« ថ្ងៃទី ១៤–២០ ខែ ធ្នូ ។ មរ៉ូណៃ ១០ ៖ ‹ ចូរមករកព្រះគ្រីស្ទ ហើយឲ្យល្អឥតខ្ចោះក្នុងទ្រង់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤–២០ ខែ ធ្នូ ។ មរ៉ូណៃ ១០ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ដើម្បីឲ្យអ្នកអាចដឹង ដោយ ហ្គែរី អិល ខាប
ថ្ងៃទី ១៤–២០ ខែ ធ្នូ
មរ៉ូណៃ ១០
« ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ »
នៅពេលបងប្អូនបញ្ចប់ការអានព្រះគម្ពីរមរមន សូមពិចារណាធ្វើការស្វែងរកសាក្សីជាថ្មីមកពីព្រះវិញ្ញាណបរិសុទ្ធថាវាពិត ។ នៅពេលបងប្អូនធ្វើដូច្នោះ សូមកត់ត្រាចំណាប់អារម្មណ៍នានាដែលបងប្អូនទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ព្រះគម្ពីរមរមនចាប់ផ្ដើមដោយការសន្យារបស់នីហ្វៃ ដើម្បីបង្ហាញយើងថា « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ » ( នីហ្វៃទី១ ១:២០ ) ។ គម្ពីរបញ្ចប់ដោយសារលិខិតស្រដៀងគ្នាមួយមកពីមរ៉ូណៃ នៅពេលគាត់បានរៀបចំ « បិទ » បញ្ជីទាំងឡាយ ៖ គាត់បានអញ្ជើញយើងឲ្យ « នឹកឃើញថាតើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា » ( មរ៉ូណៃ ១០:២–៣ ) ។ សូម្បីតែយើងគិតអំពីសេចក្ដីមេត្តាករុណាជាច្រើនដែលបានកត់ត្រានៅក្នុងគម្ពីរមរមនតែម្យ៉ាងដ៏ដោយ ក៏វាផ្ដល់ឲ្យយើងនូវការគិតជាច្រើនផងដែរ ។ តើមានគំរូអ្វីខ្លះកើតមានក្នុងគំនិតរបស់បងប្អូន ? បងប្អូនអាចពិចារណាអំពីមាគ៌ាដ៏មេត្តាករុណាដែលព្រះបានដឹកនាំគ្រួសាររបស់លីហៃឆ្លងកាត់ទីរហោស្ថាន ហើយឆ្លងកាត់ទឹកដ៏ធំ និងក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ដែលទ្រង់បានបង្ហាញដល់អេណុសនៅពេលព្រលឹងរបស់គាត់ស្រេកឃ្លាននូវការអភ័យទោស ឬក្ដីមេត្តាករុណាដែលទ្រង់បានបង្ហាញដល់អាលម៉ា ជាសត្រូវដ៏ល្វីងជូរចត់របស់សាសនាចក្រ ដែលបានប្រែក្លាយជាអ្នកការពារដែលពុំចេះខ្លាចម្នាក់ ។ ឬគំនិតរបស់បងប្អូនអាចងាកទៅរកក្ដីមេត្តាករុណាដែលព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញបង្ហាញចំពោះប្រជាជននៅពេលទ្រង់បានព្យាបាលជំងឺរបស់ពួកគេ ហើយបានប្រទានពរដល់កូនតូចៗរបស់ពួកគេ ។ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះ គឺអ្វីៗទាំងអស់នេះ អាចរំឭកបងប្អូនអំពី « ក្ដីមេត្តាករុណាដែលព្រះមានជាយ៉ាងណា » ចំពោះបងប្អូន ដ្បិតគោលបំណងសំខាន់មួយនៃព្រះគម្ពីរមរមនគឺដើម្បីអញ្ជើញយើងម្នាក់ៗឲ្យទទួលក្ដីមេត្តាករុណារបស់ព្រះ—ជាការអញ្ជើញដែលបង្ហាញយ៉ាងសាមញ្ញនៅក្នុងពាក្យសម្ដីលារបស់មរ៉ូណៃថា « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចដឹងការពិតតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។
ការសន្យានៅក្នុង មរ៉ូណៃ ១០:៣–៧ បានផ្លាស់ប្ដូរជីវិតរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ។ តើវាផ្លាស់ប្ដូរជីវិតរបស់បងប្អូនយ៉ាងណា ? ទោះជាបងប្អូនកំពុងព្យាយាមដើម្បីទទួល ឬពង្រឹងដល់ទីបន្ទាល់របស់បងប្អូនអំពីព្រះគម្ពីរមរមនក្ដី ការអញ្ជើញរបស់មរ៉ូណៃអនុវត្តចំពោះបងប្អូន ។ នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៣–៧ សូមពិចារណាធ្វើការអានឲ្យកាន់តែយកចិត្តទុកដាក់ជាងកាលពីមុន ។ បងប្អូនអាចពិនិត្យមើលឃ្លានីមួយៗ ហើយសួរសំណួរខ្លួនឯងថា ៖ តើវាមានន័យអ្វីខ្លះ ? តើខ្ញុំអាចធ្វើការណ៍នេះបានល្អប្រសើរដោយរបៀបណា ? តើខ្ញុំមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការណ៍នេះ? តើព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងសេចក្ដីពិតអំពីព្រះគម្ពីរមរមនចំពោះខ្ញុំតាមរបៀបណា ?
