« ថ្ងៃទី ២១–២៧ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ ទ្រង់នឹងយាងមកក្នុងលោកិយដើម្បីប្រោសលោះរាស្ត្រទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២១–២៧ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២១–២៧ ខែ ធ្នូ
បុណ្យគ្រីស្ទម៉ាស់
« ទ្រង់នឹងយាងមកក្នុងលោកិយដើម្បីប្រោសលោះរាស្ត្រទ្រង់ »
រដូវកាលបុណ្យគ្រីស្ទម៉ាស គឺជាគ្រាមួយដើម្បីសញ្ជឹងគិត និងបង្ហាញនូវការដឹងគុណចំពោះការប្រសូតនៃព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ នៅពេលបងប្អូនអាន ហើយពិចារណាក្នុងសប្ដាហ៍នេះអំពីកំណើតនិងព្រះជន្មរបស់ទ្រង់ សូម ពិចារណាអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនរបស់បងប្អូនក្នុងឆ្នាំនេះ បានជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនថា ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ សូមកត់ត្រាចំណាប់អារម្មណ៍នានាដែលកើតមានចំពោះបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចាប់ពីគម្ពីរនីហ្វៃរហូតដល់គម្ពីរមរ៉ូណៃ គ្រប់ព្យាការីក្នុងព្រះគម្ពីរមរមន បានតាំងចិត្តចំពោះគោលបំណងដ៏ពិសិដ្ឋដែលបានសង្ខេបនៅលើ ទំព័រចំណងជើង របស់ព្រះគម្ពីរ ៖ « ដើម្បីជាការបរិវត្តន៍ដល់ [ មនុស្សទាំងអស់ ] ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ។ ព្យាការីម្នាក់បានមើលឃើញទ្រង់កាលជាវិញ្ញាណក្នុងជីវិតមុនជីវិតលើផែនដី ហើយអ្នកដទៃ ទៀតបានមើលឃើញការប្រសូត និងការងារបម្រើរបស់ទ្រង់នៅក្នុងការនិមិត្ត ។ ព្យាការីម្នាក់ឈរនៅលើកំផែងប្រកាសអំពីទីសម្គាល់អំពីការប្រសូត និងការសុគតរបស់ទ្រង់ ហើយអ្នកដទៃទៀតបានលុតជង្គង់នៅចំពោះព្រះកាយដែលបានរស់ឡើងវិញរបស់ទ្រង់ បានពាល់ស្នាមរបួសនៅលើព្រះហស្ត ព្រះបាទា និងលើចំហៀងទ្រង់ ។ ពួកគេទាំងអស់គ្នាបានដឹងសេចក្ដីពិតដ៏សំខាន់នេះ ៖ « គ្មានផ្លូវ ឬមធ្យោបាយផ្សេងទៀតដែលធ្វើឲ្យមនុស្សបានសង្គ្រោះឡើយ មានតែតាមរយៈព្រះលោហិតដែលធ្វើឲ្យធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ … ដែលនឹងយាងមកប្រោសលោះមនុស្សលោក » ( ហេលេមិន ៥:៩ ) ។
ដូច្នេះអំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាស់ ក្នុងនាមជាអ្នកជឿនៅជុំវិញពិភពលោក ប្រារព្ធសេចក្ដីល្អ និងសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងការបញ្ជូនព្រះរាជបុត្រាទ្រង់មក សូមពិចារណាអំពីរបៀបដែលព្រះគម្ពីរមរមនបានពង្រឹងដល់ជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទ ។ នៅពេលបងប្អូនគិតអំពីការប្រសូតរបស់ទ្រង់ សូមពិចារណាអំពីមូលហេតុដែលទ្រង់យាងមក ហើយតើការយាងមករបស់ទ្រង់បានផ្លាស់ប្ដូរជីវិតរបស់អ្នកយ៉ាងដូចម្ដេច ។ បន្ទាប់មក បងប្អូនអាចមានបទពិសោធន៍ពីអំណរពិតនៃបុណ្យគ្រីស្ទម៉ាស់—អំណោយទានដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់បងប្អូន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នីហ្វៃទី ១ ១១:១៣–៣៦; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣; នីហ្វៃទី ៣ ១:៤–២២
ព្រះយេស៊ូវគ្រីស្ទយាងមកផែនដីដើម្បីធ្វើជាព្រះអង្គសង្គ្រោះ ។
វាគឺជាប្រពៃណីដើម្បីអានដំណើររឿងអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ នៅក្នុងគម្ពីរសញ្ញាថ្មីនៅគ្រាបុណ្យគ្រីស្ទម៉ាស់ ប៉ុន្តែបងប្អូនក៏អាចរកបានការព្យាករដ៏អស្ចារ្យអំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះនៅក្នុងព្រះគម្ពីរមរមនផងដែរ ។ ឧទាហរណ៍ ការព្យាករអំពីការប្រសូតនិងការងារបម្រើរបស់ព្រះអង្គសង្គ្រោះមាននៅក្នុង នីហ្វៃទី ១ ១១:១៣–៣៦; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣ និង នីហ្វៃទី ៣ ១:៤–២២ ។ តើបងប្អូនទទួលបានចំណាប់អារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ នៅពេលបងប្អូនអានវគ្គបទគម្ពីរទាំងនេះ ហើយសញ្ជឹងគិតអំពីអត្ថន័យនៃទីសម្គាល់អំពីការប្រសូតរបស់ទ្រង់ ? តើទីបន្ទាល់របស់ពួកព្យាការីនៅលើទ្វីបអាមេរិកទាំងនេះ ជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនទៅលើព្រះគ្រីស្ទ និងបេសកកម្មរបស់ទ្រង់យ៉ាងដូចម្ដេច ?
