« ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២២ )
« ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ
សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិ
នៅឆ្នាំ ២០១៦ ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានណែនាំពីគោលបំណងដ៏សំខាន់នៃចំណេះចំណានខាងគោលលទ្ធិ នៅក្នុងជីវិតរបស់យុវវ័យបច្ចុប្បន្ននេះ និងតួនាទីដ៏សំខាន់ដែលអ្នកមាន ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាក្នុងការអនុវត្តវា ៖
គ្រាន់តែមួយជំនាន់កន្លងទៅប៉ុណ្ណោះ ដែលមនុស្សវ័យក្មេងរបស់យើងអាចចូលទៅកាន់ព័ត៌មានអំពីប្រវត្តិ គោលលទ្ធិ និងការអនុវត្តរបស់យើង ត្រូវបានកំណត់ចំពោះតែឯកសារបោះពុម្ពដោយសាសនាចក្រប៉ុណ្ណោះ ។ សិស្សមួយចំនួនតូចជួបនឹងឯកសារដែលមានការបកស្រាយផ្ទុយពីសាសនាចក្រ ។ ភាគច្រើន យុវវ័យរបស់យើងបានរស់នៅក្នុងជីវិតមួយដែលមិនមានបទពិសោធន៍ ។
កម្មវិធីសិក្សារបស់យើងនៅពេលនោះ ទោះជាបង្កើតឡើងក្នុងបំណងល្អក្ដី ក៏ពុំបានរៀបចំសិស្សសម្រាប់បច្ចុប្បន្ននេះដែរ—នេះជាជំនាន់មួយដែលសិស្សអាចចូលទៅកាន់អ្វីៗដែលប្រកបដោយគុណធម៌អំពីសាសនាចក្រមកពីគ្រប់ស្ថានភាពបានយ៉ាងងាយ ។ សព្វថ្ងៃនេះ អ្វីដែលពួកគេមើលឃើញនៅក្នុងឧបករណ៍ចល័តរបស់ពួកគេ ទំនងជាឧបសគ្គចំពោះសេចក្ដីជំនឿច្រើនដូចជាការជំរុញឲ្យមានសេចក្តីជំនឿផងដែរ ។ …
ដោយពិចារណាដល់ឧបសគ្គទាំងនេះ ថ្មីៗនេះគណៈកម្មការអប់រំបានអនុម័តឲ្យមានគំនិតផ្ដួចផ្ដើមមួយនៅក្នុងថ្នាក់សិក្ខាសាលាដែលហៅថា ចំណេះចំណានខាងគោលលទ្ធិ ។ គំនិតផ្ដួចផ្ដើមថ្មីនេះនឹងផ្ដោតទៅលើការស្ថាបនា និងការពង្រឹងសេចក្ដីជំនឿរបស់សិស្សយើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងពួកគេតាមរយៈការបង្កើនសមត្ថភាពក្នុងការរស់នៅ និងការអនុវត្តដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ ពេលប្រើបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ពួកគេនឹងរៀនអំពីរបៀប ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និងការយល់ដឹងអំពីដំណឹងល្អរបស់ទ្រង់ ។ ហើយពួកគេនឹងមានឱកាសដើម្បីរៀនអំពីរបៀបអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ និងគោលការណ៍នៃដំណឹងល្អចំពោះសំណួរ និងឧបសគ្គនានាដែលពួកគេស្ដាប់ឮ និងមើលឃើញជារៀងរាល់ថ្ងៃនៅក្នុងចំណោមមិត្តភក្ដិ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
គំនិតផ្តួចផ្តើមនេះគឺត្រូវបានបំផុសគំនិត និងចំពេលវេលា ។ វានឹងមានឥទ្ធិពលដ៏អស្ចារ្យលើយុវវ័យរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃចំណេះចំណានខាងគោលលទ្ធិ និងភាពជោគជ័យនៃកម្មវិធីផ្សេងៗទាំងអស់នៃការសិក្សានៅក្នុងប្រព័ន្ធ ស៊ី.អ៊ី.អេស. នឹងពឹងផ្អែកទាំងស្រុងទៅលើអ្នករាល់គ្នាក្នុងវិសាលភាពដ៏ធំមួយ ។ ( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួបជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] broadcasts.ChurchofJesusChrist.org)
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះមកពីការចែកចាយរបស់ ប្រធានបាឡឺដ ?