ចូរគិតអំពីនរណាម្នាក់ដែលត្រូវការស្ដាប់ទីបន្ទាល់របស់បងប្អូនអំពីព្រះគម្ពីរមរមនផងដែរ ។ តើបងប្អូននឹងជួយមនុស្សនោះស្វែងរកសាក្សីផ្ទាល់ខ្លួនគាត់ដោយរបៀបណា ?
« សូមកុំបដិសេធវិញ្ញាណនៃព្រះ » ។
មនុស្សម្នាក់អាចនឹង « បដិសេធអំណោយទានទាំងឡាយនៃព្រះ… » តាមរបៀបជាច្រើនយ៉ាង ( មរ៉ូណៃ ១០:៨ ) ។ មនុស្សខ្លះបដិសេធថាអំណោយទានទាំងនេះពុំមានទេ ។ អ្នកដទៃអាចនឹងបដិសេធថា ពួកគេពុំមានអំណោយទានខាងវិញ្ញាណទេ ប៉ុន្តែទទួលស្គាល់ថាមាននៅក្នុងមនុស្សដទៃ ។ អ្នកដទៃទៀតបដិសេធអំណោយទានរបស់ពួកគេយ៉ាងសាមញ្ញ គឺដោយការមិនខ្វល់អំពីវា ឬពុំអភិវឌ្ឍវា ។
នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៨–២៥ សូមស្វែងរកមើលសេចក្ដីពិតដែលនឹងជួយបងប្អូនរកឃើញអំណោយទានខាងវិញ្ញាណរបស់បងប្អូន ហើយប្រើវាជាមួយអំណាចកាន់តែខ្លាំងដើម្បីផ្ដល់ពរខ្លួនឯង និងអ្នកដទៃ ។ ចូរស្វែងរកគំនិតយោបល់អំពីអំណោយទាននៃព្រះដែលបានប្រទានដល់បងប្អូន ឬអំណោយទានដែលទ្រង់ចង់ឲ្យបងប្អូនស្វែងរក ។ ហេតុអ្វីបានជាវាសំខាន់ដើម្បី « ចងចាំថាអំណោយទានដែលល្អគឺបានមកពីព្រះគ្រីស្ទ »? ( មរ៉ូណៃ ១០:១៨ ) ។
សូមពិចារណាផងដែរអំពីពាក្យទូន្មាននេះមកពីអែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ៖ « ដូច្នេះតើយើងមកស្គាល់អំណោយទានរបស់យើងដោយរបៀបណា ? យើងអាចមើលពររបស់លោកអយ្យកោយើង សួរអ្នកដែលស្គាល់យើងច្បាស់ និងការស្វែងរកផ្ទាល់ខ្លួននូវអ្វីដែលពូកែពីកំណើត និងរីករាយធ្វើវា ។ សំខាន់បំផុតនោះ យើងអាចទូលសួរព្រះ ( សូមមើល យ៉ាកុប ១:៥; គ. និង ស. ១១២:១០ ) ។ ទ្រង់ស្គាល់អំណោយទានរបស់យើង តាំងពីទ្រង់ប្រទានវាមកឲ្យយើងម៉្លេះ » ( «I Have a Work for Thee » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៣៣ ) ។
សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អំណោយទាននៃព្រះវិញ្ញាណ » scriptures.ChurchofJesusChrist.org ។
ខ្ញុំអាចបានល្អឥតខ្ចោះតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
ការព្រមានដាស់តឿនរបស់មរ៉ូណៃឲ្យ « មកឯព្រះគ្រីស្ទ » ជាប់ទាក់ទងច្រើនជាងការរៀនអំពីទ្រង់ ឬគិតអំពីទ្រង់កាន់តែញឹកញាប់ ឬព្យាយាមកាន់តែខ្លាំងដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់ សំខាន់ដូចជារឿងទាំងនេះ ។ ប៉ុន្តែនេះគឺជាការអញ្ជើញឲ្យមកឯព្រះគ្រីស្ទនៅក្នុងន័យពេញលេញទាំងស្រុង— ដើម្បីប្រែក្លាយដូចជាទ្រង់ ។ នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៣០–៣៣ សូមកត់ចំណាំឃ្លាដែលជួយបងប្អូនយល់អំពីអត្ថន័យមកឯព្រះគ្រីស្ទពេញលេញ ដូចជា « ក្ដាប់ជាប់គ្រប់ទាំងអ្វីៗដែលល្អ » « លះបង់ចោលនូវ អស់ទាំងអំពើដ៏ឥតបរិសុទ្ធ » ហើយប្រាកដណាស់ « ឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( បន្ថែមអក្សរទ្រេត ) ។
តើរឿងនេះកើតឡើងយ៉ាងដូចម្ដេច ? សូមរកមើលចម្លើយនៅក្នុង មរ៉ូណៃ ១០:៣០–៣៣ ។ តើព្រះវិញ្ញាណកំពុងប្រាប់បងប្អូនថាបងប្អូនគួរធ្វើអ្វីខ្លះដើម្បីកាន់តែ « មកឯព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ទាំងស្រុងនោះ » ?
