« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា
ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង
គោលបំណងនៃព្រះគម្ពីរគឺដើម្បីជួយបងប្អូនឲ្យមករកព្រះគ្រីស្ទ ហើយប្រែចិត្តជឿកាន់តែខ្លាំងទៅលើដំណឹងល្អរបស់ទ្រង់ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់បទគម្ពីរ ហើយស្វែងរកកម្លាំងខាងវិញ្ញាណដែលបងប្អូន និងក្រុមគ្រួសារបងប្អូនត្រូវការ ។ បន្ទាប់មក ពេលនៅក្នុងថ្នាក់រៀននៃសាសនាចក្ររបស់បងប្អូន បងប្អូននឹងមានឱកាសដើម្បីចែកចាយពីការយល់ដឹង ហើយលើកទឹកចិត្តដល់បងប្អូនពួកបរិសុទ្ធឲ្យខិតខំធ្វើតាមព្រះគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
« តើអ្នកមករកអី ? » ព្រះយេស៊ូវបានសួរដល់ពួកសិស្សរបស់ យ៉ូហាន-បាទីស្ទ ( យ៉ូហាន ១:៣៨ ) ។ បងប្អូនអាចនឹងសួរសំណួរដូចគ្នានេះដល់ខ្លួនឯង—ដ្បិតអ្វីដែលបងប្អូនរកឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មីក្នុងឆ្នាំនេះ នឹងអាស្រ័យទៅលើអ្វីដែលបងប្អូនស្វែងរកយ៉ាងខ្លាំងនោះ ។ « ចូររក នោះតែងនឹងឃើញ » គឺជាការសន្យារបស់ព្រះអង្គសង្គ្រោះ ( ម៉ាថាយ ៧:៧ ) ។ ដូច្នេះចូរសួរសំណួរដែលផុសមកក្នុងគំនិតរបស់បងប្អូន នៅពេលបងប្អូនសិក្សា បន្ទាប់មកស្វែងរកចម្លើយដោយឧស្សាហ៍ព្យាយាម ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី បងប្អូននឹងអានអំពីបទពិសោធន៍ខាងវិញ្ញាណដ៏មានអានុភាពរបស់សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។ ក្នុងនាមជាសិស្សស្មោះត្រង់របស់ព្រះអង្គសង្គ្រោះ បងប្អូនអាចមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនដ៏មានអានុភាពផងដែរ នៅពេលបងប្អូនទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងជំពូកដ៏ពិសិដ្ឋនេះ « ចូរមកតាមខ្ញុំ » ( លូកា ១៨:២២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ដើម្បីរៀនមកពីព្រះអង្គសង្គ្រោះដ៏ពិត ខ្ញុំត្រូវតែទទួលយកការអញ្ជើញរបស់ទ្រង់ « ចូរមកតាមខ្ញុំ » ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ « ចូរមកតាមខ្ញុំ » អនុវត្តចំពោះមនុស្សគ្រប់រូប—ទោះជាយើងថ្មីនៅក្នុងការដើរនៅលើផ្លូវនៃភាពជាសិស្ស ឬបានដើរលើផ្លូវនេះពេញមួយជីវិតយើងហើយក្ដី ។ នេះគឺជាការអញ្ជើញរបស់ទ្រង់ចំពោះកំលោះអ្នកមាន ដែលកំពុងព្យាយាមដើម្បីរក្សាបទបញ្ញត្តិទាំងឡាយ ( សូមមើល ម៉ាថាយ ១៩:១៦–២២; លូកា ១៨:១៨–២៣ ) ។ អ្វីដែលកំលោះអ្នកមានបានរៀន—និងអ្វីដែលយើងទាំងអស់គ្នាត្រូវរៀន—គឺថាការធ្វើជាសិស្សម្នាក់មានន័យថា យើងថ្វាយដួងព្រលឹងរបស់យើងទាំងមូលចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ យើងរីកចម្រើននៅក្នុងភាពជាសិស្សរបស់យើង នៅពេលយើងស្គាល់ចំណុចខ្វះខាត ផ្លាស់ប្ដូរ ហើយព្យាយាមដើម្បីធ្វើតាមពួកទ្រង់ឲ្យបានកាន់តែពេញលេញ ។
ការរៀនសូត្រពីព្រះអង្គសង្គ្រោះចាប់ផ្ដើមឡើង នៅពេលយើងព្យាយាមដើម្បីយល់នូវអ្វីដែលទ្រង់បានបង្រៀន ។ ឧទាហរណ៍ តើការយល់ដឹងរបស់បងប្អូនអំពីការបន្ទាបខ្លួនមានភាពជ្រៅជ្រះយ៉ាងណា នៅពេលបងប្អូនពិនិត្យពិច័យមើលដូចខាងក្រោមនេះ ?
