ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧–១៣ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ ៖ « សូម​ឲ្យ​ព្រះគ្រីស្ទ​លើក​កូន​ឡើង »


« ថ្ងៃទី ៧–១៣ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ ៖ ‹ សូម​ឲ្យ​ព្រះគ្រីស្ទ​លើក​កូន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៧–១៣ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

មរ៉ូណៃ​កំពុង​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

ដោយ ម៊ីនេវ៉ា ថៃឈើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) មរ៉ូណៃ ៖ សាសន៍​នីហ្វៃ​ចុង​ក្រោយគេ ឆ្នាំ ១៩៤៩–១៩៥១ oil on masonite, 34¾ x 47 inches ។ សារៈមន្ទីរ​សីល្បៈ​​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩

ថ្ងៃ​ទី ៧–១៣ ខែ ធ្នូ

មរ៉ូណៃ ៧–៩

« សូម​ឲ្យ​ព្រះគ្រីស្ទ​លើក​កូន​ឡើង »

នៅពេល​បងប្អូន​សិក្សា មរ៉ូណៃ ៧–៩ សូម​ស្ដាប់​ការ​បំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​កត់ត្រា​សារលិខិត​របស់​ទ្រង់​សម្រាប់​បងប្អូន ។ ទ្រង់​អាច​បង្រៀន​បងប្អូន​ទាំង​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ដឹង និង​អ្វី​ដែល​បងប្អូន​ត្រូវធ្វើ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ពី​មុនមរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​ដែល​យើង​ស្គាល់​សព្វថ្ងៃនេះ ថា​ជា​ព្រះគម្ពីរ​មរមន​ដោយ​ពាក្យ​សម្ដី​ចុង​ក្រោយ​ផ្ទាល់​របស់​គាត់ គាត់​បាន​ចែកចាយ​សារលិខិត​ចំនួន​បី​មកពី​ឪពុក​គាត់ គឺ​មរមន ៖ ​ការ​ថ្លែង​ទៅកាន់ « អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ដ » ( មរ៉ូណៃ ៧:៣ ) និង​សំបុត្រ​ពីរ​ច្បាប់​ដែល​បាន​សរសេរ​ទៅកាន់​មរ៉ូណៃ ។ ប្រហែលជា​មរ៉ូណៃ​បាន​ដាក់​បញ្ចូល​សារលិខិត​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរមរមន ដោយសារ​តែ​គាត់​បាន​មើល​ឃើញ​ជាមុន​នូវភាព​ស្រដៀងគ្នា​រវាង​គ្រាលំបាកៗ​នៃ​ជំនាន់​របស់​គាត់ និង​ជំនាន់​របស់​យើង ។ នៅពេល​ពាក្យ​ទាំងនេះ​ត្រូវ​បាន​សរសេរ ប្រជាជន​សាសន៍​នីហ្វៃ​ទាំងមូល​កំពុងធ្លាក់​ចុះ​យ៉ាង​លឿន​​ទៅ​រក​ការ​ក្បត់​សាសនា ។ ពួកគេ​ជាច្រើន​បាន « អត់​មានចិត្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ហើយ​ពេញ​ចិត្ត​នៅក្នុង « អ្វីៗ​សព្វយ៉ាង លើកលែង​តែ​អំពើល្អ​ប៉ុណ្ណោះ » ( មរ៉ូណៃ ៩:៥, ១៩ ) ។ ហើយ​ទោះ​ជា​យ៉ាងណា​មរមន​នៅ​តែ​រកឃើញ​ហេតុ​ដែល​ត្រូវ​សង្ឃឹម— បង្រៀន​យើង​ថា សេចក្ដីសង្ឃឹម​ពុំ​មានន័យ​ថា​ព្រងើយ​កន្ដើយ ឬ​ល្ងិតល្ងង់អំពី​បញ្ហា​របស់​ពិភពលោក​នោះទេ វាមានន័យ​ថា ការ​មានជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះចេស្ដា​ខ្លាំង​មហិមាជាង ហើយ​យូរអង្វែង​ជាង​បញ្ហា​ទាំងនោះ ។ វាមានន័យ​ថា « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែលល្អ » ( មរ៉ូណៃ ៧:១៩ ) ។ វាមានន័យ​ថា ជាការ​ទុក​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ « និង​សេចក្ដីសង្ឃឹម​ចំពោះ​សិរីល្អ​របស់​ទ្រង់ និង​ចំពោះ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ស្ថិត ​នៅ​ក្នុង​គំនិត​របស់​កូន​ជា​រៀងរហូត​តទៅ » ( មរ៉ូណៃ ៩:២៥ ) ។ ហើយ​រហូត​ដល់​ថ្ងៃ​ដ៏​រុងរឿង​នៃ​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ វា​មានន័យ​ថា​មិន​ដែល​ឈប់ « ធ្វើ​ការ​[ យើង ] ឡើយ… [ ដើម្បី ]​ឲ្យ​យើង​អាច​ឈ្នះ​លើ​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្ដីសុចរិត » ( មរ៉ូណៃ ៩:៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

