« ឧបសម្ព័ន្ធ ក ៖ តើព្រះវិញ្ញាណធ្វើជាសាក្សីចំពោះខ្ញុំថាព្រះគម្ពីរមរមនពិតដោយរបៀបណា ? ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ឧបសម្ព័ន្ធ ក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ឧបសម្ព័ន្ធ ក
តើព្រះវិញ្ញាណធ្វើជាសាក្សីចំពោះខ្ញុំថាព្រះគម្ពីរមរមនពិតដោយរបៀបណា ?
បងប្អូនអាចបានស្ដាប់ឮការសន្យារបស់មរ៉ូណៃចំពោះមនុស្សទាំងអស់ដែលអានព្រះគម្ពីរមរមន ៖ « បើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។ ប៉ុន្តែ តើដើម្បីដឹងអំពីសេចក្ដីពិត « ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » មានន័យដូចម្តេច ? តើបងប្អូនអាចដឹងថា ពេលណាដែលព្រះវិញ្ញាណកំពុងមានបន្ទូលមកកាន់បងប្អូន ?
វាអាចនឹងជាប្រយោជន៍ដើម្បីចងចាំថា ព្រះវិញ្ញាណបរិសុទ្ធទំនាក់ទំនងមកកាន់យើងតាមរបៀប ដែលខុសប្លែកពីរបៀបដែលយើងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។ ប៉ុន្តែព្រះវរបិតាសួគ៌របស់បងប្អូនចង់ជួយដល់បងប្អូនឲ្យរៀនស្គាល់ព្រះវិញ្ញាណ ។ ទ្រង់បានប្រទានដល់បងប្អូននូវព្រះគម្ពីរមរមន ដែលមានពួកអ្នកបម្រើស្មោះត្រង់ខ្លះពិពណ៌នាអំពីបទពិសោធន៍របស់ពួកគេជាមួយនឹងសំឡេងព្រះអម្ចាស់ ។
ឧទាហរណ៍ នីហ្វៃបានប្រាប់បងប្រុសរបស់គាត់ថា ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកគេ « ដោយសំឡេងតូចរហៀង » ពុំចាំបាច់តែជាសំឡេងមួយដែលពួកគេអាចស្ដាប់ឮដោយត្រចៀករបស់ពួកគេនោះទេ ។ តាមពិត នីហ្វៃបាននិយាយទៅបងប្រុសរបស់គាត់ថាមាន « ចិត្តវក់ » ហើយពុំអាច « ចាប់អារម្មណ៍ ព្រះបន្ទូលទ្រង់ » ( នីហ្វៃទី ១ ១៧:៤៥ បន្ថែមអក្សរទ្រេត ) ។ អេណុសបានពិពណ៌នាអំពីចម្លើយចំពោះការអធិស្ឋានរបស់គាត់ថាជា « សំឡេងរបស់ព្រះអម្ចាស់ » បានចូលមកក្នុង « គំនិត [ របស់គាត់ ] » ( អេណុស ១:១០ ) ។ ហើយសូមពិចារណាអំពីពាក្យសម្ដីទាំងនេះដែលពិពណ៌នាអំពីសំឡេង ដែលបន្លឺចេញមានមកពីស្ថានសួគ៌ នៅពេលដែលព្រះអង្គសង្គ្រោះ បានរស់ឡើងវិញបង្ហាញព្រះកាយនៅ ដែនដីបរិបូរណ៍ ៖ « មិនមែនជាសំឡេងស្អក ឬជាសំឡេងខ្លាំងនោះទេ ក៏ប៉ុន្ដែ … សំឡេងនោះបានជ្រួតជ្រាបទៅក្នុងព្រលឹងរបស់ពួកគេ ហើយធ្វើឲ្យចិត្តរបស់គេឆេះរោលរាល » ( នីហ្វៃទី ៣ ១១:៣ ) ។
ប្រហែលជាបងប្អូនមានបទពិសោធន៍ស្រដៀងគ្នាទៅនឹងបទពិសោធន៍ទាំងនោះ ឬប្រហែលជាបទពិសោធន៍របស់បងប្អូនខុសប្លែកពីគេ ។ ព្រះវិញ្ញាណបរិសុទ្ធទំនាក់ទំនងតាមរបៀបផ្សេងៗ ហើយវិវរណៈអាចកើតមានចំពោះយើងម្នាក់ៗផ្សេងៗគ្នា ។ ហើយនៅពេលព្រះវិញ្ញាណមាននៅក្នុងជីវិតរបស់យើង នោះយើងនឹងមើលឃើញឥទ្ធិពលរបស់ទ្រង់កើតមានមកលើយើងតាមរបៀបជាច្រើន ។ សាវកប៉ុលថ្លែងអំពី « ផលផ្លែនៃព្រះវិញ្ញាណ »— ជាអារម្មណ៍នៃ « សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » នៅក្នុងចំណោមអ្វីៗជាច្រើនផ្សេងទៀត ( កាឡាទី ៥:២២–២៣ ) ។
