« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា
ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង
នៅពេលបងប្អូនអាន ហើយពិចារណាអំពីវគ្គបទគម្ពីរទាំងឡាយនៅក្នុងគម្រោងមេរៀននេះ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលបងប្អូនបានទទួល ។ ការណ៍នេះនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងការរៀបចំរបស់បងប្អូន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយនិងគំនិតដូចតទៅនេះអាចជួយបងប្អូន ឲ្យបំផុសគំនិតសមាជិកនៅក្នុងថ្នាក់របស់បងប្អូនឲ្យសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។
អញ្ជើញឲ្យចែកចាយ
ក្នុងនាមជាគ្រូបង្រៀន គោលបំណងមួយរបស់បងប្អូនគឺការលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យរៀនចេញពីបទគម្ពីរដោយខ្លួនឯង និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ ការស្ដាប់ឮបទពិសោធន៍របស់បងប្អូនដទៃអាចបំផុសគំនិតពួកគេឲ្យស្វែងរកបទពិសោធន៍របស់ពួកគេផ្ទាល់បាន ។ ដូច្នេះ នៅពេលចាប់ផ្ដើមថ្នាក់ម្ដងៗ សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយបទគម្ពីរមកពីការសិក្សារបស់ពួកគេដែលបានបំផុសគំនិតពួកគេ ឬធ្វើឲ្យពួកគេចាប់អារម្មណ៍ ។
បង្រៀនគោលលទ្ធិ
ការរៀនសូត្រតម្រូវឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
តើបងប្អូនអាចបំផុសគំនិតសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យចូលរួមរៀនសូត្រកាន់តែសកម្ម ជាជាងដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើគ្រូបង្រៀនតាមរបៀបណា ? នេះគឺជាគំនិតមួយ ។ សូមបោះរបស់ទន់ៗមួយទៅឲ្យសមាជិកក្នុងថ្នាក់ ដែលបងប្អូនបានសូមទុកជាមុនឲ្យពួកគេចាប់របស់នោះ ដោយមិនបាច់ខំប្រឹងប្រែង ។ សូមប្រើសកម្មភាពនេះដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីតួនាទីរបស់អ្នករៀន និងគ្រូបង្រៀននៅក្នុងការរៀនសូត្រដំណឹងល្អ ។ ក្នុងនាមជាអ្នករៀន តើយើង « ចាប់យក » អ្វីដែលបានបង្រៀននៅក្នុងថ្នាក់រៀនរបស់យើងដោយរបៀបណា ? សេចក្ដីថ្លែងការណ៍ដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចបន្ថែមជួយដល់ការពិភាក្សានេះបាន ។
-
សមាជិកក្នុងថ្នាក់ទាំងអស់មានការទទួលខុសត្រូវដើម្បីយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងថ្នាក់រៀន ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់អំពីការណ៍នេះ សូមឲ្យពួកគេអាន អាលម៉ា ១:២៦ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣–២២; ៨៨:១២២–២៣ ហើយចែកចាយអ្វីដែលគ្រូបង្រៀន និងសមាជិកក្នុងថ្នាក់អាចធ្វើបាន ដើម្បីយាងអញ្ជើញព្រះវិញ្ញាណ ។ វាអាចមានប្រយោជន៍ ដើម្បីសរសេរចម្លើយរបស់ពួកគេដាក់នៅលើក្ដារខៀនក្រោមចំណងជើងដូចតទៅនេះ ៖ អ្វីដែលគ្រូបង្រៀនអាចធ្វើបាន និង អ្វីដែលអ្នករៀនអាចធ្វើបាន ។ សមាជិកក្នុងថ្នាក់អាចបង្កើតប័ណ្ណប្រកាសមួយ ដែលមានចម្លើយរបស់ពួកគេ ដែលអាចដាក់បង្ហាញក្នុងរយៈពេលពីរបីសប្ដាហ៍ខាងមុខ ។
យើងចាំបាច់ត្រូវស្គាល់សេចក្ដីពិតដោយខ្លួនឯង ។
-
វគ្គបទគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាថ្មីបង្រៀនពីគោលការណ៍ ដែលអាចដឹកនាំការស្វែងរកសេចក្ដីពិតរបស់យើង ។ ឧទាហរណ៍ដូចជា លូកា ១១:៩–១៣; យ៉ូហាន ៥:៣៩; ៧:១៤–១៧ និង កូរិនថូស ទី១ ២:៩–១១ ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់របស់បងប្អូន ដែលបានអានវគ្គបទគម្ពីរទាំងនេះនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ ឬបងប្អូនអាចអានវគ្គបទគម្ពីរទាំងនេះរួមគ្នា ហើយអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយរបៀប ដែលពួកគេបានទទួលទីបន្ទាល់របស់ពួកគេ ។
-
កិច្ចការ ១៧:១០–១២ ពិពណ៌នាអំពីពួកបរិសុទ្ធដែលបានស្វែងយល់ពីបទគម្ពីរ ហើយទទួលបានសាក្សីរបស់ពួកគេអំពីសេចក្ដីពិត ។ ដើម្បីលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យធ្វើតាមគំរូរបស់ពួកគេ សូមអានខគម្ពីរទាំងនេះរួមគ្នា ហើយអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយវគ្គបទគម្ពីរ ដែលបានពង្រឹងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អ ។
តើយើងអាចធ្វើឲ្យការសិក្សាព្រះគម្ពីររបស់យើងកាន់តែមានអត្ថន័យតាមរបៀបណា ?
