ចូរ​មក​តាម​ខ្ញុំ
ឧបសម្ព័ន្ធ គ ៖ សាក្សី​បី​នាក់


« ឧបសម្ព័ន្ធ គ ៖ សាក្សី​បី​នាក់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ឧបសម្ព័ន្ធ គ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ឧបសម្ព័ន្ធ គ

សាក្សី​បី​នាក់

អស់​រយៈពេលជាង​ប្រាំ​ឆ្នាំ—ចាប់​ពី​ពេល​ដែល​ទេវតា​មរ៉ូណៃ​មក​ជួប​នឹង​យ៉ូសែប ស្ម៊ីធ​ជា​លើក​ដំបូង រហូត​មកដល់​ឆ្នាំ ១៨២៩—យ៉ូសែប​គឺជា​មនុស្ស​តែម្នាក់​គត់​ដែល​អនុញ្ញា​តឲ្យ​មើល​ឃើញ​ផ្ទាំង​ចំណារមាស ។ រឿង​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ និង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​មកពី​អ្នក​ទាំងឡាយ​ដែល​ជឿ​ថា​គាត់​កំពុង​បោក​បញ្ឆោត​ប្រជាជន ។ ដូច្នេះ​សូម​នឹកគិត​អំពី​អំណរ​ដែល​យ៉ូសែប​មាន នៅពេល​គាត់​បកប្រែ​ព្រះគម្ពីរមរមន គាត់​បាន​រៀនដឹង​ថា ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ផ្ទាំង​ចំណារ ហើយ​ថា​ពួកគេ​នឹង « ធ្វើ​ទីបន្ទាល់​អំពីសេចក្ដីពិត​នៃ​គម្ពីរ​នោះ និង​ការណ៍​ទាំងឡាយ​ដែល​នៅ​ក្នុង​នោះ » ( នីហ្វៃទី២ ២៧:១២–១៤, សូមមើល​ផងដែរ នីហ្វៃទី ២ ១១:៣; អេធើរ ៥:២–៤ ) ។

នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទិន ហារីស បាន​សុំ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​សាក្សី​បីនាក់​​ដែល​ព្រះគម្ពីរមរមន​បាន​ព្យាករ ។ ព្រះអម្ចាស់​បាន​ប្រទាន​តាម​បំណង​ប្រាថ្នា​របស់​ពួកគេ ( សូមមើល គ. និង ស. ១៧ ) ហើយ​បាន​បញ្ជូន​ទេវតា​មួយ​អង្គ​មក​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​ពួកគេ ។ បុរស​ទាំងនេះ​ត្រូវ​បានគេ​​ស្គាល់ថា​​ជា​សាក្សី​បីនាក់ ហើយ​ទីបន្ទាល់​របស់​ពួកគេ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង​ព្រះគម្ពីរមរមន​គ្រប់​ច្បាប់ ។

ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​អំពី​មូលហេតុដែល​ទីបន្ទាល់​នៃ​សាក្សីបីនាក់​មាន​ការ​បញ្ចុះបញ្ចូល​ខ្លាំង ៖ « ទីបន្ទាល់​នៃ​សាក្សីបីនាក់​អំពីព្រះគម្ពីរមរមន​ឈរ​យ៉ាង​រឹងមាំ ។ ពួក​សាក្សី​បី​នាក់​ម្នាក់ៗ​មាន​ហេតុផល និង​ឱកាស​ជាច្រើន​ដើម្បី​បដិសេធ​ទីបន្ទាល់​របស់​គាត់ ប្រសិន​បើ​វា​ជា​រឿង​ខុស​ឆ្គង ឬ​ដើម្បី​និយាយ​មិន​ច្បាស់​លាស់​ដោយ​ចេតនា​ស្ដីពី​ព័ត៌មាន​លម្អិត ប្រសិន​បើ​មាន​រឿង​មិន​ត្រឹមត្រូវ​ណា​មួយ​នោះ ។ ដូច​ដែល​បាន​ដឹង ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា ឬ​ការច្រណែន​ទាក់ទង​នឹង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​សាសនាចក្រ នោះ​ពួកសាក្សី​ម្នាក់ៗ​នៃ​សាក្សី​ទាំង​បី​នាក់​ត្រូវ​បាន​កាត់កាល​ចេញ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រហែល​ជា​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​ការបោះ​ពុម្ព​ផ្សាយ​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ អ្នក​ទាំងបី​បាន​បំបែក​ផ្លូវ​គ្នា ដោយ​គ្មាន​ចំណាប់​អារម្មណ៍​រួម​ដើម្បី​គាំទ្រ​ដល់​ការ​ប្រឹងប្រែងឃុប​ឃិត​មួយ​ឡើយ ។ ប៉ុន្តែ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ពួកគេ​—​រយៈពេល​ពី ​១២ ដល់ ​៥០ឆ្នាំ​បន្ទាប់​ពី​ការ​កាត់កាល​ចេញ​របស់​ពួកគាត់—គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​សាក្សី​ទាំង​បី​នេះ​បាន​ងាក​ចេញ​ពី​ទីបន្ទាល់​របស់​ខ្លួនដែល​បាន​បោះពុម្ព ឬ និយាយ​អ្វី​ដែល​បង្កើត​ភាពសង្ស័យ​ណា​មួយ​ដល់​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​របស់​វា​ឡើយ »​ ។

រហូត​មក​ដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់ពួកគេ សាក្សីបី​នាក់​ពុំ​រារែក​នៅក្នុង​សេចក្ដីស្មោះត្រង់​របស់ពួកគេ​ចំពោះ​ទីបន្ទាល់​ពួកគេ​អំពី​ព្រះគម្ពីរមរមន​ទេ ។

អូលីវើរ ខៅឌើរី

បន្ទាប់ពី​ទទួល​បុណ្យជ្រមុជទឹក​ឡើងវិញមក​ក្នុង​សាសនាចក្រ ហើយ​មិនយូរប៉ុន្មាន​ពីមុន​គាត់​ទទួល​មរណភាព អូលីវើរ បាន​ជួប​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់​ឈ្មោះ អែលឌើរ យ៉ាកុប ហ្គេត ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ រីចម៉ន្ដ រដ្ឋ​មីសសួរី នៅ​តាម​ផ្លូវ​ទៅ​បម្រើ​បេសកកម្ម​នៅប្រទេស​អង់គ្លេស ។ អែលឌើរ ហ្គេត បាន​សួរ​អូលីវើរ​អំពី​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះគម្ពីរមរមន ។ កូនប្រុស​អែលឌើរ ហ្គេត​បាន​ប្រាប់​អំពី​ប្រតិកម្ម​របស់​អូលីវើរ ថា ៖

« ការ​សួរគាត់​ហាក់ដូចជា​មានឥទ្ធិពល​យ៉ាង​ខ្លាំង​បំផុត​ទៅលើ​អូលីវើរ ។ គាត់​ពុំ​ឆ្លើយ​មួយ​ម៉ាត់សោះ ប៉ុន្តែ​បាន​ក្រោក​ឡើង​ពី​កៅអី​របស់​គាត់ភ្លាម រួច​ទៅ​យក​ប្រអប់​សៀវភៅ យក​ព្រះគម្ពីរ​មរមន​ច្បាប់​បោះពុម្ព​ដំបូងគេចេញមក បើក​ទៅ​ត្រង់​កន្លែង​ទីបន្ទាល់​នៃ​សាក្សីបីនាក់ ហើយ​បាន​អាន​យ៉ាង​ឧឡារិកបំផុត ដែល​គាត់បាន​ដាក់​ឈ្មោះ​គាត់ ជិត​ម្ភៃ​ឆ្នាំ​មុន ។ គាត់​មើល​មក​ចំ​ឪពុក​ខ្ញុំ រួច​បាន​និយាយថា ៖ ‹ យ៉ាកុប ខ្ញុំ​ចង់​ឲ្យអ្នក​​ចងចាំ​អ្វី​ដែល​ខ្ញុំ​និយាយ​ទៅ​អ្នក ។ ខ្ញុំ​ជិត​ស្លាប់​ហើយ ហើយ​តើ​វា​មានប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ​ដើម្បី​កុហក​អ្នក​នោះ ? គាត់​បាន​និយាយ​ថា ខ្ញុំ​ដឹង​​ថា ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង​ព្រះចេស្តានៃ​ព្រះ ។ ភ្នែក​របស់​ខ្ញុំ​បាន​មើល​ឃើញ ត្រចៀក​ខ្ញុំ​បាន​ស្ដាប់​ឮ ហើយ​ការ​យល់​ដឹង​របស់​ខ្ញុំ​បាន​ដឹង​ច្បាស់ ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​គឺ​ពិត ។ វា​ពុំ​មែនជា​សុបិន្ដ ឬ​ជា​ការ​ស្រមើរស្រមៃ​ឥតប្រយោជន៍​នោះទេ — វា​គឺជា​ការ​ពិត ›» ។

