« អាលម៉ា ២៩ ៖ បំណងនៃដួងចិត្តរបស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២៩
បំណងនៃដួងចិត្តរបស់យើង
តើអ្នកអាចប្រាប់បានយ៉ាងដូចម្ដេច ថាតើបំណងប្រាថ្នារបស់អ្នកសម្រាប់ជីវិតរបស់អ្នកស្របនឹងអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យចង់បានសម្រាប់អ្នក ? អាលម៉ា ២៩ កត់ត្រាពីបំណងប្រាថ្នានៃដួងចិត្តរបស់អាលម៉ា និងការឆ្លុះបញ្ចាំងថាតើបំណងប្រាថ្នារបស់លោកស្របតាមអ្វីដែលព្រះសព្វព្រះទ័យចង់បានសម្រាប់លោកឬអត់ ។ មេរៀននេះអាចជួយអ្នកវាយតម្លៃបំណងរបស់អ្នកផ្ទាល់ ហើយសម្របបំណងនោះជាមួយនឹងព្រះបំណងរបស់ព្រះអម្ចាស់ ។
បំណងប្រាថ្នាសម្រាប់ជីវិតរបស់ខ្ញុំ
-
កាលអ្នកនៅក្មេង តើអ្វីជាបំណងដ៏ធំបំផុតរបស់អ្នក ?
-
ពេលនេះអ្នកមានវ័យចាស់ជាងមុន តើបំណងប្រាថ្នារបស់អ្នកបានផ្លាស់ប្តូរយ៉ាងណា ? តើបំណងប្រាថ្នារបស់អ្នកអាចផ្លាស់ប្តូរនាពេលអនាគតយ៉ាងណា ?
នៅផ្នែកម្ខាងនៃទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរបំណងប្រាថ្នាមួយចំនួនសម្រាប់ជីវិតរបស់អ្នក ។ ( អ្នកនឹងប្រើផ្នែកម្ខាងទៀតនៅពេលក្រោយក្នុងមេរៀន ) ។
-
តើបំណងប្រាថ្នារបស់យើងមានឥទ្ធិពលលើជីវិតរបស់យើងយ៉ាងដូចម្តេច ?
នៅពេលយើងធំ ហើយមានភាពចាស់ទុំនៅក្នុងដំណឹងល្អ ហើយចូលកាន់តែជិតព្រះ នោះបំណងប្រាថ្នាមួយចំនួនរបស់យើងអាចនឹងផ្លាស់ប្តូរ ហើយសម្របកាន់តែច្រើនជាមួយនឹងអ្វីដែលទ្រង់សព្វទ័យព្រះចង់បានសម្រាប់យើង ។
-
តើយើងអាចប្រាប់បានយ៉ាងដូចម្ដេចថា តើបំណងប្រាថ្នារបស់យើងស្របនឹងអ្វីដែលព្រះសព្វព្រះទ័យចង់បានសម្រាប់យើងដោយរបៀបណា ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាអំពីបំណងប្រាថ្នារបស់អ្នក ។ សូមរកមើលដើម្បីស្គាល់បំណងប្រាថ្នាដែលស្របនឹងព្រះរាជបំណងរបស់ព្រះ និងបំណងទាំងឡាយណាដែលប្រហែលជាត្រូវមានភាពចាស់ទុំ ឬផ្លាស់ប្តូរ ។
ការសម្របបំណងរបស់យើងជាមួយនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់
នៅក្នុង អាលម៉ា ២៩ អាលម៉ាបានកត់ត្រាពីបំណងមួយរបស់លោក ។ សូមអាន អាលម៉ា ២៩:១–២ ដោយរកមើលអ្វីដែលលោកបានពិពណ៌នា ។
-
ហេតុអ្វីអាលម៉ាមានបំណងធ្វើជាទេវតា ? តើវាប្រាប់អ្នកពីអ្វីអំពីលោក ?
-
តើអ្នកដឹងអ្វីខ្លះអំពីអតីតកាលរបស់អាលម៉ា ដែលអាចបំផុសគំនិតលោកឲ្យមានបំណងធ្វើជាទេវតា ? ( សូមមើល ម៉ូសាយ ២៧:១១–១៧ ) ។
រូបភាពខាងក្រោមអាចជួយអ្នកចងចាំបទពិសោធន៍ដ៏សំខាន់មួយអំពីជីវិតពីមុនរបស់អាលម៉ា ។
ការយល់ដឹងអំពីបរិបទនៃខគម្ពីរអាចផ្តល់ឲ្យយើងនូវការយល់ដឹងបន្ថែម ។ នៅក្នុងជំពូកមុនៗ អាលម៉ា ២៩ ព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យអាំម៉ូនឲ្យនាំពួកអាន់តៃ-នីហ្វៃ-លីហៃ មករស់នៅជាមួយនឹងពួកសាសន៍នីហ្វៃដើម្បីសុវត្ថិភាពរបស់ពួកគេ ( សូមមើល អាលម៉ា ២៧:៤–១២ ) ។ សាសន៍នីហ្វៃបានប្រគល់ដែនដីយើសុនទៅឲ្យពួកអាន់តៃ-នីហ្វៃ-លីហៃ តាំងទីលំនៅ ហើយសន្យាថានឹងការពារពួកគេ ។ ពួកសាសន៍លេមិនដ៏ទុច្ចរិតបានតាមពួកអាន់តៃ-នីហ្វៃ-លីហៃ ហើយបានចាប់ផ្ដើមការប្រយុទ្ធគ្នា ។ សាសន៍នីហ្វៃបានការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេប្រឆាំងនឹងសាសន៍លេមិន ។ ជាលទ្ធផល « ពួកលេមិនរាប់ម៉ឺននាក់ត្រូវស្លាប់ ហើយត្រូវខ្ចាត់ខ្ចាយ … ព្រមទាំងមានការកាប់សម្លាប់យ៉ាងធំមួយនៅក្នុងចំណោមប្រជាជននីហ្វៃ » ( អាលម៉ា ២៨:២–៣ ) ។
-
តើបរិបទនេះអាចជួយអ្នកយល់យ៉ាងណាអំពីមូលហេតុដែលអាលម៉ាប្រហែលជាចង់ហៅមនុស្សឲ្យប្រែចិត្តដោយក្លាហាន និងរារាំងកុំឲ្យមានភាពសោកសៅ ?