-
ហេតុអ្វីអ្នកគិតថា យុវវ័យបច្ចុប្បន្ននេះត្រូវតែរៀបចំខ្លួន តាមរបៀបផ្សេងពីជំនាន់មុនៗ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ?
ចំណេះចំណានខាងគោលលទ្ធិនៅក្នុងកម្មវិធីសិក្សា
នៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន បទពិសោធន៍នៃការរៀនសូត្រ ចំណេះចំណានខាងគោលលទ្ធិ ត្រូវបានដាក់បញ្ចូលរៀងរាល់សប្តាហ៍ ដើម្បីជួយសិស្សឲ្យសម្រេចបានលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។ លទ្ធផលទាំងនេះរួមមានការជួយសិស្ស
-
រៀន និងអនុវត្តគោលការណ៍ដ៏ទេវភាពទាំងឡាយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និង
-
ធ្វើចំណេះចំណានលើវគ្គបទគម្ពីរទាំងឡាយដែលបានជ្រើសរើស និងគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលវគ្គបទគម្ពីរនោះបង្រៀន ។
តាមរយៈការធ្វើចំណេះចំណាននូវវគ្គបទគម្ពីរដែលបានជ្រើសរើស និងគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលពួកគេបង្រៀន នោះសិស្សអាច
-
ស្គាល់ ហើយយល់គោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ
-
ពន្យល់គោលលទ្ធិឲ្យបានច្បាស់ៗ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលទាក់ទងនានា
-
អនុវត្តតាមគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងការជ្រើសរើសប្រចាំថ្ងៃរបស់ពួកគេ និងក្នុងការឆ្លើយតបចំពោះសំណួរ និងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ខាងគោលលទ្ធិ ខាងសង្គម និងខាងប្រវត្តិសាស្ត្រនានា និងសំណួរនានា រួមទាំង
-
ចងចាំ ហើយស្គាល់ទីតាំងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះទាំងឡាយ ។
មេរៀន « ការទទួលបានចំណេះដឹងខាងវិញ្ញាណ »
អ្នកអាចណែនាំសិស្សអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ តាមរយៈការបង្រៀន « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ផ្នែក ១, ២ និង ៣ ។ សូមប្រាកដថា បង្រៀនមេរៀននីមួយៗទាំងនេះ នៅពេលថ្នាក់សិក្ខាសាលាកំពុងដំណើរការនៅជិតដើមឆ្នាំសិក្សានៅសាលារៀន ។ មេរៀនទាំងនេះផ្តល់គោលការណ៍ជាមូលដ្ឋានគ្រឹះ ដែលមេរៀនចំណេះចំណានខាងគោលលទ្ធិផ្សេងទៀតនឹងផ្អែកទៅលើ ។ មេរៀនការទទួលបានចំណេះដឹងខាងវិញ្ញាណ គួរតែត្រូវបានបង្រៀនរៀងរាល់ឆ្នាំនៃថ្នាក់សិក្ខាសាលា ។ ផ្នែកនីមួយៗណែនាំសិស្សអំពីគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ផ្នែកទី ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ផ្នែកទី ២ ៖ ពិនិត្យមើលសំណួរ ឬក្តីបារម្ភនានាដោយមានទស្សនវិស័យដ៏អស់កល្បមួយ
-
ផ្នែកទី ៣ ៖ ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
មានមេរៀនចំនួនពីរដែលទាក់ទងជាមួយនឹង វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ គឺមេរៀនបរិបទ និងមេរៀនចំណេះចំណានខាងគោលលទ្ធិ ។ លទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិត្រូវបានថ្លែងឡើងជាមួយគ្នានៅក្នុងមេរៀនទាំងពីរនេះ ។
នៅក្នុងមេរៀនបរិបទ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិត្រូវបានណែនាំនៅក្នុងបរិបទនៃបណ្តុំបទគម្ពីរ ។ សិស្សគួរតែចំណាយពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាគោលលទ្ធិដែលវគ្គបទគម្ពីរនោះបង្រៀន ដើម្បីពួកគេចេះ និងយល់ពីគោលលទ្ធិនោះ ។ ការណ៍នេះជួយរៀបចំសិស្សឲ្យពន្យល់ និងប្រើប្រាស់គោលលទ្ធិនៅក្នុងមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបន្ទាប់ ។
នៅក្នុងមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ សិស្សនឹងមានឱកាសពន្យល់គោលលទ្ធិ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងចាប់ផ្តើមទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។ អ្នកក៏អាចលើកទឹកចិត្តសិស្សឲ្យទន្ទេញវគ្គបទគម្ពីរទាំងអស់ផងដែរ ។ ការជួយសិស្សពន្យល់គោលលទ្ធិ និងទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះគឺជាលទ្ធផលដ៏សំខាន់នៃចំណេះចំណានខាងគោលលទ្ធិ ។ សកម្មភាពសិក្សាទាំងនេះមិនចាំបាច់ត្រូវការពេលវេលាច្រើននោះទេ ប៉ុន្តែវាសំខាន់ថា វាត្រូវបានដាក់ជាអាទិភាព ។
គួរតែចំណាយពេលភាគច្រើនលើវគ្គ « រៀនអនុវត្ត » នៅក្នុងមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ វគ្គរៀនអនុវត្តនីមួយៗចាប់ផ្តើមជាមួយនឹងឱកាសឲ្យសិស្សពិនិត្យមើលឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សិស្សគួរតែពិនិត្យមើលគោលការណ៍ទាំងនេះឲ្យបានទៀងទាត់ ដើម្បីពួកគេមានទំនុកចិត្តប្រើប្រាស់គោលការណ៍ទាំងនោះ ។ សូមប្រយ័ត្នកុំស្មានថា ដោយសារសិស្សម្នាក់ ឬពីរនាក់ចេះគោលការណ៍នេះបានល្អ នោះសិស្សទាំងអស់របស់អ្នកចេះគោលការណ៍ទាំងនោះឲ្យសោះ ។
បន្ទាប់ពីពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណរួច នោះសិស្សនឹងត្រូវបានប្រាប់នូវសាច់រឿងមួយដែលបង្ហាញសំណួរ ឬស្ថានភាពមួយដែល ការយល់ដឹងត្រឹមត្រូវអំពីគោលលទ្ធិពិតអាចជួយបាន ។ សិស្សអាចអនុវត្តដោយប្រើគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីឆ្លើយតបទៅនឹងសំណួរ ឬស្ថានភាពនានា ។
អ្នកអាចកែសម្រួលសាច់រឿងនោះ និងសំណួរដែលបានផ្តល់ឲ្យ ឬសកម្មភាពរៀនសូត្រផ្សេងៗទៀតតាមការចាំបាច់ ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សបានកាន់តែប្រសើរឡើង ។ សូមប្រាកដថា ការកែសម្រួលទាំងនោះនៅតែផ្តល់ឱកាសដល់សិស្សដើម្បីអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងស្ថានភាពជាក់ស្តែងមួយ ។