ដាវិឌ វិតមើរ

នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយរបស់គាត់ ដាវីឌ វិតមើរ បាន​ដឹង​អំពី​ពាក្យ​ចចាមអារ៉ាម ដែល​ថា​គាត់​បាន​​បដិសេធ​ទីបន្ទាល់​របស់គាត់​អំពី​ព្រះគម្ពីរមរមន ។ នៅក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ចោទប្រកាន់ទាំងនោះ ដាវីឌ​បាន​បញ្ជាក់អះអាង​អំពីទីបន្ទាល់​របស់​គាត់​ជា​ថ្មី​នៅ​ក្នុង​សំបុត្រ​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​នៅក្នុង​កាសែត​ក្នុង​ស្រុក ឈ្មោះ Richmond Conservator ៖​

« ឥឡូវ​នេះ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​ពិភពលោក​អាច​បាន​ស្គាល់​សេចក្ដីពិត ខ្ញុំ​រក្សា​គោលជំហរ​ខ្ញុំ​ដដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិតខ្ញុំនេះ ហើយ​ដោយ​ការ​កោតខ្លាច​ព្រះ​ ដើម្បី​ចេញ​សេចក្ដីថ្លែង​ការណ៍​ជា​សាធារណៈនេះ​ថា ៖

« ខ្ញុំ​ពុំ​ធ្លាប់​បានបដិសេធ​ទីបន្ទាល់ ឬមួយ​ផ្នែក​ណា​នោះ​ម្ដង​ណា​ឡើយ ដែល​វា​មាន​រយៈពេល​យូរ​មកហើយ​ចាប់តាំង​ពី​ត្រូវ​បាន​បោះពុម្ព​នៅលើ​គម្ពីរនោះ ក្នុងនាមជា​សាក្សី​ម្នាក់​នៃ​សាក្សី​បីនាក់ ។ អស់​អ្នកដែល​ស្គាល់ខ្ញុំ​ច្បាស់ បាន​ដឹង​ច្បាស់​ថា​ខ្ញុំ​តែងតែ​នៅ​ប្រកាន់ខ្ជាប់​ចំពោះ​ទីបន្ទាល់​នោះ ។ ហើយ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ត្រូវ​បាន​ដឹកនាំ​ខុស ឬ​សង្ស័យ​ចំពោះ​គំនិតយោបល់​បច្ចុប្បន្ន​របស់​​ខ្ញុំ​អំពី​រឿង​នេះ​ឡើយ ខ្ញុំ​សូម​បញ្ជាក់​សារជាថ្មី​អំពី​សេចក្ដីពិត​នៃ​គ្រប់​សេចក្ដីថ្លែងការណ៍​របស់​ខ្ញុំ ដូច​ដែល​បាន​ថ្លែង និង​បាន​ចុះ​ផ្សាយ​នោះ ។

