ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧–១៣ ខែ ធ្នូ មរ៉ូណៃ ៧–៩ ៖ « សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង »


« ថ្ងៃទី ៧–១៣ ខែ ធ្នូ មរ៉ូណៃ ៧–៩ ៖ ‹ សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៧–១៣ ខែ ធ្នូ មរ៉ូណៃ ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២០

មរ៉ូណៃ​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

មីនើវ៉ា ធៀឆើត ( ១៨៨៨–១៩៧៦ ) មរ៉ូណៃ ៖ សាសន៍នីហ្វៃ​ចុងក្រោយ​គេ ១៩៤៩–១៩៥១ គំនូរ​លាប​ប្រេង​លើ​ឈើ​គូតុង​ទំហំ ៣៤⅞ x ៤៧ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​នៃ​​សាកលវិទ្យាល័យព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩

ថ្ងៃ​ទី ៧–១៣ ខែ ធ្នូ

មរ៉ូណៃ ៧–៩

« សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង »

សូម​សិក្សា មរ៉ូណៃ ៧–៩ ប្រកប​ដោយ​ការអធិស្ឋាន ដែល​នឹង​អញ្ជើញ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​តម្រូវការ​របស់​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​រំឭក​កុមារ​អំពី​អ្វី​មួយ​ដែល​អ្នក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​កាលពី​​មេរៀន​សប្តាហ៍​មុន ឬ​អ្វី​ដែល​ពួកគេ​អាច​រៀន​​ជាមួយ​​គ្រួសារពួកគេ​នាសប្តាហ៍​នេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​​រៀន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

មរ៉ូណៃ ៧:៣៣

ប្រសិនបើ​ខ្ញុំ​មាន​​សេចក្ដីជំនឿ ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ព្រះ​តម្រូវ​​ឲ្យ​ខ្ញុំ​ធ្វើ ។

កុមារ​ដែល​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​មាន​ទំនុកចិត្ត​លើ​ព្រះចេស្តា​របស់​ទ្រង់​អាច​សម្រេច​នូវ​កិច្ចការ​អស្ចារ្យ​បាន ពេល​ពួកគេ​បម្រើ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន មរ៉ូណៃ ៧:៣៣ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ ​ពេល​​ពួកគេ​ឮ​ពាក្យ « សេចក្ដី​ជំនឿ » ។ សូម​ពន្យល់​ថា យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ពេល​យើង​គោរព​បទបញ្ញត្តិ​ទ្រង់ ។ សូម​ជួយ​កុមារ​ឲ្យ​​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារខៀន​អំពី​អ្វី​មួយ​ចំនួន​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ដូច​ជា ការស្តាប់​បង្គាប់​​ឪពុកម្តាយ​របស់ពួកគេ ឬ​ការប្រាប់​​ការពិត ។ សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​គោរព​​តាម​បទបញ្ញត្តិ ។

  • សូម​បង្ហាញ​រូបភាព​ពីរបី​ដែល​បង្ហាញ​ពី​​មនុស្ស​មក​ពី​ព្រះគម្ពីរ​មរមន ( ឬ​គម្ពីរ​ផ្សេង​ទៀត ) សម្រេច​បាន​កិច្ចការ​សំខាន់ៗ ដោយសារ​គាត់​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ១៩, ៧០, ៧៨៨១ ) ។ សូម​​ជួយកុមារ​​ប្រាប់​រឿង​​ដែល​បាន​បង្ហាញនៅក្នុង​រូបភាព ។ សូម​ប្រាប់​ពួកគេ​ថា ដោយសារ​មនុស្ស​ទាំង​នេះ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​ត្រូវបាន​ផ្តល់​អំណាច​ដើម្បី​ធ្វើ​អ្វី​ដែល ទ្រង់​ត្រូវការ​ឲ្យ​ពួកគេ​ធ្វើ ។

មរ៉ូណៃ ៧:៤១

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្តល់​សេចក្តីសង្ឃឹម​ដល់​ខ្ញុំ ។

មាន​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​នេះ​ដែល​មាន​​អារម្មណ៍​ថា ពួកគេ​គ្មាន​សង្ឃឹម ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​រកឃើញ​សេចក្តីសង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន និង​ពន្យល់ មរ៉ូណៃ ៧:៤១ ដល់​កុមារ ហើយ​សូម​ពួកគេ​ឲ្យ​លើក​ដៃ ពេល​ពួកគេ​ស្តាប់​ឮ​អ្វី​ដែល​មរមន​បាន​និយាយ​ថា យើង​គួរតែ​មាន​សេចក្តីសង្ឃឹម​លើ​វា ។ សូមប្រាប់​កុមារ​អំពី​សេចក្តីសង្ឃឹម​ដែល​អ្នក​មាន ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ឲ្យកុមារ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​កំពុង​ជួប​ការលំបាក​ជាមួយ​នឹង​​អ្វី​មួយ ។ សូម​ឲ្យ​កុមារ​គូរ​រូបភាពសម្រាប់​បុគ្គល​នោះ ដែល​អាច​រំឭក​គាត់ អំពី​ការមាន​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ ។

