ព្រះគម្ពីរ
អាលម៉ា 32


ជំពូក​ទី ៣២

អាលម៉ា​បង្រៀន​ពួក​អ្នក​ក្រីក្រ ព្រោះ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​គេ​រាបទាប — សេចក្ដី​ជំនឿ​គឺជា​សេចក្ដី​សង្ឃឹម​មួយ​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ តែ​ពិត — អាលម៉ា​ធ្វើ​បន្ទាល់​ថា ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​ដល់​ទាំង​មនុស្ស​ប្រុស មនុស្ស​ស្រី និង​ក្មេងៗ — អាលម៉ា ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ — វា​ត្រូវ​តែ​ដាំ ហើយ​ថែរក្សា — រួច​ទើប​វា​ដុះ​ទៅ​ជា​ដើម ដែល​បាន​បេះ​ផ្លែ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ចេញ​ទៅ ហើយ​បាន​ចាប់​ផ្ដើម​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន ដោយ​បាន​ចូល​ទៅ​ក្នុង​សាលាជំនុំ​ទាំង​ឡាយ​របស់​គេ និង​ផ្ទះ​ទាំង​ឡាយ​របស់​គេ មែន​ហើយ គេ​ថែម​ទាំង​បាន​ផ្សាយ​ប្រាប់​នៅ​តាម​ថ្នល់​របស់​គេ​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​គេ​មាន​ការ​នឿយហត់​ជា​ខ្លាំង នោះ​គេ​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ចំណោម​បណ្ដា​ជន ក្រីក្រ ត្បិត​មើល​ចុះ ពួក​ជន​ទាំង​នេះ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលាជំនុំ​ទាំង​ឡាយ ដោយ​ព្រោះ​សំលៀកបំពាក់​របស់​គេ​ពុំ​ល្អ —

ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​សាលាជំនុំ​ទាំង​ឡាយ​របស់​គេ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ទេ តែ​ត្រូវ​គេ​មើល​ងាយ ថា​ជា​ស្មោក​គ្រោក​វិញ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ជា​មនុស្ស​ក្រីក្រ មែន​ហើយ ពួក​គេ​ត្រូវ​បង​ប្អូន​របស់​ខ្លួន​មើល​ងាយ​ថា​ជា​កាក​សំណល់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​សេចក្ដី​កម្សត់​ខាង​ឯ​អ្វីៗ​នៃ​លោកិយ ហើយ​ពួក​គេ​ក៏​ថែម​ទាំង​មាន​សេចក្ដី​កម្សត់​ខាង​ឯ​ចិត្ត​ផង​ដែរ។

ឥឡូវ​នេះ នៅ​ពេល​អាលម៉ា​កំពុងតែ​បង្រៀន ហើយ​និយាយ​ទៅ​កាន់​ប្រជាជន​នៅ​លើ​ភ្នំ​អូណៃដា មាន​ហ្វូង​មនុស្ស​ដ៏​ធំ​មួយ​បាន​មក​រក​លោក គឺជា​ពួក​អ្នក​ដែល​យើង​ទើប​តែ​បាន​និយាយ​មក ដែល​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​ចិត្ត ដោយ​ព្រោះ​សេចក្ដី​កម្សត់​ខាង ឯ​អ្វីៗ​នៃ​លោកិយ។

ហើយ​ពួក​គេ​បាន​មក​ជួប​នឹង​អាលម៉ា ហើយ​ជន​ម្នាក់​ដែល​នៅ​ខាង​មុខ​គេ​បង្អស់ បាន​និយាយ​មក​រក​លោក​ថា ៖ មើល​ចុះ តើ​បង​ប្អូន​ខ្ញុំ​ទាំង​នេះ​ត្រូវ​ធ្វើ​អ្វី​ទៅ ព្រោះ​អស់​ទាំង​មនុស្ស​ស្អប់​គេ ដោយ​ព្រោះ​សេចក្ដី​កម្សត់​របស់​គេ មែន​ហើយ ជា​ពិសេស គឺ​ពួក​សង្ឃ​របស់​យើង ត្បិត​ពួក​គេ បាន​បណ្ដេញ​យើង​ចេញ​ពី​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​ពួក​យើង ដែល​យើង​បាន​ធ្វើ​យ៉ាង​នឿយហត់​ជា​អតិបរមា ដើម្បី​សង់​ឡើង​ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​ពួក​គេ​បាន​បណ្ដេញ​យើង​ចេញ ដោយ​ព្រោះ​យើង​មាន​សេចក្ដី​កម្សត់​ហួស​កម្រិត ហើយ​យើង​គ្មាន​ទីកន្លែង​ណាមួយ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យើង​ទេ ហើយ​មើល​ចុះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ?