« ‹ អស់អ្នក​ដែល​មាន​ត្រចៀក ​ចូរ​ស្ដាប់​ចុះ › វាពុំ​មែនជា​​ជំនឿ​ខុស​ឆ្គង​ឡើយ ! អ្វី​ដែល​បាន​សរសេរ​ត្រូវ​បាន​កត់ត្រា​ទុក— ហើយ​អ្នក​ដែល​អាន​ សូម​ឲ្យគាត់​បាន​យល់ » ។

ម៉ាទិន ហារីស

ដូច​ជា អូលីវើរ ខៅឌើរី ម៉ាទិន ហារីស​បាន​ចាក​ចេញ​ពី​សាសនាចក្រ​មួយ​រយៈ ប៉ុន្តែ​នៅ​ទីបំផុត​បាន​ទទួល​បុណ្យជ្រមុជទឹក​ឡើងវិញ ។ នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​របស់​គាត់ គាត់​ត្រូវ​បាន​គេ​ដឹង​ថា​គាត់​បាន​កាន់​ព្រះគម្ពីរមរមន​មួយ​ច្បាប់​នៅក្នុង​ដៃ​របស់គាត់ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិតពេញលេញ​នៃ​ព្រះគម្ពីរនេះ​ទៅ​កាន់​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់ ៖ « ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិតណាស់ ។ ហើយ​ទោះជា​មនុស្ស​ទាំងអស់​បដិសេធ​សេចក្ដីពិត​នៃ​គម្ពីរ​នេះ​ក្ដី ក៏​ខ្ញុំ​ពុំ​ហ៊ាន​បដិសេធ​វាដែរ ។ ដួងចិត្ត​របស់​ខ្ញុំ​តាំង​ស្រេច​ហើយ ។ ឱ​ព្រះ ដួងចិត្ត​របស់​ខ្ញុំ​តាំង​ស្រេច​ហើយ ! ខ្ញុំ​ដឹង​ពិត ហើយ​យ៉ាង​ប្រាកដ​ច្បាស់ » ។

ចច ហ្គតហ្វ្រី ជា​អ្នកស្គាល់​ម៉ាទីន បានសរសេរ​ថា ៖ « ប៉ុន្មាន​ម៉ោង​មុន​ម៉ាទីន​ស្លាប់ … ខ្ញុំ​បាន​សួរ [ ម៉ាទីន ] បើ​សិនជា​គាត់​មានអារម្មណ៍​ថា ​មាន​ចំណែក​តូច​ណា​មួយ មិនទៀងត្រង់ ហើយ​បោក​បញ្ឆោត​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​សរសេរ ហើយ​បាន​ប្រាប់​អំពី ការ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ហើយ​គាត់​បាន​តប​ដូច​ដែល​គាត់​តែងតែ​ធ្វើ…រួច​និយាយថា ៖ ‹ ព្រះគម្ពីរ​មរមន​ពុំ​ក្លែង​ក្លាយទេ ។ ខ្ញុំ​ស្គាល់​អ្វី​ដែល​ខ្ញុំ​ដឹង ។ ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​ឮ ។ ខ្ញុំ​បាន​ឃើញ​ផ្ទាំង​ចំណារ​មាស​ ដែល​ព្រះគម្ពីរមរមន​ត្រូវ​បាន​ឆ្លាក់​ត្រា ។ ទេវតា​មួយ​អង្គ​បាន​លេច​មកជួប​នឹង​ខ្ញុំ និង​អ្នកដទៃទៀត ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​កំណត់ត្រា​នេះ ហើយ​បើ​ខ្ញុំ​បាន​ថ្លែង​កុហក ឬ​ស្បថ​ដោយខុសឆ្គងចំពោះ​ទីបន្ទាល់​ដែល​ខ្ញុំ​ថ្លែង​ឥឡូវនេះ នោះ​ខ្ញុំអា​ច​ក្លាយ​ជា​អ្នកមានម្នាក់ ប៉ុន្តែ​ខ្ញុំ​មិនអាច​ថ្លែង​ទីបន្ទាល់​ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ថ្លែង​នោះទេ ហើយ​ឥឡូវ​ខ្ញុំ​កំពុង​ថ្លែង​ថា​រឿងទាំងនេះ​គឺ​ជា​ការ​ពិត » ។

