ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា


« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា »ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« បុព្វកថា »ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ស្ត្រី​ញញឹម

បុព្វកថាព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ដើម្បី​មាន​ភាពស័ក្តិសម​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នក​ដទៃទៀត​ដើម្បី​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។

មេរៀន​នេះ និង​ធនធាន​ផ្សេងទៀត​នៅក្នុង​សៀវភៅសិក្សា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​បាននូវ​គោលបំណង​នេះ ។ វា​អាច​ជួយ​អ្នក​ឲ្យ​ផ្តោត​ទៅ​លើ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ប្រើ​គោលការណ៍​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។

ឧបករណ៍​ទាំងឡាយ​ដែល​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន

ព្រះគម្ពីរ

មេរៀន​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ត្រូវការ​គ្រូបង្រៀន​ដែល​មាន​ការបំផុសគំនិត​ជា​អ្នក​ដែល​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់ ហើយ​ស្វែងរក​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​សិក្សា​បណ្តុំ​បទគម្ពីរ​ស្រប​ជាមួយ​នឹង​សៀវភៅចូរ​មក​តាម​ខ្ញុំ គឺជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​រៀបចំ​បង្រៀន​សិស្ស ។ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់​អ្នក​អាច​មាន​ទំនុកចិត្ត​ថា ព្រះវរបិតាសួគ៌​នឹង​បំផុសគំនិត​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ អំពី​របៀបបត់បែន​ឯកសារ​ទាំងនេះ​ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់អ្នក ។

ទិដ្ឋភាពទូទៅ​ប្រចាំ​សប្តាហ៍

សៀវភៅសិក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ស្របតាម​តាមបណ្តុំ​បទគម្ពីរ​ប្រចាំសប្តាហ៍​នៃ​សៀវភៅចូរមក​តាមខ្ញុំ ។ សម្រាប់​បណ្តុំ​បទគម្ពីរ​ប្រចាំ​សប្តាហ៍​នីមួយៗ សៀវភៅ​សិក្សា​នេះ​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​ប្រចាំសប្តាហ៍​អម​ដោយ​មេរៀន​ចំនួនប្រាំ ។ ទិដ្ឋភាពទូទៅ​ប្រចាំសប្តាហ៍​ផ្តល់ព័ត៌មាន​មេរៀន-ជាក់លាក់​ដើម្បី​ជួយអ្នក​ត្រៀមខ្លួន​បង្រៀន​រួមមាន ៖

  • គោលបំណង​មេរៀន

  • គំនិតនៃ​ការរៀបចំ​សិស្ស

  • បញ្ជី​នៃ​មេរៀន​ដែល​មាន​ប្រើ​វត្ថុ សំណៅ​ចែក រូបភាព វីដេអូ ឬ​សម្ភារ​ផ្សេងៗ​ទៀត​ដែល​ប្រហែលជា​ត្រូវ​រៀបចំ​ទុកជាមុន

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ( ប្រសិនបើ​ការចូលប្រើ​មាតិកា​តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬបណ្ណាល័យ​ដំណឹងល្អ​នៅលើ​អនឡាញ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ការពិនិត្យ​ឡើងវិញ​នូវ​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​នៅដើម​សប្តាហ៍​នីមួយៗ អាច​ជួយ​អ្នកក្នុង​ការសម្រេច​ចិត្ត​ថា​តើ​មេរៀន​ណា​ដែលត្រូវ​បង្រៀន និង​សម្ភារ​អ្វី​ខ្លះ​ដែល​ត្រូវ​ប្រមូល ឬ​រៀបចំទុក​ជាមុន ។

សូម​ស្វែងរក​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​សម្រាប់​មេរៀន​សប្តាហ៍​ក្រោយ​ដែល​អ្នក​នឹង​បង្រៀន ។ តើ​អ្នក​រកឃើញ​ព័ត៌មាន​អ្វីខ្លះ​នៅទីនេះ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​ដឹងទុក​ជាមុន ? តើ​អ្នក​អាចប្រើ​ព័ត៌មាននេះ​ដោយ​របៀបណា​នៅពេល​អ្នករៀបចំ​ខ្លួន​បង្រៀន ?