សូមមើលផងដែរ ម៉ាថាយ ១:១៨–២៥; ២; លូកា ២ ។
នីហ្វៃទី ២ ២:៦; អាលម៉ា ៧:៧–១៣; ១១:៤០; ហេលេមិន ៥:៩; ១៤:១៦–១៧
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះនៃមនុស្សលោកទាំងអស់ ។
យើងនឹងគ្មានហេតុត្រូវប្រារព្ធការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទទេ បើមិនដោយសារពលិកម្មធួនរបស់ទ្រង់នោះ ដែលទ្រង់បានសង្គ្រោះយើងពីអំពើបាប និងការស្លាប់ លួងលោមយើងនៅក្នុងការរងទុក្ខ ហើយជួយយើង « ឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ តើបងប្អូនបានរៀនអ្វីខ្លះមកពីព្រះគម្ពីរមរមនក្នុងឆ្នាំនេះអំពីអំណាចដើម្បីប្រោសលោះរបស់ព្រះអង្គសង្គ្រោះដល់បងប្អូន ? តើមានដំណើររឿង ឬការបង្រៀនណាមួយដែលលេចធ្លោចំពោះបងប្អូន ? សូមពិចារណាអំពីឧទាហរណ៍ដូចខាងក្រោមដែលបង្រៀនបងប្អូនអំពីបេសកកម្មប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ៖ នីហ្វៃទី ២ ២:៦; អាលម៉ា ៧:៧–១៣; ១១:៤០ ហើយ ហេលេមិន ៥:៩; ១៤:១៦–១៧ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតអ្វីខ្លះដើម្បីបង្ហាញការដឹងគុណរបស់បងប្អូនចំពោះទ្រង់ ? ( Christmas.ComeUntoChrist.org មានគំនិតមួយចំនួនដែលអាចឲ្យបងប្អូនចាប់ផ្ដើមបាន ) ។
នីហ្វៃទី ១ ៦:៤; ១៩:១៨; នីហ្វៃទី ២ ២៥:២៣, ២៦; ៣៣:៤, ១០
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
« សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » គឺមានច្រើនជាងគ្រាន់តែជាចំណងជើងរងសម្រាប់ព្រះគម្ពីរមរមន វាគឺជាសេចក្ដីថ្លែងការណ៍មួយអំពីគោលបំណងដ៏ទេវភាពរបស់វា។ សូមពិចារណាអំពីអ្វីដែលបងប្អូនរៀនមកពីបទគម្ពីរដូចខាងក្រោមអំពីបេសកកម្មរបស់ព្រះគម្ពីរមរមន ដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖ នីហ្វៃទី ១ ៦:៤; ១៩:១៨; និង នីហ្វៃទី ២ ២៥:២៣, ២៦; ៣៣:៤, ១០ ។
សូមពិចារណាធ្វើការកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនក្នុងឆ្នាំនេះបាននាំបងប្អូនខិតទៅកាន់តែជិតនឹងព្រះគ្រីស្ទ ។ ការបំផុសគំនិតនៅខាងក្រោមនេះអាចជាជំនួយ ៖
-
« អ្វីមួយថ្មីដែលខ្ញុំបានរៀនអំពីព្រះអង្គសង្គ្រោះក្នុងឆ្នាំនេះគឺ … »
-
« ការអាន [ ខគម្ពីរអំពីព្រះអង្គសង្គ្រោះ ] បានផ្លាស់ប្ដូររបៀបដែលខ្ញុំ… »
-
« មនុស្ស [ ឬដំណើរឿង ] ដែលខ្ញុំចូលចិត្តនៅ ក្នុងព្រះគម្ពីរមរមន បានបង្រៀនខ្ញុំថា ព្រះអង្គ សង្គ្រោះ… »