« ដោយ​មាត់​នៃ​ពួក​សាក្សី​ទាំងប៉ុន្មាន​ដែល​ទ្រង់​យល់​ថា​ល្អ​គ្រប់គ្រាន់​សម្រាប់ទ្រង់ »

ទីបន្ទាល់​ទាំងឡាយ​របស់​ពួក​សាក្សី​បីនាក់ គឺ​មាន​ចំណាប់អារម្មណ៍​ជាពិសេស​ដើម្បី​គិត​អំពី​បទពិសោធន៍​របស់​ពួកគាត់​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អូលីវើរ ដាវីឌ និង ម៉ាទីន ពុំ​ដែល​ឈប់​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​មាន​បទពិសោធន៍ ហើយ​ថ្លែង​ជា​សាក្សី​ថា ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះទេ ។ ពួកគេ​ពុំ​មែន​ជា​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះទេ ។

កាល​ពីបុរាណ នីហ្វៃ​បាន​ប្រកាស​ថា « ព្រះអម្ចាស់​​ដ៏ជា​ព្រះ ទ្រង់​នឹង​ចាប់​ផ្ដើម​នាំ​ពាក្យ​ទាំងឡាយ​ក្នុង​គម្ពីរ​នោះ​ចេញ​មក ហើយ​ទ្រង់​នឹង​តាំង​ព្រះបន្ទូល​នៃ​ទ្រង់ ដោយ​មាត់នៃពួក​សាក្សី​ទាំង​ប៉ុន្មាន ដែល​ទ្រង់​យល់​ថា​ល្អ​គ្រប់គ្រាន់​សម្រាប់ទ្រង់​ហើយ » ( នីហ្វៃទី ២ ២៧:១៤ ) ។ បន្ថែម​ទៅលើ​ព្យាការី យ៉ូសែប ស៊្មីធ និង​សាក្សី​បីនាក់ ព្រះអម្ចាស់​បាន​ជ្រើសរើស​សាក្សី​ប្រាំបីនាក់​ទៀត​ដើម្បី​មើលឃើញ​ផ្ទាំង​ចំណារ​ផងដែរ ។ ទីបន្ទាល់​របស់​ពួកគាត់​ក៏​មាន​ដាក់បញ្ចូល​នៅ​គ្រប់​ច្បាប់​ព្រះគម្ពីរមរមន​ផងដែរ ។ ដូចជា អូលីវើរ ដាវីឌ និង​ម៉ាទីន សាក្សី​ប្រាំបី​នាក់​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​ពួកគាត់​អំពី​ព្រះគម្ពីរមរមន និង​សាក្សី​របស់​ពួកគាត់​អំពី​ផ្ទាំង​ចំណារ​មាស ។

វិលលាម អ៊ី ម៉័កខ្លេលិន គឺ​ជា​អ្នកផ្លាស់ប្រែចិត្តជឿ​ដំបូង​មកលើ​សាសនាចក្រ ដែល​បាន​ស្គាល់​សាក្សី​ជា​ច្រើន​អំពី​ព្រះគម្ពីរមរមន​ដោយ​ផ្ទាល់ ។ វិលលាម នៅ​ទីបំផុត​បាន​ចាក​ចេញ​ពី​សាសនាចក្រ ប៉ុន្តែ​គាត់​បានបន្ដ​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំង​មកពី​ទីបន្ទាល់ដ៏​បញ្ចុះបញ្ចូល​​ខ្លាំង ដែល​គាត់​បាន​ស្ដាប់​ឮ​មកពី​ពួក​សាក្សី ។