គន្លឹះ​ក្នុង​ការបង្រៀន

គន្លឹះ​ក្នុង​ការបង្រៀន​ពន្យល់​ពី​ការអនុវត្ត​ការបង្រៀន និង​គោលការណ៍​ណែនាំ ដែល​អាច​ជួយ​អ្នកឲ្យ​អភិវឌ្ឍ​ក្នុងនាមជា​គ្រូបង្រៀន ។ មេរៀន​នីមួយៗ​មាន​គន្លឹះ​ក្នុងការ​បង្រៀន​ដែល​មាន​បន្ទាប់ពី​សេចក្ដី​ណែនាំ​ពីមេរៀន​នោះ ។ អ្នក​អាច​ស្វែងរក​ការអនុវត្ត​ការបង្រៀន និង​គោលការណ៍​បន្ថែម​នៅ​ក្នុង​បណ្ណាល័យ​នៃ​ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន​ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org. នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​នោះ សូម​ព្យាយាម​អនុវត្ត​គន្លឹះ​ទាំងនេះ​នៅពេល​អ្នក​បង្រៀន ។ អ្នក​នឹង​សង្កេត​ឃើញ​សមត្ថភាព​បង្រៀន​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង ។

សូម​ពិនិត្យមើល​គន្លឹះ​ក្នុង​ការបង្រៀន​នៅក្នុង​មេរៀន​បន្ទាប់​ដែល​អ្នក​នឹង​បង្រៀន ។ តើ​អ្នក​អាច​ព្យាយាម​អនុវត្ត​តាម​យោបល់​នេះ​នៅក្នុង​មេរៀន​នេះ​ដោយរបៀបណា ?

សេចក្ដី​ណែនាំ​អំពី​ការបង្រៀន

សេចក្ដី​ណែនាំ​អំពី​ការបង្រៀន ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​រៀបចំ​ខ្លួន​បង្រៀន ។ សេចក្តី​ណែនាំ​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​សកម្មភាព​រៀន​សូត្រ​ដែល​បាន​ស្នើ​នៅក្នុង​មេរៀន ។ សេចក្ដីណែនាំ​ទាំងនេះ​អាច​ពន្យល់​ពី​គោលបំណង​នៃ​សកម្មភាព​មេរៀន ឬ​ផ្តល់​យោបល់​អំពី​របៀប​បត់បែន​មាតិកា​មេរៀន​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ឲ្យ​កាន់តែប្រសើរ​ឡើង ។ យោបល់​ទាំង​នេះ​អាច​រួមបញ្ចូល​វិធីសាស្រ្ត​ផ្សេងៗ​សំណួរ ឬ​សកម្មភាព​ដែល​ជួយ​អ្នកឲ្យ​កែសម្រួល​មាតិកា និង​សកម្មភាព​តាម​ការចាំបាច់ ។

សូម​ពិនិត្យ​ឡើងវិញ​នូវ​សេចក្ដីណែនាំ​អំពី​ការបង្រៀន​មួយ​ចំនួន​នៅ​ក្នុង​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​ក្នុង​ពេល​ឆាប់ៗ​នេះ ។ តើ​ការ​បត់បែន​អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​ដោយ​ផ្អែក​លើ​សេចក្ដី​ណែនាំ​អំពី​ការ​បង្រៀន​ដែល​អ្នក​រក​ឃើញ ?

ការរៀបចំ​សិស្ស

រាល់​មេរៀន​នីមួយៗ​រួម​មាន​យោបល់​សម្រាប់​ការជួយ​សិស្ស​ឲ្យ​រៀបចំ​គំនិត​និង​ដួងចិត្ត​របស់​ពួកគេ​សម្រាប់​បទពិសោធន៍​សិក្សា ។ ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​នីមួយៗ​មាន​រាយ​បញ្ជី​នៃ​គំនិត​រៀបចំ​របស់​សិស្ស​សម្រាប់​មេរៀន​ទាំងប្រាំ​ក្នុង​សប្តាហ៍​នោះ ។ អ្នក​អាចពិនិត្យ​មើល​គំនិត​ទាំងនេះ​នៅ​ដើម​សប្តាហ៍ ហើយ​សម្រេចចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​ថា​តើ​គំនិត​មួយណា​ដែល​អាច​ជួយ​សិស្ស​របស់​អ្នក​បានល្អ​បំផុត ។ អ្នក​មិន​ចាំបាច់​ប្រើ​គ្រប់​យោបល់​អំពី​ការ​រៀបចំ​របស់​សិស្ស​នោះ​ទេ ។ អ្នក​អាច​បត់បែន​វា ឬ​បង្កើត​គំនិត​ផ្ទាល់​ខ្លួន​របស់អ្នក ។ យោបល់​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់ឲ្យ​សិស្ស​នូវ​បទពិសោធន៍​សិក្សា​មួយ​ថ្ងៃ​មុន ឬ​ច្រើន​ជាង​នេះ ។

