« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
លំនាំសម្រាប់ការបង្រៀន
គម្រោងមេរៀននីមួយៗនៅក្នុងធនធាននេះធ្វើតាមលំនាំមួយ ដែលអញ្ជើញឲ្យមានការចែកចាយ និងការបង្រៀនពីគោលលទ្ធិ ។ នៅក្នុងករណីជាច្រើន នៅពេលបងប្អូនបង្រៀន នោះចំណុចសំខាន់ទាំងឡាយនៃលំនាំនេះអាចនឹងជាន់គ្នា ឬខុសលំដាប់លំដោយគ្នា ។ ឧទាហរណ៍ សូមពិចារណាថា ការចែកចាយគឺជាឱកាសមួយដើម្បីបង្រៀនគោលលទ្ធិ ហើយការបង្រៀនគោលលទ្ធិគួរតែទាក់ទងនឹងការអញ្ជើញឲ្យចែកចាយ ។ សូមអនុញ្ញាតឲ្យមានការកែតម្រូវនៅក្នុងលំនាំនេះ ដើម្បីប្រព្រឹត្តទៅតាមសម្រួល ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីបំពេញតាមតម្រូវការរបស់អស់អ្នកដែលបងប្អូនបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ជាផ្នែកមួយនៃគ្រប់ម៉ោងរៀនទាំងអស់ សូមអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយការយល់ដឹង និងបទពិសោធន៍ដែលពួកគេបានមានកាលពីសប្ដាហ៍មុន កាលពួកគេបានសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ ហើយបានអនុវត្តអ្វីដែលពួកគេបានរៀន ។ សូមជួយសមាជិកក្នុងថ្នាក់ឲ្យមើលឃើញថា ការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេនៅក្រៅថ្នាក់រៀនគឺមានសារៈសំខាន់ណាស់ ។ ការសន្ទនាជាលក្ខណៈបុគ្គលរបស់ពួកគេទៅកាន់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងមិនមែនធ្វើឡើង ត្រឹមតែតាមរយៈការរៀនសូត្រនៅថ្ងៃអាទិត្យនោះទេ ប៉ុន្ដែក៏តាមរយៈបទពិសោធន៍ប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ នៅពេលសមាជិកក្នុងថ្នាក់ស្ដាប់ឮបទពិសោធន៍ និងទីបន្ទាល់របស់គ្នាទៅវិញទៅមកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះពួកគេទំនងជាស្វែងរកបទពិសោធន៍ស្រដៀងគ្នានេះដោយខ្លួនពួកគេផ្ទាល់ខ្លាំងជាងមុន ។
ពុំមែនមនុស្សគ្រប់គ្នានឹងអានគ្រប់ជំពូកនៅក្នុងមេរៀននីមួយៗនេះទេ ហើយសូម្បីតែមនុស្សមួយចំនួនដែលបានអានក្ដី ក៏ប្រហែលជាពុំមានអារម្មណ៍កក់ក្តៅនឹងចែកចាយឡើយ ។ សូមធានាឲ្យបានថា សមាជិកក្នុងថ្នាក់ទាំងអស់មានអារម្មណ៍ថា ពួកគេគឺជាចំណែកមួយដ៏មានតម្លៃនៅក្នុងថ្នាក់ មិនថាពួកគេមានអ្វីមួយដើម្បីចែកចាយឬអត់នោះទេ ។
បង្រៀនគោលលទ្ធិ
បងប្អូន និងសមាជិកក្នុងថ្នាក់របស់បងប្អូនគួរផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់—ជាសេចក្ដីពិតដ៏អស់កល្បជានិច្ចនៃដំណឹងល្អ—ដែលមាននៅក្នុងវគ្គបទគម្ពីរដែលបានចាត់ឲ្យ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់ពីគោលលទ្ធិដែលបងប្អូននឹងបង្រៀនបានកាន់តែប្រសើរឡើង ។ នៅពេលបងប្អូនពិភាក្សាពីគោលលទ្ធិនៅក្នុងបទគម្ពីរ តើខគម្ពីរ ពាក្យដកស្រង់ បទពិសោធន៍ សំណួរ និងធនធានបន្ថែមណាខ្លះដែលបងប្អូនគប្បីចែកចាយ ? តើបងប្អូននឹងប្រើធនធានទាំងនេះដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញ ហើយយល់ពីគោលការណ៍ទាំងឡាយនៃដំណឹងល្អតាមរបៀបណា ? តើបងប្អូនអាចជួយពួកគេឲ្យស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?