ហើយ​ឥឡូវ​នេះ កាល​អាលម៉ា​បាន​ឮ​យ៉ាង​នេះ​ហើយ នោះ​លោក​បាន​បែរ​មក​សម្លឹង​ចំ​មុខ​ជន​នោះ ហើយ​លោក​បាន​មើល​ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង ត្បិត​លោក​បាន​ឃើញ​ថា សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ ពិតជា​បាន​ធ្វើ​ឲ្យ​គេ​បន្ទាប​ខ្លួន ហើយ​ពួក​គេ​កំពុងតែ​ប្រុងប្រៀប​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល។

ហេតុ​ដូច្នេះ​ហើយ លោក​ពុំ​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ផ្សេង​ទៀត​ទេ ប៉ុន្តែ​លោក​បាន​ហុចដៃ​លោក​ចេញ ហើយ​បាន​ស្រែក​ជា​ខ្លាំង​ទៅ​ពួក​អ្នក​ដែល​លោក​បាន​មើល​នោះ ដែល​ជា​ពួក​ជន​ដែល​បាន​ប្រែ​ចិត្ត​ដ៏​ពិត ហើយ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖

ខ្ញុំ​បាន​ឃើញ​ថា អ្នក​រាល់​គ្នា​មាន​ចិត្ត​ទាប​រាបសា ហើយ​បើ​សិន​ជា​ដូច្នោះ​មែន ពួក​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។

មើល​ចុះ បង​របស់​អ្នក​បាន​សួរ​ថា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ? — ព្រោះ​យើង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​ទាំង​ឡាយ ហើយ​យើង​ពុំ​អាច​ថ្វាយ​បង្គំ​ព្រះ​របស់​យើង​បាន​ទេ​នោះ។

១០មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​មិន​អាច​ថ្វាយ​បង្គំ​ព្រះ​បាន លើកលែងតែ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​ប៉ុណ្ណោះ​ឬ?

១១ហើយ​លើសលែង​ទៅ​ទៀត ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​មិន​ត្រូវ​ថ្វាយ​បង្គំ​ព្រះ គឺ​គ្រាន់​តែ​ម្ដង​ក្នុង​មួយ​អាទិត្យ​ឬ?

១២ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ជា​ការ​ស្រួល​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កិរិយា​រាបទាប ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ត្បិត​ជា​ការ​ចាំ​បាច់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចេះ​មាន​ប្រាជ្ញា ត្បិត​ពី​ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​គេ បណ្ដេញ​ចេញ ដែល​អ្នក​រាល់​គ្នា​ត្រូវ​បង​ប្អូន​អ្នក​ស្អប់ ដោយ​ព្រោះ​អ្នក​ទាល់​ក្រ​ហួស​កម្រិត ទើប​អ្នក​រាល់​គ្នា​ត្រូវ​បាន​នាំ​ឲ្យ​មាន​ចិត្ត​ទាប​រាបសា ត្បិត​អ្នក​រាល់​គ្នា​ចាំ​បាច់​ត្រូវ​តែ​មាន​ចិត្ត​សុ​ភាព​រាបសា។

១៣ហើយ​ឥឡូវ​នេះ ពី​ព្រោះ​អ្នក​ត្រូវ​គេ​បង្ខំ​ឲ្យ​មាន​ចិត្ត​សុ​ភាព​រាបសា នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ជន​ម្នាក់ ជួនកាល បើ​សិន​ជា​អ្នក​ណា​ត្រូវ​គេ​បង្ខំ​ឲ្យ​មាន​ចិត្ត​សុ​ភាព​រាបសា ទើប​ស្វែងរក​ការ​ប្រែ​ចិត្ត ហើយ​ឥឡូវ​នេះ ប្រាកដ​ណាស់​ថា អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត នោះ​នឹង​បាន​សេចក្ដី​មេត្តាករុណា ហើយ​អ្នក​ណា​ដែល​បាន​សេចក្ដី​មេត្តាករុណា ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​ដែល​នឹង​បាន​សង្គ្រោះ។

១៤ហើយ​ឥឡូវ​នេះ ដូច​ខ្ញុំ​ទើប​បាន​ប្រាប់​អ្នក​ហើយ​ថា ពី​ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​គេ​បង្ខំ​ឲ្យ​មាន​ចិត្ត​សុ​ភាព​រាបសា នោះ​អ្នក​រាល់​គ្នា មាន​ពរ​ហើយ តើ​អ្នក​រាល់​គ្នា​ពុំ​គិតស្មាន​ទេ​ឬ​ថា ពួក​អ្នក​ណា​ដែល​មាន​ចិត្ត​សុ​ភាព​រាបសា​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះ​បន្ទូល​នោះ តើ​នឹង​បាន​ទទួល​ពរ​ដល់​ថ្នាក់​ណា​ទៅ?