-
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១៨:១–៥; លូកា ១៨:៩–១៤ )
-
គំរូមកពីព្រះជន្មរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៣:១–១៥ )
ប្រសិនបើបងប្អូនចង់រៀនបន្ថែម សូមសាកល្បងសកម្មភាពនេះជាមួយនឹងគោលការណ៍នៃដំណឹងល្អដទៃទៀត ដូចជាសេចក្ដីស្រឡាញ់ ឬការអភ័យទោស ។
ខ្ញុំមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់ខ្ញុំ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « យើងពុំគួររំពឹងថា សាសនាចក្រគឺជាអង្គការមួយដែលបង្រៀន ឬប្រាប់យើងនូវអ្វីគ្រប់យ៉ាង ដែលយើងត្រូវដឹង និងធ្វើ ដើម្បីក្លាយជាសិស្សស្មោះត្រង់ ហើយស៊ូទ្រាំដោយក្លាហានដល់ទីបញ្ចប់នោះទេ ។ ផ្ទុយទៅវិញ ការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងគឺត្រូវរៀនអ្វីដែលយើងគួររៀន រស់នៅតាមអ្វីដែលយើងដឹងថា យើងគួររស់នៅតាម ហើយក្លាយជាបុគ្គលម្នាក់ដែលលោកចៅហ្វាយចង់ឲ្យយើងប្រែក្លាយ ។ គេហដ្ឋានរបស់យើងគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការរៀនសូត្រ ការរស់នៅតាម និងការប្រែក្លាយជា » ( « Prepared to Obtain Every Needful Thing » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០២ ) ។
តើការទទួលយកការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់បងប្អូនមានន័យយ៉ាងណា ? សូមរកមើលចម្លើយដែលមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ បែដណា និងនៅក្នុងខគម្ពីរដូចខាងក្រោមនេះ ៖ យ៉ូហាន ៧:១៧; ថែស្សាឡូនីច ទី១ ៥:២១; យ៉ាកុប ១:៥–៦, ២២; ២:១៧; នីហ្វៃទី១ ១០:១៧–១៩; នីហ្វៃទី២ ៤:១៥; អាលម៉ា ៣២:២៧; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៨; ៥៨:២៦–២៨; ៨៨:១១៨ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីកាន់តែសកម្មនៅក្នុងការរៀនសូត្រដំណឹងល្អ ?