នេះគឺជាការបង្រៀន និងបទពិសោធន៍មួយចំនួនផ្សេងៗទៀតមកពីព្រះគម្ពីរមរមនអំពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលបងប្អូនអាន បងប្អូនអាចមើលឃើញថា ព្រះវិញ្ញាណបរិសុទ្ធកំពុងថ្លែងមកកាន់បងប្អូនច្រើនជាងដែលបងប្អូនបានដឹង ដោយថ្លែងជាសាក្សីដល់បងប្អូនថា ព្រះគម្ពីរមរមនគឺពិតជាព្រះបន្ទូលរបស់ព្រះ ។
ការដឹងគុណ និងអំណរ
ព្រះគម្ពីរមរមនចាប់ផ្តើមឡើងជាមួយព្យាការីលីហៃដែលមើលឃើញការនិមិត្តដ៏អស្ចារ្យមួយ ។ នៅក្នុងការនិមិត្តនេះ គាត់បានទទួលសៀវភៅមួយក្បាល ហើយត្រូវបានអញ្ជើញឲ្យអាន ។ កំណត់ត្រាបានថ្លែងថា « នៅពេលដែលឪពុកខ្ញុំកំពុងតែអាននោះ លោកក៏បានពោរពេញទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ »។ បទពិសោធន៍នេះបានដឹកនាំលីហៃឲ្យសរសើរព្រះចំពោះ « ព្រះចេស្ដា និងសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា » របស់ទ្រង់ ហើយ « ព្រលឹងវិញ្ញាណលោកបានអរសប្បាយ ហើយដួងចិត្តលោកបានពោរពេញ » ( នីហ្វៃទី ១ ១:១២, ១៤–១៥ ) ។
តើបងប្អូនធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរឬទេ ? តើការអានព្រះគម្ពីរមរមនបានបំពេញដួងចិត្តរបស់បងប្អូនដោយការដឹងគុណចំពោះសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណារបស់ព្រះឬទេ ? តើវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរមរមនបានបណ្ដាលឲ្យព្រលឹងរបស់បងប្អូនរីករាយដែរឬទេ ? អារម្មណ៍ទាំងនេះគឺជាឥទ្ធិពលនៃព្រះវិញ្ញាណ កំពុងថ្លែងទីបន្ទាល់ចំពោះបងប្អូនថា ពាក្យសម្ដីទាំងឡាយដែលបងប្អូនកំពុងអានចេញមកពីព្រះ ហើយបង្រៀនសេចក្ដីពិតរបស់ទ្រង់ ។
ដួងចិត្តផ្លាស់ប្ដូរ
បន្ទាប់ពីការផ្សាយទេសនកថាដ៏អស្ចារ្យអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ២–៤ ) ស្ដេចបេនយ៉ាមីនចង់ដឹងបើសិនជារាស្ត្ររបស់ទ្រង់ « ជឿតាមពាក្យសម្ដីដែលទ្រង់មានបន្ទូលទៅកាន់ពួកគេនោះឬទេ » ។ ពួកគេបានតបថាពួកគេជឿទៅលើសារលិខិតរបស់ទ្រង់ ។ ហេតុអ្វីទៅ ? « ដោយសារព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ ៥:១–២ ) ។
ប្រហែលជាបងប្អូនបានកត់សម្គាល់ឃើញអ្វីមួយស្រដៀងគ្នានៅក្នុងដួងចិត្តរបស់បងប្អូននៅពេលបងប្អូនអានព្រះគម្ពីរមរមន ។ ឧទាហរណ៍ បងប្អូនបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើជាមនុស្សកាន់តែល្អប្រសើរ ដើម្បីងាកចេញពីអំពើបាប ឬធ្វើអ្វីមួយដោយសន្ដានចិត្តល្អចំពោះនរណាម្នាក់ ។ នេះគឺជាសាក្សីខាងវិញ្ញាណដែលបងប្អូនកំពុងស្វែងរកដែល ព្រះគម្ពីរត្រូវបានបំផុសគំនិតមកពីព្រះ ។ ដ្បិតដូចមរមនបានបង្រៀនថា « អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺផុសគំនិតមកពីព្រះ » ( មរ៉ូណៃ ៧:១៣ សូមមើលផងដែរ នីហ្វៃទី៣ ៣៣:៤, ១០; អាលម៉ា ១៩:៣៣; អេធើរ ៤:១១–១២ ) ។
បំភ្លឺគំនិត