សូម​ពិនិត្យ​មើល​ផ្នែក​រៀបចំ​សិស្ស​នៅ​ក្នុង​មេរៀន​បន្ទាប់​របស់​អ្នក ហើយ​ពិចារណា​ថាតើ​អ្នកនឹង​ប្រើវា បត់បែន​វា ឬមិន​ប្រើការ​រៀបចំ​សិស្ស​ដែល​បានផ្តល់​ជាយោបល់​នោះទេ ។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​រៀបចំ​តើ​អ្នក​នឹង​ចែកចាយ​គំនិត​រៀបចំ​នេះ​ជាមួយ​ពួកគេ​ដោយ​របៀបណា ? អ្នក​អាច​ចែកចាយ​វា​ដោយ​ផ្ទាល់​មាត់ ឬ​បង្ហាញ​វា​នៅ​ចុងបញ្ចប់​នៃ​មេរៀន​មុន ឬ​ផ្ញើ​វា​តាម​រយៈ​អ៊ីមែល ឬ​កម្មវិធី​ផ្ញើសារ​ប្រសិនបើ​សមរម្យ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​ផ្នែក​នេះ​រួមបញ្ចូល​ទាំង​របៀប​ដែល​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ អ្នក​មិន​តម្រូវ​ឲ្យ​ប្រើ​សកម្មភាព​ការរៀនសូត្រ​ដែល​បានផ្តល់​ជូន​នេះ​ទាំងអស់ នៅក្នុង​មេរៀន​ដែល​អ្នក​បង្រៀន​នោះទេ ។ ដើម្បី​ឲ្យ​សិស្ស​របស់​អ្នក​មាន​បទពិសោធន៍​ល្អ​បំផុត​ដែល​អាច​ធ្វើទៅបាន​អ្នក​គួរតែ​ប្រើ​មាតិកា​នៅក្នុង​ផ្នែក​នេះ​ធ្វើ​ជា​ការណែនាំ​ជាជាង​ជា​អត្ថបទ ។ ប្រសិនបើ​អ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា វា​អាច​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​ដោយ​ធ្វើតាម​សកម្មភាព​ការរៀនសូត្រ​ដែល​បាន​ផ្តល់​ជូនឲ្យ​បាន​ដិតដល់ ។ នៅពេល​អ្នក​អភិវឌ្ឍ​ក្នុងនាម​ជា​គ្រូបង្រៀន នោះអ្នក​នឹង​ដុសខាត់​សមត្ថភាព​របស់​អ្នក​ក្នុង​ការបត់បែន​មាតិកា​នៃ​សៀវភៅ​សិក្សា​នេះ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត ។

វិចារណកថា និង​ព័ត៌មាន​សាច់រឿង

មេរៀន​ភាគច្រើន​មាន​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » នៅ​ចុងបញ្ចប់​នៃ​មេរៀន​នោះ ។ ផ្នែកនេះ​រួមបញ្ចូល​ព័ត៌មាន​បន្ថែម ដែល​អាច​ជួយ​ឲ្យ​ការរៀនសូត្រ​កាន់តែ​មាន​ភាពស៊ីជម្រៅ ។ អ្នក​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សិស្ស​សួរ ឬ​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​អ្នក​ប្រហែលជា​ចង់​បញ្ចូល​ក្នុង​មេរៀន ។ ផ្នែក​នេះ​អាច​ប្រើបាន​លុះត្រាតែ​អ្នក​ចូលប្រើ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន តាមរយៈកម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​បណ្ណាល័យ​ដំណឹង​ល្អ​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ព័ត៌មាន​ភាគច្រើន​នៅក្នុង​ផ្នែកនេះ ក៏​ត្រូវ​បាន​រួមបញ្ចូល​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ និង​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​សិស្ស​ផងដែរ ( ក្រោម​ចំណងជើង​« ជម្រើស ៖​តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? » ) ប្រសិនបើ​ចូល​ប្រើ​តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​បណ្ណាល័យ​ដំណឹង​ល្អ​តាម​អនឡាញ ។ « វិចារណកថា និង​ព័ត៌មាន​សាច់រឿង »​មិន​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​កំណែ PDF របស់​សៀវភៅ​សិក្សា​សម្រាប់​គ្រូប​ង្រៀន ឬ​សិស្ស​នោះ​ទេ ។

សូម​មើល​ថាតើ​មេរៀន​ដែល​អ្នក​បង្រៀន​បន្ទាប់​រួមមាន « វិចារណកថា និង​ព័ត៌មាន​សាច់រឿង »​ដែរឬទេ ។ តើ​មាន​សំណួរ​ចម្លើយ ឬ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ចែកចាយ​ជាមួយ​សិស្ស​របស់​អ្នក​ដែរ​ឬទេ ?