១៥មែន​ហើយ អ្នក​ណា​ដែល​ពិត​មាន​ចិត្ត​រាបសា​ដោយ​ខ្លួន​ឯង ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន និង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​ដែល​នឹង​មាន​ពរ — មែន​ហើយ មាន​ពរ​ច្រើន​ជាង​ពួក​អ្នក​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​មាន​ចិត្ត​សុ​ភាព​រាបសា​ទៅ​ទៀត ដោយ​ព្រោះ​សេចក្ដី​ក្រខ្សត់​ដ៏​ហួស​កម្រិត​របស់​គេ។

១៦ហេតុ​ដូច្នេះ​ហើយ មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ណា ដែល​បាន​បន្ទាប​ខ្លួន​ដោយ​ពុំ​បាច់​គេ​បង្ខំ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ពុំ​មាន​ចិត្ត​រឹងរូស មែន​ហើយ ដោយ​ពុំ​បាច់​ឲ្យ​គេ​នាំ​ឲ្យ​ស្គាល់​ព្រះ​បន្ទូល ឬ​ពុំ​បាច់​ឲ្យ​គេ​បង្ខំ​ឲ្យ​ស្គាល់​ព្រះ​បន្ទូល មុន​ពេល​គេ​នឹង​ជឿ​នោះ​ឡើយ។

១៧មែន​ហើយ មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា ៖ បើ​អ្នក​បង្ហាញ​ដល់​យើង​នូវ​ទី​សម្គាល់​មួយ​ពី​ស្ថានសួគ៌ នោះ​យើង​នឹង​ដឹង​ដោយ​ពិត​ប្រាកដ លំដាប់​នោះ​ទើប​យើង​នឹង​ជឿ។

១៨ឥឡូវ​នេះ ខ្ញុំ​សូម​សួរ​ថា នេះ​ឬ​គឺ​សេចក្ដី​ជំនឿ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ ត្បិត​បើ​សិន​ជា​មនុស្ស​ដឹង​រឿង​អ្វី​មួយ គេ​ក៏​គ្មាន​ហេតុ​នឹង​ជឿ​សោះឡើយ ព្រោះ​គេ​ដឹង​រឿង​នោះ​ទៅ​ហើយ។

១៩ហើយ​ឥឡូវ​នេះ អ្នក​ណា​ដែល​បាន​ស្គាល់​ព្រះ​ហឫទ័យ​នៃ​ព្រះ ហើយ​ពុំ​បាន​ធ្វើ​តាម នោះ​តើ​នឹង​ត្រូវ​បណ្ដា​សា​ធ្ងន់​ជាង​អ្នក​ណា ដែល​គ្រាន់តែ​ជឿ ឬ​ក៏​មាន​ហេតុ​នឹង​ជឿ ហើយ​បាន​ធ្លាក់​ក្នុង​កា​រំលង​ទេ​ឬ​អី?

២០ឥឡូវ​នេះ អំពី​ការណ៍​នេះ​ហើយ​ដែល​អ្នក​ត្រូវ​វិនិច្ឆ័យ។ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នៅ​ដៃ​នេះ​ក៏​ដូច​ជា​នៅ​ដៃ​នោះ​ដែរ ហើយ​ការណ៍​នោះ​នឹង​កើត​មាន​ឡើង​ដល់​មនុស្ស​គ្រប់​រូប ស្រប​តាម​កិច្ចការ​របស់​ខ្លួន។

២១ហើយ​ឥឡូវ​នេះ ដូច​ខ្ញុំ​បាន​និយាយ​អំពី​សេចក្ដី​ជំនឿ — សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំង​ឡាយ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត។

២២ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ចងចាំ​ថា ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ដល់​អស់​អ្នក​ណា ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទ្រង់​មាន​ព្រះ​ហឫទ័យ​ជា​ដំបូង​បំផុត​ថា អ្នក​រាល់​គ្នា​គួរតែ​ជឿ មែន​ហើយ គឺ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់។

២៣ហើយ​ឥឡូវ​នេះ ទ្រង់​រំលែក​ព្រះ​បន្ទូល​របស់​ទ្រង់​ដល់​មនុស្ស ដោយ​ពួក​ទេវតា មែន​ហើយ មិន​ត្រឹមតែ​ដល់​ពួក​បុរស​ទេ តែ​ដល់​ពួក​ស្ត្រី​ផង​ដែរ។ ឥឡូវ​នេះ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ កូន​ក្មេង​តូចៗ​ក៏​បាន​ទទួល​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​ជា​ច្រើន​ដង​ដែរ ដែល​មាន​ពេល​ខ្លះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​ជ្រប់​មុខ។

២៤ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​អ្នក​ចង់​ដឹង​ពី​ខ្ញុំ​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី ពី​ព្រោះ​អ្នក​មាន​ទុក្ខ​វេទនា ហើយ​ត្រូវ​គេ​បណ្ដេញ​ចេញ — ឥឡូវ​នេះ ខ្ញុំ​ពុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិតស្មាន​ថា ខ្ញុំ​ចង់​ថ្កោលទោស​អ្នក​ឡើយ ត្បិត​ខ្ញុំ​គ្រាន់តែ​និយាយ​តាម​អ្វី​ដែល​ពិត–

២៥ព្រោះ​ពុំ​មែន​ខ្ញុំ​ចង់​និយាយ​ថា អ្នក​រាល់​គ្នា​ត្រូវ​គេ​បង្ខំ​ឲ្យ​បន្ទាប​ខ្លួន​នោះ​ទេ ហើយ​ខ្ញុំ​ជឿជាក់​ថា មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចង់​បន្ទាប​ខ្លួន ទោះ​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

២៦ឥឡូវ​នេះ ដូចដែល​ខ្ញុំ​បាន​និយាយ​អំពី​សេចក្ដី​ជំនឿ — ថា​វា​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នោះ​ទេ — គឺ​ដូច​គ្នា​នឹង​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ពុំ​អាច​ដឹង​នូវ​ភាព​ពិតប្រាកដ​នៃ​ពាក្យ​ទាំង​នោះ​ជា​ដំបូង​ដល់​ភាព​ឥត​ខ្ចោះ​បាន​ឡើយ ក៏​ដូច​គ្នា​នឹង​សេចក្ដី​ជំនឿ ថា​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នោះ​ដែរ។

២៧ប៉ុន្តែ​មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថ​ភាព​ទាំង​ឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការ​ពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ។

២៨ឥឡូវ​នេះ យើង​នឹង​ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ​គ្រាប់។ ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ទុក​កន្លែង​មួយ សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច​ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក មើល​ចុះ បើ​សិន​ជា​គ្រាប់​ពូជ​នោះ​ជា​គ្រាប់​ពិត ឬ​ជា​គ្រាប់​ល្អ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល​ដោយ​ការ​ឥត​ជំនឿ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​រឹងទទឹង​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ទេ មើល​ចុះ គ្រាប់​ពូជ​នោះ​នឹង​ចាប់​ផ្ដើម​រីក​ឡើង​នៅ​ក្នុង​ទ្រូង​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​ថា គ្រាប់​នោះ​រីក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា នេះ​ច្បាស់​ជា​គ្រាប់​ពូជ​ល្អ ឬ​ក៏​ព្រះ​បន្ទូល​នោះ​ល្អ ព្រោះ​វា​ចាប់​ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ។

២៩ឥឡូវ​នេះ មើល​ចុះ តើ​ការណ៍​នេះ​ពុំ​ពង្រីក​សេចក្ដី​ជំនឿ​របស់​អ្នក​ទេ​ឬ​អី? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ការណ៍​នេះ​ពង្រីក​សេចក្ដី​ជំនឿ​របស់​អ្នក​មែន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​វា​ពុំ​បាន​ដុះដាល​ឡើង​ឲ្យ​ទៅ​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នោះ​ដែរ។

៣០ប៉ុន្តែ​មើល​ចុះ នៅ​ពេល​គ្រាប់​ពូជ​នោះ​រីក និង​ពន្លក ហើយ​ចាប់​ផ្ដើម​ដុះ ពេល​នោះ អ្នក​ត្រូវ​និយាយ​ថា គ្រាប់​ពូជ​នោះ​ល្អ ត្បិត​មើល​ចុះ វា​បាន​រីក​ឡើង និង​ពន្លក ហើយ​ចាប់​ផ្ដើម​ដុះ។ ហើយ​ឥឡូវ​នេះ មើល​ចុះ តើ​ការណ៍​នេះ​ពុំ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទេ​ឬ​អី? មែន​ហើយ វា​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក ត្បិត​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា ខ្ញុំ​ដឹង​ថា គ្រាប់​ពូជ​នេះ​ល្អ ត្បិត​មើល​ចុះ វា​ពន្លក​ឡើង ហើយ​ក៏​ចាប់​ផ្ដើម​ដុះ។

