ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ ៖ « បាន​ពេញ​ទៅ​ដោយ​ចិត្ត​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​គ្រប់រូប »


« ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ ៖ ‹ ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះមនុស្ស​ទាំងអស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ​២០២០ )

« ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ស្តេច​បេនយ៉ាមីន​កំពុង​​បង្រៀន​ប្រជាជន​របស់​ទ្រង់

មីណើរវ៉ា ខេ ធីឆើរ ( ១៨៨៨–១៩៧៦ ) សុន្ទរកថា​ចុងក្រោយ​របស់​ស្តេច​បេនយ៉ាមីន​ ឆ្នាំ ១៩៣៥ ប្រេង​នៅ​លើ​ផ្ទាំង​គូរ​គំនូរ ៣៦ x ៤៨ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់

ថ្ងៃទី ១៣–១៩ ខែ មេសា

ម៉ូសាយ ១–៣

« ពោពេញទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំងអស់ »

មាន​គោលការណ៍​ជាច្រើន​នៅ​ក្នុង ម៉ូសាយ ១–៣ ដែល​អ្នក​អាច​ពិភាក្សា​ជាមួយ​នឹង​សិស្ស​របស់​អ្នក ។ សូម​អធិស្ឋាន​សូម​ការ​ណែនាំ​ដើម្បីដឹង​ថា​គោលការណ៍​ណា​មួយ​នឹង​មាន​ប្រយោជន៍​បំផុត​ដល់​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​និយាយ​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​អំពី ម៉ូសាយ ១–៣ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នឹង​សិស្ស​ម្នាក់​ទៀត​នូវ​ខគម្ពីរ​មួយ​ដែល​ពួកគេទទួល​បាន​ការ​បំផុស​គំនិត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសាយ ២:១–៩

ការ​ទទួល​បានព្រះ​បន្ទូល​របស់ព្រះតម្រូវ​ឲ្យ​មាន​ការ​រៀបចំខ្លួន ។

  • វិធី​មួយ​ដើម្បី​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​ការ​រៀបចំ​ខ្លួន​ក្នុង​ការ​ទទួលព្រះ​បន្ទូលរបស់​ព្រះ​អាច​ជា​ការ​ពិភាក្សាអំពី​លទ្ធផល​នៃ​ការ​រៀបចំខ្លួន—ឬ​ ពុំ​បាន​រៀបចំ​ខ្លួន—សម្រាប់​រឿង​ផ្សេង​ទៀត ។ ឧទាហរណ៍ សិស្ស​អាច​ចែកចាយ​បទពិសោធន៍​អំពី​របៀប​ដែល​ការ​រៀបចំ​ខ្លួន​របស់​ពួកគេ ឬ​ខ្វះ​ការ​រៀបចំខ្លួន​បាន​ជះឥទ្ធិពល​មួយ​ដែល​ពួកគេ​មាន​នៅ​ឯ​សាលារៀន ឬ​នៅ​កន្លែង​ធ្វើការ ឬ​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត ។ បន្ទាប់​ពី​ពួកគេ​ចែកចាយ​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ឲ្យ​អាន ម៉ូសាយ ២:១–៩ ដោយ​រក​មើល​កិច្ចការដែល​រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន​បាន​ធ្វើ ដើម្បី​​រៀបចំខ្លួន​ទទួល​បន្ទូល​របស់ព្រះ ។ សិស្ស​ពាក់​កណ្ដាល​ទៀត​អាច​ស្រាវជ្រាវ​ខគម្ពីរ​ដូចគ្នា ដោយ​រក​មើល​កិច្ចការ​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ធ្វើ ដើម្បីបង្ហាញ​ពីអារម្មណ៍​ដែល​ទ្រង់​មាន​អំពី​បន្ទូល​របស់​ព្រះ និង​សេចក្ដី​ត្រូវការដើម្បីចែកចាយ​បន្ទូល​ព្រះ ។ បន្ទាប់​មក សូម​ឲ្យក្រុម​នីមួយៗ​ចែកចាយ​គំនិត​របស់​ពួកគេ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះចេញ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​យើងឲ្យ​ទទួល​បាន​បន្ទូល​របស់​​ព្រះ ?

