« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២ ៖ ‹ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ទំព័របុព្វកថានៃព្រះគម្ពីរមរមន
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍នានាក្នុងការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ហើយឈ្វេងយល់គោលគំនិត និងសំណួរទាំងនោះឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះព្រះតម្រិះ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
នៅពេលដែលយើងជួបនឹងបញ្ហាប្រឈមក្នុងជីវិត ឬប្រឈមនឹងសំណួរដែលគ្មានចម្លើយ នោះគោលការណ៍ខាងក្រោមនេះស្ដីពីការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយយើងបាន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ព្យាយាមយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាព ។
នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
ទស្សនវិស័យដែលមានដែនកំណត់
សូមស្វែងរកទុយោបឺត ឬមូរក្រដាសតូចបំផុតដែលអ្នកអាចមូរបាន ហើយមើលតាមចន្លោះនោះ ។ សូមស្រមៃមើលថាតើនេះជារបៀបដែលអ្នកមើលឃើញពិភពលោកគ្រប់ពេលវេលាឬ ។ តើអ្នកនឹងជួបបញ្ហាប្រឈមអ្វីខ្លះ ? តើការងារណាមួយនឹងងាយស្រួល ហើយមួយណាពិបាក ឬមិនអាចធ្វើទៅរួច ?
-
តើការណ៍នេះដូចជាការធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត ឬឆ្លើយសំណួរសំខាន់ៗដោយមានការយល់ដឹងមានកម្រិតអំពីផែនការនៃសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេច ?
ការមានទស្សនវិស័យពេញលេញជាងនេះគឺមានប្រយោជន៍នៅពេលមានទំនាក់ទំនងជាមួយពិភពលោកជុំវិញយើង ។ ដូចគ្នានេះដែរ ទស្សនវិស័យដ៏អស់កល្បអាចជួយយើង នៅពេលយើងទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមពិចារណាគូសចំណាំប្រយោគខាងក្រោមពី កថាខណ្ឌ ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ៖ ដើម្បីពិនិត្យមើលគោលគំនិត សំណួរ និងបញ្ហាសង្គមដោយទស្សនវិស័យដ៏អស់កល្បមួយ នោះយើងពិចារណាវានៅក្នុងបរិបទនៃផែនការនៃសេចក្តីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
សូមសិក្សា កថាខណ្ឌ ៨–១០ ដោយរកមើលអ្វីដែលអាចជួយអ្នកពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
ឧទាហរណ៍មួយដកស្រង់ពីបទគម្ពីរ
អាលម៉ាជាកូនបានបង្ហាញយើងពីរបៀបគិតពីអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ នៅពេលលោកបានឆ្លើយសំណួរពិបាកៗ ដែលកូនប្រុសរបស់លោកគឺ កូរីអានតុន បានជួបការលំបាក ។
សូមអាន អាលម៉ា ៤០:១; ៤២:១ ដោយរកមើលកង្វល់ពីរដែល កូរីអានតុន មាន ។ សូមពិចារណារៀបរាប់ពីកង្វល់របស់គាត់ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
ឥឡូវនេះសូមអានចំណងជើងជំពូកសម្រាប់ អាលម៉ា ៤០; ៤១; ៤២ ដើម្បីមើលសេចក្ដីសង្ខេបនៃអ្វីដែល អាលម៉ា បានបង្រៀន កូរីអានតុន នៅពេលគាត់បានដោះស្រាយកង្វល់របស់គាត់ ។ សូមរកមើលចំណុចផ្សេងៗនៃផែនការនៃសេចក្តីសង្គ្រោះ ដែលអាលម៉ាបានបង្រៀន ។
-
តើអ្នកបានឃើញចំណុចអ្វីខ្លះនៃផែនការនេះ ?
-
តើការណ៍នេះអាចជួយ កូរីអានតុន មើលឃើញពីកង្វល់របស់គាត់ពីទស្សនវិស័យដ៏អស់កល្បមួយដោយរបៀបណា ?