៣១ឥឡូវ​នេះ មើល​ចុះ តើ​អ្នក​រាល់​គ្នា​ដឹង​ជា​ប្រាកដ​ថា នេះ​ជា​គ្រាប់​ល្អ​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ ត្បិត​គ្រាប់​នីមួយៗ តែងតែ​នាំ​មក​នូវ​ដើម​ឈើ​មួយ​ពី​ពូជ​នោះ។

៣២ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​គ្រាប់​មួយ​ដុះ គ្រាប់​នោះ​ល្អ ប៉ុន្តែ​បើ​វា​ពុំ​ដុះ​ទេ មើល​ចុះ គឺជា​គ្រាប់​ពុំ​ល្អ​វិញ ហេតុ​ដូច្នេះ​ហើយ វា​នឹង​ត្រូវ​គេ​បោះ​ចោល។

៣៣ហើយ​ឥឡូវ​នេះ មើល​ចុះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សាកល្បង​ធ្វើ​ការ​ពិសោធន៍ ហើយ​បាន​ដាំ​គ្រាប់​ពូជ ហើយ​វា​បាន​រីក​ឡើង និង​ពន្លក ហើយ​ចាប់​ផ្ដើម​ដុះ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា គ្រាប់​ពូជ​នោះ​ល្អ។

៣៤ហើយ​ឥឡូវ​នេះ មើល​ចុះ តើ​តម្រិះ​របស់​អ្នក​បាន​ឥត​ខ្ចោះ​ឬ? មែន​ហើយ តម្រិះ​របស់​អ្នក​បាន​ឥត​ខ្ចោះ​ចំពោះ​រឿង​នេះ ឯ​សេចក្ដី​ជំនឿ​របស់​អ្នក​សម្ងំ​នៅ​ស្ងៀម ការណ៍​នេះ​ក៏​ដោយ សារ​តែ​អ្នក​ដឹង ត្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​បន្ទូល​បាន​ពង្រីក​ព្រលឹង​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា ក៏​ដឹង​ថា វា​បាន​ពន្លក​ឡើង ឯ​យោបល់​របស់​អ្នក​ក៏​បាន​ភ្លឺ​ឡើង ហើយ​គំនិត​របស់​អ្នក ក៏​ចាប់​ផ្ដើម​រីក​ឡើង។

៣៥ឱ​បើ​ដូច្នោះ តើ​ការណ៍​នេះ​ពុំ​មែនពិត​ទេ​ឬ​អី? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ ពី​ព្រោះ​នេះ​ជា​ពន្លឺ ហើយ​អ្វី​ក៏​ដោយ ដែល​ជា​ពន្លឺ​គឺ​ល្អ ពី​ព្រោះ​វា​អាច​ញែក​ចេញ​បាន ហេតុ​ដូច្នេះ​ហើយ អ្នក​ត្រូវ​ដឹង​ថា​វា​ល្អ ហើយ​ឥឡូវ​នេះ មើល​ចុះ បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ភ្លក់​នូវ​ពន្លឺ​នេះ តើ​តម្រិះ​របស់​អ្នក​បាន​ឥត​ខ្ចោះ​ហើយ​ឬ?

៣៦មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​ត្រូវ​ទុក​សេចក្ដី​ជំនឿ​របស់​ខ្លួន​មួយ​អន្លើ​ឡើយ ត្បិត​អ្នក​រាល់​គ្នា​ទើប​តែ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្លួន ដើម្បី​ដាំ​គ្រាប់​ពូជ​ប៉ុណ្ណោះ ដើម្បី​អ្នក​រាល់​គ្នា​អាច​សាក​ធ្វើ​ការ​ពិសោធន៍​ឲ្យ​ដឹង​ថា តើ​គ្រាប់​ពូជ​នោះ​ល្អ​ឬ​ទេ។

