« យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣ ៖ ‹ មានពរហើយ ដល់ពួកអ្នកណាដែលបានធ្វើការយ៉ាងព្យាយាមនៅក្នុងចម្ការរបស់ទ្រង់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣
« មានពរហើយ ដល់ពួកអ្នកណាដែលបានធ្វើការយ៉ាងព្យាយាមនៅក្នុងចម្ការរបស់ទ្រង់ »
តើរូបាធិដ្ឋាននៃដើមអូលីវដែលបានកត់ត្រានៅក្នុង យ៉ាកុប ៥ ទាក់ទងនឹងអ្នករបៀបណា ? ផ្នែកចុងក្រោយនៃរូបាធិដ្ឋាននេះតំណាងឲ្យកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ រួមទាំងកិច្ចខិតខំដែលទ្រង់ និងអ្នកបម្រើរបស់ទ្រង់បានធ្វើ ដើម្បីប្រមូលព្រលឹងទាំងឡាយទៅរកទ្រង់ជាគ្រាចុងក្រោយ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការធ្វើការជាមួយនឹងព្រះអម្ចាស់ ក្នុងការជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យមករកទ្រង់ ។
កិច្ចការអស្ចារ្យ
សូមស្រមៃពីស្ថានភាពខាងក្រោមនេះ ៖
ថ្មីៗនេះប៊ីស្សពបានស្នើសុំឲ្យ អានីកាពិចារណាប្រកបដោយការអធិស្ឋាន អំពីវិធីដែលនាងអាចឈោងទៅជួយយុវនារីម្នាក់ក្នុងវួដរបស់នាង ដែលមិនបានចូលក្នុងសាសនាចក្រ ។ អានីកាមានអារម្មណ៍ភ័យបន្តិច ហើយងឿងឆ្ងល់ថា « ហេតុអ្វីប៊ីស្សពឲ្យខ្ញុំធ្វើរឿងនេះ ? គាត់ប្រហែលជាមានប្រសិទ្ធភាពច្រើនក្នុងការជួយនាងជាងខ្ញុំ » ។
-
តើអ្វីអាចជាហេតុផលមួយចំនួនដែលប៊ីស្សពរបស់អានីកា អាចអញ្ជើញនាងឲ្យឈោងទៅជួយយុវនារីនោះ ជាជាងគាត់ឈោងទៅជួយនាងដោយខ្លួនឯង ?
ថ្ងៃនេះ អ្នកនឹងសិក្សាពីផ្នែកចុងក្រោយនៃរូបាធិដ្ឋាននៃដើមអូលីវដែលបានកត់ត្រានៅក្នុង យ៉ាកុប ៥ ។ ផ្នែកនៃរូបាធិដ្ឋាននេះតំណាងឲ្យថ្ងៃចុងក្រោយបង្អស់ ។ សេចក្តីពិតមួយដែលយើងអាចរៀនបានពីផ្នែកនៃរូបាធិដ្ឋាននេះគឺថា ព្រះអម្ចាស់អញ្ជើញអ្នកបម្រើនៅថ្ងៃចុងក្រោយរបស់ទ្រង់ឲ្យធ្វើការនៅក្នុងចម្ការរបស់ទ្រង់ ដោយចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
មុនពេលអ្នកចាប់ផ្តើមសិក្សា សូមពិចារណាពីអារម្មណ៍របស់អ្នកអំពីការត្រូវបានអញ្ជើញដោយព្រះអម្ចាស់ឲ្យជួយប្រមូលមនុស្សមករកទ្រង់ ។ តើអ្នកធ្លាប់ឆ្ងល់ថា ហេតុអ្វីទ្រង់អញ្ជើញអ្នកឲ្យជួយទ្រង់ក្នុងកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះព្រលឹងទាំងឡាយដែរឬទេ ? នៅពេលអ្នកសិក្សា សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ អំពីព្រះរាជបំណងរបស់ព្រះអម្ចាស់ សម្រាប់ការអញ្ជើញយើងឲ្យចូលរួមជាមួយទ្រង់ ក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
ម្ចាស់ចម្ការអញ្ជើញអ្នកបម្រើឲ្យធ្វើការជាមួយគាត់
ផ្នែកចុងក្រោយនៃរូបាធិដ្ឋាននេះចាប់ផ្តើមដោយការសន្ទនា ដែលកើតឡើងរវាងម្ចាស់ចម្ការដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងអ្នកបម្រើរបស់ទ្រង់ដែលតំណាងឲ្យព្យាការីរបស់ព្រះអម្ចាស់ ។
សូមអាន យ៉ាកុប ៥:៦១–៦២, ៧០ ដោយរកមើលអ្វីដែលម្ចាស់ចម្ការបានបង្គាប់អ្នកបម្រើរបស់គាត់ឲ្យធ្វើ និងមូលហេតុដែលគាត់សុំឲ្យអ្នកបម្រើនោះធ្វើកិច្ចការនេះ ។
-
តើនរណានៅក្នុងខគម្ពីរទាំងនេះអាចតំណាងឲ្យអ្នក និងសមាជិកផ្សេងទៀតនៃសាសនាចក្រ ?
