2024
គំរូ​នៃ​សាមគ្គីភាព​ក្នុង​ព្រះយេស៊ូវគ្រីស្ទ
ខែ​តុលា ឆ្នាំ​២០២៤


« គំរូ​នៃ​សាមគ្គីភាព​ក្នុង​ព្រះយេស៊ូវគ្រីស្ទ » លីអាហូណាខែ​តុលា ឆ្នាំ​២០២៤ ។

សារលិខិត​ប្រចាំ​ខែ​នៃ​ទស្សនាវដ្ដី លីអាហូណា ខែ​តុលា ឆ្នាំ​២០២៤

គំរូ​នៃ​សាមគ្គីភាព ក្នុង​ព្រះយេស៊ូវគ្រីស្ទ

នៅពេល​យើង​រួបរួម​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ជា​ប្រជាជន​នៅ​ក្នុង នីហ្វៃ​ទី​៤ នោះ​ក្ដី​ប្រាថ្នា​របស់​យើង​ដើម្បី​មានចិត្ត​តែ​មួយ កើត​មាន​ជំនួស​ឲ្យ​ភាព​ខុស​គ្នា​របស់​យើង ហើយ​នាំ​ឲ្យ​មាន​សុភមង្គល ។

រូបសំណាក​ព្រះគ្រីស្ទ

យើង​រស់​នៅ​ក្នុង​សម័យកាល​ដែល​មាន​ការកើនឡើង​នៃ​ភាពមិនចុះ​សម្រុង​នឹង​គ្នា និង​ការទាស់ទែង​ខ្វែង​គំនិត​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ។ កម្លាំង​ឈ្លោះប្រកែក​បាន​រីករាលដាល​ដោយសារ​បច្ចេកវិទ្យា និង​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ពួក​អ្នក​គ្មាន​សេចក្តីស្រឡាញ់ ដែល​បំពេញ​ដួងចិត្ត​របស់​យើង​ដោយ​ការមើលងាយ និង​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​របស់​យើង​ដោយ​ការទាស់​ទែងគ្នា ។ ការប្រាស្រ័យ​ទាក់ទង​គ្នា​លែង​សូវ​មាន ។ សង្គ្រាម​កំពុង​ផ្ទុះ​ឡើង ។

នៅក្នុង​បរិបទ​នេះ អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រាថ្នា​ចង់​បាន​សេចក្តី​សុខសាន្ត ហើយ​ស្វែងរក​យ៉ាង​សកម្ម​ដើម្បី​ស្ថាបនា​សង្គម​មួយ​ដែល​មាន​ភាពខុសប្លែក​ពីនោះ—ជា​សង្គម​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​លើ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​សម្រេច​កិច្ចការ​នេះ​បាន ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ពួកយើង​ថា « ចូរ​រួមគ្នា​តែមួយ ហើយ​បើសិនជា​អ្នករាល់គ្នា​មិន​រួមគ្នា​តែមួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:២៧ ) ។ ជា​ការពិត​ណាស់ សាមគ្គីភាព​គឺជា​និមិត្តរូប​នៃ​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​ប្រឆាំង​នឹង​កម្លាំង​នៃ​ការបែកបាក់ និង​ការឈ្លោះ​ទាស់ទែង​គ្នា ? តើ​យើង​សម្រេច​បាន​នូវ​សាមគ្គីភាព​ដោយ​របៀប​ណា ?

ជាភ័ព្វសំណាង គម្ពីរ​នីហ្វៃ​ទី​៤ នៅក្នុង​ព្រះគម្ពីរ​មរមន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​មួយ ។ នៅ​ក្នុង​ជំពូក​នេះ​កត់ត្រា​ដោយ​សង្ខេប​ពី​របៀប​ដែល​ប្រជាជន​បាន​រស់នៅ បន្ទាប់ពី​ព្រះអង្គសង្រ្គោះ​បានយាង​ទៅ​ជួប​ពួកគេ បានបង្រៀន​ពួកគេ និង​បានបង្កើត​សាសនាចក្រ​ឡើង​នៅក្នុង​ចំណោម​ពួកគេ ។ ដំណើររឿង​នេះ បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​ទាំងនេះ​សម្រេច​បាន​នូវ​សាមគ្គីភាព​មួយ​ប្រកប​ដោយ​សុភមង្គល និង​សេចក្តី​សុខសាន្ត ហើយ​វា​បាន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​មួយ​ដែល​យើង​អាច​ធ្វើ​តាម​ដើម្បី​ទទួល​បាន​សាមគ្គីភាព​ដូចគ្នា​នេះ​សម្រាប់​ខ្លួនយើង​ផ្ទាល់ ។