មរ៉ូណៃ ៧:៤៧

« សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

តើ​បទពិសោធន៍​អ្វី​ខ្លះ​មក​ពី​ជីវិត​អ្នក​ដែល​អាច​ជួយកុមារ​រៀន ដើម្បី​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះមនុស្ស​ដទៃ ហើយ​ប្រព្រឹត្ត​ដាក់ពួកគេ​ដោយ​សេចក្តីស្រឡាញ់ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​និយាយ​ឃ្លា​នេះ​ជាមួយ​អ្នក​ឡើង​វិញ « សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​របៀប​​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​មនុស្ស​ដទៃ ( រូបភាព​នានា​អាច​ជួយ​បាន ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៥៥, ៨៣៨៤ ) ។ តើ​ទ្រង់​បាន​បង្ហាញ​​សេចក្តីស្រឡាញ់​ដល់យើង​យ៉ាង​ដូចម្ដេច ? ដូច​ព្រះយេស៊ូវ​បាន​ធ្វើ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​​នរណា ? ឧទាហរណ៍ សូម​បង្ហាញ​វីដេអូ « My Brother Hyrum » ( ChurchofJesusChrist.org ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​​ ដែល​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​នរណា​ម្នាក់ ។ សូម​ផ្តល់​យោបល់​ឲ្យ​ពួកគេ​ដាក់​រូបភាព​នោះ​នៅ​កន្លែង​ដែល​វា​រំឭក​ពួកគេ​​ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ព្រះយេស៊ូវ​ធ្វើ​ដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

មរ៉ូណៃ ៧:២១–២២, ២៥, ៣៣

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

មរមន​ចង់​ឲ្យ​មនុស្ស​ដឹង​ថា អព្ភូតហេតុ​នៅតែមាន ទោះ​ជា​​ការងារ​បម្រើ​នៅលើ​ផែនដី​របស់​ព្រះអង្គសង្គ្រោះ​ចប់​ទៅ​ហើយ​ក្ដី​ ។ ដរាប​ណា​យើង​នៅ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ត្រូវការ​ឲ្យ​យើង​ធ្វើ ដោយ​មាន​ជំនួយ​ពី​ទ្រង់—រួមទាំង​អព្ភូតហេតុ​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្តារ​ខៀន​នូវ « កិច្ចការ​ល្អៗ » ដែល​យើង​ទទួល​បាន​តាមរយៈ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដូចជា​ការមាន​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ការត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌ និង​ការ​ត្រូវ​បាន​អភ័យទោស​ពី​អំពើ​បាប​របស់​យើង ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ឲ្យ​អាន មរ៉ូណៃ ៧:២១–២២ និង ២៥ ហើយ​រកមើល​របៀប​ដែល​យើង​អាច​ទទួល​រឿង​ល្អៗ​ទាំងអស់​នេះ ។ តើ​យើង​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការសន្យា​របស់​ទ្រង់​ដូចម្តេច ?

  • សូម​អាន មរ៉ូណៃ ៧:៣៣ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តាម​ការគួរ សូម​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​មាន ពេល​សេចក្តីជំនឿ​បាន​ជួយ​អ្នក​ធ្វើ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ។ សូម​ជួយ​កុមារ​ឲ្យ​គិត និង​ចែកចាយ​គំរូ​មក​ពី​ជីវិត​របស់​ពួកគេ ។ តើ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​គំរូ​​ទាំង​នេះ​យ៉ាង​ដូចម្តេច ?

មរ៉ូណៃ ៧:៤០–៤១; ៩:២៥–២៦

ខ្ញុំ​អាច​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ ទោះបី​នៅ​ក្នុង​ការសាកល្បង​លំបាក​ក្ដី ។

មរមន និង មរ៉ូណៃ បាន​ប្រឈមមុខ​នឹង​កាលៈទេសៈ​នៃ​ការបាក់ទឹកចិត្ត ប៉ុន្តែ​ពួកគេ​រកឃើញ​សេចក្តីសង្ឃឹម​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រកឃើញ​សេចក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ពេល​ពួកគេ​បាក់​ទឹក​ចិត្ត​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​សរសេរ​បញ្ហា​ពីរ​បី ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​គ្មាន​សង្ឃឹម ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន មរ៉ូណៃ ៧:៤០–៤១ និង ៩:២៥–២៦ ដោយ​រកមើល​អ្វី​ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ។ សូម​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​បាន​ជួយ​អ្នក​អំឡុង​គ្រា​លំបាកៗ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​សារលិខិត​មួយ​ទៅ​កាន់​នរណា​ម្នាក់ ដែល​មាន​អារម្មណ៍​បាក់ទឹក​ចិត្ត ដើម្បី​ជួយ​គាត់​ឲ្យ​រកឃើញ​សេចក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ដូច​មរមន​បាន​ធ្វើ​ដល់​កូនប្រុស​របស់​លោក​នៅក្នុង មរ៉ូណៃ ៩:២៥–២៦ ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ប្រើ​ពាក្យ និង​ឃ្លា​នានា​មកពី​ខគម្ពីរ​ទាំង​នេះ​នៅក្នុង​សារលិខិត​របស់​ពួកគេ ។