ម៉ូសាយ ២:១០–២៦

នៅ​ពេល​យើង​បម្រើ​ដល់​មនុស្ស​ដទៃ នោះ​យើង​ក៏​កំពុង​បម្រើ​ព្រះ​ដែរ ។

  • ស្ដេច​បេនយ៉ាមីន​គឺជា​អ្នក​បម្រើ​ដ៏​គំរូ​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ជុំវិញ​ទ្រង់ ។ តើ​សិស្ស​អាច​រៀន​អ្វីខ្លះពី​ទ្រង់ ដើម្បី​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ? សូម​ពិចារណា​ចាប់ផ្ដើម​ការ​ពិភាក្សា​នោះ ដោយ​សូម​​ឲ្យ​សិស្ស​សរសេរ​ឧបសគ្គ​ដែល​មនុស្ស​ជួប​ប្រទះ​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ដទៃ—ដូចជា ហេតុផលដែល​យើង​ពុំ​បម្រើ ឬ​ហេតុផល​ដែល​ការ​បម្រើ​របស់​យើង​ពុំ​បាន​ជួយ​បាន​ច្រើន ។ បន្ទាប់​មក ពួកគេ​អាច​សិក្សា ម៉ូសាយ ២:១០–២៦ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដី​ពិត​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​អំពីការ​បម្រើ​មនុស្ស​ដទៃ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​ពួកគេ​បាន​សរសេរ ។ តើ​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្ដោត​លើ​ការ​បម្រើ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ? សូម​ពិចារណា​ចែកចាយ​ដំណើរ​រឿង​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ជា​យោបល់​មួយ ។

  • ទំនុក​តម្កើង​មួយ​ដូចជា « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( ទំនុក​តម្កើង ល.រ. ១៧ ) អាច​ពង្រឹង​ដល់​សារលិខិត​ដែល​មាន​នៅ​ក្នុង ម៉ូសាយ ២:១៧—នៅ​ពេល​យើង​បម្រើ​មនុស្ស​ដទៃ នោះ​យើង​កំពុង​បម្រើ​ព្រះ ។ តើ​អ្នក​អាច​ប្រើ​ធនធាន​បែប​នេះ​ដើម្បី​ពង្រឹង​ដល់​សារលិខិត​របស់​ស្ដេច​បេនយ៉ាមីន​​តាម​របៀប​ណា ? ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ក្នុង​​ការ​បម្រើ​មនុស្ស​ដទៃ ឬ​បាន​​ទទួល​ការ​បម្រើ​ដូចជា​ព្រះគ្រីស្ទ​ពី​មនុស្ស​ណាម្នាក់ ។ ជាផ្នែក​មួយ​នៃ​ការ​ពិភាក្សា​រ​បស់​អ្នក សូម​ពិចារណា​ចែកចាយ​ពាក្យ​ដក​ស្រង់​នេះ​មក​ពី​ប្រធាន ហិនរី ប៊ី អាវរិង ៖ « នៅពេល​យើង​ផ្ដល់​ជំនួយ​ដល់នរណា​ម្នាក់ ព្រះអង្គ​សង្គ្រោះនឹង​ញាណដឹង ដូចជា​​​យើង​ឈោងដៃជួយ​ដល់​ទ្រង់​ដែរ » ( « Is Not This the Fast That I Have Chosen? » ​EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២២ ) ។ ហេតុអ្វី​អ្នកគិត​ថា​យើង​កំពុង​បម្រើ​ព្រះ នៅ​ពេល​យើង​បម្រើ​មនុស្ស​ដទៃ ?

ស្ត្រី​ពីរ​នាក់​កំពុង​ឱប​គ្នា

ការ​បម្រើ​មនុស្ស​ដទៃ​ជួយ​យើង​ឲ្យ​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

ម៉ូសាយ ២:៣៨–៤១

សុភមង្គល​កើត​ចេញ​ពី​ការ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ « ពិចារណាពី​ស្ថានភាព​ដ៏​មាន​ពរ ហើយ​រីករាយ​នៃ​អស់​អ្នក​ដែល​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ » វា​អាច​ជួយ ដើម្បីចាប់ផ្ដើម​ជាមួយ​នឹង​និយមន័យ​អំពី​សុភមង្គល ។ តើ​សិស្ស​នឹង​ពិពណ៌នាសុភមង្គល​ដែល​កើត​ចេញ​ពី​ការ​គោរពប្រតិបត្តិ​តាម​​ព្រះ​តាម​រ​បៀបណា ? ប្រហែលជា ពួកគេ​អាច​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​និយាយ​ថា គាត់​មាន​ចិត្ត​រីករាយ ដោយ​ពុំ​ចាំបាច់​គោរព​តាម​បទបញ្ញត្តិ​នោះ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ូសាយ ២:៣៨–៤១ ហើយពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​មិត្ត​របស់​ពួកគេ​ឲ្យ​យល់​ពី​ភាព​ខុស​គ្នា​រវាង​សុភមង្គល​ខាង​លោកិយ និង​សុភមង្គល​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ តើសិស្ស​អាច​ចែកចាយ​បទពិសោធន៍ ឬ​គំរូអ្វីខ្លះ​មក​ពី​ជីវិត​របស់​មនុស្ស ដែល​បង្ហាញ​គំរូ​ពី​សុភមង្គល​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?

