« ការបំពាក់បំប៉នអំពីការវាយតម្លៃ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២២ )
« ការបំពាក់បំប៉នអំពីការវាយតម្លៃ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
ការបំពាក់បំប៉នអំពីការវាយតម្លៃ
ការវាយតម្លៃគឺជាផ្នែកសំខាន់នៃការរៀនសូត្រ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការវាយតម្លៃ ជាទម្រង់នៃការប្រឡង នៅក្នុងដំណើរការនៃការរៀនសូត្រ ។
ការប្រឡងតាមពេលកំណត់ពិតជាមានសារៈសំខាន់ក្នុងការរៀនសូត្រ ។ ការប្រឡងដ៏មានប្រសិទ្ធភាពជួយយើងឲ្យប្រៀបធៀបអ្វីដែលយើងត្រូវដឹង ជាមួយនឹងអ្វីដែលយើងពិតជាដឹងអំពីប្រធានបទជាក់លាក់មួយ វាក៏ផ្ដល់ជាបទដ្ឋានមួយ ដែលយើងអាចវាយតម្លៃការរៀនសូត្រ និងការអភិវឌ្ឍរបស់យើងផងដែរ ។
ដូចគ្នានេះដែរ ការប្រឡងនៅសាលានៃជីវិតរមែងស្លាប់គឺជាធាតុសំខាន់នៃការរីកចម្រើនដ៏អស់កល្បរបស់យើង ។ ប៉ុន្ដែអ្វីគួរ ឲ្យចាប់អារម្មណ៍គឺ ពាក្យ ការប្រឡង គឺមិនមានសូម្បី តែម្ដងនៅក្នុងអត្ថបទព្រះគម្ពីរនៃគម្ពីរបមាណីជាភាសាអង់គ្លេសទេ ។ ផ្ទុយទៅវិញ ពាក្យដូចជា សាកល្បង, ពិនិត្យ, និង ព្យាយាម ត្រូវ បានប្រើដើម្បីរៀបរាប់ពីលំនាំផ្សេងៗក្នុងការបង្ហាញចំណេះដឹងខាងវិញ្ញាណ ការយល់ដឹង និងភក្ដីភាពរបស់យើងដោយសមរម្យចំពោះផែនការនៃសុភមង្គលដ៏អស់កល្បរបស់ព្រះវរបិតាសួគ៌ និងសមត្ថភាពរបស់យើងដើម្បីស្វែងរកពរជ័យពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ( ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨ )
ការវាយតម្លៃជាទៀងទាត់នៅក្នុងថ្នាក់សិក្ខាសាលា អាចជួយសិស្សបង្ហាញនូវចំណេះដឹង ការយល់ដឹងខាងវិញ្ញាណ និងភក្តីភាពរបស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការវាយតម្លៃជាទម្រង់ទាំងនេះ អាចជួយសិស្សកាន់តែដឹងអ្វីដែលពួកគេកំពុងរៀន និងរបៀបដែលពួកគេកំពុងរីកចម្រើន ។
ការដឹងនេះអាចក្លាយជាបទពិសោធន៍ប្រកបដោយរង្វាន់ និងការជំរុញទឹកចិត្ត ហើយអាចអញ្ជើញវិវរណៈផ្ទាល់ខ្លួនចូលមកក្នុងជីវិតរបស់សិស្សកាន់តែខ្លាំងឡើង ។ វាក៏អាចជួយសិស្សឲ្យបង្កើតផែនការសម្រាប់ការរីកចម្រើន និងការរៀនសូត្រនាពេលអនាគត ។ ឧទាហរណ៍មូយចំនួនអំពីសកម្មភាពវាយតម្លៃនានា នៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលារួមមានមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក », មេរៀនចំណេះចំណានខាងគោលលទ្ធិ ( រួមមាន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ) និងការវាយតម្លៃការរៀនសូត្រសម្រាប់ផ្នែកពាក់កណ្តាលនីមួយៗនៃវគ្គសិក្សានេះ ។
មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក »
ជារឿយៗនៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា នោះអ្នកនឹងឃើញមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ។ មេរៀនទាំងនេះត្រូវបានគ្រោងឡើងជារៀងរាល់បួនទៅប្រាំមួយសប្តាហ៍ម្តង និងផ្តល់ឱកាសដល់សិស្សឲ្យឆ្លុះបញ្ចាំងយ៉ាងយកចិត្តទុកដាក់នៅលើការរៀនសូត្ររបស់ពួកគេ ។ ជាពិសេសមេរៀនទាំងនេះផ្តល់ឱកាសដល់សិស្សឲ្យ ពន្យល់គោលលទ្ធិ ដែលពួកគេបានរៀននៅក្នុងវគ្គសិក្សា ឆ្លុះបញ្ចាំងពីអារម្មណ៍ អាកប្បកិរិយា និងបំណងប្រាថ្នារបស់ពួកគេ ទាក់ទងទៅនឹងផែនការរបស់ព្រះវរបិតាសួគ៌ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង រំឭកផែនការ ឬគោលដៅនានាដែលពួកគេខិតខំបំពេញ ដើម្បីបង្កើនភាពជាសិស្ស និងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សិស្សដែលធ្វើការវាយតម្លៃទាំងនេះ គឺពុំត្រូវបានកត់ត្រាទុកជាផ្លូវការ ដូចការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិទេ ។ ការវាយតម្លៃជាទម្រង់ទាំងនេះមានគោលបំណងផ្តល់ជាប្រយោជន៍ដល់សិស្សផ្ទាល់ ។
ទោះបីជាសិស្សមានការទទួលខុសត្រូវចម្បង លើការវាយតម្លៃការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងមេរៀនទាំងនេះក្តី អ្នកដទៃទៀតក៏អាចជួយបានផងដែរ ។ ព្រះវិញ្ញាណបរិសុទ្ធដើរតួយ៉ាងសំខាន់នៅក្នុងការជួយសិស្សវាយតម្លៃខ្លួនពួកគេ ។ គ្មានដៃគូណាដែលល្អជាងព្រះវិញ្ញាណបរិសុទ្ធឡើយ ដើម្បីជួយសិស្សឲ្យយល់ច្បាស់ ពីរបៀបដែលពួកគេកំពុងរៀនសូត្រ និងរីកចម្រើន និងរបៀបដែលពួកគេអាចបន្តកែលម្អបាន ។
មិត្តរួមថ្នាក់អាចជួយសិស្សក្នុងថ្នាក់វាយតម្លៃការរៀនសូត្ររបស់ពួកគេបាន ហើយអ្នកដែលជាគ្រូបង្រៀនក៏អាចជួយពួកគេបានផងដែរ ។ នៅពេលសិស្សកំពុងពន្យល់គោលលទ្ធិ ការណ៍នេះអាចជាគ្រាដ៏ល្អមួយដើម្បីឲ្យសិស្សធ្វើការជាមួយគ្នា អនុវត្តការពន្យល់ ឬដើរតួសម្តែង ។ ក្នុងនាមជាគ្រូបង្រៀន អ្នកអាចក្លាយជាធនធានដ៏ល្អមួយដើម្បីផ្តល់មតិកែលម្អដល់សិស្ស អំពីការរីកចម្រើនដែលពួកគេកំពុងខិតខំធ្វើ ឬព្យាយាមធ្វើ ។ អ្នកអាចព្រាងគំនិត ឬចែកចាយបទពិសោធន៍នានាពីជីវិតរបស់អ្នកផ្ទាល់ដើម្បីជួយសិស្ស ។ ទោះជាយ៉ាងណាក៏ដោយ សូមចាំថា វាមិនគួរក្លាយជាការរំពឹងទុកមួយថា សិស្សត្រូវរាយការណ៍ពីគោលដៅ ឬផែនការនានារបស់ពួកគេដល់អ្នកឡើយ ។ គោលដៅ និងផែនការមួយចំនួននេះអាចមានលក្ខណៈផ្ទាល់ខ្លួនណាស់ ។ ប្រសិនបើសិស្សមានអារម្មណ៍ចង់ចែកចាយផែនការ ឬគោលដៅរបស់ពួកគេដល់អ្នក សូមប្រឹក្សារួមគ្នាជាមួយពួកគេ ប៉ុន្តែក៏សូមទទួលស្គាល់ពេលវេលាដែលសិស្សគួរតែត្រូវបានបង្វែរទៅរកការណែនាំពីឪពុកម្តាយ ឬប៊ីស្សព ឬប្រធានសាខារបស់ពួកគេផងដែរ ។
ការបង្កើតសកម្មភាពវាយតម្លៃសម្រាប់មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក »
ពេលខ្លះ អ្នកនឹងត្រូវតែកែសម្រួលមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ដោយបង្កើតសម្មភាពការវាយតម្លៃថ្មីមួយ ។ ដោយសារតែកាលវិភាគរបស់សាលារៀន នោះអាចមានមេរៀនមួយដែលសិស្សមិនបានសិក្សា ដែលមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » នៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាមានសម្រាប់បង្រៀន ។ ឬប្រហែលជាមានមេរៀនមួយ ដែលមានអត្ថន័យជាពិសេសសម្រាប់សិស្ស ដែលមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ពុំមានបង្រៀន ។ នៅក្នុងករណីទាំងនេះ អ្នកត្រូវជំនួសសកម្មភាពមួយក្នុងចំណោមសកម្មភាពនានានៅក្នុងមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ដោយប្រើសកម្មភាពមួយដែលអ្នកបង្កើត ដើម្បីវាយតម្លៃការយល់ដឹង ឬការរីកចម្រើនរបស់សិស្សស្តីពីប្រធានបទនោះ ។
ជំហានខាងក្រោមនេះអាចជួយអ្នកបង្កើតសកម្មភាពវាយតម្លៃប្រកបដោយប្រសិទ្ធភាព ។
ជំហានទី ១ ៖ សូមចាប់ផ្តើមដោយការរកមើលមេរៀនមួយដែលអ្នកចង់តាមដាន ។ តើលទ្ធផលបែបណាដែលមេរៀននោះផ្តោតទៅលើ ?
តើមេរៀននោះផ្តោតខ្លាំងទៅលើអ្វីដែលសិស្សដឹង និងយល់ដែរឬទេ ? តើមេរៀននោះសង្កត់ធ្ងន់ខ្លាំងទៅលើអារម្មណ៍ អាកប្បកិរិយា ឬបំណងប្រាថ្នារបស់សិស្សដែរឬទេ ? ឬប្រហែលភាគច្រើនមេរៀននោះផ្តោតទៅលើឥរិយាបថរបស់សិស្ស ? ការដឹងពីប្រភេទនៃលទ្ធផលដែលអ្នកចង់ជួយសិស្សឲ្យសម្រេចបាន អាចជួយអ្នកបង្កើតបទពិសោធន៍ការវាយតម្លៃសមស្របមួយ ។
ជំហានទី ២ ៖ សូមពិចារណាអំពីអ្វីដែលសិស្សអាចធ្វើ ដើម្បីជួយពួកគេឲ្យឃើញពីការរីកចម្រើន និងការរៀនសូត្ររបស់ពួកគេ ។ សូមចងចាំថា នេះមិនមែនជាអ្វីមួយដែលសិស្សត្រូវតែបង្ហាញដល់អ្នក ឬសិស្សដទៃទៀតនោះឡើយ ។ វាគួរតែជាអ្វីមួយសាមញ្ញ ដែលជួយពួកគេឲ្យមើលឃើញពីការរីកចម្រើនផ្ទាល់របស់ពួកគេនៅក្នុងការរៀនសូត្ររបស់ពួកគេ ។ ឧទាហរណ៍អាចរួមមានដូចតទៅ ៖