-
ការបង្កើតឲ្យមានទម្លាប់សិក្សាព្រះគម្ពីរ អាចមានការលំបាកសម្រាប់សមាជិកក្នុងថ្នាក់ដែលមានអារម្មណ៍ថា ពួកគេគ្មានពេល គ្មានការយល់ដឹង ឬគ្មានជំនាញចាំបាច់ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយពួកគេឲ្យទទួលបានជោគជ័យ ? ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យទទួលបានទំនុកចិត្តលើការសិក្សាព្រះគម្ពីរ បងប្អូនអាចចែកចាយព័ត៌មានចេញពី « គំនិតដើម្បីកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់បងប្អូន » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ប្រហែលជាបងប្អូន ឬសមាជិកក្នុងថ្នាក់ដទៃទៀតអាចចែកចាយបទពិសោធន៍ជាមួយនឹងការប្រើគំនិតទាំងនេះ ឬបទពិសោធន៍ដ៏មានអត្ថន័យផ្សេងទៀតមួយចំនួនក្នុងការសិក្សាព្រះគម្ពីរ ។ បងប្អូនក៏អាចជ្រើសយកជំពូកមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយសាកល្បងសិក្សារួមគ្នាក្នុងថ្នាក់ ដោយប្រើគំនិតទាំងនេះមួយចំនួនផងដែរ ។
ធនធានបន្ថែមទាំងឡាយ
ការទាមទារចំណេះដឹងខាងវិញ្ញាណដោយខ្លួនឯង ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖ « កិច្ចការរបស់ព្រះគឺមានសារៈសំខាន់បំផុត ហើយយើងអាចស្វែងយល់ពីកាណ៍ទាំងនោះបាន តែតាមរយៈពេលវេលា និងបទពិសោធន៍ និងការគិតប្រកបដោយការយកចិត្តទុកដាក់ និងការពិចារណា និងភាពហ្មត់ចត់ប៉ុណ្ណោះ ។ ឱ គំនិតរបស់បងប្អូន ! ប្រសិនបើបងប្អូននឹងដឹកនាំព្រលឹងឲ្យទៅរកសេចក្ដីសង្គ្រោះ នោះត្រូវតែពង្រីកគំនិតនោះឲ្យបានខ្ពស់ដល់ស្ថានសួគ៌ ហើយស្វែងយល់ និងពិចារណាពីជ្រោះជ្រៅងងឹត និងវិសាលភាពដ៏ធំធេងនៃភាពអស់កល្បជានិច្ច—បងប្អូនត្រូវតែទូលទៅព្រះ ។ ឱ ព្រះរាជតម្រិះរបស់ព្រះមានសេចក្ដីថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាពន់ពេក លើសពីការស្រមើស្រមៃដ៏ឥតប្រយោជន៍នៃដួងចិត្តមនុស្ស ! » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៧ ) ។
អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ ៖ « ប្រសិនបើបងប្អូនទាំងអស់គ្នា ឬខ្ញុំដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អ ដែលបានស្តារឡើងវិញរបស់ទ្រង់ គឺជាអ្វីដែលមនុស្សដទៃបង្រៀន ឬប្រាប់ពួកយើង នោះគ្រឹះនៃទីបន្ទាល់របស់យើងអំពីទ្រង់ និងកិច្ចការដ៏រុងរឿងនៅថ្ងៃចុងក្រោយរបស់ទ្រង់គឺត្រូវបានសង់នៅលើដីខ្សាច់ហើយ ។ យើងពុំអាចពឹងផ្អែកទាំងស្រុង ឬខ្ចីពន្លឺ និងចំណេះដឹងនៃដំណឹងល្អពីមនុស្សដទៃបានឡើយ—សូម្បីតែពីមនុស្សដែលយើងស្រឡាញ់ និងទុកចិត្តក្ដី » ( « Prepared to Obtain Every Needful Thing » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០២ ) ។