ការប្រែចិត្ត​ជឿ

នៅ​ក្នុង នីហ្វៃ​ទី​៤ ១:១ យើង​អាន​ថា៖ « ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បានតាំង​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​នៅ​ពាសពេញ​លើ​ដែនដី​ជុំវិញ ។ ហើយ [ ប្រជាជន ] ដែល​បាន​មក​រក​ពួកគេ ហើយ​បាន​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន » ។

យើង​រួបរួម​គ្នា​នៅ​ជុំ​វិញ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​មនុស្ស​ម្នាក់ៗ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី​អំពី​សេចក្តី​ពិត​នោះ​ដល់​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ បន្ទាប់​មក យើង​ម្នាក់ៗ​អាច​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​មាន​ជំនឿ​លើ​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់​ដោយ​ការប្រែចិត្ត ។

ដូច្នេះ​ហើយ បុគ្គល​ម្នាក់ៗ​ចាប់ផ្តើម​ដំណើរ​នៃ​ការប្រែចិត្តជឿ​របស់​ខ្លួន—ចេញពី​ភាពអាត្មានិយម និង​បំណង​ប្រាថ្នា​នៃ​ការប្រព្រឹត្តិ​អំពើបាប ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រះអង្គសង្រ្គោះ ។ ទ្រង់​គឺជា​គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​យើង ។ ហើយ​កាល​យើង​ម្នាក់ៗ​មើល​ទៅ​ទ្រង់​ដោយ​នូវ​គ្រប់​គំនិត ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ) ទ្រង់​ក្លាយ​ជា​កម្លាំង​បង្រួប​បង្រួម​ក្នុង​ជីវិត​របស់​យើង ។

សេចក្តីសញ្ញា

កំណត់ត្រា​នៅក្នុង​នីហ្វៃ​ទី​៤ បន្ត​បញ្ជាក់​ថា អស់​អ្នក​ដែល​មក​សាសនាចក្រ ហើយ​បានប្រែចិត្តពី​អំពើបាប​របស់​ពួកគេ « បាន​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​នូវ​ព្រះ​នាម​ព្រះយេស៊ូវ ហើយ​ពួកគេ​ក៏​បានទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង » ( នីហ្វៃ​ទី​៤ ១:១ ) ។ ពួកគេ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​មួយ—ដែល​ជា​ទំនាក់ទំនង​ដ៏​ពិសេស ចង​ភ្ជាប់—ជា​មួយ​ព្រះ ។

នៅពេល​យើង​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា យើង​បាន​លើកដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះអម្ចាស់ ក្នុង​នាម​ជា​បុគ្គល​ម្នាក់ៗ ។ លើស​ពី​នេះ យើង​ក៏​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ក្នុង​នាម​ជា​ប្រជាជាតិ​ផងដែរ ។ អស់​អ្នក​ដែល​ធ្វើ​សេចក្តីសញ្ញា និង​ខិតខំ​គោរពតាម​សេចក្តីសញ្ញា​ទាំងនោះ នឹង​ប្រែក្លាយ​ជា​រាស្ត្រ​របស់​ព្រះអម្ចាស់ និង​ជា​រតនសម្បត្តិ​របស់​ទ្រង់ ( សូម​មើល និក្ខមនំ ១៩:៥ ) ។ ដូច្នេះ យើង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ទាំង​ជា​លក្ខណៈ​បុគ្គល និង​រួមគ្នា ។ ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ផ្ដល់​ឲ្យ​យើង​នូវ​បុព្វហេតុ​ទូទៅ និង​អត្តសញ្ញាណ​ទូទៅ​មួយ ។ នៅ​ពេល​យើង​ចងភ្ជាប់​ខ្លួនយើង​ទៅ​នឹង​ព្រះអម្ចាស់ ទ្រង់​ជួយ​យើង​ឲ្យ​ដួង​« ចិត្ត [ របស់​យើង ] ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ១៨:២១ ) ។

ភាពយុត្តិធម៌ សមភាព និង​ការជួយ​ដល់​ជនក្រីក្រ

ដំណើររឿង​នៅក្នុង នីហ្វៃ​ទី​៤ បន្ត​ថា ៖ « គ្មាន​ការទាស់ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួកគេ​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​មាន​ការទាក់ទង​គ្នា​យ៉ាង​ត្រឹម​ត្រូវ ។

