តើបងប្អូនចង់រីករាយដែរឬទេ ?
ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ជីវិតបងប្អូននឹងកាន់តែងាយស្រួល កាន់តែរីករាយ និងពេញដោយអំណរ ។
តើបងប្អូនចង់រីករាយដែរឬទេ ? តើអ្វីខ្លះដែលធ្វើឲ្យបងប្អូនមិនរីករាយ ? ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « បើបងប្អូនចង់វេទនា ចូរកុំគោរពព្រះបញ្ញត្តិ—ហើយកុំប្រែចិត្តឡើយ ។ បើបងប្អូនចង់បានអំណរ នោះចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » ។១ តើវាសាមញ្ញទេឬអីដើម្បីរីករាយ ? ដោយគ្រាន់តែចុះសេចក្តីសញ្ញា ហើយរក្សាសេចក្តីសញ្ញានៅក្នុងជីវិតរបស់បងប្អូនប៉ុណ្ណោះ ។ តោះយើងមកមើលរឿងខ្លះៗ ដែលអាចជួយយើងឲ្យបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា និងធ្វើឲ្យយើងរីករាយ ។
១. តើអ្វីទៅជាផ្លូវនៃសេចក្តីសញ្ញា ?
យោងទៅតាមអែលឌើរ ឌែល ជី រិនឡិន ៖ « ពាក្យថាផ្លូវនៃសេចក្ដីសញ្ញាសំដៅទៅលើសេចក្ដីសញ្ញាជាបន្តបន្ទាប់ ពេលយើងមករកព្រះគ្រីស្ទ ហើយភ្ជាប់ទៅនឹងទ្រង់ ។ តាមរយៈចំណងនៃសេចក្ដីសញ្ញានេះ យើងអាចទទួលបានព្រះចេស្តាដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ ផ្លូវនេះចាប់ផ្ដើមដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត រួចធ្វើបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។២ យើងបន្តសេចក្ដីសញ្ញាទាំងនោះនៅគ្រប់ពេលដែលយើងទទួលទានសាក្រាម៉ង់ ។
ចាប់ផ្តើមពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក យើងក៏ចុះសេចក្តីសញ្ញាជាច្រើនទៀតនៅក្នុងជីវិត ។ ជាថ្មីម្តងទៀត អែលឌើរ រិនឡាន់ បានមានប្រសាសន៍ ៖ « ផ្លូវនៃសេចក្តីសញ្ញានាំឆ្ពោះទៅកាន់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដូចជាអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធជាដើម ។ អំណោយទានពិសិដ្ឋគឺជាអំណោយនៃសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ព្រះ ដែលភ្ជាប់យើងទៅនឹងទ្រង់កាន់តែពេញលេញ » ។៣
តើបងប្អូននៅលើផ្លូវនៃសេចក្តីសញ្ញាឬទេ ?
ពេលខ្លះនៅពេលយើងចុះសេចក្តីសញ្ញាហើយ យើងបរាជ័យក្នុងការរក្សាសេចក្តីសញ្ញាទាំងនោះ ។ នៅពេលរឿងនេះកើតឡើង តើបងប្អូនអាចត្រឡប់មកផ្លូវនៃសេចក្តីសញ្ញាវិញដោយរបៀបណា ? ខ្ញុំសូមចែកចាយឧទាហរណ៍មួយចំនួន អំពីការត្រឡប់មកផ្លូវនៃសេចក្តីសញ្ញាវិញ ។
