ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៤–២០ ខែ ធ្នូ មរ៉ូណៃ ១០ ៖ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ »


« ថ្ងៃទី ១៤–២០ ខែ ធ្នូ មរ៉ូណៃ ១០ ៖ ‹ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៤–២០ ខែ ធ្នូ មរ៉ូណៃ ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង ដោយ ហ្គែរី អិល ខាប

ថ្ងៃ​ទី ១៤–២០ ខែ ធ្នូ

មរ៉ូណៃ ១០

« ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ »

កុមារ​មួយ​ចំនួន​នៅក្នុង​ថ្នាក់​របស់​អ្នក​អាច​មាន​បទពិសោធន៍​រៀនសូត្រ​ដ៏​មាន​អត្ថន័យ​មក​ពី​ព្រះគម្ពីរ​មរមន​នៅ​ផ្ទះ ។ តើ​អ្នក​អាច​ប្រើ​បទពិសោធន៍​ទាំង​នោះ ​ដើម្បី​លើក​ទឹកចិត្ត​កុមារ​ទាំងអស់​ឲ្យ​អាន​ព្រះគម្ពីរ​នៅ​ផ្ទះ​ដោយ​របៀប​ណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ហុច​ព្រះគម្ពី​រមរមន​មួយ​ក្បាល​តៗ​គ្នា ។ ពេល​កុមារ​ម្នាក់ៗ​កាន់​ព្រះគម្ពីរ សូម​ឲ្យ​គាត់​ចែកចាយ​អ្វី​មួយ​ដែល​គាត់​ចូលចិត្ត​អំពី​ព្រះគម្ពីរ​មរមន—រឿង​មួយ​ដែល​ចូលចិត្ត ទីបន្ទាល់ ឬ​បទពិសោធន៍​រៀនសូត្រ​មក​ពី​គម្ពីរ​នេះ​នៅ​ផ្ទះ ឬ​នៅ​ព្រះវិហារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

មរ៉ូណៃ ១០:៣–៥

ខ្ញុំ​អាច​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា ព្រះគម្ពីរ​មរមន​ពិត ។

សូម​រកមើល​របៀប​នានា​ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​យក​ការអញ្ជើញរបស់មរ៉ូណៃ ដើម្បី​ទូល​សួ​រ​ព្រះ ប្រសិនបើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​អត់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មរ៉ូណៃ​កប់​ផ្ទាំង​ចំណារ​មាស ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ហើយ​សូម​ឲ្យ​កុមារ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​ឃើញ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​ផ្ទាំង​ចំណារ ហើយ​ពន្យល់​ថា ផ្ទាំង​ចំណារ​ទាំង​នេះ​បាន​កត់ត្រា​នូវ​ពាក្យ​ដែល​ឥឡូវ​នេះ​យើង​អាននៅក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​កុមារ​ធ្វើ​ជា​មរ៉ូណៃ​សរសេរ​អក្សរ​លើ​ផ្ទាំង​ចំណារ ហើយ​កប់​វា ។ សូម​ច្រៀង​បទ « ផ្ទាំង​មាស » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦១ ) ជាមួយ​គ្នា ។

  • សូម​បង្ហាញ​ព្រះគម្ពីរ​មរមន ហើយ​អាន មរ៉ូណៃ ១០:៤ ។ សូម​គូស​បញ្ជាក់​ថា យើង​អាច​ទូលសូម​ព្រះ ប្រសិនបើ​ព្រះគម្ពីរ​មរមន​ពិត ហើយ​ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ថ្លែង​ទីបន្ទាល់​មក​កាន់​យើង ។ អ្នក​ក៏​អាច​ប្រើ « ជំពូក​​ទី ៥៤ ៖ ការសន្យា​នៃ​ព្រះគម្ពីរ​មរមន » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៥៦ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​​ចែកចាយ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បានទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ។ សូម​​ជួយកុមារ​ឲ្យ​យល់​​ថា តើ​សាក្សី​ពី​ព្រះវិញ្ញាណ​មាន​សភាព​ដូចម្តេច ? សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការស្វែងរក​សេចក្តីពិត ដូចជា​បទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។

មរ៉ូណៃ ១០:៨–២០

ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ។

មរ៉ូណៃ​បាន​ពិពណ៌នា​អំពី​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ពេល​ពួកគេ​មាន​សេចក្តីជំនឿ​លើ​ទ្រង់ ។ អ្នក​អាច​ជួយ​កុមារឲ្យ​មាន​សេចក្តីជំនឿ​​ថា ព្រះ​នឹង​ប្រទាន​ពួកគេ​នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​លេខ ៩ ដល់​លេខ ១៦ នៅ​លើ​ក្រដាសផ្សេង​ដាច់​ពី​គ្នា ហើយ​បត់​ក្រដាស​នីមួយៗ ដូចជា​អំណោយ ។ សូម​ទុក​ឲ្យ​កុមារ​ឆ្លាស់​វេន​គ្នា​បើក​អំណោយ​នោះ ។ ពេល​អ្នក​ធ្វើ​វា សូមអាន​ខគម្ពីរ​មក​ពី មរ៉ូណៃ ១០:៩–១៦ ជាមួយ​គ្នា ដែល​ត្រូវ​នឹង​លេខ​ទាំង​នោះ ហើយ​ជួយ​កុមារ​ឲ្យ​រកឃើញ​អំណោយ​ទាន​ខាង​វិញ្ញាណ​នីមួយៗ ។ សូម​ពន្យល់​ថា ទាំង​នេះ​គឺ​ជា​អំណោយ​ទាន​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​បុត្រាបុត្រី​របស់ទ្រង់ ដើម្បី​យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក និង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។​