សូមអាន អាលម៉ា ២៩:៣–៦ ដោយរកមើលអ្វីដែលអាលម៉ាយល់អំពីបំណងប្រាថ្នា ។
គោលការណ៍មួយដែលអ្នកប្រហែលជាបានរកឃើញនោះគឺថា ព្រះអនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសដោយផ្អែកលើបំណងប្រាថ្នារបស់យើង ។
សូមក្រឡេកមើលផ្នែកទាំងពីរនៃទំព័ររបស់អ្នក ។ សូមកត់ចំណាំថា ព្រះអម្ចាស់មានព្រះទ័យឲ្យយើងផ្តោតលើបំណងប្រាថ្នារបស់យើងទៅលើការស្រឡាញ់ និងការបម្រើទ្រង់ និងមនុស្សទូទៅ ។ សូមសញ្ជឹងគិតថា តើបំណងប្រាថ្នារបស់អ្នកស្របតាមព្រះរាជបំណងរបស់ព្រះខ្លាំងប៉ុនណា ។
ទោះបីជាលោកមានបំណងល្អក្នុងការចែកចាយដំណឹងល្អក៏ដោយ អាលម៉ាបានទទួលស្គាល់ថា ការចង់ចែកចាយដំណឹងល្អដូចជាទេវតាទៅកាន់ពិភពលោកទាំងមូល មិនបានស្របនឹងទីកន្លែង និងរបៀបដែលព្រះបានហៅលោកឲ្យបម្រើនោះទេ ។ សូមពិចារណាគូសបន្ទាប់ពីក្រោមឃ្លាណាមួយនៅក្នុង អាលម៉ា ២៩:៣–៦ ដែលបង្ហាញថា អាលម៉ាចង់សម្របបំណងប្រាថ្នារបស់លោកជាមួយនឹងព្រះឆន្ទៈរបស់ព្រះ ។
-
តើអ្នកគិតថា ការស្កប់ចិត្តនឹងអ្វីដែលព្រះអម្ចាស់បានប្រទានដល់យើងមានន័យដូចម្តេច ?
-
ដូចអាលម៉ាដែរ តើហេតុអ្វីអ្នកគិតថា យើងគួរស្វែងរកការសម្របតាមបំណងប្រាថ្នារបស់យើងជាមួយនឹងព្រះរាជបំណងរបស់ព្រះអម្ចាស់ ?
-
តើយើងអាចសម្របបំណងប្រាថ្នារបស់យើងជាមួយនឹងព្រះឆន្ទៈរបស់ព្រះយ៉ាងដូចម្ដេច នៅពេលយើងអាចទទួលបានការហៅឲ្យបម្រើតាមរបៀបផ្សេងទៀតដែលខុសពីការចង់បានរបស់យើង ?
នៅផ្នែកខាងក្រោយនៃជំពូកនេះ អាលម៉ាបានពន្យល់ថា លោកមិនចាំបាច់ធ្វើជាទេវតា ដើម្បីនិយាយទៅកាន់ផែនដីទាំងមូលឡើយ ពីព្រោះព្រះនឹងបង្រៀនប្រជាជាតិទាំងអស់តាមព្រះប្រាជ្ញា និងពេលវេលារបស់ទ្រង់ ( សូមមើល អាលម៉ា ២៩:៧–៨ ) ។ សូមអាន អាលម៉ា ២៩:៩, ១៣ ដោយរកមើលអ្វីដែលអាលម៉ាបានលើកតម្កើង និងរបៀបដែលលោកទទួលអារម្មណ៍ នៅពេលលោកសម្របបំណងប្រាថ្នារបស់លោកជាមួយព្រះរាជបំណងរបស់ព្រះ ។
សារៈសំខាន់នៃសេចក្តីប្រាថ្នា
សូមចំណាយពេលបន្តិចដើម្បីពិចារណាអំពីរបៀបដែលមេរៀននេះអនុវត្តចំពោះអ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងបំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ហើយស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីសម្របបំណងប្រាថ្នាណាមួយផ្សេងទៀតតាមព្រះឆន្ទៈរបស់ទ្រង់ ។