ជាងមួយខែមុននេះ ខ្ញុំបានទទួលសារមួយមកពីអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់ ដែលធ្លាប់បម្រើជាមួយយើង ។ គាត់ប្រាប់ថា « មួយរយៈចុងក្រោយនេះលំបាកណាស់ ។ ការតស៊ូពុះពារនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តរាល់ថ្ងៃ វាធ្វើឲ្យខ្ញុំតានតឹង វាពិតជាលំបាកខ្លាំងណាស់ ។ ខ្ញុំមានអារម្មណ៍ឯកោ និងវេទនា ។ ខ្ញុំបានអធិស្ឋានសុំការណែនាំពីព្រះវរបិតាសួគ៌ឲ្យមានភាពសុខសាន្ត និងការលួងលោមចំពោះអ្វីដែលខ្ញុំធ្វើដើម្បីតយុទ្ធនឹងការលំបាក ។ … ខណៈពេលខ្ញុំកំពុងអធិស្ឋាន ខ្ញុំទទួលអារម្មណ៍បំផុសគំនិតពីព្រះវិញ្ញាណប្រាប់ខ្ញុំថា ខ្ញុំត្រូវបង់ដង្វាយមួយភាគក្នុងដប់ឲ្យពេញលេញ ។ … ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថាចង់ធ្វើដូច្នេះភ្លាមៗ ។ ដោយមានបំណងចង់ធ្វើដូច្នេះ ខ្ញុំទទួលអារម្មណ៍ពីការបំផុសគំនិតថា ‹ បើអ្នកបង់ដង្វាយមួយភាគក្នុងដប់របស់អ្នក អ្វីៗនឹងមិនអីទេ › ។ ខ្ញុំនៅតែពិបាកក្នុងការស្វែងរកភាពសុខសាន្ត ប៉ុន្តែខ្ញុំមានទីបន្ទាល់ទៅលើព្រះអង្គសង្គ្រោះ ហើយថាតាមរយៈការស្តាប់បង្គាប់របស់ខ្ញុំ នោះខ្ញុំអាចមានអារម្មណ៍ និងស្វែងរកភាពសុខសាន្តដែលខ្ញុំកំពុងស្វែងរកនៅក្នុងចិត្ត និងគំនិតរបស់ខ្ញុំបាន ។ ថ្មីៗនេះ ខ្ញុំបានសម្រេចចិត្តត្រឡប់មកព្រះវិហារវិញ ហើយស្វែងរកព្រះវិញ្ញាណក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ » ។
ឥឡូវ គាត់សុខសប្បាយណាស់ ។ បងប្អូនក៏ប្រហែលជាសុំពីព្រះវរបិតាសួគ៌នូវភាពសុខសាន្តផងដែរ ប៉ុន្តែចម្លើយអាចខុសពីអ្វីដែលបងប្អូនរំពឹងទុក ។ ដរាបណាបងប្អូនព្យាយាមស្គាល់ព្រះអង្គសង្គ្រោះ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ នោះទ្រង់នឹងផ្តល់ឲ្យបងប្អូននូវចម្លើយផ្ទាល់ខ្លួនបងប្អូន ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖
« មេរៀនដ៏អស្ចារ្យបំផុត ដែលយើងអាចរៀនក្នុងជីវិតរមែងស្លាប់នេះ គឺថានៅពេលព្រះមានព្រះបន្ទូល រួចយើងគោរពតាម នោះយើងនឹងធ្វើរឿងដ៏ត្រឹមត្រូវជានិច្ច » ។៤
« នៅពេលយើងរក្សាបទបញ្ញត្តិទាំងនោះ នោះជីវិតយើងនឹងកាន់តែសប្បាយរីករាយ កាន់តែពេញលេញ ហើយមិនសូវស្មុគស្មាញនោះទេ ។ បញ្ហា និងឧបសគ្គរបស់យើងនឹងកាន់តែងាយគ្រប់គ្រង ហើយយើងនឹងទទួលបានពរជ័យដែលបានសន្យា [ របស់ព្រះ ] » ។៥
