« គំនិតដើម្បីកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់បងប្អូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« គំនិតដើម្បីកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់បងប្អូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
គំនិតដើម្បីកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់បងប្អូន
នេះគឺជារបៀបសាមញ្ញខ្លះៗដើម្បីពង្រីកដល់ការសិក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីររបស់បងប្អូន ។
ស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរបង្រៀនយើងថា រឿងគ្រប់យ៉ាងថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះហើយសូមពិចារណាកត់ត្រា ឬគូសចំណាំខគម្ពីរដែលបង្រៀនអំពីព្រះអង្គសង្គ្រោះ និងរបៀបដើម្បីធ្វើតាមទ្រង់ ។
ស្វែងរកពាក្យ និងឃ្លាបំផុសគំនិត
បងប្អូនអាចរកឃើញថា មានពាក្យ ឬឃ្លាមួយចំនួននៅក្នុងបទគម្ពីរទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូន ដែលខគម្ពីរនោះហាក់ដូចជាសរសេរយ៉ាងចំៗមកកាន់បងប្អូនដូច្នោះ ។ ខគម្ពីរនោះអាចធ្វើឲ្យមានអារម្មណ៍ទាក់ទងដោយផ្ទាល់ ហើយបំផុសគំនិត និងលើកទឹកចិត្តដល់បងប្អូន ។ សូមគិតធ្វើការគូសចំណាំខគម្ពីរនោះនៅក្នុងព្រះគម្ពីររបស់បងប្អូន ឬសរសេរខគម្ពីរនោះនៅក្នុងកំណត់ហេតុសិក្សា ។
ស្វែងរកសេចក្ដីពិតនៃដំណឹងល្អ
ពេលខ្លះសេចក្ដីពិតនៃដំណឹងល្អ ( ជាញឹកញាប់ ត្រូវបានហៅថា គោលលទ្ធិ ឬគោលការណ៍ ) ត្រូវបានថ្លែងចំៗ ហើយពេលខ្លះសេចក្តីពិតនៃដំណឹងល្អនេះត្រូវបានបរិយាយតាមរយៈឧទាហរណ៍ ឬដំណើររឿងមួយ ។ សូមសួរខ្លួនបងប្អូនថា « តើសេចក្ដីពិតដ៏នៅអស់កល្បអ្វីខ្លះ ដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? »
ស្ដាប់តាមព្រះវិញ្ញាណ
សូមយកចិត្តទុកដាក់ចំពោះគំនិត និងអារម្មណ៍របស់បងប្អូន ទោះបីវាមិនទាក់ទងនឹងអ្វីដែលបងប្អូនកំពុងអានក្ដី ។ ចំណាប់អារម្មណ៍ទាំងនោះអាចនឹងជារឿងសំខាន់ដែលព្រះវរបិតាសួគ៌របស់បងប្អូនចង់ឲ្យបងប្អូនរៀន ។
ប្រដូចបទគម្ពីរមកជីវិតរបស់បងប្អូន
សូមពិចារណាអំពីរបៀបដែលដំណើររឿង និងការបង្រៀនទាំងឡាយដែលបងប្អូនកំពុងអាននេះអនុវត្តក្នុងជីវិតបងប្អូន ។ ឧទាហរណ៍ បងប្អូនអាចសួរខ្លួនឯងថា « តើខ្ញុំមានបទពិសោធន៍អ្វីខ្លះដែលស្រដៀងគ្នានឹងអ្វីដែលខ្ញុំកំពុងអាន ? » ឬ « តើខ្ញុំអាចធ្វើតាមគំរូរបស់បុគ្គលនៅក្នុងគម្ពីរនេះយ៉ាងដូចម្ដេច ? »
សួរសំណួរកាលបងប្អូនសិក្សា
កាលបងប្អូនសិក្សាបទគម្ពីរ នោះសំណួរជាច្រើនអាចកើតមានក្នុងគំនិតបងប្អូន ។ សំណួរទាំងនេះអាចទាក់ទងនឹងអ្វីដែលបងប្អូនកំពុងអាន ឬទាក់ទងនឹងជីវិតទូទៅរបស់បងប្អូន ។ សូមពិចារណាអំពីសំណួរទាំងនេះ ហើយរកមើលចម្លើយ កាលបងប្អូនបន្ដសិក្សាបទគម្ពីរ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ
ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីខគម្ពីរដែលបងប្អូនអាន សូមប្រើលេខយោង Topical Guide, Bible Dictionary, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) និងជំនួយការសិក្សាដទៃទៀត ។
ពិចារណាអំពីបរិបទនៃបទគម្ពីរ
បងប្អូនអាចរកឃើញការយល់ដឹងដ៏មានអត្ថន័យអំពីបទគម្ពីរមួយ បើបងប្អូនពិចារណាអំពីបរិបទរបស់វា—ស្ថានភាព ឬទីតាំងរបស់បទគម្ពីរនេះ ។ ឧទាហរណ៍ ការស្គាល់ពីប្រវត្តិ និងជំនឿនៃមនុស្សដែលព្យាការីបាននិយាយទៅកាន់នោះ អាចជួយបងប្អូនឲ្យយល់ពីបំណងនៃពាក្យសម្ដីរបស់លោក ។
កត់ត្រាគំនិត និងអារម្មណ៍របស់បងប្អូន
មានវិធីជាច្រើនដើម្បីកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន កាលបងប្អូនសិក្សា ។ ឧទាហរណ៍ បងប្អូនអាចគូសចំណាំពាក្យ ឬឃ្លាដ៏មានអត្ថន័យ ហើយកត់ត្រាគំនិតរបស់បងប្អូនទុកជាកំណត់ចំណាំមួយនៅក្នុងព្រះគម្ពីររបស់បងប្អូន ។ បងប្អូនក៏អាចរក្សាសៀវភៅកំណត់ហេតុអំពីការយល់ដឹង អារម្មណ៍ និងចំណាប់អារម្មណ៍ដែលបងប្អូនទទួលផងដែរ ។
សិក្សាប្រសាសន៍របស់ពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ
សូមអានអ្វីដែលពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយបានបង្រៀនអំពីគោលការណ៍នានា ដែលបងប្អូនបានរកឃើញនៅក្នុងព្រះគម្ពីរ ( ឧទាហរណ៍ សូមមើលគេហទំព័រ conference.ChurchofJesusChrist.org និង ទស្សនាវដ្ដីសាសនាចក្រ ) ។
ចែកចាយការយល់ដឹង
ការពិភាក្សាអំពីការយល់ដឹងមកពីការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូន គឺពុំគ្រាន់តែជាវិធីដ៏ល្អមួយដើម្បីបង្រៀនអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែការសិក្សានេះក៏ជួយពង្រឹងដល់ការយល់ដឹងរបស់បងប្អូនអំពីអ្វីដែលបងប្អូនបានអានផងដែរ ។
រស់នៅតាមអ្វីដែលបងប្អូនបានរៀន
ការសិក្សាព្រះគម្ពីរពុំគ្រាន់តែសម្រាប់បំផុសគំនិតយើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹកនាំយើងឲ្យផ្លាស់ប្តូររបៀបដែលយើងរស់នៅផងដែរ ។ សូមស្ដាប់អ្វីដែលព្រះវិញ្ញាណបំផុសឲ្យបងប្អូនធ្វើ នៅពេលបងប្អូនអាន រួចហើយសូមប្តេជ្ញាចិត្តធ្វើតាមការបំផុសគំនិតទាំងនោះ ។