សកម្មភាព​រៀនសូត្រ​បន្ថែម

ផ្នែកនេះ​ក៏​មាន​ដាក់បញ្ចូល​នៅចុង​បញ្ចប់​នៃ​មេរៀន ដែល​មាន​គំនិត​បន្ថែម​សម្រាប់​ការទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ​ផងដែរ ។ សកម្មភាព​រៀនសូត្រ​បន្ថែម​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​តែប៉ុណ្ណោះ ប្រសិនបើ​អ្នក​កំពុង​ចូល​ប្រើវា​តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​បណ្ណាល័យ​ដំណឹងល្អ​តាម​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ផ្នែក​នេះ​មិន​បាន​ដាក់បញ្ចូល​នៅក្នុង​កំណែ PDF នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ឬ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​សិស្សទេ ។

ប្រសិនបើ​មេរៀន​បន្ទាប់​របស់​អ្នក​រួមបញ្ចូល​ផ្នែក​« សកម្មភាព​រៀនសូត្រ​បន្ថែម »​សូម​ពិនិត្យមើល​សកម្មភាព​ទាំងនេះ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​ដើម្បី​ប្រើ​ជាមួយ​សិស្ស​របស់​អ្នក​បន្ថែម​ពី​លើ ឬ​ជំនួស​សកម្មភាព​រៀនសូត្រ​ដែល​មាន​ក្នុង​មេរៀន​គោល​នេះ ?

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អាទិភាព​សំខាន់​មួយ​សម្រាប់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ លទ្ធផល​ទាំងនេះ​រួម​មាន​ការជួយ​សិស្សឲ្យ ៖

  • រៀន និង​អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

  • ចេះ​ស្ទាត់​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​បាន​ជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​វា​បង្រៀន ។

ការចេះ​ស្ទាត់​វគ្គ​បទគម្ពីរ​ដែល​បានជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​មាន​ន័យ​ថា​សិស្ស​នឹង ៖ 

  • ស្គាល់ហើយ​យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងនេះ ។

  • ពន្យល់​គោលលទ្ធិ​យ៉ាងច្បាស់ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ពាក់ព័ន្ធ ។

  • អនុវត្ត​តាម​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​ពួកគេ និង​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ និង​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ខាង​គោលលទ្ធិ ខាង​សង្គម និង​ខាង​ប្រវត្តិសាស្ត្រ​នានា និង​សំណួរ​នានា ។

  • ចងចាំ​ហើយ​ដឹង​ពី​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងឡាយ ។

ការណ៍នេះ​ប្រហែលជា​អាច​មាន​អារម្មណ៍​លើសលប់​នៅពេល​ដំបូង ប៉ុន្តែ​អ្នក​អាច​មានទំនុកចិត្ត​ថាសៀវភៅសិក្សា​នេះ​នឹង​ជួយ​អ្នក ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​សម្រេច​បាន​នូវ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ នៅ​រាល់​មេរៀន​ចំនួន​ប្រាំ​ក្នុង​សៀវភៅ​សិក្សា​នេះ អ្នក​នឹង​ឃើញ​មេរៀន​មួយ​ដែលជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​ទាំងនេះ ។ មេរៀន​ទាំងនេះ​គឺជា​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​មេរៀន​រំឭក​ឡើងវិញ​នូវ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​បរិបទ​ដែល​មាន​មុន​មេរៀន​នីមួយៗ​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មេរៀន​ដែល​ចាំបាច់ ។ មេរៀន​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​នីមួយៗ គួរតែ​ត្រូវ​បាន​បង្រៀន​អំឡុង​ឆ្នាំ​សិក្សា រួមទាំង​មេរៀន​ដែល​បាន​ខកខាន​នៅពេល​ថ្នាក់​សិក្ខាសាលា​មិន​នៅក្នុង​ម៉ោង​សិក្សា ។ មេរៀន​ចាំបាច់​ទាំងនេះ​រួមមាន ៖

  • ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ផ្នែក ១,​២ ,៣ និង​ ៤ ។

  • មេរៀន​បរិបទ​មុន​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​ទាំង ២៤ មេរៀន ។

  • មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន ២៤ ( ឧទាហរណ៍ ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ ទី​១ ៣:៧ » ឬ « ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ ទី​២ ២:២៥ » ) ។

មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជួយ​សិស្សឲ្យ ៖

  • ទន្ទេញ​សេចក្ដី​យោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ ។

  • ពន្យល់​គោលលទ្ធិ ។

  • រៀនអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ។

ការរំឭកមេរៀន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

មេរៀន​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ផ្ដល់​ឱកាស​ដើម្បី​រំឭក​ឡើងវិញ ( ឬ​ក្នុង​ករណី​ខ្លះ​ត្រូវ​បាន​ណែនាំ​ទៅកាន់ ) វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន និង​ដើម្បី​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅរក​លទ្ធផល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ ការរំឭក​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺ​អាច​ជ្រើសរើស​បាន ។ ប្រសិនបើ​សិស្ស​ខកខាន​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិដោយសារ​ថ្នាក់​ពុំមានម៉ោង​នៅក្នុង​វគ្គ​សិក្សា នោះ​អ្នក​អាច​បង្រៀន​មេរៀន​ដែល​ខកខាន​នេះ​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើងវិញ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

រូបតំណាង​ការបំពាក់​បំប៉ន សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ជួយ​សិស្សឲ្យ​សម្រេច​បាន​លទ្ធផល នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​សូមមើល​ការបំពាក់បំប៉ន « ចំណេះចំណាន​ខាង​គោល​លទ្ធិ » ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ការ​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​ការរៀនសូត្រ​របស់​ពួកគេ

ការវាយតម្លៃ​គឺជា​ផ្នែក​សំខាន់​នៃ​ការរៀនសូត្រ ។ ឱកាស​ដើម្បី​សម្រាក និង​ពិចារណា​ពី​ការរៀនសូត្រ​អាច​ជា​បទពិសោធន៍​វិជ្ជមាន​សម្រាប់​សិស្ស និង​ជំរុញ​ពួកគេ​ក្នុង​ការ​បន្ត​រីកចម្រើន និង​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ការក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​និង​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ការ​ទូន្មាន​យ៉ាង​ឈ្លាសវៃ​នេះ សម្រាប់​គ្រូបង្រៀន ៖

« ចាំ​ថា​សិស្ស​ពុំ​មែន​ជា​ថូ​មួយ​ដើម្បី​ចាក់​បំពេញ​ទេ តែ​សិស្ស​គឺ​ជា​ភ្លើង​ដែល​ត្រូវ​ដុត​ឲ្យ​ឆេះ​សន្ធោរសន្ធៅ »

( « Angels and Astonishment » [ ការចាក់ផ្សាយ​ការបំពាក់​បំប៉ន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ]broadcasts.ChurchofJesusChrist.org ) ។

ការផ្តល់ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​វាយ​តម្លៃ​ការរៀនសូត្រ​របស់​ពួកគេ គឺជា​វិធី​មួយ​ដើម្បី​អនុវត្តតាម​ការទូន្មាន​របស់​អែលឌើរ​ហូឡិន ។ តាមរយៈ​ការវាយ​តម្លៃ​ការរៀនសូត្រ​របស់ពួកគេ សិស្ស​ក្លាយជា​អ្នក​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​សិក្សា និង​ទទួលខុសត្រូវ​បន្ថែមទៀត​សម្រាប់​ការរៀនសូត្រ​របស់ពួកគេ ។ មាន​បទពិសោធន៍​សិក្សា​ជាច្រើន​ដែល​បាន​រួមបញ្ចូល​នៅក្នុង​កម្មវិធី​សិក្សា​នេះ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​កំពុងរៀន និង​ពី​របៀប​ដែល​ពួកគេ​កំពុង​រីកចម្រើន​ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មេរៀន​« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក »

សៀវភៅសិក្សា​នេះ​រួម​បញ្ចូល​មេរៀន « វាយ​តម្លៃ​ការរៀន​សូត្រ​របស់អ្នក » មួយចំនួន ។ មេរៀន​ទាំងនេះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​ពន្យល់​ពី​គោលលទ្ធិ​គន្លឹះ​ពី​ព្រះគម្ពីរ​មរមន ពិចារណា​ពី​អាកប្បកិរិយា ​និង​បំណងប្រាថ្នា​របស់​ពួកគេ​ហើយ​ចែកចាយ​ការរីកចម្រើន​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍន៍​អាកប្បកិរិយា​ដែល​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​មាន​ការលះបង់​កាន់តែច្រើន ។ មេរៀន​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​រីករាយ នៅពេល​ពួកគេ​ស្គាល់​ការរីកចម្រើន​របស់​ពួកគេ និង​ស្វែងរក​កត្តា​នានា​ដើម្បី​រីកចម្រើន​បន្ថែម​សម្រាប់​ពេល​អនាគត ។