ម៉័កខ្លេលិន បាន​សរសេរ​នៅ​ចុងបញ្ចប់នៃ​ជីវិត​របស់គាត់​ថា « ឥឡូវ​ខ្ញុំ​នឹង​សួរ​ថា តើ​ខ្ញុំនឹងធ្វើដូចម្តេចនឹងមន្ទិលសង្ស័យ​អំពី​សាក្សី​ដ៏​ស្មោះត្រង់ ដែល​ថ្លែង​ទីបន្ទាល់​ដ៏ឧឡារិក និងសមហេតុផលដូច្នេះ​យ៉ាងណា​បាន ? បុរស​ទាំងនេះ​កាល​នៅ​ក្នុង​ជីវិត​ដ៏​ល្អ បាន​ឃើញ​ការនិមិត្ត​របស់​ទេវតា ហើយ​បាន​ថ្លែង​ទីបន្ទាល់​របស់ពួកគេ​ទៅកាន់​មនុស្ស​គ្រប់រូប ។ ហើយ​បុរស​ប្រាំបីនាក់​បាន​មើល​ឃើញ​ផ្ទាំង​ចំណារ ហើយ​បាន​កាន់​ផ្ទាំង​ទាំងនោះ ។ ម្ល៉ោះ​ហើយ​បុរស​ទាំងនេះ​គ្រប់រូបបាន​ដឹង​ថាអ្វី​ៗ​ដែល​ពួកគេ​បាន​ប្រកាស​ថា​ជា​ការ​ពិតដ៏ពិត ។ ហើយ​ពួក​គាត់បានប្រកាស​ដូច្នោះកាល​នៅ​ក្មេង ហើយ​ឥឡូវ​នៅពេល​ពួកគាត់​ចាស់ទៅ ក៏​បាន​ប្រកាស​រឿងនោះ​ដដែល » ។

ទោះ​ជា​យើង​ពុំ​បាន​ឃើញ​ផ្ទាំង​ចំណារ​មាស​ដូចជា​ពួកសាក្សីបីនាក់​បានឃើញ ក៏​យើង​អាច​ទទួល​បាន​កម្លាំង​មកពី​ទីបន្ទាល់​របស់ពួកគាត់​ផងដែរ ។ ទោះ​ជា​នៅពេល​កេរ្តិ៍ឈ្មោះ​របស់​ពួកគាត់​មាន​បញ្ហា​ ហើយសុវត្ថិភាព និងជីវិត​របស់ពួកគាត់​ស្ថិត​នៅ​ក្នុង​ការ​គម្រាមគំហែង​ដោយសារ​តែ​ទីបន្ទាល់​របស់ពួកគាត់​ក្ដី ក៏​បុរស​ទាំងនេះ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់ពួកគាត់​រហូត​ដល់ទីបញ្ចប់ ​ដោយ​ក្លាហាន​សុចរិត​ផងដែរ ។

  1. សូមអាន​អំពី​បទពិសោធន៍​របស់ពួកគាត់​នៅក្នុង ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ ៧៣–៧៥ ។

  2. ដាល្លិន អេក អូក « The Witness: Martin Harris » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ ។

  3. យ៉ាកុប អែហ្វ ហ្គេត « Testimony of Jacob Gates » Improvement Era ខែ មីនា ឆ្នាំ ១៩១២ ទំព័រ ៤១៨–៤១៩ ។

  4. នៅក្នុង In Lyndon W. Cook, ed., David Whitmer Interviews: A Restoration Witness ( ឆ្នាំ ១៩៩១ ) ទំព័រ ៧៩ ។

  5. នៅក្នុង Mitchell K. Schaefer, « The Testimony of Men: William E. McLellin and the Book of Mormon Witnesses, » BYU Studies, វ៉ុល ៥០, លេខ. ១ ( ឆ្នាំ ២០១១ ) ទំព័រ ១០៨; capitalization standardized ។

  6. ចច ហ្គតហ្វ្រី, « Testimony of Martin Harris » ( សំណេរ​ដែល​ពុំ​បាន​បោះពុម្ព ), បានដក​ស្រង់នៅក្នុង Eldin Ricks, The Case of the Book of Mormon Witnesses ( ឆ្នាំ ១៩៦១ ) ទំព័រ ៦៥–៦៦ ។

  7. ឧទាហរណ៍​សូមមើល Saints ១:១៨២–៨៣ ។

  8. នៅក្នុង Schaefer « Testimony of Men » ទំព័រ ១១០ ។