« នីហ្វៃទី២ ៩:១–២៦ ៖ ‹ ដង្វាយធួនដ៏និរន្តរ៍ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
នីហ្វៃទី២ ៩:១–២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៩:១–២៦
« ដង្វាយធួនដ៏និរន្តរ៍ »
យ៉ាកុបបានបង្រៀនពួកសាសន៍នីហ្វៃអំពីស្ថានភាពដែលមនុស្សលោកទាំងអស់ជួបប្រទះ ដោយសារការធ្លាក់របស់អ័ដាម និងអេវ៉ា ។ លោកបានថ្លែងទីបន្ទាល់ថា មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្តាប្រោសលោះរបស់ទ្រង់ប៉ុណ្ណោះដែលអាចយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយបាន ។ មេរៀននេះអាចជួយអ្នកមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការជួយយើងឲ្យយកឈ្នះលើអំពើបាប និងសេចក្តីស្លាប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ថានភាពលំបាក
សូមសញ្ជឹងគិតពីរបៀបដែលអ្នកនឹងឆ្លើយតបចំពោះកាលៈទេសៈខាងក្រោម ៖
នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១០ អ្នករុករករ៉ែជនជាតិឈីលី ៣៣ នាក់ត្រូវបានជាប់នៅក្នុងរូងភ្នំដ៏ធំមួយ បន្ទាប់ពីថ្មនៅខាងក្នុងអណ្តូងរ៉ែបានដួលរលំ ។ ពួកគេត្រូវបានឃាត់ឲ្យនៅតំបន់សុវត្ថិភាពតូចមួយ និងនៅផ្នែកអណ្តូងរ៉ែនៅក្រោមដែលដួលរលំនោះ ដែលមានជម្រៅ ២៣០០ ហ្វីត ( ៧០០ ម៉ែត្រ ) នៅខាងក្នុងផែនដី ។
ស្ថានភាពគួរឲ្យក្រៀមក្រំណាស់ ។ ពួកគេត្រូវបានបែកចេញពីផ្ទះ និងក្រុមគ្រួសារដោយថ្មដែលមិនអាចរើបានជិតកន្លះម៉ាយល៍ ហើយពួកគេមានអាហារផ្គត់ផ្គង់ និងទឹកបន្តិចបន្តួច ។ ទោះបីជាពួកគេមានឧបករណ៍ និងចំណេះដឹងក៏ដោយ តែដោយសារអស្ថិរភាពនៃអណ្តូងរ៉ែ នោះពួកគេមិនអាចជួយសង្គ្រោះខ្លួនឯងបានទេ ។ ឱកាសតែមួយគត់របស់ពួកគេគឺត្រូវឲ្យរកឃើញ និងជួយសង្គ្រោះ ។ ( ខូននី ហ្គៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣ )
-
ប្រសិនបើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះ តើអ្នកអាចមានគំនិត ឬអារម្មណ៍បែបណា ?
-
តើមានអ្វីខ្លះដែលយើងត្រូវសង្គ្រោះពីការដែលយើងមិនអាចយកឈ្នះដោយខ្លួនឯង ?
ដោយសារការធ្លាក់របស់អ័ដាម និងអេវ៉ា យើងម្នាក់ៗនឹងជួបសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។ សេចក្តីស្លាប់ខាងវិញ្ញាណសំដៅទៅលើការបែកចេញពីព្រះដែលយើងដកពិសោធ ដែលជាលទ្ធផលនៃអំពើបាប ។
សូមអាន នីហ្វៃទី២ ៩:១០ ដោយរកមើលអ្វីដែលយ៉ាកុបប្រៀបធៀបសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។
-
ហេតុអ្វីអ្នកគិតថាយ៉ាកុប ពិពណ៌នាអំពីសេចក្ដីស្លាប់ ( សេចក្ដីស្លាប់ខាងរូបកាយ ) និងឋាននរក ( សេចក្ដីស្លាប់ខាងវិញ្ញាណដែលកើតចេញពីអំពើបាបដែលមិនបានប្រែចិត្ត ) ជា « វិរូបដ៏គួរស្ញែងខ្លាច » ?
សូមគិតថាតើជីវិតនេះនឹងទៅជាយ៉ាងណា ប្រសិនបើយើងមិនបានសង្គ្រោះពីសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណទេនោះ ។ សូមពិចារណាពីរបៀបដែលអ្នកអាចទាក់ទងទៅនរណាម្នាក់ អំពីសេចក្តីត្រូវការខ្លាំងបំផុតរបស់យើងដើម្បីរកអង្គប្រោសលោះ ដើម្បីសង្គ្រោះយើងពីសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។ នៅពេលអ្នកបន្តសិក្សា សូមសញ្ជឹងគិតពីអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ដែលជួយយើងយកឈ្នះលើលក្ខខណ្ឌទាំងនេះ តាមរយៈដង្វាយធួនរបស់ទ្រង់ ។
យ៉ាកុបបង្រៀនអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការរំដោះយើងពីអំពើបាប និងសេចក្តីស្លាប់
សូមបង្កើតតារាងដែលមានចំណងជើងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមសិក្សាខគម្ពីរដែលមាននៅក្នុងជួរឈរនីមួយៗ ហើយកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងតារាងរបស់អ្នក ។ សូមបន្តបន្ថែមការយល់ដឹងទៅក្នុងតារាងរបស់អ្នកពេញទាំងមេរៀន ។
ប្រសិនបើគ្មានព្រះអង្គសង្រ្គោះទេ … ( នីហ្វៃទី២ ៩:៧–៩ ) |
ដោយសារតែមានព្រះអង្គសង្គ្រោះ … ( នីហ្វៃទី២ ៩:១០–១៣ ) |
---|---|
អ្នកក៏ប្រហែលជាចង់មើល « Why We Need a Savior » ( ២:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមពិចារណាបន្ថែមការយល់ដឹងបន្ថែមរបស់អ្នកទៅក្នុងតារាងរបស់អ្នក ។
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះចំពោះអ្វីដែលនឹងកើតឡើងដល់យើង ប្រសិនបើគ្មានព្រះអង្គសង្គ្រោះនោះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីអ្វីដែលព្រះអង្គសង្គ្រោះធ្វើឲ្យអាចកើតឡើងដោយសារដង្វាយធួនរបស់ទ្រង់ ?