ការវាយ​តម្លៃ​ការរៀនសូត្រ​ពី​មេរៀន​រំឭកឡើងវិញ

នៅចុង​បញ្ចប់​នៃ​វគ្គ​សិក្សា​ពាក់​កណ្តាលនីមួយៗ អ្នក​នឹង​ផ្តល់​ឲ្យ​សិស្ស​នូវ​ការវាយតម្លៃ​ការរៀនសូត្រ ដើម្បី​ជួយ​ពួកគេ​វាយតម្លៃ​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​សម្រេច​បាន​នូវ​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ ការវាយ​តម្លៃ​ការរៀនសូត្រ​ពី​មេរៀន រំឭកឡើងវិញ​គួរតែ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ថ្នាក់រៀន​មុនពេល​ចែកចាយ​ការវាយតម្លៃ​នេះ ។ ការវាយ​តម្លៃ​ការរៀនសូត្រ​ពី​មេរៀន​រំឭកឡើងវិញ​នៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ។ មេរៀន​ទាំងនេះ​រួមមាន​សកម្មភាព​រំឭក​ឡើងវិញ ដែល​ជួយ​សិស្ស​ឲ្យ​រំឭកឡើង​វិញ​នូវ​គោលលទ្ធិ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ដែល​ពួកគេ​បានសិក្សា​នៅពាក់​កណ្តាល​វគ្គសិក្សា​ទីមួយ ឬ​ទី​ពីរ​នេះ ។ មេរៀន​ទាំងនេះ​ជួយ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការ​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការ​វាយ​តម្លៃ​លើ​ការ​រៀនសូត្រ

ការវាយ​តម្លៃលើ​ការរៀនសូត្រ​សម្រាប់វគ្គសិក្សា​ពាក់កណ្តាល​ទីមួយ និង​ទីពីរ​នេះ​ផ្តោតលើ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ហើយ​ត្រូវ​បាន​រួមបញ្ចូល​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ។ សិស្ស​អាច​ធ្វើការ​វាយ​តម្លៃ​ក្នុង​អំឡុង​ពេល​សិក្សា​ក្នុង​ថ្នាក់ ហើយ​បន្ទាប់​មក​កែវា​ក្នុង​ថ្នាក់​ដោយ​មាន​ជំនួយ​ពី​គ្រូបង្រៀន និង​មិត្ត​រួម​ថ្នាក់​ផ្សេង​ទៀត ។ ដើម្បី​ទទួល​បាន​ក្រេឌីត​សម្រាប់​វគ្គសិក្សា​ថ្នាក់​សិក្ខាសាលា​នេះ សិស្ស​នឹង​ត្រូវ​ទទួល​បានពិន្ទុ ៧៥% ឬ​ខ្ពស់ជាង​នេះ​លើការ​វាយ​តម្លៃ​លើ​ការ​រៀនសូត្រ​នីមួយៗ ។ សិស្ស​អាច​ចូល​ធ្វើ​ការវាយតម្លៃ​ម្ដងហើយ​ម្ដង​ទៀត​បើសិន​ជាចាំបាច់ ។

រូបតំណាង​ការបំពាក់​បំប៉ន សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ប្រើ​សៀវភៅ​សិក្សា​នេះ ដើម្បី​ជួយ​វាយតម្លៃ​ពី​ការសិក្សា​របស់​សិស្ស សូមមើល « ការវាយតម្លៃ​ការបំពាក់បំប៉ន » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ

ប្រសិនបើ​អ្នក​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​តាមអនឡាញ អ្នក​អាច​យល់​ថា​វា​មាន​ប្រយោជន៍ ក្នុង​ការរក​ព័ត៌មាន​មាតិកា​នៅក្នុង​សៀវភៅ​សិក្សា​នៅពេល​អ្នក​រៀបចំ​មេរៀន​នេះ ។ ទោះបីជា​មេរៀន​នៅក្នុង​សៀវភៅសិក្សា​នេះ និង​មេរៀន​នៅក្នុង​កម្មវិធីសិក្សា​ថ្នាក់សិក្ខាសាលា​តាម​អនឡាញ​រួមបញ្ចូល​មាតិកា​ដូចគ្នា​ជាច្រើន​ក៏ដោយ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​ក៏​រួមបញ្ចូល​ការបង្រៀន និង​សកម្មភាព​រៀនសូត្រ​បន្ថែមផងដែរ ។ ធនធាន​ទាំងនេះ​អាច​ជួយ​អ្នក​ឆ្លើយសំណួរ​របស់សិស្ស បត់បែនមាតិកា​កម្មវិធី​សិក្សា​តាមអនឡាញ និង​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់​រៀន​ជំនួប​ផ្ទាល់ ( ទាំង​ដោយផ្ទាល់ ឬ​ពី​ចម្ងាយ ) ។