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​សង្ខេប​អំពី​អំណោយ​​ដ៏​ពេញ​ចិត្ត ដែល​ពួកគេ​បាន​ទទួល ។ សូម​ប្រាប់​កុមារ​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​កត់សម្គាល់​ថា ព្រះ​វរ​បិតា​សួគ៌​បាន​ប្រទាន​ដល់​ពួកគេ ដូចជា​អំណោយ​ទាន​នៃ​សេចក្តីជំនឿ ប្រាជ្ញា ទីបន្ទាល់ សន្តាន​ចិត្ត​ល្អ និង​សមត្ថភាព​ដើម្បី​រៀន ។

មរ៉ូណៃ ១០:៣២

ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មក​កាន់​ទ្រង់ ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « ចូរ​មក​រក​ព្រះ​គ្រីស្ទ » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ មរ៉ូណៃ ១០:៣២ « ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ » ឲ្យ​កុមារ​ស្តាប់ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ថា​ឃ្លា​នេះ​ឡើង​វិញ​ជាមួយ​អ្នក ។ សូម​ឲ្យ​ពួកគេ​បិទ​ភ្នែក​ អំឡុងពេល​អ្នក​ដាក់​រូបភាព​ព្រះយេស៊ូវ​នៅ​កន្លែង​ណា​មួយ​នៅក្នុង​បន្ទប់ ។ សូម​ឲ្យ​ពួកគេ​បើក​ភ្នែក ស្វែងរក​រូបភាព និង​ប្រមូល​គ្នា​ជុំវិញ​រូប​នោះ ។ សូម​ពិភាក្សា​ជាមួយ​កុមារ​អំពី​របៀប​ដែល​យើង​អាច​មក​កាន់​ព្រះគ្រីស្ទ ( ឧទាហរណ៍​សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣–៤ ) ។ សូម​និយាយ​ឃ្លា​​នេះ​ឡើង​វិញ ដោយ​ឲ្យ​កុមារ​ដាក់​រូបភាព​នោះ​នៅ​កន្លែង​ណា​មួយ​នៅក្នុង​បន្ទប់​រៀន ។

  • សូម​ជួយ​កុមារ​តុបតែង​ស្លាក​ឈ្មោះ​រាង​បេះដូង​ដែល​សរសេរ​ឃ្លា​ថា « ខ្ញុំ​​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​ខ្ញុំ » ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ តើ​យើង​បង្ហាញ​ព្រះ​ថា យើង​ស្រឡាញ់​ទ្រង់​តាម​របៀប​ណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

មរ៉ូណៃ ១០:៣–៥

ខ្ញុំ​អាច​ដឹង​សេចក្តី​ពិត​បាន​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​គ្រប់​គ្នា​ដឹង​ថា ព្រះគម្ពីរ​មរមនគឺ​ពិត ។ សូម​ជួយ​កុមារ​ឲ្យ​យល់​​អំពី​ការសន្យា​របស់​ព្រះថា « បង្ហាញ​សេចក្តី​ពិត​ទៅ​ដល់​អ្នក ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ពាក្យ អាន ចងចាំ ពិចារណា និង ទូល​សូម ។ សូម​ឲ្យ​កុមារ​រកមើល​ពាក្យ​ទាំង​នេះ​នៅក្នុង មរ៉ូណៃ ១០:៣–៤ ។ តើ​យើង​គួរ​អាន ចងចាំ ពិចារណា ហើយ​ទូល​សូម​​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគម្ពីរមរមន ? សូម​ឲ្យ​កុមារ​រកមើល​ភាព​ស្រដៀង​គ្នា​រវាង​ខគម្ពីរ​ទាំងនេះ និង​ចម្រៀង « ​ស្វែងរក គិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។

  • សូម​ជួយ​កុមារ​​ឲ្យ​ចងចាំ​បទពិសោធន៍​មួយ​ចំនួន​ដែល​អ្នក​មាន​ជាមួយ​គ្នា​មក​ពី​ការរៀន​អំពី​ព្រះគម្ពីរ​មរមន ។ សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន រួមមាន​របៀប​ដែល​អ្នក​បាន​ទទួល ឬ​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគម្ពីរ​មរមន​ពិត ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​ប្រាប់​ពី​គ្រា​មួយ ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​អំពី​អ្វី​មួយ ។ សូម​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​អារម្មណ៍ និង​ដឹង​ថា​នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​កុមារ​រៀនអំពី​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​យើង តាមរយៈ​ខគម្ពីរ​ខាង​ក្រោម​នេះ យ៉ូហាន ១៤:២៦–២៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:១៥, ២៣; ៨:២–៣; ៩:៧–៩; ១១:១២–១៤ ។