  • សូម​ដាក់​ទឹក​ឲ្យ​ពេញ​កែវ​ថ្លា​មួយ ហើយ​ទម្លាក់​វត្ថុ​ពីរ​ទៅក្នុង​ដប​នោះ—វត្ថុ​មួយ​លិចទៅ​ក្នុង​​ទឹក វត្ថុ​មួយ​ទៀត​អណ្តែត​លើទឹក ។ សូម​ប្រៀបធៀប​វត្ថុ​អណ្តែតលើ​​ទឹក​ទៅ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​សេចក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ។ សូម​អាន មរ៉ូណៃ ៩:២៥ ជាមួយ​គ្នា ។ តើ​ព្រះគ្រីស្ទ « លើក [ យើង ] ឡើង » ពេល​យើង​ប្រឈម​មុខ​នឹង​ការសាកល្បង​លំបាកៗដោយ​របៀបណា ? សូម​ជួយ​ឲ្យ​កុមារ​គិត​អំពី​របៀប​នានា ដែល​ពួកគេ​អាច​រក្សា​ព្រះអង្គសង្គ្រោះ និង​ការបង្រៀន​ដ៏​លើក​ទឹកចិត្ត​របស់​ទ្រង់ « ស្ថិតនៅ​ក្នុង​គំនិត [ របស់​ពួកគេ ] ជា​រៀង​រហូត​ត​ទៅ » ។

មរ៉ូណៃ ៧:៤៥–៤៨

« សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

ការអភិវឌ្ឍ​អំណោយទាន​នៃ​សេចក្តីសប្បុរស​គឺ​ជា​គោលដៅ​ពេញ​មួយ​ជីវិត ។ តើ​អ្នក​អាច​បំផុស​គំនិត​កុមារ​ឲ្យ​ស្វែងរក​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ « សេចក្ដី​សប្បុរស » ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន មរ៉ូណៃ ៧:៤៥ ។ ( ប្រសិនបើ​ពាក្យ​មួយ​ចំនួន​នៅក្នុង​ខគម្ពីរ​នេះ​ពិបាក​យល់ សូម​ជួយ​កុមារ​ឲ្យ​មើល​ពាក្យ​ទាំង​នោះ​នៅក្នុង​វចនានុក្រម ) ។ សូម​ឲ្យ​កុមារ​និយាយ​អំពី​មនុស្ស​ដែល​ពួកគេ​ដឹង​ថា ជា​គំរូ​ល្អ​ស្តីពី​សេចក្តីសប្បុរស ។ ហេតុអ្វី​សេចក្តី​សប្បុរស​ត្រូវបាន​ហៅ​ថា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ? ( មរ៉ូណៃ ៧:៤៧ ) ។ តើ ខ​ទី ៤៨ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​របៀប​ដែល​យើង​អាច​ពោរពេញ​ដោយ​សេចក្តីសប្បុរស ? សូម​លើក​ទឹក​ចិត្ត​កុមារ​ម្នាក់ៗ​ឲ្យ​អធិស្ឋាន​ទូល​សូម​សេចក្ដី​សប្បុរស​សប្តាហ៍​នេះ ហើយ​រកមើល​របៀប​នានា​ដើម្បី​បង្ហាញ​សេចក្តីសប្បុរ​ដល់​មនុស្ស​ដទៃ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្តីសប្បុរស ( ឧទាហរណ៍​សូមមើល លូកា ២៣:៣៤; យ៉ូហាន ៨:១–១១; អេធើរ ១២:៣៣–៣៤ ) ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • សូម​ឲ្យ​កុមារ​សរសេរ​ឈ្មោះ​មនុស្ស​ដែល​ពួកគេ​ស្គាល់​នៅលើ​ក្រដាស ហើយ​ដាក់​វា​នៅក្នុង​ថង់ ឬប្រអប់​​តូច​មួយ ។ សូម​អញ្ជើញ​ពួកគេ​ដើម្បី​ដប​របស់​ពួកគេ​ទៅ​ផ្ទះ សូម​ជ្រើសរើស​ឈ្មោះ​មក​ពី​ដប​នោះ​រាល់​ថ្ងៃ ហើយ​ធ្វើ​អ្វី​ដែល​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​បុគ្គល​នោះ ។ នៅក្នុង​មេរៀន​ខាង​មុខ​ទៀត សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ដែល​បម្រើ​មនុស្ស​ទាំង​នេះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​អាច​កំពុង​ស្វែងរក​សេចក្តីជំនឿ ឬ​សេចក្តីសង្ឃឹម​​​លើ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​បុគ្គល​នោះ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើកទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គារវភាព​គឺ​ជា​ការគិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​រំឭក​កុមារ​ឲ្យ​មាន​គារវភាព​បាន ដោយ​ការច្រៀង ឬ​ច្រៀង​គ្រហ៊ឹម​បន្ទរ​បទ​ចម្រៀង​មួយ​ដោយ​ស្ងាត់ស្ងៀម ឬ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក ។