« ការមើលថែដល់អ្នកខ្វះខាត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។
មូលដ្ឋានគ្រឹះនៃដំណឹងល្អ
ការមើលថែដល់អ្នកខ្វះខាត
ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ក្នុងការមើលថែដល់អ្នកដែលខ្វះខាត ។ យើងមើលថែដល់អ្នកដទៃដោយការបម្រើពួកគេ ជួយពួកគេឲ្យមានភាពខ្លួនទីពឹងខ្លួន និងចែកចាយអ្វីដែលយើងមាន ។
គំរូរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទបានស្រឡាញ់ បានលួងលោម និងបានអធិស្ឋានសម្រាប់អ្នកដែលនៅជុំវិញទ្រង់ ។ ទ្រង់ « បានយាងចុះឡើងធ្វើកិច្ចការល្អ » ( កិច្ចការ ១០:៣៨ ) ។ យើងអាចធ្វើតាមគំរូរបស់ទ្រង់ដោយការស្រឡាញ់ លួងលោម ការបម្រើ និងការអធិស្ឋានសម្រាប់អ្នកដែលនៅជុំវិញយើង ។ យើងតែងតែអាចស្វែងរករបៀបដើម្បីជួយអ្នកដទៃជានិច្ច ។
ការផ្ដល់ការងារបម្រើ
ពាក្យថា ការងារបម្រើ ត្រូវបានប្រើនៅក្នុងព្រះគម្ពីរ និងក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ដើម្បីពិពណ៌នាអំពីរបៀបដែលយើងមើលថែគ្នាទៅវិញទៅមក ។ អ្នកកាន់បព្វជិតភាពត្រូវបានចាត់តាំងជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដល់បុគ្គលម្នាក់ៗ ឬគ្រួសារក្នុងវួដ ឬសាខា ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើត្រូវបានចាត់តាំងឲ្យទៅបម្រើស្រ្តីមជ្ឈិមវ័យម្នាក់ៗ ។ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើធានាឲ្យបានថាសមាជិកសាសនាចក្រទាំងអស់ត្រូវបានចងចាំ និងយកចិត្តទុកដាក់ ។
ការជួយអ្នកដទៃឲ្យមានភាពខ្លួនទីពឹងខ្លួន
យើងអាចជួយសមាជិកគ្រួសារ និងមិត្ដភក្ដិឲ្យមាន ភាពខ្លួនទីពឹងខ្លួន ដោយការលើកទឹកចិត្តពួកគេឲ្យស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះបញ្ហារបស់ពួកគេ ។ បន្ទាប់មកយើងអាចគាំទ្រពួកគេនៅពេលពួកគេខិតខំសម្រេចគោលដៅរបស់ពួកគេ ។ សូមស្វែងរកព័ត៌មានបន្ថែម អំពីភាពខ្លួនទីពឹងខ្លួននៅក្នុងលីអាហូណា ខែ សីហា ឆ្នាំ ២០២៣ ក្នុង មូលដ្ឋានគ្រឹះនៃដំណឹងល្អ ។
បម្រើអ្នកដទៃ
មានរបៀបជាច្រើនដែលយើងអាចបម្រើអ្នកដែលនៅជុំវិញយើង និងជួយបំពេញតម្រូវការខាងសាច់ឈាម ខាងវិញ្ញាណ និងខាងសតិអារម្មណ៍របស់ពួកគេ ។ ការរៀនសូត្រអំពីអ្នកដទៃអាចជួយយើងឲ្យដឹងពីរបៀបដែលយើងអាចបម្រើពួកគេឲ្យបានកាន់តែប្រសើរ ។ យើងក៏អាចអធិស្ឋានទូលសុំការណែនាំដើម្បីដឹងពីអ្វីដែលយើងអាចធ្វើបានដើម្បីជួយ ។
ការចែកចាយអ្វីដែលយើងមាន
យើងអាចបម្រើអ្នកដទៃដោយការចែកចាយអ្វីដែលព្រះបានប្រទានពរដល់យើង ។ ឧទាហរណ៍ យើងអាចផ្ដល់ ដង្វាយតមអាហារ ដោយចិត្តសប្បុរស ឬបរិច្ចាគដល់ជំនួយមូលនិធិសប្បុរសធម៌របស់សាសនាចក្រ ។ យើងក៏អាចបម្រើនៅក្នុងសហគមន៍របស់យើង និងក្នុង ការហៅ នៅក្នុងសាសនាចក្រ ។
ករណីកិច្ចរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ប៊ីស្សពមើលការខុសត្រូវចំពោះអ្នកដែលខ្វះខាតក្នុងវួដរបស់គាត់ ។ គាត់អាចប្រើលុយពីដង្វាយតមអាហារដើម្បីជួយសមាជិកដែលខ្វះខាត ។ ថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងទីប្រឹក្សារបស់គាត់ និងសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរ ជួយសមាជិកស្វែងរកធនធានដែលពួកគេអាចប្រើប្រាស់ដើម្បីបំពេញការខ្វះខាតរបស់ពួកគេ ។
កិច្ចការមនុស្សធម៌របស់សាសនាចក្រ
សាសនាចក្រជួយមនុស្សជុំវិញពិភពលោកដោយការឆ្លើយតបនឹងគ្រោះអាសន្ន គម្រោងសហគមន៍ និងកម្មវិធីផ្សេងៗទៀត ដូចជា ទឹកស្អាត និងការចាក់ថ្នាំបង្ការ ។ ដើម្បីរៀនបន្ថែម សូមមើល ដាល្លិន អេក អូក « ការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៦–៨ ។