ម៉ូសាយ ៣:១–២០

សេចក្ដី​សង្គ្រោះ​កើត​មាន​តែ​ « តាម​រយៈ​ព្រះនាម​របស់​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់ » ប៉ុណ្ណោះ ។

  • សារលិខិត​របស់​ស្ដេច​បេនយ៉ាមីនរួម​មាន​នូវ​​ការ​ព្យាករដ៏​មាន​អនុភាព​អំពី​ការ​ប្រសូត ការងារ​បម្រើ និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែក​ចាយ​ខគម្ពីរមក​ពី ម៉ូសាយ ៣:១–២០ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ ហើយ​ជួយ​ពួកគេ​ឲ្យ​យល់ពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពីហេតុផលដែល​ខគម្ពីរ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ ។

  • បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន បង្រៀន​ថា ព្រះគម្ពីរ​នេះ « ផ្ដល់នូវ​ចំណុច​សំខាន់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ការ​បង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​ជួយ​សម្រេច​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន​នេះ អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ឃ្លា​ថា ព្រះយេស៊ូវគ្រីស្ទ​ធ្វើឲ្យ​សេចក្ដី​សង្គ្រោះ​កើត​មាន​ឡើង ។ សិស្ស​អាច​រំឭក ម៉ូសាយ ៣:១–២០ ឡើង​វិញ បន្ទាប់​មក​អ្នក ឬ​ពួកគេ​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​សេចក្ដី​ពិត​ដែល​ពួកគេ​រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​រៀនអ្វីខ្លះ​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើឲ្យ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​កើត​មាន​ឡើង ។ បន្ទាប់​មក​ សូម​ទុក​ពេល​ឲ្យ​សិស្ស​រំឭក ម៉ូសាយ ៣:១៨–១៩ ឡើង​វិញ ហើយ​ចែកចាយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ក្លាយ​ជា​ពួក​បរិសុទ្ធ ហើយ​ទទួល​បាន​​សេចក្ដី​សង្គ្រោះ ។ តើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើងឲ្យ​​សម្រេច​កិច្ចការ​នេះ​តាម​របៀប​ណា ? សូម​ឲ្យ​សិស្ស​ចែកចាយអារម្មណ៍​របស់​ពួកគេ​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​សិស្ស​របស់​អ្នក​ធ្លាប់​ជួប​បទពិសោធន៍​មួយ នៅ​ពេល​ដែល​​គោលលទ្ធិ​មួយ​បាន​បង្រៀន​នៅ​ក្នុង​សុន្ទរកថា មេរៀន ឬ​បទគម្ពីរ បាន​ផ្លាស់ប្ដូរ​ពួកគេ​ដែរ​ឬទេ ? សូម​ប្រាប់​ពួកគេ​ថា នៅ​ក្នុង ម៉ូសាយ ៤–៦ ពួកគេ​នឹង​អាន​អំពី​សេចក្ដីពិត​ដែលបាន​បង្រៀន​ដោយ​ស្ដេច​បេនយ៉ាមីន​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការបម្រើ​មនុស្ស​ដទៃ ។

ជីវប្រវត្តិ​របស់ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា

« កាល​ពី​ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​សរសេរ​ដោយវេជ្ជ. ចាក ម៉ាកខូនណេល ។ គាត់​ធំ​ដឹង​ក្ដី​នៅ​លើ​ភ្នំ​ភាគនិរតី​នៃ​រដ្ឋ​វឺជីញ៉ា​​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ប្រាំពីរ​នាក់​របស់​គ្រូគង្វាល​នៃ​ពួកមេតូឌីស និង​មាន​ម្ដាយ​ដែល​ជា​មេផ្ទះ ។ ស្ថានភាព​របស់​ពួកគេ​គឺ​ក្រីក្រណាស់ ។ គាត់​បាន​នៅចាំ​ថា កាល​គាត់​នៅក្មេង រៀងរាល់​ថ្ងៃ​ កាល​គ្រួសារ​អង្គុយ​ជុំ​គ្នា​ជុំវិញ​តុបាយ​សម្រាប់​អាហារ​ពេ​លល្ងាច ឪពុក​គាត់នឹង​សួរកូន​ម្នាក់ៗ​ថា ‹ តើកូន​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​នេះ ? › កូនៗ​ទាំងអស់​បាន​តាំង​ចិត្ត​ធ្វើ​រឿង​ល្អ​មួយរៀង​រាល់​ថ្ងៃ ដើម្បី​ពួកគេ​អាច​រាយការណ៍​ប្រាប់​ទៅ​ឪពុក​របស់​ខ្លួនថា ពួកគេ​បាន​ជួយ​ដល់​មនុស្ស​ម្នាក់ ។ វេជ្ជ. ម៉ាកខូនណេល​ ហៅការ​អនុវត្ត​នេះថា​ជា​កេរមរតក​ដ៏​មាន​តម្លៃ​បំផុត​របស់​ឪពុក​គាត់ ដោយសារ ការ​រំពឹង​ទុក និងពាក្យ​ពេចន៍ ទាំងនោះ បាន​បំផុស​គំនិត​គាត់ និង​បងប្អូន​របស់​គាត់​ឲ្យ​ជួយ​មនុស្ស​ដទៃ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ នៅ​ពេល​ពួកគេ​ធំដឹង​ក្ដី ការ​ជំរុញចិត្ត​របស់​ពួកគេ​ដើម្បី​ផ្ដល់​ការ​បម្រើ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ ។

« ក្រៅពីអាជីពផ្នែក​វេជ្ជសាស្ត្រ​របស់​វេជ្ជ. ម៉ាកខូនណេន … គាត់​បាន​បង្កើត​អង្គការ​មួយ​ដែល​គាត់​ហៅ​ពួកអ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​វេជ្ជសាស្ត្រ ដែលវា​ផ្ដល់​ឱកាស​ដល់​បុគ្គលិក​ផ្នែក​វេជ្ជ​សាស្ត្រ​ដែល​បាន​ចូល​និវត្តន៍ ដើម្បី​ស្ម័គ្រ​ចិត្តធ្វើការនៅ​គ្លីនិក​ដោយ​ឥត​គិត​ថ្លៃ​​ក្នុង​ការបម្រើ​ដល់​ជន​ដែល​ពុំ​មាន​​ធានា​រ៉ាប​រង ។ វេជ្ជ. ម៉ាកខូនណេល បាន​និយាយ​ថា ពេល​សម្រាក​របស់​គាត់​ចាប់តាំង​ពីគាត់​បាន​ចូល​និវត្តន៍​មក បាន ‹ ក្លាយ​ជា​ការ​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់កម្រៃ ក្នុង​មួយ​សប្ដាហ៍ ៦០ ម៉ោង ប៉ុន្តែថាមពល ​[ របស់​គាត់ ] បាន​កើន​ឡើង ហើយ​មាន​ភាព​រីករាយ​នៅ​ក្នុង​ជីវិត ​[ របស់​គាត់ ] ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក › ។ [ ចាក ម៉ាកខូនណេល « តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​នេះ ? » Newsweek ថ្ងៃទី ១៨ ខែ ​មិថុនា ឆ្នាំ ២០០១ ទំព័រ ១៣ ] ។ …

ពិតណាស់ យើង​ទាំងអស់​គ្នា​ពុំ​អាច​ធ្វើ​ដូចជា វេជ្ជ. ម៉ាកខូនណេល ដោយ​បង្កើត​គ្លីនិក​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ជួយ​ជន​ក្រីក្រ​បាន​ទេ ប៉ុន្តែ​សេចក្ដី​ត្រូវការ​​របស់​មនុស្ស​ដទៃ​តែង​តែ​មាន​ជានិច្ច ហើយ​យើង​ម្នាក់ៗ អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ម្នាក់​បាន ។ …

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ យើង​រស់​នៅជុំវិញ​មនុស្ស​ដែល​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ការលើក​ទឹកចិត្ត ការ​គាំទ្រ ការ​លួង​លោម និងសេចក្តី​សប្បុរស​ពី​យើង—ពួកគេ​អាច​ជា​សមាជិក​នៃគ្រួសារ មិត្តភក្តិ អ្នកស្គាល់គ្នា ឬជន​ប្លែក​មុខ​ផ្សេងៗទៀត ។ យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ដោយ​ទទួល​ការបង្គាប់​ឲ្យ​បម្រើ និង ជួយ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ពឹង​ផ្អែក​លើ​យើង​ម្នាក់ៗ ។… សូម​ឲ្យ​យើង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដែល​បាន​ចោទសួរ​ដល់​វេជ្ជ. ម៉ាកខូនណេល និង​បងប្អូន​ប្រុស​ស្រី​របស់​គាត់​រាល់​ល្ងាច​នៅ​អាហារ​ពេល​ល្ងាច​ថា ‹ តើ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​នេះ ? › » ( « What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥–៨៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ធ្វើ​ជា​ឧបករណ៍​មួយរបស់​ព្រះវិញ្ញាណ ។ គោលបំណង​របស់​អ្នក​ក្នុងនាម​ជា​គ្រូ​បង្រៀន គឺមិន​មែន​ធ្វើ​បទបង្ហាញមួយទេ ប៉ុន្តែ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​—ដែលជា​គ្រូ​បង្រៀន​ដ៏​ពិត ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០) ។