« ថ្ងៃទី ២៦ ខែ ធ្នូ ។ ហេតុអ្វីក្រុមគ្រួសារសំខាន់ ? ‹ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក › » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ ធ្នូ ។ ហេតុអ្វីក្រុមគ្រួសារសំខាន់ ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៦ ខែ ធ្នូ
ហេតុអ្វីក្រុមគ្រួសារសំខាន់ ?
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវអ្វីខ្លះក្នុងនាមជាយុវជន និងយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
គ្រួសារទាំងអស់គឺខុសៗគ្នា ហើយគ្មានគ្រួសារណាល្អឥតខ្ចោះនោះទេ ។ ប៉ុន្ដែយើងទាំងអស់គ្នាមានព្រះមាតាបិតាសួគ៌ដ៏ឥតខ្ចោះ ដែលសព្វព្រះទ័យឲ្យយើងទទួលបានពរជ័យនៃការរស់នៅដោយរីករាយជាក្រុមគ្រួសារដ៏អស់កល្ប ។ ដើម្បីជួយយើងឲ្យសម្រេចបានការណ៍នេះ ព្រះបានបំផុសគំនិតព្យាការី និងពួកសាវកឲ្យប្រកាសពីសេចក្ដីពិតដ៏អស់កល្បនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀនអំពីសារសំខាន់នៃក្រុមគ្រួសារ សូមគិតអំពីមូលហេតុដែលគ្រួសាររបស់បងប្អូនមានសារសំខាន់ចំពោះបងប្អូន ។ តើព្រះយេស៊ូវគ្រីស្ទដើរតួនាទីអ្វីខ្លះក្នុងការជួយគ្រួសាររបស់បងប្អូនឲ្យរកឃើញសុភមង្គល ? កាលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចសិក្សា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) « ក្រុមគ្រួសារ » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( [ ឆ្នាំ ២០១១ ] ទំព័រ ១០–១១ ) និងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន « Why Marriage, Why Family » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥០–៥៣ ) ។ តើបងប្អូនមានអារម្មណ៍ថា គោលការណ៍អ្វីខ្លះមកពីធនធានទាំងនេះដែលមានអត្ថន័យបំផុតចំពោះអ្នកដែលបងប្អូនបង្រៀន ?
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីសារសំខាន់នៃក្រុមគ្រួសារ បងប្អូនអាចសួរកូរ៉ុម ឬថ្នាក់ថា តើពួកគេបានរៀនអ្វីខ្លះអំពីសុភមង្គលនៅក្នុងជីវិតគ្រួសារ កាលពួកគេបានអាន « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅផ្ទះ ។ តើពួកគេបានរៀនអ្វីខ្លះ ដែលអាចជួយពួកគេឲ្យពង្រឹងក្រុមគ្រួសាររបស់គេ ? រួចហើយ សូមជ្រើសរើសយកសកម្មភាពមួយ ឬច្រើនពីខាងក្រោមនេះដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យយល់ដឹងកាន់តែច្បាស់អំពីមូលហេតុដែលក្រុមគ្រួសារមានសារសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌ ។
-
បទគម្ពីរនៅក្នុង « ធនធានគាំទ្រ » គាំទ្រដល់សេចក្ដីពិតដ៏បំផុសគំនិតនៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ។ ប្រហែលបងប្អូនអាចចាត់ឲ្យសមាជិកកូរ៉ុម ឬថ្នាក់ម្នាក់ៗអានវគ្គបទគម្ពីរទាំងនេះមួយ រួចហើយសិក្សាការប្រកាសអំពីក្រុមគ្រួសារ ដើម្បីរកមើលវគ្គមួយដែលទាក់ទងទៅនឹងបទគម្ពីររបស់គេ ។ សមាជិកកូរ៉ុម ឬថ្នាក់ម្នាក់ៗចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
ការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនាំទៅរកសុភមង្គលដ៏ពិត និងដ៏យូរអង្វែងនៅក្នុងក្រុមគ្រួសាររបស់យើង ។ ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យយល់ពីការណ៍នេះ បងប្អូនអាចអញ្ជើញបុគ្គលម្នាក់ៗឲ្យជ្រើសរើសគុណលក្ខណៈដូចជាព្រះគ្រីស្ទមួយ ( សូមមើល « តើខ្ញុំអាចអភិវឌ្ឍន៍លក្ខណៈឲ្យដូចជាព្រះគ្រីស្ទយ៉ាងដូចម្តេច ? » នៅក្នុងជំពូកទី ៦ នៃសៀវភៅ ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ ២០១៩ ] ទំព័រ ១១៧–១២៨ ) រួចហើយរកមើលបទគម្ពីរមួយ ឬសេចក្ដីថ្លែងការណ៍របស់ព្យាការីដែលបង្រៀនអំពីគុណលក្ខណៈនោះ ។ កាលសមាជិកកូរ៉ុម ឬថ្នាក់ចែកចាយអ្វីដែលពួកគេបានរកឃើញហើយ នោះពួកគេអាចឆ្លើយនឹងសំណួរមួយ ឬច្រើនដូចតទៅនេះ ៖ តើការរស់នៅតាមគុណលក្ខណៈដូចជាព្រះគ្រីស្ទកាន់តែពេញលេញមានឥទ្ធិពលលើគ្រួសាររបស់ខ្ញុំយ៉ាងដូចម្ដេច ? តើខ្ញុំរៀនអ្វីខ្លះ មកពីគំរូរបស់ព្រះអង្គសង្គ្រោះអំពីរបៀបអនុវត្តគុណលក្ខណៈនេះនៅក្នុងគ្រួសាររបស់ខ្ញុំ ?
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « មារសត្រូវកំពុងបង្កើនការវាយប្រហាររបស់វាទៅលើសេចក្ដីជំនឿ មកលើយើង និងក្រុមគ្រួសារយើងក្នុងអត្រាដ៏លឿនមួយ » ( « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យការពារខ្លួនប្រឆាំងនឹងការវាយប្រហារទាំងនេះ បងប្អូនអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀននូវគុណលក្ខណៈ និងអាកប្បកិរិយាបីបួនដែលសាតាំងញុះញង់ដើម្បីធ្វើឲ្យក្រុមគ្រួសារចុះខ្សោយ ។ ហេតុអ្វីការណ៍ទាំងនេះមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារ ? រួចហើយសមាជិកកូរ៉ុម ឬថ្នាក់អាចអានក្នុងកថាខណ្ឌទីប្រាំពីរនៃការប្រកាសអំពីក្រុមគ្រួសាររកមើលគុណលក្ខណៈ និងអាកប្បកិរិយា ដែលអាចប្រឆាំងនឹងការវាយប្រហាររបស់សាតាំងបាន ។ តើយើងអាចស្វែងរកជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីអភិវឌ្ឍគុណលក្ខណៈ និងអាកប្បកិរិយាទាំងនេះដោយរបៀបណា ? ជាផ្នែកមួយនៃការពិភាក្សានេះ បងប្អូនអាចបង្ហាញវីដេអូ « Proclamation » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បាន ។ តើយើងរៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចការពារក្រុមគ្រួសាររបស់យើងពីឥទ្ធិពលរបស់សាតាំង ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
រ៉ូម ៨:១៦–១៧; ហេព្រើរ ១២:៩ ( យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ )
-
លោកុប្បត្តិ ២:១៨, ២៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤ ( ព្រះបានតែងតាំងអាពាហ៍ពិពាហ៍ )
-
ម៉ូសាយ ៤:១៤–១៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៩; ៩៣:៤០–៥០ ( ឪពុកម្ដាយត្រូវបង្រៀនដំណឹងល្អដល់កូនៗរបស់ពួកគេ )
-
អិល ថម ភែរី « Why Marriage and Family Matter—Everywhere in the World » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៩–៤២
-
វីដេអូ « Families Can Be Together Forever » « The Home Is a Divine Institution » នៅលើគេហទំព័រ ChurchofJesusChrist.org