរមរមន ដែលខ្ញុំបានទុកក្នុងហោប៉ៅខាងក្រោមនៃខោសម្រាប់ដឹកទំនិញរបស់ខ្ញុំ ហើយអានរាល់ពេលដែលខ្ញុំមានពេលទំនេរ ។
ការពិភាក្សាជាច្រើនបានធ្វើឡើងជាបន្តបន្ទាប់ ហើយខ្ញុំបានរកឃើញថា មេរៀននីមួយៗបានឆ្លើយសំណួរដែលខ្ញុំមាននៅក្នុងការស្វែងរកសេចក្តីពិតរបស់ខ្ញុំ ។ ប៉ុន្តែ ពេលថម និង ហារ៉ូល បានសួរខ្ញុំថាតើខ្ញុំចង់ទទួលបុណ្យជ្រមុជទឹកដែរឬទេ ខ្ញុំឆ្លើយថា ទេ ។ ខ្ញុំមិនច្បាស់ថាខ្ញុំអាចរក្សាបទបញ្ញត្តិទាំងអស់ដែលពួកគេបានបង្រៀនខ្ញុំដោយរបៀបណានោះទេ ។
បន្ទាប់ពីបានចូលរួមសន្និសីទមណ្ឌលនៅទីក្រុងសៃហ្គន ខ្ញុំបានទៅប្រទេសអូស្ត្រាលីមួយសប្តាហ៍ដើម្បីសម្រាក និងលំហែកាយ ។ ខណៈពេលនៅទីនោះ ខ្ញុំចាប់ផ្ដើមដឹងថាការបង្រៀននៃដំណឹងល្អមានសារៈសំខាន់ចំពោះខ្ញុំយ៉ាណា ។ ពេលខ្ញុំត្រឡប់ទៅប្រទេសវៀតណាមវិញ ខ្ញុំបានប្រកាសប្រាប់ ថម ភ្លាមថាខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ។
មិនយូរប៉ុន្មាន ថម បានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យខ្ញុំនៅបឹង សុង ប៊ី ហារ៉ូលបានធ្វើពិធីបញ្ជាក់ខ្ញុំ ជាសមាជិកនៃសាសនាចក្រ ហើយ ធីម៉ូថី ហៀល ជាអ្នកដឹកនាំក្រុមសាសនាចក្ររបស់យើងបានតែងតាំងខ្ញុំជាឌីកុន ។
ពេលខ្ញុំត្រឡប់មកផ្ទះវិញនៅសហរដ្ឋអាមេរិកនៅប្រាំមួយសប្តាហ៍ក្រោយមក ខ្ញុំបានណែនាំដំណឹងល្អដល់មិត្តស្រីរបស់ខ្ញុំ ដែលបានក្លាយជាភរិយារបស់ខ្ញុំ ។ នាងក៏បានទទួលយកសារលិខិតនៃដំណឹងល្អដ៏មានក្តីសង្ឃឹមនេះផងដែរ ។
ខ្ញុំនឹងមានអំណរគុណជារៀងរហូតដែល ថម បានសួរខ្ញុំថាតើខ្ញុំចង់ដឹងបន្ថែមទៀតដែរឬទេ ។ គំរូ និងការអញ្ជើញរបស់គាត់បានឆ្លើយតបនឹងការចង់បានរបស់ខ្ញុំក្នុងការស្វែងរកសេចក្តីពិត ហើយរីករាយនឹងពរជ័យនៃដំណឹងល្អ ។