ពេលខ្ញុំត្រូវបានហៅឲ្យធ្វើជាប៊ីស្សព វាជាពេលដ៏លំបាកបំផុតក្នុងជីវិតខ្ញុំ ។ ខ្ញុំជាឪពុកវ័យក្មេងម្នាក់ក្នុងវ័យ ៣០ ឆ្នាំ ប៉ុន្តែខ្ញុំមានបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែបញ្ហាប្រឈមមុខនានាក្នុងគ្រួសារ ។ ខ្ញុំមិនអាចរកដំណោះស្រាយបានទេ ហើយខ្ញុំគិតថាបញ្ហាប្រឈមមុខទាំងនេះនឹងមិនចេះចប់ឡើយ ។ ខ្ញុំហត់នឿយទាំងផ្នែកហិរញ្ញវត្ថុ និងអារម្មណ៍ ។ ខ្ញុំបានចាប់ផ្តើមសង្ស័យពីកម្លាំងខាងវិញ្ញាណរបស់ខ្ញុំផងដែរ ។ នៅក្នុងពេលដ៏លំបាកនោះហើយ ដែលប្រធានស្តេកខ្ញុំបានផ្តល់ការហៅបម្រើមកឲ្យខ្ញុំ ។ ខ្ញុំបានទទួលយកការហៅបម្រើនេះ ទោះបីជាវាពិបាកក្ដី ។
ភរិយាខ្ញុំក៏បានជួបសម្ភាសនឹងប្រធានស្ដេកដែរ ប៉ុន្តែគាត់មិនអាចនិយាយ យល់ព្រម ក៏មិនអាចនិយាយ ទេ មានតែស្រក់ទឹកភ្នែក ។ នាងបានយំពេញមួយសប្តាហ៍ ដោយសួរព្រះវរបិតាសួគ៌ថា « ហេតុអ្វីនៅពេលនេះ ? ហើយ « តើព្រះអង្គពិតជាស្គាល់បុគ្គលម្នាក់ៗមែនទេ ? » នាងពុំទទួលបានចម្លើយទេ ប៉ុន្តែខ្ញុំត្រូវបានតែងតាំងជាប៊ីស្សពនៅថ្ងៃអាទិត្យបន្ទាប់ ។ នាងមិនបានសួរព្រះវរបិតាសួគ៌នូវសំណួរទាំងនោះទៀតទេ ប៉ុន្តែបានគាំទ្រខ្ញុំក្នុងការហៅបម្រើអស់រយៈពេលប្រាំមួយឆ្នាំ ។
នៅថ្ងៃអាទិត្យដែលខ្ញុំត្រូវដោះលែង ភរិយាខ្ញុំបានឮសំឡេង ខណៈនាងកំពុងទទួលសាក្រាម៉ង់ ។ សំឡេងនោះបានខ្សឹបប្រាប់នាងថា « ដោយសារអ្នកពិបាកដើរ នោះយើងបានហៅគាត់ឲ្យធ្វើជាប៊ីស្សព ដើម្បីបីអ្នក ហើយដើរជំនួសអ្នក » ។ ពេលក្រឡេកមើលទៅកាលពីប្រាំមួយឆ្នាំមុន នាងបានដឹងថាបញ្ហាប្រឈមមុខជាច្រើនដែលហាក់ដូចជាគ្មានទីបញ្ចប់ ឥឡូវនេះត្រូវបានដោះស្រាយនៅតាមផ្លូវអស់ហើយ ។
យើងបានរៀនថា នៅពេលយើងគិតថាវាមិនមែនជាពេលវេលាដ៏ល្អសម្រាប់យើងក្នុងការទទួលការហៅបម្រើ នោះវាអាចជាពេលដែលយើងត្រូវការការហៅបម្រើនោះជាងគេបំផុត ។ នៅពេលព្រះអម្ចាស់សុំឲ្យយើងបម្រើក្នុងការហៅបម្រើណាមួយ ទោះជាការហៅបម្រើនោះស្រាល ឬធ្ងន់ក្ដី ទ្រង់ទតឃើញពីតម្រូវការរបស់យើង ។ ទ្រង់ប្រទានកម្លាំងដែលយើងត្រូវការ ហើយត្រៀមពរជ័យជាស្រេចដើម្បីចាក់មកលើយើង នៅពេលយើងបម្រើដោយស្មោះត្រង់ ។
មានរឿងជាច្រើនទៀតដែលរំខានយើងពីការបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មិនថាវាជាអ្វីនោះទេ វាមិនដែលយឺតពេលទេក្នុងការបង្វែរចិត្តយើងទៅសុំជំនួយពីព្រះវរបិតាសួគ៌ ។ អែលឌើរ ផល វី ចនសុន បានបង្រៀនយើង « ពេលយើងធ្វើតាមសាតាំង យើងផ្ដល់អំណាចឲ្យវា ។ ពេលយើងធ្វើតាមព្រះ ទ្រង់ប្រទានអំណាចដល់យើង » ។៦
ស្ដេចបេនយ៉ាមីនក្នុងព្រះគម្ពីរមរមនបានថ្លែងទីបន្ទាល់ ៖ « ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណា អំពីស្ថានភាពដ៏មានពរ និងរីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។៧
៣. តើការរក្សាសេចក្ដីសញ្ញាជាមួយព្រះអាចធ្វើឲ្យបងប្អូនសប្បាយរីករាយយ៉ាងដូចម្ដេច ?