បន្ថែម​ពីលើ​សៀវភៅ​សិក្សា​នេះ និង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ មាន​ធនធាន​បន្ថែម​ដើម្បី​ជួយ​អ្នក​ក្នុងការ​បង្រៀន​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ ។ គ្រប់​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​តាមអនឡាញ​រាល់​សប្តាហ៍ រួមមាន​ទំព័រ​ដែល​មិនបាន​បោះពុម្ពផ្សាយ​សម្រាប់​គ្រូបង្រៀន ដែល​មាន​ចំណងជើង​ថា​« យោបល់​សម្រាប់​គ្រូបង្រៀន​តាម​អនឡាញ » ។ ទំព័រ​នេះ​រួមបញ្ចូល​ការផ្ដល់យោបល់​ជាច្រើន​ដើម្បី​ជួយ​អ្នក ធ្វើ​ឲ្យ​បទពិសោធន៍​រៀនសូត្រ​តាម​អនឡាញ​កាន់តែ​មានន័យ​សម្រាប់​សិស្ស ។ យោបល់​ទាំងនេះ​រួមមាន ៖

  • គន្លឹះ​បង្រៀន​តាម​អនឡាញ

  • គោលបំណង​មេរៀន

  • គំនិតនៃ​ការរៀបចំ​សិស្ស

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ

  • យោបល់​សម្រាប់​ការបត់បែន​មាតិកា​តាម​អនឡាញ

អ្នកត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បត់បែន​កម្មវិធីសិក្សា​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ ដើម្បី​បំពេញ​តាម​តម្រូវការ​សិស្ស​របស់អ្នក ។ រាល់​ទំព័រ​នីមួយៗ​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ​អាច​ត្រូវ​កែសម្រួល និង​ផ្លាស់ប្តូរ ។ ការបត់បែន​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ចំពោះ​កម្មវិធីសិក្សា​អនឡាញ​អាច​រួមមាន ៖

  • ការ​កែប្រែ​សកម្មភាព​មេរៀន​ដើម្បី​ឲ្យ​កាន់តែ​ពាក់ព័ន្ធ និង​គួឲ្យ​ចាប់​អារម្មណ៍​ដល់​សិស្ស ។

  • ការលុប​មាតិកា​មួយចំនួន​ដែល​អាច​មាន​ច្រើនពេក ឬ​ពិបាក​ឲ្យ​សិស្ស​យល់ ។

  • ការជំនួស​មាតិកា​ជាមួយនឹង​ការថតវីដេអូ​អំពី​អ្នក ឬ​នរណា​ម្នាក់​ផ្សេងទៀត​ដែល​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍ ឬ​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ ឬ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ។

  • ការជំនួស​សម្រង់​ពាក្យសម្តី​មួយ​ជាមួយនឹង​អ្វី​ដែល​បាន​ផ្តល់ឲ្យ​នា​ពេលថ្មីៗ​នេះ ឬ​ដែល​ងាយស្រួល​សម្រាប់​សិស្ស​យល់ ។

គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​តាម​អនឡាញ​នឹង​ត្រូវ​កែសម្រួល​លំដាប់នៃ​មេរៀន​មួយ​ចំនួន នៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​សិក្ខាសាលាតាម​អនឡាញ ដើម្បី​ធ្វើ​តាម​ការណែនាំ​នៃ​ល្បឿន​បង្រៀន​ក្នុង​មូលដ្ឋាន ។

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅផ្ទះ

ប្រសិនបើ​អ្នក​ជាគ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ដែលមានសិស្ស​សិក្សា​ខ្លួនឯង​នៅផ្ទះ នោះ​សិស្ស​នឹង​ត្រូវ​មាន​ច្បាប់ចម្លង​នៃ​សៀវភៅ​សិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​នេះ ឬ​អាច​ចូលប្រើ​វា​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​បណ្ណាល័យ​ដំណឹង​ល្អតាម​អនឡាញ​ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​នឹង​ត្រូវ​ទាក់ទង​ជាមួយ​សិស្ស​អំពី​មេរៀនណា​ដែល​ពួកគេ​នឹង​សិក្សា​ដោយ​ខ្លួន​ឯង និង​មេរៀនណា​ដែល​អ្នកនឹង​សិក្សា​ជាមួយគ្នា​ពីចម្ងាយ ឬ​ដោយ​ផ្ទាល់ ។ មេរៀន​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​សិស្ស​នេះ​ទាក់ទង​ទៅនឹង​មេរៀន​ដូចគ្នា​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូ ។