ការកែសម្រួលឡើងវិញ
សូមធ្វើជារាងស៊ុមរូបថតដោយប្រើម្រាមដៃចង្អុល និងមេដៃរបស់អ្នក ។ សូមជ្រើសរើសអ្វីមួយនៅក្នុងបន្ទប់ធ្វើជាប្រធានបទនៃរូបភាពរបស់អ្នក ។
-
តើអ្នកបានសម្រេចចិត្តដាក់បញ្ចូលអ្វីខ្លះនៅក្នុងស៊ុមរបស់អ្នក ? ហេតុអ្វី ?
-
តើអ្នកបានដកអ្វីខ្លះចេញពីរូបភាពរបស់អ្នក ? ហេតុអ្វី ?
ដូចគ្នានឹងរូបភាពដែរ សំណួរទាំងឡាយក៏មានស៊ុម ឬបរិបទផងដែរ ។ ស៊ុមអាចតំណាងឲ្យជំនឿ និងការសន្មតរបស់បុគ្គលណាម្នាក់ ដែលនាំឲ្យពួកគេយល់ឃើញចំពោះសំណួរទាំងឡាយតាមវិធីជាក់លាក់មួយ ។ ពេលខ្លះជំនឿ និងការសន្មតទាំងនោះគឺផ្អែកលើការយល់ខុស ឬអ្វីមួយដែលមិនពិត ។ ក្នុងករណីទាំងនោះ វាអាចជួយកែសម្រួលវាឡើងវិញបាន ។ ការកែសម្រួលឡើងវិញ គឺនៅពេលដែលយើងពិនិត្យមើលជំនឿ ឬការសន្មតទាំងនោះនៅក្នុងបរិបទនៃផែនការនៃសេចក្តីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ដោយសារតែចំណេះដឹងរបស់យើងអំពីផែនការនេះ និងសេចក្តីពិតផ្សេងទៀតដែលថាព្រះបានបើកសម្តែង នោះយើងចាប់ផ្តើមជាមួយនឹងការសន្មតដែលខុសពីអស់អ្នកដែលគ្មានចំណេះដឹងដូចយើង ។ ជាលទ្ធផល យើងធ្វើការសន្និដ្ឋានផ្សេងៗអំពីប្រធានបទសំខាន់ៗជាច្រើន ដែលមនុស្សដទៃគ្រាន់តែវិនិច្ឆយតាមមតិផ្ទាល់ខ្លួនគេអំពីជីវិតរមែងស្លាប់នេះប៉ុណ្ណោះ ។ ( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ពេលល្ងាចមួយជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ដែលមាននៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
សូមស្រមៃថាអ្នកមានមិត្តភក្តិម្នាក់ឈ្មោះ អេដ្រាយ ដែលបានសួរថា « ប្រសិនបើពិតជាមានព្រះដ៏ពេញដោយសេចក្ដីស្រឡាញ់ ហេតុអ្វីទ្រង់អនុញ្ញាតឲ្យមនុស្សរងទុក្ខ ? »
អ្នកអាចចង់មើលវីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីឧទាហរណ៍អំពីរបៀបដែលការព្រួយបារម្ភនេះអាចត្រូវបានកែសម្រួលឡើងវិញ ។
អ្នកនឹងមានឱកាសជាច្រើនដើម្បីអនុវត្តការកែសម្រួលឡើងវិញនៅក្នុងថ្នាក់សិក្ខាសាលា និងក្នុងជីវិតរបស់អ្នក ។ កាលអ្នកស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ហើយពង្រីកការយល់ដឹងរបស់អ្នកអំពីផែនការនៃសេចក្តីសង្គ្រោះ និងគោលលទ្ធិនៃព្រះគ្រីស្ទ នោះសមត្ថភាពរបស់អ្នកក្នុងការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយនឹងរីកចម្រើនឡើង ។ ការណ៍នេះក៏នឹងស្ថាបនាទំនុកចិត្តរបស់អ្នកក្នុងការចែកចាយអ្វីដែលអ្នកដឹង និងជួយអ្នកដទៃដោះស្រាយសំណួរ និងកង្វល់ពិបាកៗ ។