៣៧ហើយ​មើល​ចុះ នៅ​ពេល​ដើម​ចាប់​ផ្ដើម​ដុះ​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា ៖ ចូរ​យើង​ថែទាំ​វា​ដោយ​ថ្នាក់​ថ្នម ដើម្បី​វា​អាច​ដុះ​ឫស ដើម្បី​វា​អាច​ដុះ​ឡើង ហើយ​នឹង​ផ្ដល់​ផ្លែ​ផ្កា​ដល់​យើង។ ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ថែទាំ​វា​ដោយ​ថ្នាក់​ថ្នម នោះ​វា​នឹង​ចាក់​ឫស​ដុះ​ឡើង ហើយ​នឹង​ផ្ដល់​ផ្លែ​ផ្កា។

៣៨ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា​បោះបង់​ដើម​នោះ ហើយ​ពុំ​បាន​គិត​ដល់​ការ​ថែទាំ​វា មើល​ចុះ វា​នឹង​ពុំ​ចាក់​ឫស​ទេ ហើយ​កាលណា​កម្ដៅ​ថ្ងៃ​មក​ដល់ នោះ​នឹង​ដុត​រោល​វា​ទៅ​វិញ ពី​ព្រោះ​វា​គ្មាន​ឫស វា​នឹង​ក្រៀម​ស្ងួត​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​ដក​វា​ឡើង ហើយ​បោះ​វា​ចោល​ទៅ។

៣៩ឥឡូវ​នេះ នេះ​ពុំ​មែន​មក​ពី​គ្រាប់​ពុំ​ល្អ​ទេ ហើយ​ក៏​ពុំ​មែន​មក​ពី​ផ្លែ​នោះ​ពុំ​គួរ​ឲ្យ​ប្រាថ្នា​ដែរ ប៉ុន្តែ​មក​ពី​ដី​របស់​អ្នក​ឥត​ជីជាតិ ហើយ​មក​ពី​អ្នក​រាល់​គ្នា​ពុំ​ថែទាំ​ដើម​នោះ ហេតុ​ដូច្នេះ​ហើយ អ្នក​ពុំ​អាច​បាន​ទទួល​ផ្លែ​ឈើ​នោះ​ឡើយ។

៤០ម្ល៉ោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ថែទាំ​ព្រះ​បន្ទូល ពុំ​ទន្ទឹង​ចាំ​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ ដល់​ផល​នៃ​ព្រះ​បន្ទូល​នោះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បេះ​ផ្លែ​នៃ​ដើម​ជីវិត​បាន​ឡើយ។

៤១ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា​ថែទាំ​ព្រះ​បន្ទូល មែន​ហើយ ថែទាំ​ដើម​នៅ​ពេល​វា​ចាប់​ផ្ដើម​ដុះ ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក ដោយ​សេចក្ដី​ព្យាយាម​ដ៏​ខ្លាំងក្លា និង​ដោយ​សេចក្ដី​អត់​ធន់ ហើយ​ទន្ទឹង​ចាំ​ផ្លែ​ឈើ​នោះ នោះ​វា​នឹង​ចាក់​ឫស ហើយ​មើល​ចុះ វា​នឹង​ក្លាយ​ទៅ​ជា​ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។

៤២ហើយ​ដោយ​សារ​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​អត់ធន់​របស់​អ្នក​ទៅ​លើ​ព្រះ​បន្ទូល ដោយ​ថែ​ទាំ​ព្រះ​បន្ទូល​នោះ ដើម្បី​ឲ្យ​វា​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​អ្នក មើល​ចុះ នៅ​មិន​យូរ​មិន​ឆាប់ អ្នក​រាល់​គ្នា​នឹង​បេះ​បាន​ផ្លែ​ឈើ​នោះ ដែល​ពិសេស​បំផុត ដែល​ផ្អែម​ជាង​អ្វីៗ​ដែល​ផ្អែម​ទាំង​អស់ ហើយ​ដែល​ស​ជាង​អ្វីៗ​ដែល​ស​ទាំង​អស់ មែន​ហើយ ហើយ​សុទ្ធ​ជាង​អ្វីៗ​ដែល​សុទ្ធ​ទាំង​អស់ ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទាន​ផ្លែ​នេះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ឆ្អែតឆ្អន់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឃ្លាន ហើយ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ស្រេក​ទៀត​ឡើយ។

៤៣នៅ​ពេល​នោះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ អ្នក​រាល់​គ្នា​នឹង​ច្រូតកាត់​នូវ​រង្វាន់​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​អត់ធន់ និង​សេចក្ដី​អត់ធ្មត់ ដោយ​រង់ចាំ​ឲ្យ​ដើម​ផ្ដល់​ផ្លែ​ផ្កា​ដល់​អ្នក៕