អ្នកក៏នឹងសម្គាល់ឃើញថា នៅចុងបញ្ចប់នៃមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ គឺជាការរំឭកដែលបានផ្តល់ឲ្យ ដើម្បីធ្វើនៅក្នុងថ្នាក់រៀននៅពេលពីរបីថ្ងៃក្រោយមកទៀត ។ សកម្មភាពរំឭកទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជួយសិស្សទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
បណ្តុំបទគម្ពីរមួយចំនួនប្រចាំសប្តាហ៍នៅក្នុងល្បឿនបង្រៀនក្នុង ចូរមកតាមខ្ញុំ មិនបានដាក់បញ្ចូលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទេ ។ ដើម្បីផ្តល់បទពិសោធន៍ចំណេះចំណានខាងគោលលទ្ធិប្រចាំសប្តាហ៍ដល់សិស្ស សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន សៀវភៅសិក្សាសម្រាប់សិស្ស និងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាអនឡាញ ដាក់បញ្ចូលនូវការរំឭកចំណេះចំណានខាងគោលលទ្ធិ ជាមេរៀនមួយក្នុងចំណោមមេរៀនទាំងប្រាំនៅក្នុងសប្តាហ៍ទាំងនោះ ។ មេរៀនទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជួយសិស្សទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ យល់ពីគោលលទ្ធិ ហើយអនុវត្តគោលលទ្ធិនោះ ។
ប្រសិនបើមានមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលសិស្សបានខកខាន ឬនិងខកខាន ដោយសារតែការឈប់សម្រាកនៅក្នុងកាលវិភាគសាលារៀនរបស់ពួកគេ នោះអ្នកគួរតែបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិជំនួសឲ្យការរំឭកចំណេះចំណានខាងគោលលទ្ធិ ។ មេរៀនបរិបទដែលទាក់ទងជាមួយមេរៀនចំណេះចំណានខាងគោលលទ្ធិ ក៏នឹងត្រូវប្តូរទៅជំនួសមេរៀនមួយផ្សេងទៀតនៅក្នុងអំឡុងសប្តាហ៍នោះ ។ សូមមើលការណែនាំអំពីល្បឿនបង្រៀនក្នុងមូលដ្ឋាន ដែលបានផ្តល់ឲ្យដោយអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក ដើម្បីមើលថា តើពេលណាអ្នកគួរតែបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិ ដែលសិស្សខកខានដោយសារតែកាលវិភាគសាលារៀនរបស់ពួកគេ ។
ជំនាញដើម្បីបង្រៀនចំណេះចំណានខាងគោលលទ្ធិដោយមានប្រសិទ្ធភាព
ការបំពាក់បំប៉នខាងក្រោមនេះបង្រៀនពីជំនាញនានា ដែលអាចជួយសិស្សឲ្យសម្រេចបានចំណេះចំណានខាងគោលលទ្ធិ ។ ការបំពាក់បំប៉ននីមួយៗ ( ១ ) ស្វែងរក និងកំណត់អត្ថន័យជំនាញនោះ ( ២ ) ផ្ដល់គំរូ និងការអនុវត្តពីរបៀបដើម្បីប្រើប្រាស់ជំនាញនោះ ( ៣ ) បញ្ចូលនូវឱកាសមួយដើម្បីឆ្លុះបញ្ចាំង ដោយការវិភាគជំនាញនោះ ហើយ ( ៤ ) ផ្ដល់ការអញ្ជើញឲ្យបញ្ចូលជំនាញក្នុងការបង្រៀនរបស់អ្នក ។
សូមពន្យល់អំពីមូលហេតុសម្រាប់សកម្មភាពចំណេះចំណានខាងគោលលទ្ធិ ។
កំណត់អត្ថន័យ ៖
ការចែកចាយមូលហេតុក្នុងការធ្វើសកម្មភាពចំណេះចំណានខាងគោលលទ្ធិ អាចជំរុញទឹកចិត្តសិស្សឲ្យចូលរួមក្នុងសកម្មភាព ។ វាក៏អាចអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេអំពីសារៈសំខាន់នៃសកម្មភាពនោះផងដែរ ។ បន្ទាប់ពីអ្នកថ្លែងពីអ្វីដែលថ្នាក់នឹងធ្វើ សូមចែកចាយមូលហេតុមួយ ឬពីរថាហេតុអ្វីអ្នកធ្វើសកម្មភាពនោះ ដើម្បីឲ្យសិស្សអាចយល់ពីតម្លៃនៃការធ្វើវា ។
គំរូ ៖
« ប្អូនៗ យើងនឹងប្រើពេលពីរបីនាទីពន្យល់ពីគោលលទ្ធិដែលយើងរៀនចេញពី លូកា ២:១០–១២ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ មូលហេតុមួយដែលយើងធ្វើការណ៍នេះ គឺដើម្បីជួយយើងឲ្យមានលទ្ធភាពឆ្លើយតបដោយមានទំនុកចិត្ត ប្រសិនបើនរណាម្នាក់សួរយើងថាហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទសំខាន់ចំពោះយើង » ។
អនុវត្ត ៖
សូមបំពេញតាមការបំផុសខាងក្រោមនេះ ។
-
« មែនហើយ ប្អូនៗ ។ ចូរយើងធ្វើសកម្មភាពមួយ ដែលនឹងជួយយើងទន្ទេញចាំបទគម្ពីរយោងចំណេះចំណានខាងគោលលទ្ធិជាមួយនឹងឃ្លាគន្លឹះ ។ មូលហេតុមួយដែលយើងខិតខំទន្ទេញវាគឺ … »
-
« សម្រាប់រយៈពេលពីរបីនាទីនេះ យើងនឹងរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ការដឹងពីគោលការណ៍ទាំងនេះអាចជួយយើងឲ្យ … »
-
« យើងនឹងអនុវត្តការប្រើប្រាស់គោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ការប្រើប្រាស់គោលការណ៍ទាំងនេះអាច … »
វិភាគ ៖
តើអ្នកកំពុងរៀនពីអ្វី កាលដែលអ្នកអនុវត្តការពន្យល់អំពីមូលហេតុសម្រាប់ការធ្វើសកម្មភាពចំណេះចំណានខាងគោលលទ្ធិ ?
រួមបញ្ចូល ៖
កាលដែលអ្នករៀបចំសកម្មភាពចំណេះចំណានខាងគោលលទ្ធិ សូមសរសេរយ៉ាងហោចណាស់មូលហេតុមួយ ដែលមានតម្លៃចំពោះសិស្ស ។
សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
កំណត់អត្ថន័យ ៖
កាលដែលអ្នករំឭកឡើងវិញជាទៀតទាត់នូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាមួយនឹងថ្នាក់របស់អ្នក នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយសិស្សឲ្យចងចាំ ហើយប្រើប្រាស់វាក្នុងពេលដែលត្រូវការ ។ អ្នកអាចអញ្ជើញសិស្សឲ្យរំឭកគោលការណ៍ទាំងនេះមុននឹងអ្នកចែកចាយសាច់រឿង ឬខណៈពេលដែលពួកគេកំពុងធ្វើតាមសាច់រឿងទាំងនេះ ។ ការអញ្ជើញទាំងនេះបញ្ចូលឱកាសសម្រាប់សិស្សឲ្យរំឭកឡើងវិញយ៉ាងហោចណាស់គោលការណ៍មួយ សេចក្ដីណែនាំថាពួកគេគួរតែចំណាយពេលប៉ុណ្ណាដើម្បីរំឭកគោលការណ៍នោះ និងឱកាសមួយដើម្បីឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ ដោយការធ្វើដូច្នេះ សិស្សនឹងអាចប្រើប្រាស់គោលការណ៍ទាំងនេះបានកាន់តែប្រសើរ ជាផ្នែកនៃការរៀនអនុវត្ត ។
គំរូ ៖
ថ្ងៃនេះ ពេលដែលយើងរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០១៨ ) នោះយើងនឹងបំបែកទៅជាក្រុមដែលមានគ្នាបីនាក់ ។ ក្រុមនីមួយៗនឹងរំឭកគោលការណ៍មួយខុសៗគ្នា ។
-
ក្រុមមួយនឹងរំឭកពី « គោលការណ៍ទី ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ » ។
-
ក្រុមមួយទៀតនឹងរំឭកពី « គោលការណ៍ទី ២ ៖ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ » ។
-
ហើយក្រុមមួយនឹងរំឭកពី « គោលការណ៍ទី ៣ ៖ ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព » ។
ចំណាយពេលបីទៅបួននាទីដើម្បីអាន និងរៀបចំដើម្បីចែកចាយជាមួយនឹងក្រុមរបស់អ្នកនូវរបៀបមួយដែលគោលការណ៍របស់អ្នកអាចជួយនរណាម្នាក់ដែលកំពុងប្រឈមនឹងសំណួរ ឬស្ថានភាពលំបាកមួយ ។
អនុវត្ត ៖
-
សូមសរសេរការអញ្ជើញមួយសម្រាប់សិស្សម្នាក់ឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
អនុវត្តផ្ដល់ការអញ្ជើញរបស់អ្នកទៅកាន់អ្នករួមការងារ សមាជិកគ្រួសារ ឬមិត្តភក្ដិម្នាក់ ។
វិភាគ ៖
ពេលដែលអ្នកអនុវត្ត តើអ្វីដែលអ្នកកំពុងរៀនអំពីសារៈសំខាន់នៃការផ្ដល់ការអញ្ជើញដ៏ច្បាស់លាស់ និងដោយចេតនា ឲ្យរំឭកគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ?
រួមបញ្ចូល ៖
សូមសរសេរផែនការមួយ ដើម្បីអញ្ជើញសិស្សយ៉ាងខ្ជាប់ខ្ជួនឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សួរសំណួរទាំងឡាយដែលជួយសិស្សឲ្យនិយាយចេញមក ពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយនរណាម្នាក់ដែលកំពុងប្រឈមនឹងសំណួរ ឬស្ថានភាពលំបាកមួយ ។
កំណត់អត្ថន័យ ៖
បន្ទាប់ពីសិស្សរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងអានសាច់រឿងអនុវត្តហើយ សូមសួរពួកគេនូវសំណួរទាំងឡាយដែលអញ្ជើញពួកគេនិយាយចេញមកថា គោលការណ៍អ្វីខ្លះដែលអាចជួយបាននៅក្នុងសាច់រឿងនោះ ។ សំណួររបស់អ្នកគួរតែ ៖
-
សំណួរបើក ។
-
ជួយសិស្សលើកឡើងនូវគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
អនុញ្ញាតឲ្យសិស្សបង្ហាញពីអ្វីដែលពួកគេគិត និងមានអារម្មណ៍ ។
ពេលដែលសិស្សស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ពួកគេនឹងរៀបចំកាន់តែប្រសើរឡើង ដើម្បីប្រឈមនឹងសំណួរ និងស្ថានភាពទាំងឡាយនៅក្នុងជីវិតរបស់ពួកគេ ដោយសេចក្ដីជំនឿ ។
គំរូ ៖
សូមចងចាំថា សិស្សបានរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណរួចហើយ ហើយបានសិក្សាសាច់រឿងនោះផងដែរ ។
-
តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណណាដែលនឹងជួយអ្នកក្នុងសាច់រឿងនេះ ហើយមូលហេតុអ្វី ?
-
តើគោលការណ៍នោះអាចជួយអ្នកយ៉ាងដូចម្តេច នៅពេលអ្នកប្រឈមនឹងសំណួរមួយនៅក្នុងសាច់រឿងនេះ ?
-
តើអ្នកគិតថា គោលការណ៍នេះមានប្រយោជន៍យ៉ាងដូចម្ដេចទៀត ?
-
តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណមួយផ្សេងទៀត អាចមានប្រយោជន៍នៅក្នុងសាច់រឿងនេះយ៉ាងដូចម្តេច ?
អនុវត្ត ៖
សូមចងចាំថា សិស្សបានរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណរួចហើយ ហើយបានសិក្សាសាច់រឿងនោះផងដែរ ។
-
សូមបំពេញសកម្មភាពខាងក្រោមជាមួយមនុស្សម្នាក់ផ្សេងទៀត ។ អ្នកគឺជាគ្រូបង្រៀន ហើយមនុស្សម្នាក់ទៀតគឺជាសិស្សរបស់អ្នក ។ សិស្សរបស់អ្នកទើបតែបានបញ្ចប់ការអាន និងការពិចារណាសាច់រឿងខាងក្រោមនេះ ។ សូមសួរសិស្សនូវសំណួរទាំងឡាយនៅក្នុងគំរូ ហើយអនុញ្ញាតឲ្យគាត់ឆ្លើយ ។
មិត្តភក្តិរបស់អ្នកម្នាក់ពុំមែនជាអ្នកមានជំនឿលើសាសនានោះទេ ថ្មីៗនេះគាត់បានឃើញពួកអ្នកផ្សព្វផ្សាយសាសនាមួយគូកំពុងនិយាយជាមួយមនុស្សម្នានៅឯសួនច្បារ ។ មិត្ដរបស់អ្នកសួរអ្នកថា « ហេតុអ្វីបានជាពួកអ្នកផ្សព្វផ្សាយសាសនាពីព្រះវិហាររបស់ឯង ចេញទៅផ្សព្វផ្សាយអំពីព្រះយេស៊ូវ ? វាហាក់ដូចជាព្រះវិហាររបស់ឯងកំពុងតែបង្ខិតបង្ខំមនុស្សផ្សេងឲ្យជឿដូចពួកគេដូច្នោះដែរ ។ ហេតុអ្វីឯងមិនទុកឲ្យមនុស្សទាំងនោះរីករាយតាមជីវិតរស់នៅរបស់ពួកគេទៅ ? »
-
សូមចំណាយពេលប្រាំនាទី ហើយសរសេរសំណួរបន្ថែមទៀត ដែលអ្នកអាចសួរ ដើម្បីជួយសិស្សឲ្យនិយាយចេញមក ពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយពួកគេ និងមនុស្សផ្សេងទៀតដែលមានសំណួរ ឬស្ថានភាពលំបាក ។
វិភាគ ៖
តើមានអ្វីដែលអាចកើតឡើងនៅក្នុងជីវិតរបស់សិស្ស កាលដែលពួកគេនិយាយចេញមក ពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយពួកគេ និងមនុស្សផ្សេងទៀត ពេលដែលកំពុងប្រឈមនឹងសំណួរ ឬស្ថានភាពលំបាកមួយ ?
រួមបញ្ចូល ៖
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីជួយសិស្សឲ្យនិយាយចេញមក ពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយពួកគេ និងមនុស្សផ្សេងទៀត ពេលដែលកំពុងប្រឈមនឹងសំណួរ ឬស្ថានភាពលំបាកមួយ ។
សេចក្ដីបញ្ចប់
សូមស្រមៃពីរបៀបដែលសិស្សរបស់អ្នកអាចដោះស្រាយសំណួរ ឬកង្វល់នានា ក្រោយពីការអនុវត្តចំណេះចំណានខាងគោលលទ្ធិរយៈពេលបួនឆ្នាំ ។ នៅពេលចាប់ផ្តើម សិស្សត្រូវការជំនួយ និងការជួយជ្រោមជ្រែងបន្ថែមពីអ្នក ក្នុងនាមជាគ្រូបង្រៀន ដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិទៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកបន្តអនុវត្ត ចំណេះចំណានខាងគោលលទ្ធិនៅក្នុងថ្នាក់របស់អ្នក ហើយផ្តល់ឱកាសជាទៀងទាត់ដល់សិស្សឲ្យអនុវត្ត នោះការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិ នឹងប្រែជាអ្វីមួយដែលសិស្សធ្វើដូចធម្មតាដោយឯកឯង ។ នេះជារបៀបមួយដែលអ្នកអាចជួយសិស្សរបស់អ្នក ស្ថាបនាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ពួកគេនៅលើសិលានៃ ព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ សូមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើទៅបាន ដើម្បីជួយសិស្សរបស់អ្នកសម្រេចបានលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។