មរ៉ូណៃ ១០:៨–១៩

ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ។

មាន​មនុស្ស​ជាច្រើននៅក្នុង​ជំនាន់​យើង​ដែល « បដិសេធ…អំណោយទាន​នៃ​ព្រះ » ( មរ៉ូណៃ ១០:៨ ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ​អំណោយទាន​ទាំង​នេះ​នៅតែ​មាន​សព្វ​ថ្ងៃ​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​អំណោយ​ទាន​ដែល​រៀបរាប់​នៅក្នុង មរ៉ូណៃ ១០:៩–១៦ នៅលើ​បន្ទះ​ក្រដាស ហើយ​ដាក់​វា​នៅក្នុង​ប្រអប់​អំណោយ​មួយ ។ សូម​​សរសេរ​លេខ​ពី ៩ ដល់​លេខ ១៦ នៅលើ​ក្តារ​ខៀន ហើយ​សូម​អញ្ជើញ​កុមារ​ឆ្លាស់​វេន​គ្នា​ជ្រើសរើស​ក្រដាស​មួយ​ពី​ប្រអប់ ហើយ​ផ្គូផ្គង​វា​ទៅ​លេខ​ខគម្ពីរ​នៅលើ​ក្តារខៀន ។ តើ​យើង​រៀនអ្វីខ្លះ​អំពី​អំណោយទាន​ទាំង​នេះ​ចេញពី ខ​ទី ៨ និង ១៧–១៨ ?

  • សូម​ចែកចាយ​រឿង​ស្តីពី ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ( សូមមើល « ជំពូក​ទី ៣ ៖ ទេវតាមរ៉ូណៃ និងផ្ទាំង​មាស » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៣–១៧ ) ។ សូម​ជួយ​កុមារ​រក​មើល​អំណោយ​ទាន​ដែល​បានថ្លែង​នៅក្នុង មរ៉ូណៃ ១០:៩–១៦ ដែល​ព្រះ​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ដើម្បី​លោក​អាច​នាំ​ព្រះគម្ពីរ​មរមន​ចេញ​មក ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ជឿ​លើ​អំណោយទាន​ខាង​វិញ្ញាណ​នា​ពេល​បច្ចុប្បន្ន​នេះ ?

មរ៉ូណៃ ១០:៣២–៣៣

ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មក​កាន់​ទ្រង់ ។

តើ​អ្នក​នឹង​អញ្ជើញ​កុមារ​ឲ្យ « ចូរមករកព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ » តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​លើ​ក្តារខៀននូវ​សំណួរ​ដូចជា តើ​ចូរ​មក​រកព្រះគ្រីស្ទ​មានន័យ​ដូចម្តេច ? សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ មរ៉ូណៃ ១០:៣២–៣៣ ដើម្បី​ស្វែង​យល់​ចម្លើយ​ដែល​អាច​មាន ។ សូម​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សរសេរ​អ្វី​ដែល​ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ និង​អ្វី​ដែល​ទ្រង់​សន្យា​​ធ្វើ​ដល់​យើង ។

  • សូម​ចែកចាយវគ្គបទ​ខគម្ពីរ ឬ​រឿង​ដែល​អ្នក​ចូលចិត្ត​មក​ពី​ព្រះគម្ពីរ​មរមន​ ដែល​បាន​ជួយ​អ្នក​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ខគម្ពីរ ឬ​រឿង​របស់​ពួកគេ​ផងដែរ ។ សូម​រំឭក​ជាមួយ​កុមារ​នូវ​ប្រសាសន៍​របស់ ព្យាការី យ៉ូសែប ស៊្មីធ មក​ពី បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ « បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ការធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃ [ ព្រះគម្ពីរ​មរមន ] ជាជាងគម្ពីរ​ដទៃ​ទាំងអស់ » ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​អធិស្ឋាន​ទូល​សូម​ទីបន្ទាល់​កាន់តែ​រឹងមាំ​អំពី​ព្រះគម្ពីរ​មរមន បន្ទាប់​មក​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​លើក​ទឹកចិត្ត​​ឲ្យ​ចែកចាយ ។ ជារឿយៗ កុមារ​តូចៗ​មាន​ការយល់​ដឹង​​​អំពី​ដំណឹងល្អ​ប្រកប​ដោយ​អត្ថន័យ ។ ការចែកចាយ​គំនិត​របស់​ពួកគេ​ជួយ​រៀបចំ​ពួកគេ​ឲ្យ​និយាយ​​ទៅកាន់​មិត្តភក្តិ​ពួកគេ​អំពី​ដំណឹងល្អ ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣០ ) ។