« កំណែទីពីរនៃ ប្រកាសដំណឹងល្អរបស់យើង ឥឡូវនេះមានហើយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។
កំណែទីពីរនៃ ប្រកាសដំណឹងល្អរបស់យើង ឥឡូវនេះមានហើយ
ជិតពីរទសវត្សរ៍ក្រោយពីការបោះពុម្ពផ្សាយសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ស្តីពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា សាសនាចក្របានចេញផ្សាយកំណែទីពីរហើយ ( ដែលមានចំណងជើងរងថា មគ្គុទេសន៍ស្ដីពីការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសអំពីកំណែលើកទីពីរនេះនៅក្នុងសិក្ខាសាលារបស់សាសនាចក្រសម្រាប់ថ្នាក់ដឹកនាំបេសកកម្មថ្មីនៅខែ មិថុនា ។ លោកបានមានប្រសាសន៍ថា « កំណែថ្មីនេះមកចំពេលមួយ ដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ។ [ វា ] ឆ្លុះបញ្ចាំងពីភាពរសើបនៃការផ្លាស់ប្តូរទាំងនោះជាច្រើន ។ វាមានសេចក្តីណែនាំដ៏ល្អបំផុតមួយចំនួន ដែលខ្ញុំធ្លាប់បានឃើញ ដើម្បីជួយមនុស្សឲ្យទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យមករកទ្រង់ » ។
កំណែដែលបានធ្វើបច្ចុប្បន្នភាពនេះ មាននូវការបង្រៀនជាច្រើនមកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលបានធ្វើឡើងតាំងពីបានចេញផ្សាយការបោះពុម្ពលើកទីមួយនៅក្នុងឆ្នាំ ២០០៤ ។ វាស្របទៅនឹងគោលការណ៍របស់ ក្បួនខ្នាតទូទៅ ដែលបានធ្វើបច្ចុប្បន្នភាព ព្រមទាំងគោលនយោបាយថ្មីៗផ្សេងទៀតផងដែរ ។ វាក៏មាននូវការការពារ និងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចែកចាយដំណឹងល្អផងដែរ ។
ប្រធានយុវនារីទូទៅ បូនី អេច ខ័រឌុន បានថ្លែងថា « អ្វីដែលអស្ចារ្យនោះគឺ សាវកគ្រប់រូបនៃពួកសាវកដប់ពីរនាក់បានពិនិត្យមើលសៀវភៅនេះ ។ គណៈប្រធានទីមួយបានអានវាចប់ទាំងអស់ ។ ហើយនេះគឺពិតជាសៀវភៅ ដែលព្រះអង្គសង្គ្រោះបានបោះត្រារបស់ព្រះអង្គលើវាមែន » ។
កំណែទីពីរនៃ ប្រកាសដំណឹងល្អរបស់យើង មាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងតាមអនឡាញជាភាសាអង់គ្លេស បារាំង ព័រទុយហ្គាល់ និងអេស្ប៉ាញ ។ ការបោះពុម្ពជាសៀវភៅនឹងមាននៅចុងឆ្នាំ ២០២៣ ។ ភាសាបន្ថែមនឹងមានចាប់ពី ខែ មករា ឆ្នាំ ២០២៤ តទៅ ។