នៅពេល​សម្រេចចិត្ត​ថា​មេរៀនណា​ដែល​ត្រូវបង្រៀន​ក្នុង​ថ្នាក់​ដោយ​ជំនួប​ផ្ទាល់ សូមពិចារណា​ថា មេរៀនណា​នឹង​មាន​ប្រសិទ្ធភាព​ជាពិសេស​នៅក្នុង​មជ្ឈដ្ឋាន​ជាក្រុម ។ អ្នក​អាច​ផ្ដល់​ការអញ្ជើញ​ដល់​សិស្ស​ដែល​នឹង​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​រៀន ។ យោបល់​អំពី​ការ​រៀបចំ​សិស្ស​ដែល​រួមបញ្ចូល​នៅដើម​មេរៀន​នីមួយៗ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​មួយ​ចំនួន​អំពី​របៀប​ធ្វើ​វា ។ នៅពេល​អ្នករៀបចំ​ផែនការ​បទពិសោធន៍​រៀនសូត្រ សម្រាប់​ថ្នាក់​ជំនួប​ដោយផ្ទាល់​សូម​ចំណាយ​ពេលខ្លះ​នៅក្នុង​ថ្នាក់​រំឭកឡើងវិញ​នូវ​ឯកសារយោង និង​ឃ្លាបទគម្ពីរ​គន្លឹះ​នៃ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​សិស្ស​ទើប​បាន​សិក្សានាពេលថ្មីៗ​នេះ ។

សិស្ស​គួរ​បំពេញ​កិច្ចការ​តាម​លេខ​រៀងចេញ​ពីសៀវភៅ​សិក្សា​សម្រាប់​សិស្ស ហើយ​បញ្ជូន​វា​មកកាន់​អ្នក​យ៉ាងហោច​ណាស់​រៀងរាល់​សប្តាហ៍ ។ សិស្ស​អាច​បញ្ជូន​កិច្ចការ​របស់​ពួកគេ​ជា​អេឡិចត្រូនិក ( តាម​រយៈ​អ៊ីម៉ែល កម្មវិធី​ផ្ញើសារ ឬ​កម្មវិធីស្រដៀងគ្នានេះ ) ឬ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា ។ ប្រសិនបើ​សិស្ស​កំពុងបញ្ជូន​កិច្ចការ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា នោះ​ពួកគេ​គួរ​តែ​មាន​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ចំនួន​ពីរ ដើម្បី​ពួកគេ​អាច​ទុកមួយ​ជាមួយ​អ្នក ប្រសិនបើ​វាចាំបាច់ ហើយ​បន្ត​ធ្វើកិច្ចការ​លើ​សៀវភៅ​កំណត់​ហេតុការសិក្សា​មួយទៀត ដោយ​ផ្លាស់ប្តូរ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​រាល់​ពេល​ដែល​អ្នក​ជួបគ្នា ។

នៅពេល​អ្នក​ពិនិត្យមើល​កិច្ចការរបស់​សិស្ស សូម​ផ្តល់​មតិកែលម្អ​ជាក់លាក់ និង​ប្រកប​ដោយ​អត្ថន័យ ។ សូម​ស្វែងរក​វិធី​លើក​ទឹកចិត្ត​សិស្ស​របស់អ្នក និង​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ក្នុង​រៀនសូត្រ​របស់​ពួកគេ ។ អ្នក​ក៏​អាច​ជួយ​ពួក​គេដោយ​ការស្វែងរក​វិធី​ដើម្បី​ទាក់ទង​ជាមួយ​ពួកគេ​ពេញ​មួយ​សប្តាហ៍ផងដែរ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​កំពុង​សិក្សា​មេរៀន​នៅក្នុង​សៀវភៅសិក្សា​នេះ ខណៈពេល​ដែល​សិស្ស​កំពុង​បញ្ចប់​មេរៀន​ដូចគ្នា​នៅផ្ទះ នោះ​អ្នក​ប្រហែលជា​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​ចែកចាយ​សំណួរ វីដេអូ​ល្អៗ ឬ​ធនធាន​ផ្សេងទៀត​ពី​សៀវភៅសិក្សា​នេះ​ជាមួយ​សិស្ស តាមរយៈ​អ៊ីម៉ែល​ការផ្ញើសា​ជាក្រុម ឬ​វិធីផ្សេងទៀត​នៃ​ទំនាក់ទំនង ។ អ្នក​ក៏​អាច​ផ្តល់​ការ​រំឭក ឬ​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​ដើម្បី​ជួយ​បង្កើត​សាមគ្គីភាព​ក្នុង​ថ្នាក់ និង​ជួយ​សិស្សឲ្យ​ទទួល​អារម្មណ៍​នៃ​ភាព​ជា​ចំណែក​នៅពេល​ពួកគេ​សិក្សា​ដំណឹងល្អ​ហើយ​រីកចម្រើន​ជាមួយ​គ្នា ។