ភរិយាខ្ញុំនិយាយថា អាពាហ៍ពិពាហ៍របស់យើងទឹមយើងជាមួយគ្នា ហេតុដូច្នោះនាងអាចធ្វើអ្វីដែលនាងមិនអាចធ្វើពីមុនបាន ។ ឧទាហរណ៍ ៖ តាំងពីតូចមក នាងពិបាកក្នុងការចេញក្រៅពេលមេឃងងឹត ប៉ុន្តែវាមិនពិបាកទៀតទេ ព្រោះខ្ញុំទៅជាមួយនាង ។ នាងទាប ហើយមិនអាចឈោងធ្នើរខ្ពស់បានទេ លុះត្រាតែនាងប្រើកៅអី ឬជណ្ដើរ ប៉ុន្តែខ្ញុំអាចឈោងយករបស់នៅធ្នើខ្ពស់ឲ្យនាងបាន ព្រោះខ្ញុំខ្ពស់ជាង ។ ការទទួលនឹមរបស់ព្រះអង្គសង្គ្រោះមកដាក់លើយើងគឺបែបដូច្នោះផងដែរ ។ នៅពេលយើងទឹមជាមួយទ្រង់ យើងអាចធ្វើអ្វីដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន ពីព្រោះទ្រង់អាចធ្វើអ្វីៗដែលយើងមិនអាចធ្វើដោយខ្លួនឯង ។
អែលឌើរ ដេវីឌ អេ បែដណា បានមានប្រសាសន៍ថា ៖ « ការធ្វើ និងការរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទឹមយើងទៅជាមួយព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ មានន័យថា ព្រះអង្គសង្គ្រោះកំពុងតែអញ្ជើញយើងឲ្យពឹងផ្អែក និងអូសទាញជាមួយនឹងទ្រង់ ទោះជាសមត្ថភាពល្អបំផុតរបស់យើងមិនស្មើរ ឬមិនប្រៀបទៅនឹងទ្រង់ក៏ដោយ ។ កាលណាយើងទុកចិត្ត ហើយអូសបន្ទុករបស់យើងជាមួយទ្រង់ ក្នុងដំណើរនៃជីវិតរមែងស្លាប់នេះ ពិតណាស់ នឹមរបស់ទ្រង់គឺងាយ ហើយបន្ទុករបស់ទ្រង់ក៏ស្រាល » ។៨
ប្រធាន ណិលសុន ក៏បានបង្រៀនដែរ ៖
« ការដាក់នឹមជាមួយព្រះអង្គសង្គ្រោះមានន័យថា បងប្អូនមានសិទ្ធិទទួល ព្រះចេស្តាដើម្បីពង្រឹង និងប្រោសលោះរបស់ទ្រង់ » ។៩
« រង្វាន់នៃការរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះគឺជា ព្រះចេស្តាមកពីស្ថានសួគ៌—ពោលគឺព្រះចេស្តាដែលពង្រឹងយើងកាន់តែខ្លាំង ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង ។ ព្រះចេស្តានេះជួយឆ្ការផ្លូវឲ្យយើង ។ អស់អ្នកដែលរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ មានសិទ្ធិទទួលបានព្រះចេស្តាកាន់តែខ្លាំងរបស់ទ្រង់ » ។១០
« [ ការ ] រក្សាសេចក្តីសញ្ញាពិតជាធ្វើឲ្យជីវិតកាន់តែងាយស្រួល ! បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—ទទួលបានព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង » ។១១
បងប្អូនប្រុសស្រីជាទីស្រឡាញ់ តើបងប្អូនចង់រីករាយដែរឬទេ ? ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ជីវិតបងប្អូននឹងកាន់តែងាយស្រួល កាន់តែរីករាយ និងពេញដោយអំណរ ។ ព្រះអង្គសង្គ្រោះយើងកំពុងអញ្ជើញយើង « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។១២ ទ្រង់គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ ទ្រង់ទួលយកបន្ទុកយើង ហើយធ្វើឲ្យជីវិតយើងកាន់តែងាយស្រួល ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។