« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា
យ៉ាកុប
« ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ »
ពីមុនអានគម្រោងមេរៀននេះ សូមអាន សំបុត្ររបស់យ៉ាកុប ហើយយកចិត្តទុកដាក់ទៅលើការបំផុសគំនិតដែលបងប្អូនទទួលបាន ។ តើបងប្អូនរកឃើញគោលការណ៍អ្វីខ្លះ ដែលនឹងផ្ដល់ពរជ័យ ហើយស្អាងដល់សមាជិកក្នុងថ្នាក់របស់បងប្អូន ?
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយខគម្ពីរមកពីយ៉ាកុប ដែលវាបំផុសគំនិតពួកគេឲ្យធ្វើជាអ្នក « ប្រព្រឹត្តតាមព្រះបន្ទូល » ( យ៉ាកុប ១:២២ ) ។ ប្រសិនបើវាពុំមានលក្ខណៈផ្ទាល់ខ្លួនពេកទេ នោះពួកគេក៏អាចចែកចាយអំពីកិច្ចការដែលពួកគេទទួលអារម្មណ៍ថា ពួកគេត្រូវតែធ្វើផងដែរ ទាំងផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារ ។
បង្រៀនគោលលទ្ធិ
នៅពេលយើងទូលសូមព្រះដោយសេចក្ដីជំនឿ នោះព្រះនឹងប្រទានដោយសន្ធាឥតបន្ទោសផង ។
-
គោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុង យ៉ាកុប ១:៥–៦ បានដឹកនាំយ៉ូសែប ស្ម៊ីធ ឲ្យមានបទពិសោធន៍ខាងវិញ្ញាណមួយដែលបានផ្លាស់ប្ដូរជីវិតរបស់លោក ហើយវាអាចផ្ដល់ពរជ័យដល់យើងម្នាក់ៗតាមវិធីផ្សេងៗផងដែរ ។ ប្រហែលជាបងប្អូនអាចសរសេរសំណួរដូចតទៅនេះដាក់នៅលើក្ដារខៀន ហើយសូមឲ្យសមាជិកក្នុងថ្នាក់ពិចារណាពីសំណួរទាំងនេះដោយស្ងៀមស្ងាត់ ៖ តើ យ៉ាកុប ១:៥–៦ មានឥទ្ធិពលអ្វីខ្លះនៅក្នុងជីវិតរបស់បងប្អូន ? តើបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធជាមួយនឹងខគម្ពីរទាំងនេះបានបង្រៀនបងប្អូនអ្វីខ្លះ អំពីការស្វែងរកប្រាជ្ញាចំពោះសំណួររបស់បងប្អូនផ្ទាល់ ? ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០–១៧ ) ។ តើបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនបងប្អូនថា « ទីបន្ទាល់អំពីយ៉ាកុបនោះ [ គឺ ] ពិតមែន » ? ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៦ ) ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយគំនិតដែលពួកគេមាន បន្ទាប់ពីពិចារណាអំពីសំណួរទាំងនេះហើយ ។
-
ប្រហែលជាសមាជិកក្នុងថ្នាក់អាចរៀបរាប់អំពី យ៉ាកុប ១:៥–៦ ជាពាក្យសម្ដីរបស់ពួកគេផ្ទាល់បាន ។ តើការណ៍នេះជួយពួកគេឲ្យយល់ពីខគម្ពីរទាំងនេះបានកាន់តែច្បាស់ដោយរបៀបណា ? បងប្អូនគួរតែពិភាក្សារួមគ្នាអំពីអត្ថន័យនៃពាក្យមួយចំនួនមកពីខគម្ពីរទាំងនេះផងដែរ ។
ប្រសិនបើយើងស៊ូទ្រាំដោយអំណត់ នោះព្រះអម្ចាស់នឹងដឹកនាំយើងទៅរកភាពល្អឥតខ្ចោះ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីការបង្រៀនរបស់យ៉ាកុប ស្ដីពីការអត់ធ្មត់នៅក្នុងខគម្ពីរទាំងនេះ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយបទពិសោធន៍នានា នៅពេលដែលពួកគេត្រូវមានការអត់ធ្មត់ និងអ្វីដែលពួកគេបានរៀនមកពីបទពិសោធន៍នោះ ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវក្នុង យ៉ាកុប ១:២–៤; ៥:៧–១១ រកមើលគោលការណ៍ដែលទាក់ទងទៅនឹងបទពិសោធន៍របស់ពួកគេបាន ។ ពួកគេក៏អាចរកឃើញគោលការណ៍ដែលអាចអនុវត្តបាននៅក្នុងវីដេអូ « Continue in Patience » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬនៅក្នុងសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Continue in Patience » ( Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦–៥៩ ) ផងដែរ ។ សមាជិកក្នុងថ្នាក់អាចចែកចាយអ្វីដែលពួកគេបានរៀនអំពីការអត់ធ្មត់ នៅពេលពួកគេស្គាល់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះកាន់តែច្បាស់ ។ តើអ្វីខ្លះដែលបានជួយយើងឲ្យមានការអត់ធ្មត់ ?
« សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ » ។
-
វិធីមួយដើម្បីពិភាក្សាពីការបង្រៀនរបស់យ៉ាកុបអំពីសេចក្ដីជំនឿ និងការអនុវត្ត គឺបំបែកសមាជិកក្នុងថ្នាក់របស់បងប្អូនទៅជាពីរក្រុម—ក្រុមមួយរុករកហេតុផលដែលសេចក្ដីជំនឿតម្រូវឲ្យមានការប្រព្រឹត្ត ហើយក្រុមមួយទៀតរុករកហេតុផលដែលការប្រព្រឹត្តតម្រូវឲ្យមានសេចក្ដីជំនឿ ។ ដើម្បីធ្វើកិច្ចការនេះបាន ពួកគេអាចអាន ម៉ាថាយ ៧:២១–២៣; យ៉ាកុប ១:៦–៨, ២១–២៥; ២:១៤–២៦ និង យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១៩ ។ បន្ទាប់មក ក្រុមនីមួយៗអាចចែកចាយអ្វីដែលពួកគេបានរកឃើញ ហើយពិភាក្សាអំពីហេតុផលដែលសេចក្ដីជំនឿ និងការប្រព្រឹត្តគឺជារឿងចាំបាច់ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យពិចារណាបានកាន់តែស៊ីជម្រៅអំពីឃ្លាដែលគួរតែចងចាំថា « សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ » ( យ៉ាកុប ២:២៦ ) បងប្អូនអាចសរសេរប្រយោគដូចតទៅនេះដាក់នៅលើក្ដារខៀនបាន ៖ សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាមគឺដូចជា ដែលគ្មាន ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យគិតអំពីវិធីប្រកបដោយការច្នៃប្រឌិត ដើម្បីបំពេញប្រយោគនេះ ហើយអនុញ្ញាតឲ្យពួកគេសរសេរគំនិតរបស់ពួកគេនៅលើក្ដារខៀន ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបន្តអនុវត្តសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ?
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងស្រឡាញ់មនុស្សគ្រប់រូប ទោះជាស្ថានភាពរបស់ពួកគេយ៉ាងណាក្ដី ។
-
ដើម្បីជួយបំផុសគំនិតសមាជិកក្នុងថ្នាក់ឲ្យបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទដល់មនុស្សគ្រប់រូប ដោយមិនគិតពីស្ថានភាពរបស់ពួកគេ ឬរូបរាងខាងក្រៅរបស់ពួកគេ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ប្ដូរវេនគ្នាអានខគម្ពីរនៅក្នុង យ៉ាកុប ១:៩–១១; ២:១–៩; ៥:១–៦ ។ សូមពិភាក្សាសំណួរដូចតទៅនេះ ៖ តើការ « រើសមុខគេ » មានន័យដូចម្ដេច ? ( យ៉ាកុប ២:៩ ) ។ ហេតុអ្វីពេលខ្លះយើងប្រព្រឹត្តចំពោះមនុស្សដែលមានប្រាក់ មានកេរ្ដិ៍ឈ្មោះ ឬអំណាច ខុសពីអ្នកដែលគ្មានអ្វីទាំងអស់ ? តើយើងអាចចៀសវាងការប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នាខុសគ្នា ដោយផ្អែកទៅលើស្ថានភាពរបស់ពួកគេដោយរបៀបណា ? តើពួកអ្នកដើរតាមព្រះអង្គសង្គ្រោះដ៏ស្មោះត្រង់គឺពិតជាអ្នកមានជាងគេបំផុតតាមរបៀបណា ? ( សូមមើល យ៉ាកុប ២:៥ ) ។
ពាក្យសម្ដីដែលយើងប្រើមានអានុភាពដើម្បីធ្វើឲ្យមនុស្សដទៃឈឺចាប់ ឬមានពរជ័យ ។
-
រូបភាពដ៏មានអានុភាពដែលយ៉ាកុបបានប្រើអាចផ្ដល់ជាការរំឭក និងការលើកទឹកចិត្តឲ្យយើងប្រើប្រាស់ពាក្យសម្ដី—ទាំងការនិយាយ និងការសរសេរ—ដើម្បីលើកស្ទួយមនុស្សដទៃ ។ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យមើលត្រួសៗក្នុង យ៉ាកុប ៣ ដោយរកមើលការប្រៀបធៀបដែលយ៉ាកុបបានប្រើ ដើម្បីពិពណ៌នាអំពីរបៀបដែលពាក្យសម្ដីអាចធ្វើឲ្យអ្នកដទៃឈឺចាប់ ឬផ្ដល់ពរជ័យដល់ពួកគេ ។ សមាជិកក្នុងថ្នាក់មួយចំនួនអាចរីករាយនឹងការគូរជារូបភាព នៃអ្វីដែលពួកគេពួកគេបានរកឃើញផងដែរ ។ តើការប្រៀបធៀបទាំងនេះឆ្លុះបញ្ចាំងពីសេចក្ដីណែនាំរបស់យ៉ាកុបនៅក្នុងជំពូកនេះតាមរបៀបណា ? ឧទាហរណ៍ តើពាក្យសម្ដីរបស់យើងប្រៀបបាននឹងភ្លើងតាមរបៀបណា ? ប្រហែលជាសមាជិកក្នុងថ្នាក់អាចចែកចាយពីបទពិសោធន៍ ដែលបង្ហាញពីឥទ្ធិពលនៃការប្រើប្រាស់ភាសា ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យពិចារណាអំពីរបៀប ដែលពួកគេអាចអនុវត្តតាមពាក្យទូន្មានរបស់យ៉ាកុប ។