សូមមើល អោមណៃ ១:២៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ល្អឥតខ្ចោះ » scriptures.ChurchofJesusChrist.org។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
មរ៉ូណៃ ១០
សូមអានជំពូកនេះជាមួយគ្នា ស្វែងរកមើលពាក្យ ព្រមានដាស់តឿន ដែលមរ៉ូណៃបានប្រើគ្រប់ពេលនោះ ។ សូមសរសេរ ឬគូសចំណាំអំពីអ្វីដែលមរ៉ូណៃកំពុងធ្វើការព្រមានដាស់តឿន—ឬលើកទឹកចិត្តយ៉ាងខ្លាំង—ឲ្យយើងធ្វើតាម ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាមការព្រមានដាស់តឿនរបស់គាត់ ?
មរ៉ូណៃ ១០:៣
តើយើងបានរៀនអ្វីខ្លះអំពីក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ នៅពេលយើងអានព្រះគម្ពីរមរមនក្នុងឆ្នាំនេះ ? តើព្រះអម្ចាស់ពេញដោយក្ដីមេត្តាករុណាចំពោះគ្រួសាររបស់យើងយ៉ាងដូចម្ដេច ?
មរ៉ូណៃ ១០:៣–៥
បន្ទាប់ពីអានខគម្ពីរទាំងនេះ បងប្អូនអាចសុំឲ្យសមាជិកគ្រួសារចែកចាយអំពីរបៀបដែលពួកគេបានមកស្គាល់ថាព្រះគម្ពីរមរមនពិតនោះ ។ សូមពិចារណាធ្វើការច្រៀងជាមួយគ្នានូវចម្រៀងមួយបទអំពីការស្វែងរកសេចក្ដីពិត ដូចជា « ស្វែងរក គិត និងអធិស្ឋាន » ( សៀវភៅចម្រៀងកុមារ លេខ ៦៦ ) ។ បងប្អូនក៏អាចអញ្ជើញសមាជិកគ្រួសារឲ្យកត់ត្រាទីបន្ទាល់របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុគ្រួសារផងដែរ ។
មរ៉ូណៃ ១០:៨–១៨
តាមធម្មតា បុណ្យគ្រីស្ទម៉ាស់គឺជាពេលមួយដើម្បីគិតអំពីការទទួលអំណោយ ។ ប្រហែលជាសមាជិកគ្រួសារអាចខ្ចប់កាដូសម្រាប់គ្នាទៅវិញទៅមក ដែលតំណាងឲ្យ « អំណោយទាននៃព្រះ » ដែលបានថ្លែងនៅក្នុង មរ៉ូណៃ ១០:៩–១៦ ។ អំណោយទានទាំងនេះក៏អាចជាតំណាងឲ្យអំណោយទានល្អៗដទៃទៀតដែលមកពីព្រះគ្រីស្ទ ដែលពួកគេមើលឃើញនៅក្នុងខ្លួនគ្នាទៅវិញទៅមក ។
មរ៉ូណៃ ១០:២៧–២៩, ៣៤
សមាជិកគ្រួសារអាចចែកចាយអ្វីដែលពួកគេចង់និយាយទៅកាន់មរ៉ូណៃ នៅពេលពួកគេ « ជួប [ លោក ] នៅខាងមុខវេទិកាជំនុំជម្រះដ៏គាប់ព្រះហឬទ័យនៃព្រះយេហូវ៉ាដ៏មហិមា » ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
សូមស្វែងរកព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃព្រះគម្ពីរមរមន—និងបទគម្ពីរទាំងអស់— គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុង មរ៉ូណៃ ១០ ? តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីមកឯទ្រង់ ?
មរមនកំពុងកប់ផ្ទាំងចំណារមាសដោយ ចូន ម៉ាក់ណាត់តុន