មរ៉ូណៃ ៧:១២–២០

ពន្លឺ​នៃ​ព្រះគ្រីស្ទ​ជួយ​ខ្ញុំ​វិនិច្ឆ័យ​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់ ។

ពិភពលោក​សព្វថ្ងៃ​គឺ​មាន​ពេញ​ដោយ​សារលិខិត​ដ៏​មាន​ឥទ្ធិពល តើ​យើង​អាច​ដឹង​ថា​មួយណា​ត្រូវ ហើយ​មួយ​ណា​ខុស​ដោយ​របៀប​ណា ? ពាក្យ​សម្ដី​របស់​មរមន​នៅក្នុង មរ៉ូណៃ ៧ ផ្ដល់​ដល់​យើង​នូវ​គោលការណ៍​ជាច្រើន ដែល​យើង​អាច​ប្រើ​ដើម្បី​ចៀសវាង​ពី « [ ការ ] វិនិច្ឆ័យ​ដោយ​ខុស​ឆ្គង » ( មរ៉ូណៃ ៧:១៨ ) ។ នៅពេល​បងប្អូន​សិក្សា មរ៉ូណៃ ៧:១២–២០ សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​បងប្អូន​ដឹង​អំពី​អ្វី​ដែល​នឹង​នាំ​បងប្អូន​ខិត​ទៅកាន់តែ​ជិត​នឹង​ព្រះ និង​អ្វី​ដែល​មិន​នាំ​បងប្អូន​ទៅ​ជិត​ព្រះ ។ បងប្អូន​អាច​ប្រើ​សេចក្ដីពិត​ទាំងនេះ​ដើម្បី​ជួយ​បងប្អូន​វាយ​តម្លៃ​សារលិខិត​ដែល​បងប្អូន​ជួប​ប្រទះ និង​បទពិសោធន៍​នានា​ដែល​បងប្អូន​មាន​ក្នុង​សប្ដាហ៍​នេះ ហើយ​កំណត់​ថា​តើ​វា​អញ្ជើញ ឬ​និង​បញ្ចុះបញ្ចូល​បងប្អូន​ឲ្យ​ធ្វើ​ល្អ​ឬទេ ( សូមមើល មរ៉ូណៃ ៧:១៣ ) ។

សូមមើល​ផង​ដែរ « Judging Others, » ប្រធានបទ​ដំណឹងល្អ topics.ChurchofJesusChrist.org; Bible Dictionary, « Light of Christ » ។

មរ៉ូណៃ ៧:២០–៤៨

តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ខ្ញុំ​អាច « ក្ដាប់​ជាប់​នូវ​គ្រប់​អ្វីៗ​ដែល​ល្អ » ។

បន្ទាប់​ពី​ការ​បង្រៀន​អំពី​របៀប​ដើម្បី​ញែក​ដឹង​រវាង​ល្អ និង​អាក្រក់ មរមន​បាន​សួរ​សំណួរ​មួយ​ដែល​ហាក់ដូចជា​ទាក់ទង​នឹង​សព្វថ្ងៃនេះ ៖ « តើ​យើង​អាច​ក្ដាប់​ជាប់​នូវ​គ្រប់អ្វីៗ​ដែល​ល្អ​បាន​ដោយ​របៀបណា ? »—ជាពិសេស​នៅពេល​ដែល​ការល្បួង​របស់​មារសត្រូវ​មានការ​ល្បួង​យ៉ាង​ខ្លាំង​ដូច្នេះ ( មរ៉ូណៃ ៧:២០ ) ។ ចម្លើយ​របស់​មរមន​អាច​រកបាន​នៅ​ពេញ​ក្នុង ជំពូក​ទី ៧ ។ នៅពេល​បងប្អូន​អាន ខ​ទី ២០–៤៨ សូម​រកមើល​សេចក្ដី​ពិត​ដែល​ជួយ​បងប្អូន​ស្គាល់ « អ្វី​ៗ​ដែលល្អ » ដែល​បងប្អូន​មាន ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការ​មាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់​ជួយ​បងប្អូន​ស្វែងរក​អ្វីៗ​ដែល​ល្អ​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច « ក្ដាប់​ជាប់ » អ្វីៗ​ដែល​ល្អៗ​កាន់តែ​ច្រើន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១៣ ។

មរ៉ូណៃ ៧:៤៤–៤៨

« សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

ប្រធាន ដាល្លិន អេក អូក បាន​សង្កេត​ឃើញ​ថា ៖ « មូលហេតុ​ដែល​សេចក្ដីសប្បុរស​មិន​ផុត​រលត់ ហើយ​មូលហេតុ​ដែល​សេចក្ដីសប្បុរស​មាន​ទំហំមហិមា​ជាង​ការ​ធ្វើ​ទង្វើរ​ល្អ​ដ៏​សំខាន់…​គឺ​ថា​សេចក្ដីសប្បុរស​ជា ‹ សេចក្ដីស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ › ​( មរ៉ូណៃ ៧:៤៧ ) គឺ​វា​ពុំ​មែនជា ទង្វើ មួយ​ទេ ប៉ុន្តែ​វា​ជា​ស្ថានភាព ឬ​សភាព​មួយ​វិញ ។… សេចក្ដី​សប្បុរស​គឺជា​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​អាច​ប្រែ​ក្លាយ​ទៅ​ជា » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ ) ។ នៅពេល​បងប្អូន​អាន មរ៉ូណៃ ៧:៤៤–៤៨ សូមពិចារណា​អំពី​ការពិពណ៌នា​របស់​មរមន​អំពី​សេចក្ដីសប្បុរស ហើយ​ស្ដាប់​មើល​ចំណាប់អារម្មណ៍​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់​អាច​ជួយ​បងប្អូន​ស្វែងរក​ផ្លូវ​ដែល​បងប្អូន​អាច​កែលម្អ ។ ហេតុអ្វី​យើង​ត្រូវការ​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម​ដើម្បី​ទទួល​អំណោយទាន​នៃ​សេចក្ដីសប្បុរស ?

មរ៉ូណៃ ៩:៩

តើ​សេចក្ដីសប្បុរស និង​គុណធម៌​អាច​ត្រូវ​ដក​ចេញ​ពីខ្ញុំ​បាន​ឬទេ ?

ការពិពណ៌នា​របស់​មរមន​អំពី​អំពើបាប​ដ៏​អាក្រក់​របស់​ពួក​សាសន៍​នីហ្វៃ​បាន​នាំ​មនុស្ស​មួយ​ចំនួន​បាន​សន្និដ្ឋាន​ដោយ​ខុសឆ្គង​ថា ជនរងគ្រោះ​ការ​រំលោភ​បំពាន​ខាង​ផ្លូវភេទ ឬ​ការ​បំពារ​បំពាន បានធ្វើ​ខុស​នឹង​ច្បាប់​ព្រហ្មចារីយភាព ។ ទោះជា​យ៉ាងណា អែលឌើរ រីឆាដ ជី ស្កត បាន​ស្រាយ​បញ្ជាក់​ថា នេះ​ពុំ​មែន​ដូច្នោះ​ទេ ។ លោក​បាន​បង្រៀន​ថា « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជា​ឧឡារិក​ថា នៅពេល​ទង្វើ​ហឹង្សា អំពើ​ខុស ឬ​ការ​ស្មន់​របស់​មនុស្ស​ដទៃ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ ទាស់​នឹង​ឆន្ទៈ​របស់​អ្នក អ្នក​ពុំ​មាន​​ការ​ទទួលខុសត្រូវ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​មានអារម្មណ៍​ខុសឆ្គង​ដែរ » ( « Healing the Tragic Scars of Abuse » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៣២ ) ។

មរ៉ូណៃ ៩:២៥–២៦

ខ្ញុំ​អាច​មាន​សង្ឃឹម​ទៅ​លើ​ព្រះគ្រីស្ទ មិន​ថា​ស្ថានភាព​របស់​ខ្ញុំ​បែបណា​ទេ ។

បន្ទាប់ពី​ការ​ពិពណ៌នា​អំពី​អំពើទុច្ចរិត​ដែល​គាត់​បាន​ឃើញ មរមន​បាន​ប្រាប់​ដល់​កូនប្រុស​របស់​គាត់​កុំ​ឲ្យ​ទុក្ខ​ព្រួយ​ឡើយ ។ តើ​អ្វីខ្លះ​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​សារលិខិត​របស់​មរមន​អំពី​សេចក្ដីសង្ឃឹម ? តើ​ឃ្លា​ដើម្បី​ព្រះគ្រីស្ទ « លើក [ បងប្អូន ] ឡើង » មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? តើ​អាកប្បកិរិយា​របស់​ព្រះគ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់​អ្វីខ្លះ « ស្ថិត​នៅក្នុង​គំនិត​របស់​បងប្អូន » ហើយ​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​បងប្អូន? ( មរ៉ូណៃ ៩:២៥ ) ។

សូមមើល​ផងដែរ ឌៀថើរ អេស្វ អុជដូហ្វ The Hope of God’s Light » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០, ៧៥–៧៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

មរ៉ូណៃ ៧:៥–១១

យោង​តាម មរ៉ូណៃ ៧:៥–១១ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​មូលហេតុ​ត្រឹមត្រូវ ? តើ​យើង​អាច​ដឹង​ថា​យើង​កំពុង​អធិស្ឋាន និងគោរព​បទបញ្ញត្តិ​របស់​ព្រះ​ដោយ « ចិត្ត​ស្មោះសរ » ដោយ​របៀបណា ? ( ខទី ៦ ) ។

មរ៉ូណៃ ៧:១២–១៩

តើ​ការ​ប្រឹក្សា​របស់​មរមន​អាច​ជួយ​យើង​ធ្វើ​ការ​ជ្រើសរើស​ត្រូវ​អំពី​របៀប​ដែល​យើង​ចំណាយ​ពេល​របស់​យើង ហើយ​តើ​នរណា​ដែល​យើង​ចំណាយ​ពេល​ជាមួយ​ដោយ​របៀបណា ? បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​រកមើល​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ហើយ « ក្ដាប់ជាប់ » ( មរ៉ូណៃ ៧:១៩ ) ឬ​កាន់​ជាប់​ទៅនឹង​អ្វី​ដែល​អញ្ជើញ​ពួកគេ​ឲ្យ « ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ » ( មរ៉ូណៃ ៧:១៣ ) ។ សរសើរ​ពួកគេ​ចំពោះ​អ្វីៗ​ដែល​ល្អ​ដែល​ពួកគេ​រក​ឃើញ ។

មរ៉ូណៃ ៧:២៩

បន្ទាប់​ពី​ការ​អាន​ខ​គម្ពីរ​នេះ សមាជិក​គ្រួសារ​អាច​ពិភាក្សា​អំពី​អព្ភូតហេតុ​ដែល​ពួកគេ​បាន​ធ្វើ​ជា​សាក្សី ឬ​តាម​របៀប​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅក្នុង​ជីវិត​ពួកគេ ។

មរ៉ូណៃ ៨:៥–២៦

តើ​ពួក​សាសន៍​នីហ្វៃ​ដែល​ជ្រមុជទឹក​ដល់​កុមារ​តូចៗ​យល់​ខុស​ឆ្គង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អ្វីខ្លះ ? តើ​យើង​រៀន​អ្វីខ្លះ​អំពី​ដង្វាយធួន​មក​ពី​ការ​បង្រៀន​របស់​មរមន ?

មរ៉ូណៃ ៨:១៦–១៧

តើ​ការ​មាន « សេចក្តី​ស្រឡាញ់​បរិសុទ្ធ » មាន​ន័យ​ដូម្តេច ? តើ​វា​ជា​ជួយ​យើង​យក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច​យ៉ាង​ដូចម្ដេច ? តើ​វា​ជួយ​យើង​បង្រៀន​សេចក្ដីពិត​ដោយ​មោះ​មុត​ដោយ​របៀប​ណា ? តើ​យើង​អភិវឌ្ឍ​វា​តាម​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​តន្ត្រី​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ និងបង្រៀន​គោលលទ្ធិ ។ « តន្ត្រី​មាន​ឥទ្ធិពល​ដែល​គ្មាន​ព្រំដែន​ដើម្បី​ជម្រុញ [ យើង ] ឆ្ពោះទៅ​រក​ជីវភាព​ខាង​វិញ្ញាណ​កាន់​តែ​មហិមា » ( អារម្ភកថា​របស់​គណៈប្រធាន​ទីមួយ »ទំនុកតម្កើងទំព័រ x ។ ចម្រៀង​អំពី​សេចក្ដីស្រឡាញ់ ដូចជា « ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ( ទំនុក​តម្កើង​ព្រះ ល.រ. ១៩៥ ) អាច​ពង្រឹក​ការ​ពិភាក្សា​ក្នុង​គ្រួសារ​អំពី​សេចក្ដីសប្បុរស​នៅ​ក្នុង មរ៉ូណៃ ៧:៤៤–៤៨ ។

ព្រះយេស៊ូវគ្រីស្ទ

រូបភាព​នៃព្រះគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ ដោយ​ហិនរីឆ ហូហ្វមិន