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ១ ១១:១៣–២៣; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣; នីហ្វៃទី ៣ ១:៤–២២
កុមារតូចៗអាចនឹងរីករាយក្នុងការគូររូបអំពីអ្វីដែលពួកគេបានស្ដាប់ឮ នៅពេលបងប្អូនអានដំណើររឿងអំពីការប្រសូតរបស់ព្រះគ្រីស្ទ និងការងារបម្រើរបស់ព្រះគ្រីស្ទ នៅក្នុង នីហ្វៃទី ១ ១១:១៣–២៣; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣; និង នីហ្វៃទី ៣ ១:៤–២២ ។ បន្ទាប់មកឲ្យកូនៗរបស់បងប្អូនប្រាប់ដំណើររឿងឡើងវិញដោយប្រើរូបភាពដែលពួកគេបានគូរនោះ ។
« ទ្រង់គឺជាអំណោយ »
ដើម្បីជួយដល់គ្រួសាររបស់បងប្អូនផ្ដោតទៅលើអំណោយ ដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ដោយការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក នោះបងប្អូនអាចខ្ចប់រូបភាពព្រះយេស៊ូវគ្រីស្ទធ្វើដូចជាអំណោយបុណ្យគ្រីស្ទម៉ាស់ ។ សមាជិកគ្រួសារអាចពិភាក្សាអំពីអំណោយបុណ្យគ្រីស្ទម៉ាស់គាប់នឹងចិត្តពួកគេ ដែលពួកគេបានទទួល ឬសង្ឃឹមថានឹងទទួលបាន ។ បន្ទាប់មកពួកគេអាចបើកកញ្ចប់រូបភាពព្រះគ្រីស្ទឡើង ហើយពិភាក្សាអំពីរបៀបដែលទ្រង់បានធ្វើជាអំណោយដ៏មានតម្លៃសម្រាប់យើង ។ វីដេអូ « He Is the Gift » ( ChurchofJesusChrist.org ) អាចជួយបងប្អូនពិភាក្សាអំពីរបៀបដែលបងប្អូនអាចរុករក ឱបក្រសោប ហើយចែកចាយអំណោយនៃព្រះអង្គសង្គ្រោះ ជាគ្រួសារនៅក្នុងបុណ្យគ្រីស្ទម៉ាស់នេះ ។
គ្រួសាររបស់បងប្អូនក៏អាចទទួលប្រយោជន៍មកពីការគិតអំពី « អំណោយ » មួយដែលពួកគេចង់ថ្វាយដល់ព្រះអង្គសង្គ្រោះផងដែរ ដូចជាខិតខំមានសណ្ដានចិត្តកាន់តែល្អចំពោះអ្នកដទៃ ឬធ្វើការយកឈ្នះទម្លាប់អាក្រក់មួយ ។ សូមពិចារណាធ្វើការអញ្ជើញសមាជិកគ្រួសារឲ្យសរសេរគំនិតផ្ទាល់ខ្លួនពួកគេ ខ្ចប់រុំវាដូចជាអំណោយមួយ ហើយដាក់អំណោយរបស់ពួកគេនៅជុំវិញរូបភាពរបស់ព្រះអង្គសង្គ្រោះ ។
ស្មារតីនៃបុណ្យគ្រីស្ទម៉ាស់
វាអាចនឹងរីករាយដើម្បីរៀបចំសកម្មភាពដែលគ្រួសាររបស់បងប្អូនអាចធ្វើនៅក្នុងថ្ងៃដែលនឹងខិតទៅដល់បុណ្យគ្រីស្ទម៉ាស់ ដើម្បីទទួលអារម្មណ៍អំពីព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដូចជាការបម្រើនរណាម្នាក់ ឬការច្រៀងទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ជាមួយគ្នា ។ ( សម្រាប់ជាគំនិតយោបល់, សូមមើល christmas.ComeUntoChrist.org ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។