« ការបញ្ចូលតន្រ្តីពិសិដ្ឋនៅក្នុងការរៀនសូត្រដំណឹងល្អរបស់បងប្អូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ការបញ្ចូលតន្រ្តីពិសិដ្ឋនៅក្នុងការរៀនសូត្រដំណឹងល្អរបស់បងប្អូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ការបញ្ចូលតន្រ្តីពិសិដ្ឋនៅក្នុងការរៀនសូត្រដំណឹងល្អរបស់បងប្អូន
ការច្រៀងចម្រៀងអង្គការបឋមសិក្សា និងទំនុកតម្កើងអាចផ្ដល់ពរជ័យជាច្រើនរបៀបដល់បងប្អូន និងគ្រួសាររបស់បងប្អូន ។ គំនិតទាំងនេះអាចជួយបងប្អូនឲ្យប្រើតន្ត្រីពិសិដ្ឋ ពេលបងប្អូនព្យាយាមរៀនសូត្រ និងរស់នៅតាមដំណឹងល្អ ។
-
រៀនសូត្រគោលការណ៍ខាងគោលលទ្ធិ ។ សូមរកមើលសេចក្ដីពិតដែលបានបង្រៀននៅក្នុងចម្រៀងដែលបងប្អូនច្រៀង ឬស្ដាប់ ។ ការណ៍នេះអាចដឹកនាំឲ្យមានការពិភាក្សាដំណឹងល្អនានាអំពីសេចក្ដីពិតទាំងនេះពេញមួយថ្ងៃ ។ សូមច្រៀង ឬស្ដាប់ចម្រៀងអង្គការបឋមសិក្សា ឬទំនុកតម្កើងដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមយកចិត្តទុកដាក់ចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ។
-
ស្គាល់អានុភាពរបស់តន្ត្រី ។ ការច្រៀង ឬការស្ដាប់ចម្រៀងអង្គការបឋមសិក្សា និងទំនុកតម្កើងអាចជាពរជ័យមួយនៅក្នុងគ្រាលំបាក ។ ឧទាហរណ៍ ការច្រៀងចម្រៀងមួយបទអាចធ្វើឲ្យកុមារម្នាក់គេងលក់ បង្កើតអំណរ នៅពេលគ្រួសាររបស់បងប្អូនធ្វើការរួមគ្នា លើកស្ទួយអ្នកជិតខាងម្នាក់ដែលឈឺ ឬលួងលោមចិត្តមនុស្សម្នាក់ដែលមានការថប់បារម្ភ ។
-
ចែកចាយបទពិសោធន៍ ។ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន និងបទពិសោធន៍គ្រួសារ ដែលទាក់ទងនឹងសារលិខិតនៃបទចម្រៀងនេះ ។ បងប្អូនក៏អាចចែកចាយដំណើររឿងព្រះគម្ពីរដែលទាក់ទងគ្នាផងដែរ ។
-
ឲ្យគ្រួសាររបស់បងប្អូនចូលរួមចំណែក ។ គ្រួសាររបស់បងប្អូននឹងរៀនកាន់តែច្រើនចេញពីបទចម្រៀង ប្រសិនបើពួកគេចូលរួមយ៉ាងសកម្ម ។ ដើម្បីធ្វើឲ្យសមាជិកគ្រួសារចូលរួម បងប្អូនអាចអញ្ជើញកុមារធំម្នាក់ឲ្យជួយបង្រៀនចម្រៀងមួយបទដល់ប្អូនតូចៗ ឬអញ្ជើញកុមារឲ្យបង្រៀនគ្រួសារនូវចម្រៀងមួយបទ ដែលពួកគេបានរៀននៅក្នុងអង្គការបឋមសិក្សា ។ បងប្អូនក៏អាចអនុញ្ញាតឲ្យសមាជិកគ្រួសារប្ដូរវេនគ្នាដឹកនាំចម្រៀងមួយបទផងដែរ ។
-
មានភាពច្នៃប្រឌិត ។ សូមប្រើវិធីផ្សេងៗគ្នាដើម្បីរៀនតន្ត្រីពិសិដ្ឋជាគ្រួសារ ។ ឧទាហរណ៍ បងប្អូនអាចប្រើកាយវិការដែលត្រូវនឹងទំនុកច្រៀង និងឃ្លានៅក្នុងបទចម្រៀង ។ ឬបងប្អូនអាចប្ដូរវេនធ្វើសកម្មភាពតាមផ្នែកនៃបទចម្រៀងមួយ ខណៈដែលសមាជិកគ្រួសារផ្សេងទៀតព្យាយាមទាយបទចម្រៀងនោះ ។ គ្រួសាររបស់បងប្អូនអាចរីករាយច្រៀងចម្រៀងតាមល្បឿន ឬសំឡេងខុសៗគ្នា ។ កម្មវិធីបណ្ណាល័យដំណឹងល្អ និងកម្មវិធី Gospel for Kids មានការថតជាសំឡេង និងវីដេអូដែលអាចជួយបងប្អូនឲ្យរៀនចម្រៀងជាច្រើន ។ បងប្អូនក៏អាចបង្កើតជាបញ្ជីចាក់ស្ដាប់តន្ត្រីពិសិដ្ឋផងដែរ ។
សម្រាប់គំនិតបន្ថែម សូមមើលផ្នែក « ការប្រើតន្ត្រីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » ដែលមាននៅក្នុង « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។