« ហើយ​ពួកគេ​មាន​របស់​របរ​ទាំង​អស់​រួម​គ្នា​ទូទៅ​នៅ​ក្នុង​ចំណោម​ពួកគេ ហេតុដូច្នេះ​ហើយ គ្មាន​អ្នកមាន ឬ​អ្នកក្រ គ្មាន​អ្នកបម្រើគេ ឬ​អ្នក​សេរី​ឡើយ តែ​ពួកគេ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សេរីភាព ហើយ​ជា​អ្នក​ទទួល​អំណោយទាន​ខាង​ឯ​ស្ថានសួគ៌ » ( នីហ្វៃ​ទី​៤ ១:២–៣ ) ។

នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់​យើង​ខាង​សាច់ឈាម ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​ភាពយុត្តិធម៌ និង​ស្មើភាព​គ្នា​ទោវិញ​ទៅមក ហើយ​មិន​ធ្វើ​ខុស ឬ​កេងចំណេញ​លើ​នរណា​ម្នាក់​ឡើង ( សូមមើល ថែស្សាឡូនីច ទី១ ៤:៦ ) ។ នៅ​ពេល​យើង​រីកចម្រើន​ខិត​ទៅ​ជិត​ព្រះអម្ចាស់ យើង « នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ​ចង់​រស់​នៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​ដល់​មនុស្ស​គ្រប់​រូប ស្រប​តាម​អ្វី​ដែល​ជា​របស់​ផង​អ្នក​នោះ » ( ម៉ូសាយ ៤:១៣ ) ។

ព្រះអម្ចាស់​ក៏​បានបញ្ជា​ដល់​យើង​ឲ្យ​មើលថែ​ជនក្រីក្រ និង​អ្នក​ខ្វះខាត ។ យើង​គួរ​តែ « ចែករំលែក​នូវ​ទ្រព្យ [ របស់​យើង ] » ដើម្បី​ជួយ​ដល់​ពួកគេ​ទៅ​តាម​លទ្ធភាព​ដែល​យើង​មាន ដោយ​ពុំមាន​ការវិនិច្ឆ័យ​ដល់​ពួកគេ​ឡើយ ( សូមមើល ម៉ូសាយ ៤:២១–២៧ ) ។

យើង​ម្នាក់ៗ​ត្រូវតែ « គោរព​បងប្អូន​ខ្លួន ដូច​ជា​ខ្លួន​ឯង​ផ្ទាល់ » ដែរ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៤ ) ។ ប្រសិន​បើ​យើង​ជា​រាស្រ្ត​របស់​ព្រះអម្ចាស់ ហើយ​រួបរួមគ្នា នោះ​យើង​មិន​គ្រាន់​តែ​ត្រូវ​ប្រព្រឹត្ត​ដាក់​គ្នា​ដោយ​ស្មើភាព​នោះ​ទេ គឺ​យើង​ក៏​ត្រូវតែ​មើល​គ្នា​ដោយ​ស្មើភាព និង​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​យើង​ថា ពួកយើង​ស្មើៗ​គ្នា​ដែរ—គឺ​ស្មើ​គ្នា​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ គឺ​ស័ក្តិសម​ស្មើគ្នា និង​មាន​សក្តានុពល​ស្មើ​គ្នា ។

ការគោរព​ប្រតិបត្តិ

មេរៀន​បន្ទាប់​ពី នីហ្វៃ​ទី​៤ មាន​រៀបរាប់​នៅ​ក្នុង​ការបង្ហាញ​ដ៏​សាមញ្ញ​នេះ​ថា ៖ « ពួកគេ​បាន​ដើរ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​ពួកគេ​បានទទួល​ពី​ព្រះអម្ចាស់ និង​ពី​ព្រះ​របស់​គេ » ( នីហ្វៃ​ទី​៤ ១:១២ ) ។

ព្រះ​អម្ចាស់​បាន​បង្រៀន​ប្រជាជន​ទាំងនេះ នូវ​គោលលទ្ធិ​របស់​ទ្រង់ ដោយ​បាន​ប្រទាន​បញ្ញត្តិ​ដល់​ពួកគេ និង​បាន​ហៅ​ពួកអ្នក​បម្រើ​ឲ្យបង្រៀន​ដល់​ពួកគេ ។ ព្រះរាជបំណង​មួយ​របស់​ទ្រង់​ក្នុង​ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា​នឹង​គ្មាន​ការទាស់ទែង​ខ្វែង​គំនិត​នៅក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ ( សូម​មើល នីហ្វៃ​ទី​៣ ១១:២៨–២៩; ១៨:៣៤ ) ។

ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​ការបង្រៀន​របស់​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការមាន​សាមគ្គីភាព​របស់​យើង ។ ការណ៍​ទាំងនេះ​រួម​ទាំង​ការតាំងចិត្ត​របស់​យើង​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​ដើម្បីប្រែចិត្ត នៅគ្រប់​ពេល​ដែល​យើង​មិន​បាន​ធ្វើ​តាម​ព្រះបញ្ញត្តិ ហើយ​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក ពេល​ដែល​យើង​ខិតខំ​ធ្វើ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។

ស្រ្តី​ពីរនាក់ និង​បុរស​ម្នាក់​កំពុង​មើល​ព្រះគម្ពីរ​ក្នុង​ការប្រជុំ​មួយ

ការជួបជុំ​គ្នា

បន្ទាប់​មក យើង​បាន​រៀន​ថា ប្រជាជន​នៅ​ក្នុង នីហ្វៃ​ទី​៤ « [ បាន​បន្ត ] ការតមអាហារ និង​ការអធិស្ឋាន ហើយ​បាន​ប្រជុំ​គ្នា​ជា​ញឹក​ញាប់ ដើម្បី​អធិស្ឋាន ហើយ​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់ » ( នីហ្វៃ​ទី​៤ ១:១២ ) ។

យើង​ត្រូវ​ជួប​ជុំ​គ្នា ។ ការប្រជុំ​ថ្វាយ​បង្គំ​ប្រចាំ​សប្តាហ៍​របស់​យើង គឺ​ជា​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​ពួកយើង​ដើម្បី​ស្វែង​រក​កម្លាំង ទាំង​សម្រាប់​បុគ្គល និង​សម្រាប់​សមូហភាព ។ យើង​ទទួល​ទាន​សាក្រាម៉ង់ រៀន អធិស្ឋាន ច្រៀង​រួមគ្នា និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ ការជួបជុំ​ផ្សេង​ទៀត​ក៏​ជួយ​លើក​កម្ពស់​អារម្មណ៍​នៃ​ការចូលរួម​ចំណែក មិត្តភាព និង​គោលបំណង​រួមគ្នា​ផង​ដែរ ។

សេចក្ដី​ស្រឡាញ់

បន្ទាប់​មក ក្នុង​កំណត់ត្រា​នៅ​ក្នុង នីហ្វៃ​ទី​៤ ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​អាច​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​អ្វីៗ​ទាំង​អស់​នេះ—ដែល​ជា​រឿង​មិន​អាច​សម្រេច​បាន​ដោយ​គ្មាន​សាមគ្គីភាព​ដ៏​ពិត​ប្រាកដ នោះ​គឺ ៖ « គ្មាន​ការទាស់ទែង​គ្នា​នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មក​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ( នីហ្វៃ​ទី​៤ ១:១៥ ) ។

យើង​ទទួល​បាន​សេចក្តី​សុខសាន្ត​ផ្ទាល់ខ្លួន​នៅ​ពេល​យើង ចុះចូល​ដោយ​រាបសា ស្រឡាញ់​ព្រះ​ដ៏​ពិតប្រាកដ ។ នេះ​ជា​បទ​បញ្ញត្តិ​ដ៏​ធំ​ទី​មួយ ។ ការស្រឡាញ់​ព្រះ​ច្រើន​ជាង​នរណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត​ទាំងអស់​គឺ​ជា​លក្ខខណ្ឌ​ដែល​នាំ​មក​នូវ​សេចក្តីសុខសាន្ត ការលួងលោម ទំនុកចិត្ត និង​អំណរ​យ៉ាង​ពិត​ប្រាកដ ។ ពេល​យើង​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ និង​អ្នក​ជិត​ខាង​នឹង​កើត​មាន​ឡើង​ដោយ​ឯកឯង ។

អំណរ​ដ៏​ធំ​បំផុត​ដែល​យើង​នឹង​ដកពិសោធ កើតឡើង​នៅពេល​ដែល​យើង​នឹង​ទទួល​បាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។

សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ថ្នាំ​ព្យាបាល​ការទាស់ទែង​គ្នា ។ វា​គឺ​ជា​លក្ខណៈ​សំខាន់​នៃ​អ្នកដើរ​តាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​បន្ទាប​ខ្លួន​យើង​នៅ​ចំពោះ​ព្រះ ហើយ​អធិស្ឋាន​ដោយ​អស់​ពី​កម្លាំង​ចិត្ត​យើង នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សប្បុរស ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។

នៅ​ពេល​យើង​ទាំងអស់​គ្នា​ស្វែងរក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គង់​នៅ​ក្នុង​ដួងចិត្ត​របស់​យើង នោះ​អព្ភូតហេតុ​នៃ​សាមគ្គីភាព​វា​ហាក់​ដូច​ជា​មាន​យ៉ាង​ពេញលេញ​ចំពោះ​យើង ។

អត្តសញ្ញាណ​ដ៏​ទេវភាព

ជា​ចុង​ក្រោយ​នេះ ប្រជាជន​នៅ​ក្នុង នីហ្វៃ​ទី​៤ បាន​បង្ហាញ​សញ្ញា​សាមគ្គីភាព​ដែល​សម​នឹង​ទទួល​បាន​នូវ​ការផ្តោត​យកចិត្ត​ទុកដាក់​របស់​យើង ៖ « គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុកជា​មរតក​របស់​ព្រះ » ( នីហ្វៃ​ទី​៤ ១:១៧ ) ។

ស្លាក​សញ្ញា​ដែល​បាន​បែងចែក​ប្រជាជន​រាប់រយ​ឆ្នាំ​បាន​បាត់​ទៅ​វិញ មុន​ពេល​មាន​អត្តសញ្ញាណ​យូរអង្វែង និង​អស្ចារ្យ​ជាង​នេះ ។ ពួកគេ​បាន​មើល​ទៅ​ខ្លួន​គេ—និង​អ្នក​ដទៃ—ទៅ​តាម​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

លក្ខណៈខុសៗ​ពី​គ្នា និង​ផ្សេងៗ​ពី​គ្នា អាច​ជា​ការណ៍​ល្អ និង​សំខាន់​សម្រាប់​យើង ។ ប៉ុន្តែ​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​យើង គឺ​ជា​អត្តសញ្ញាណ​ដែល​ទាក់ទង​នឹង​ដើមកំណើត និង​គោល​បំណង​ដ៏​ទេវភាព​របស់​យើង ។

ជា​ដំបូង និង​ដ៏​សំខាន់​បំផុត​នោះ​គឺ យើង​ម្នាក់​ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ ទីពីរ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​នៃ​សេចក្ដីសញ្ញា ។ ហើយ​ទី​បី យើង​ម្នាក់ៗ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ជំរុញ​យើង​ទាំង​អស់​គ្នា​កុំ​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​អត្តសញ្ញាណ​ណា​មួយ​ផ្សេង​ទៀត « ប្ដូរ ជំនួស ឬ​មាន​អាទិភាព​ខ្លាំង​ជាង​ងារ​ដ៏​និរន្តរ៍​ទាំង​បី​នេះ​ឡើយ » ។

គ្រួសារ​អង្គុយ​ជាមួយ​គ្នា​នៅ​លើ​កម្រាល​ឥដ្ឋ

មានចិត្ត​តែ​មួយ

ព្រះ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ទ្រង់ ។ ទ្រង់​មាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា ។ យើង​អាច​មាន​ភាពខុសគ្នា​នៅ​ក្នុង​វប្បធម៌ នយោបាយ ជាតិសាសន៍ រសជាតិ និង​អ្វី​ផ្សេង​ជា​ច្រើន​ទៀត​របស់​យើង ។ ប៉ុន្តែ នៅពេល​យើង​រួបរួម​គ្នា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ភាព​ខុស​គ្នា​បែប​នេះ​វា​នឹង​លែង​សំខាន់​ទៀត​ហើយ ហើយ​វា​ត្រូវ​បាន​ជំនួស​ដោយ​បំណង​ប្រាថ្នា​ដ៏​លើសលុប​របស់​យើង ដើម្បី​មាន​ចិត្ត​តែ​មួយ—ដើម្បី​យើង​អាច​ក្លាយ​ជា​រាស្ត្រ​ទ្រង់។

សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មេរៀន​ដែល​បាន​បង្រៀន​នៅ​ក្នុង នីហ្វៃ​ទី​៤ ។ នៅ​ពេល​ដែល​យើង​ម្នាក់ៗ​ខិតខំ​បញ្ចូល​ធាតុ​សំខាន់ៗ​នៃ​សាមគ្គីភាព​ទាំងនេះ​ទៅ​ក្នុង​ជីវិត​របស់​យើង នោះ​ធាតុ​សំខាន់ៗ​ទាំងនេះ​អាច​និយាយ​អំពី​យើង ក៏​ដូចជា​វា​និយាយ​អំពី​ពួកគេ​អ៊ីចឹង​ដែរ « ពិតជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ( នីហ្វៃ​ទី​៤ ១:១៦ ) ។

កំណត់​ចំណាំ

  1. សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អត្ថន័យ និង​ពរជ័យ​នៃ​ការធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ សូម​មើល រ័សុល អិម ណិលសុន « សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ​តុលា ឆ្នាំ​២០២២ ទំព័រ ៤–១១ ។

  2. រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។