នៅពេលអាលម៉ាចង់ជួយដល់សាសន៍សូរាំ « ធ្វើការពិសោធន៍ដល់ពាក្យសម្ដី [ របស់លោក ] » ហើយដឹងដោយខ្លួនពួកគេថាតើទីបន្ទាល់របស់លោកពិតឬទេ នោះលោកបានប្រៀបធៀបព្រះបន្ទូលរបស់ព្រះទៅនឹងគ្រាប់ពូជមួយគ្រាប់ ៖ « បើសិនជាអ្នករាល់គ្នាទុកកន្លែងមួយសម្រាប់ឲ្យគ្រាប់ពូជនោះអាចដុះនៅក្នុងចិត្តរបស់អ្នក » លោកបានពន្យល់ថា « មើលចុះ គ្រាប់ពូជនោះនឹងចាប់ផ្ដើមរីកឡើងនៅក្នុងទ្រូងរបស់អ្នក ហើយនៅពេលអ្នកចាប់អារម្មណ៍ថា គ្រាប់នោះរីកឡើង នោះអ្នករាល់គ្នានឹងនិយាយដោយខ្លួនឯងថា នេះច្បាស់ជាគ្រាប់ពូជល្អ ឬក៏ព្រះបន្ទូលនោះល្អ ព្រោះវាចាប់ផ្ដើមពង្រីកព្រលឹងរបស់ខ្ញុំ មែនហើយវាចាប់ផ្តើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » ( អាលម៉ា ៣២:២៧–២៨ ) ។
បងប្អូន « ទុកកន្លែងមួយ » នៅក្នុងដួងចិត្តបងប្អូនសម្រាប់ពាក្យសម្ដីនៃព្រះគម្ពីរមរមន នៅពេលបងប្អូនអនុញ្ញាតឲ្យវាមានឥទ្ធិពលមកលើជីវិតបងប្អូន ហើយដឹកនាំការជ្រើសរើសរបស់បងប្អូន ។ ហើយតើពាក្យសម្ដីទាំងនេះ « ពង្រីកព្រលឹង [ របស់បងប្អូន ] » ហើយ « បំភ្លឺយោបល់របស់ [ បងប្អូន ] » ដោយរបៀបណា ? បងប្អូនអាចដឹងថា បងប្អូនកំពុងតែកាន់តែរឹងមាំខាងវិញ្ញាណ ។ បងប្អូនអាចទទួលអារម្មណ៍កាន់តែមានសេចក្ដីស្រឡាញ់ ហើយបើកចិត្តចំពោះអ្នកដទៃ ។ បងប្អូនក៏អាចកត់សម្គាល់ផងដែរថា បងប្អូនយល់ដឹងរឿងនានាបានល្អប្រសើរ ជាពិសេសរឿងខាងវិញ្ញាណ—ស្ទើរតែដូចជាពន្លឺភ្លើងកំពុងបំភ្លឺនៅក្នុងគំនិតរបស់បងប្អូនដូច្នោះដែរ ។ បងប្អូនអាចនឹងយល់ស្របថា គោលលទ្ធិដែលបានបង្រៀននៅក្នុងព្រះគម្ពីរមរមន គឺ « មានរសជាតិឆ្ងាញ់ » ។ អារម្មណ៍ដូច្នេះអាចជួយបងប្អូនយល់ដឹងថា បងប្អូនបានទទួលសាក្សីអំពីសេចក្ដីពិតខាងវិញ្ញាណដ៏ពិត ដូចអាលម៉ាបានប្រកាសថា ៖ « តើការណ៏នេះពុំមែនពិតទេឬអី ? ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ពីព្រោះនេះជាពន្លឺ ហើយអ្វីក៏ដោយដែលជាពន្លឺគឺល្អ ពីព្រោះវាអាចញែកចេញបាន ហេតុដូច្នោះហើយ អ្នកត្រូវដឹងថាល្អ » ( អាលម៉ា ៣២:៣៥ ) ។
បងប្អូនពុំចាំបាច់ត្រូវងឿងឆ្ងល់ឡើយ
ទាំងនេះគឺជារបៀបមួយចំនួនដែលព្រះវិញ្ញាណទំនាក់ទំនង ។ មានសេចក្ដីពិតជាច្រើនទៀត ។ សូមបន្ដស្វែងរកឱកាសដើម្បីស្ដាប់សំឡេងនៃព្រះវិញ្ញាណ ហើយបងប្អូននឹងទទួលបានសាក្សីបញ្ជាក់ជាបន្ដបន្ទាប់របស់ទ្រង់អំពីភាពពិតពេញលេញអំពីព្រះគម្ពីរមរមន ។
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា ៖ « បងប្អូនពុំចាំបាច់ងឿងឆ្ងល់អំពីអ្វីជាការពិតនោះទេ ។ បងប្អូនពុំចាំបាច់ឆ្ងល់ថា បងប្អូនគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន បងប្អូនអាចទទួលសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធគឺជាព្យាការី ហើយថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់អាចដកយកនូវសាក្សីមួយដែលកើតនៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនអំពីអ្វីដែលជាការពិតបានឡើយ » ( « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។