សេចក្តីពិតមួយដែលសង្ខេបការបង្រៀនរបស់យ៉ាកុប នៅក្នុងខគម្ពីរដែលអ្នកបានសិក្សាគឺថា តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទជួយយើងយកឈ្នះលើអំពើបាប និងសេចក្តីស្លាប់ ។
-
តើការយល់ដឹងពីសេចក្ដីពិតនេះអាចមានឥទ្ធិពលយ៉ាងណាលើជីវិតរបស់អ្នក ?
-
តើនៅពេលណាដែលចំណេះដឹងអំពីជ័យជម្នះរបស់ព្រះយេស៊ូវគ្រីស្ទលើអំពើបាប និងសេចក្តីស្លាប់មានអត្ថន័យបំផុតសម្រាប់អ្នក ?
ការជ្រើសរើសទទួលយកការសង្គ្រោះ
សូមរំឭកពីដំណើររឿងរបស់អ្នកជីករ៉ែជនជាតិឈីលីកាលពីដើមមេរៀននេះ ។ នៅពេលអ្នករៀនអំពីដំណើររឿងទាំងអស់របស់ពួកគេ សូមគិតអំពីភាពស្រដៀងគ្នារវាងបទពិសោធន៍របស់ពួកគេ និងការសង្គ្រោះរបស់យើងពីសេចក្តីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។
ជាងពីរសប្តាហ៍បន្ទាប់ពីអ្នករុករករ៉ែបានជាប់ក្នុងរូងនោះ អ្នកជួយសង្គ្រោះបានរកឃើញវិធីមួយដើម្បីផ្តល់អាហារ ទឹក និងគ្រឿងផ្គត់ផ្គង់ដល់ពួកគេ ។ ជិតពីរខែក្រោយមក ទើបក្រុមអ្នកជួយសង្គ្រោះអាចបង្កើតរន្ធធំល្មម ដើម្បីទម្លាក់ទូរតូចមួយដែលអាចជួយសង្គ្រោះអ្នករុករករ៉ែម្តងៗមួយ ។ អ្នករុករករ៉ែម្នាក់ៗបានចូលទៅក្នុងទូរនោះ ហើយសម្រេចទុកចិត្តតាមផែនការជួយសង្គ្រោះ និងឲ្យពួកអ្នកជួយសង្រ្គោះមកសង្រ្គោះ ។ បន្ទាប់ពីជាប់ក្នុងរូងអស់រយៈពេល ៦៩ ថ្ងៃ អ្នករុករករ៉ែម្នាក់ៗត្រូវបានជួយសង្គ្រោះ ( សូមមើល ខូននី ហ្កៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣–៦៥ ) ។
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងដំណើររឿងនេះ និងព្រះអង្គសង្គ្រោះដែលសង្គ្រោះយើងពីអំពើបាប និងសេចក្តីស្លាប់ ?
-
តើអ្នកគិតយ៉ាងណា ប្រសិនបើអ្នករុករករ៉ែម្នាក់ដែលជាប់ក្នុងរូងនោះមិនព្រមចូលក្នុងទូរសង្រ្គោះនោះ ? ហេតុអ្វី ?
ខណៈដែលការរំដោះចេញពីសេចក្ដីស្លាប់ខាងរូបកាយជាអំណោយទានមួយដែលព្រះអង្គសង្គ្រោះផ្ដល់ដល់មនុស្សលោកទាំងអស់ ការរំដោះយើងពីសេចក្ដីស្លាប់ខាងវិញ្ញាណអាស្រ័យលើបំណងប្រាថ្នា និងសកម្មភាពរបស់យើងមួយផ្នែក ។
សូមអាន នីហ្វៃទី២ ៩:២១–២៤ ហើយរកមើលជម្រើសដែលយើងត្រូវធ្វើដើម្បីឲ្យព្រះអង្គសង្គ្រោះជួយយើងពីសេចក្ដីស្លាប់ខាងវិញ្ញាណ ។ សូមពិចារណាកត់ត្រាការយល់ដឹងបន្ថែមដែលអ្នកទទួលបានអំពីព្រះអង្គសង្គ្រោះនៅក្នុងជួរឈរទីពីរនៃតារាងរបស់អ្នក ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីអ្វីដែលយើងត្រូវធ្វើថ្វាយព្រះអង្គសង្គ្រោះដើម្បីសង្គ្រោះយើងពីសេចក្ដីស្លាប់ខាងវិញ្ញាណ ?
-
ហេតុអ្វីអ្នកគិតថាយើង « មិនអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះបានឡើយ » ប្រសិនបើយើងមិនធ្វើរឿងទាំងនេះ ?
សូមសញ្ជឹងគិតមួយភ្លែតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។ អ្នកអាចនឹងចង់កត់ត្រារាល់គំនិត ឬចំណាប់អារម្មណ៍ណាមួយដែលអ្នកមាន ឬរួមបញ្ចូលការដឹងគុណរបស់អ្នកចំពោះព្រះអង្គសង្គ្រោះដែលពេញដោយក្តីស្រឡាញ់របស់យើង ។