ប្រធាន រ័សុល អិម ណិលសុន បានពិភាក្សាអំពីកិច្ចការដែលព្រះអម្ចាស់ និងអ្នកបម្រើទ្រង់ធ្វើនៅថ្ងៃចុងក្រោយ ៖
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ព្យាការី យ៉ូសែប ស្ម៊ីធ ថា ឥឡូវនេះ មានន័យថា ជំនាន់របស់យើង គឺជាម៉ោងទីដប់មួយ និងជាពេលចុងក្រោយដែលទ្រង់នឹងហៅពួកអ្នកធ្វើការចូលក្នុងចម្ការរបស់ទ្រង់ក្នុងគោលបំណងប្រមូលអ្នករើសតាំងពីទិសទាំងបួននៃផែនដី [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:៣, ៦ ] ។…
តើអ្នកចង់ជួយប្រមូលសាសន៍អ៊ីស្រាអែល អំឡុងថ្ងៃចុងក្រោយដ៏មានតម្លៃនេះឬទេ ?…
… ចូរគិតពីចំណុចនេះ ! ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ ពួកយើងគឺជាមនុស្សដែលបានចូលរួមនៅក្នុងព្រឹត្តការណ៍នៃការប្រមូលផ្ដុំដ៏អស្ចារ្យចុងក្រោយនេះ ។ ឱ នោះជារឿងរំភើបណាស់ !
ព្រះវរបិតាសួគ៌របស់យើងបានរក្សាទុកវិញ្ញាណដ៏អស្ចារ្យៗបំផុតជាច្រើន—ប្រហែលជាខ្ញុំអាចនិយាយថា ជាក្រុមដ៏ល្អបំផុតរបស់ទ្រង់—សម្រាប់ដំណាក់កាលចុងក្រោយនេះ ។ ពួកវិញ្ញាណដ៏អស្ចារ្យៗ ជាវីរបុរសទាំងនោះ—អ្នកដែលសំខាន់បំផុតទាំងនោះ—គឺជាអ្នក ! ( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ៨ ChurchofJesusChrist.org )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន បានជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះ ?
-
តើវាបានបង្រៀនអ្នកអ្វីខ្លះអំពីខ្លួនអ្នក និងតួនាទីដែលអ្នកត្រូវធ្វើនៅក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?
-
តើអ្នកគិតថាមានមូលហេតុអ្វីខ្លះដែលព្រះអម្ចាស់អញ្ជើញយើងឲ្យជួយប្រមូលមនុស្សមករកទ្រង់ ?
ផ្នែករបស់អ្នកនៃចម្ការរបស់ព្រះអម្ចាស់
សូមសិក្សាខគម្ពីរខាងក្រោមនេះ ដោយរកមើលការបង្រៀនដែលអាចជួយអ្នកយកឈ្នះលើឧបសគ្គដែលអ្នកបានរកឃើញ ។ សូមពិចារណាបន្ថែមរូបភាព ឬពាក្យទៅលើគំនូរចម្ការរបស់អ្នក ដោយផ្អែកលើអ្វីដែលអ្នកបានរៀន ។
-
យ៉ាកុប ៦:២–៨ ( ការបង្រៀនដែលយ៉ាកុបបានចែកចាយបន្ទាប់ពីបានដកស្រង់រូបាធិដ្ឋាននោះ )
-
តើយើងបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ក្នុងខគម្ពីរទាំងនេះ ?
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរទាំងនេះអាចជួយនរណាម្នាក់ដែលស្ទាក់ស្ទើរក្នុងការចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានឃើញ ឬទទួលបទពិសោធន៍សម្រាប់ការចូលរួមជាមួយព្រះអម្ចាស់ ក្នុងការធ្វើការដើម្បីនាំព្រលឹងទាំងឡាយមកកាន់ទ្រង់ ?
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីជំហានបន្ទាប់របស់អ្នក សម្រាប់ការចូលរួមជាមួយព្រះអម្ចាស់ក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។ សូមកត់ត្រាគោលដៅដែលទាក់ទងនឹងបញ្ហានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬបង្កើតគោលដៅដែលអ្នកបានកំណត់សម្រាប់ខ្លួនអ្នករួចហើយ ។ អ្នកក៏អាចបញ្ចូលពាក្យ ឬរូបភាពនានាដែលតំណាងឲ្យគោលដៅរបស់អ្នកនៅលើគំនូរចម្ការរបស់អ្នក ។ សូមពិចារណាមើល « ចម្រៀងបាវចនាយុវវ័យឆ្នាំ ២០២១ ៖ ‹ A Great Work › » ( ៤:០៦ ) ដែលមាននៅ ChurchofJesusChrist.orgនៅពេលអ្នកគិតអំពីអ្វីដែលអ្នកចង់ឲ្យគោលដៅរបស់អ្នកបានសម្រេច ។