-
លទ្ធផលផ្នែកចំណេះដឹង និងការយល់ដឹង ៖ សិស្សអាចបង្រៀន ឬពន្យល់គោលគំនិតខាងគោលលទ្ធិ ទោះតាមការនិយាយ ឬការសរសេរក្តី ។ ការណ៍នេះអាចជាការឆ្លើយតបទៅនឹងស្ថានភាពមួយ ដែលសិស្សអនុវត្តការពន្យល់គោលលទ្ធិ ។
-
លទ្ធផលផ្នែកអារម្មណ៍ អាកប្បកិរិយា ឬបំណងប្រាថ្នា ៖ សិស្សអាចមើលការវាយតម្លៃផ្ទាល់ខ្លួនឡើងវិញមកពីមេរៀនមុនៗ ហើយប្រៀបធៀបចម្លើយរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ជាមួយនឹងចម្លើយដែលពួកគេបានឆ្លើយកាលពីពួកគេទើបតែចាប់ផ្តើមរៀនមេរៀននោះ ។ វាអាចជាកំណត់ហេតុមួយដែលពួកគេពិនិត្យមើល ឬការស្ទង់មិតមួយដែលពួកគេបំពេញដើម្បីឆ្លើយតប ឬបំពេញម្តងទៀតដើម្បីកត់សម្គាល់ពីភាពខុសប្លែកគ្នា ។
-
លទ្ធផលផ្នែកឥរិយាបថ ៖ សិស្សអាចពិនិត្យមើលអ្វីដែលពួកគេទទួលចំណាប់អារម្មណ៍ឲ្យធ្វើ ឬផែនការដែលពួកគេបានបង្កើតដែលជាផ្នែកមួយនៃមេរៀន ។ បន្ទាប់មក ពួកគេអាចសញ្ជឹងគិតពីរបៀបដែលពួកគេបានធ្វើតាមចំណាប់អារម្មណ៍ ឬអនុវត្តតាមផែនការនោះ ។ សិស្សពីរបីនាក់ដែលមានចិត្តចង់ចែកចាយ អាចចែកចាយបទពិសោធន៍របស់ពួកគេ ប្រសិនបើបទពិសោធន៍ទាំងនោះមិនមែនជាបទពិសោធន៍ផ្ទាល់ខ្លួនខ្លាំងពេក ។ ពួកគេថែមទាំងអាចបង្ហាញឥរិយាបថមួយចំនួនដែលពួកគេចង់បង្ហាញនៅក្នុងថ្នាក់បាន ដូចជាការប្រើប្រាស់កម្មវិធីមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬការបង្ហាញជំនាញសិក្សាព្រះគម្ពីរ ។
ជំហានទី ៣ ៖ បង្កើតបទពិសោធន៍នៃការរៀនសូត្រមួយ ដែលអនុញ្ញាតឲ្យសិស្សឃើញពីរបៀបដែលពួកគេកំពុងរីកចម្រើន និងកំពុងរៀនសូត្រ ។ សូមស្វែងរកវិធីនានាដើម្បីធ្វើឲ្យបទពិសោធន៍នោះគួរឲ្យចាប់អារម្មណ៍ និងរីករាយ ព្រមទាំងផ្តល់ពេលវេលាច្រើនដល់សិស្សឲ្យឆ្លុះបញ្ចាំង និងវាយតម្លៃការរីកចម្រើនរបស់ពួកគេ ។ សិស្សមួយចំនួនប្រហែលជាខកចិត្តចំពោះការរីកចម្រើនបច្ចុប្បន្នរបស់ពួកគេ ។ សូមបង្កើតឱកាសនានាដែលកុំឲ្យសិស្សប្រៀបធៀបការរីកចម្រើនរបស់ពួកគេទៅនឹងការរីកចម្រើនរបស់សិស្សដទៃទៀត ។ សិស្សគួរតែមានពេលច្រើន ដើម្បីស្វែងរកជំនួយពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់ពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងអំពីអ្វីដែលពួកគេកំពុងធ្វើបានល្អហើយ និងរបៀបដែលពួកគេអាចកែលម្អបាន ។ សិស្សគប្បីយល់ថា ការវាយតម្លៃទាំងនេះមិនគួរជាការវាយតម្លៃផ្តាច់ព្រ័ត្រនោះទេ ។ ផ្ទុយទៅវិញសិស្សគួរតែត្រូវបានលើកទឹកចិត្តជានិច្ចឲ្យពិចារណាអំពីជំហានបន្ទាប់ដែលត្រូវធ្វើនៅក្នុងការសិក្សារបស់ពួកគេ ។
ការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិ
ការវាយតម្លៃការរៀនសូត្រប្រកបដោយការយល់ដឹងចំនួនពីរនៅក្នុងថ្នាក់សិក្ខាសាលា ផ្តល់ឱកាសដល់សិស្សបង្ហាញចំណេះចំណានខាងគោលលទ្ធិ ។ ការបំពេញលើការវាយតម្លៃទាំងពីរនេះរបស់សិស្សត្រូវបានកត់ត្រាទុក ។ ទោះបីសិស្សត្រូវប្រឡងឲ្យជាប់ការវាយតម្លៃទាំងនេះ ដើម្បីទទួលបានក្រេឌីដសម្រាប់ឆ្នាំសិក្សានៅសាលារៀនក្តី ក៏ពួកគេអាចប្រឡងការវាយតម្លៃនេះឲ្យបាន ច្រើនដងតាមចិត្តដែលពួកគេចង់ ។ គ្រូបង្រៀនគួរតែធ្វើការរៀបចំឲ្យបានសមរម្យផងដែរ បន្ទាប់ពីប្រឹក្សាជាមួយឪពុកម្តាយអំពីតម្រូវការរបស់សិស្ស ដើម្បីដឹងពីរបៀបសិស្សបំពេញការវាយតម្លៃទាំងនេះ ។ សូមកែសម្រួលការវាយតម្លៃទាំងនេះ ឬរបៀបនានាដែលសិស្សអាចបំពេញការវាយតម្លៃទាំងនោះតាមភាពចាំបាច់ ។
ការរំឭកការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិចំនួនពីរ ត្រូវបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ។ មានបទពិសោធន៍ក្នុងថ្នាក់រៀននានាត្រូវបានរៀបចំឡើង ដើម្បីជួយសិស្សរំឭកជាមួយគ្នានៅក្នុងការរៀបចំសម្រាប់ការវាយតម្លៃការរៀនសូត្រ ។ ការំឭកទាំងនេះគួរតែត្រូវបានធ្វើឡើង នៅពេលសិស្សជួបជុំគ្នាទោះបីតាមអនឡាញ ឬជួបផ្ទាល់ក្តី ។
សេចក្ដីបញ្ចប់
សូមគិតអំពីអត្ថប្រយោជន៍នៃការជួយសិស្សវាយតម្លៃការរៀនសូត្ររបស់ពួកគេឲ្យបានទៀងទាត់ ។ សូមផ្តល់ឱកាសឲ្យសិស្សពន្យល់គោលលទ្ធិ ឆ្លុះបញ្ចាំងពីអារម្មណ៍ អាកប្បកិរិយា និងបំណងប្រាថ្នារបស់ពួកគេ និងរំឭកផែនការ ឬគោលដៅនានាដែលពួកគេខិតខំបំពេញ នោះនឹងជួយពួកគេក្នុងការខិតខំរបស់ពួកគេ ដើម្បីប្រែកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ មេរៀនការវាយតម្លៃទាំងនោះក៏ផ្តល់ឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធ បំផុសគំនិតដល់សិស្សតាមរយៈការជួយពួកគេឲ្យដឹងអ្វីដែលពួកគេកំពុងធ្វើបានល្អហើយ និងជំរុញទឹកចិត្តពួកគេឲ្យធ្វើការកែលម្អ ។ មេរៀនទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយគួរតែត្រូវបានបង្រៀនឲ្យបានទៀងទាត់ ។