ខ្ញុំចាំបាច់ត្រូវដឹងពីសេចក្ដីពិតដោយខ្លួនឯង ។
ប្រហែលជាបងប្អូនស្គាល់មនុស្សដែលពុំងាយបាត់បង់សេចក្ដីជំនឿ ទោះជាមានរឿងអ្វីកើតឡើងនៅក្នុងជីវិតគេក្ដី ។ ពួកគេអាចរំឭកបងប្អូនអំពីស្ត្រីព្រហ្មចារីដ៏ឈ្លាសវៃប្រាំនាក់នៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ។ អ្វីដែលបងប្អូនមើលមិនឃើញ គឺការខិតខំដ៏ឧស្សាហ៍របស់ពួកគេ ដើម្បីពង្រឹងទីបន្ទាល់អំពីសេចក្ដីពិតរបស់ពួកគេ ។
តើយើងទទួលបាន និងបីបាច់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងដោយរបៀបណា ? សូមកត់ត្រាគំនិតរបស់បងប្អូនទុក នៅពេលបងប្អូនពិចារណាអំពីបទគម្ពីរដូចតទៅនេះ ៖ លូកា ១១:៩–១៣; យ៉ូហាន ៥:៣៩; ៧:១៤–១៧; កិច្ចការ ១៧:១០–១២; កូរិនថូស ទី១ ២:៩–១១ និង អាលម៉ា ៥:៤៥–៤៦ ។ ( សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទីបន្ទាល់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
យើងម្នាក់ៗត្រូវតែទទួលបានទីបន្ទាល់មួយសម្រាប់ខ្លួនយើង ។
តើខ្ញុំគួរធ្វើអ្វីខ្លះ នៅពេលខ្ញុំមានសំណួរ ?
នៅពេលបងប្អូនស្វែងរកចំណេះដឹងខាងវិញ្ញាណ នោះសំណួរជាច្រើននឹងផុសឡើងក្នុងគំនិតរបស់បងប្អូន ។ គោលការណ៍ដូចខាងក្រោមអាចជួយបងប្អូនលើកជាសំណួរឡើងតាមរបៀបដែលស្ថាបនាដល់សេចក្ដីជំនឿ និងទីបន្ទាល់ ៖
-
ស្វែងរកការយល់ដឹងមកពីព្រះ ។ ព្រះគឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ហើយទ្រង់បើកសម្ដែងសេចក្ដីពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរ ពួកព្យាការី និងពួកសាវករបស់ទ្រង់ ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ប្រសិនបើចម្លើយពុំទទួលបានភ្លាមៗទេ សូមទុកចិត្តថា ព្រះអម្ចាស់នឹងបើកសម្ដែងចម្លើយនានាតាមពេលវេលាត្រឹមត្រូវ ។ នៅក្នុងពេលនេះ សូមបន្ដរស់នៅតាមសេចក្ដីពិតដែលបងប្អូនបានស្គាល់រួចហើយនោះ ។
-
រក្សាទស្សនវិស័យអស់កល្បជានិច្ច ។ សូមព្យាយាមមើលរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតមើល ពុំមែនដូចជាលោកិយមើលនោះទេ ។ សូមមើលទៅសំណួររបស់បងប្អូនតាមបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌របស់យើង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាថាយ ១៣:១–២៣ ។ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យរៀបចំរៀនសូត្រចេញពីព្រះគម្ពីរសញ្ញាថ្មីក្នុងឆ្នាំនេះ បងប្អូនអាចអានពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ ។ គ្រួសាររបស់បងប្អូនអាចរីករាយនឹងការចេញទៅខាងក្រៅ ហើយរកមើលប្រភេទដីខុសៗគ្នាដែលមានពិពណ៌នានៅក្នុងពាក្យប្រៀបប្រដូចនោះ ។ តើយើងអាចធ្វើឲ្យដួងចិត្តរបស់យើងដូចជា « ដីល្អ » ដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលដោយរបៀបណា ? ( ម៉ាថាយ ១៣:៨ ) ។
-
កាឡាទី ៥:២២–២៣; ភីលីព ៤:៨ ។ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញបងប្អូនឲ្យ « ផ្លាស់ប្ដូរគេហដ្ឋាន [ របស់បងប្អូន ] ឲ្យក្លាយទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ » និងឲ្យ « រៀបចំគេហដ្ឋានរបស់បងប្អូនឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ។ ចំពោះបងប្អូនដែលធ្វើការណ៍ទាំងនេះ លោកបានសន្យា ៖ « កូនចៅ របស់បងប្អូន នឹងមានចិត្តរំភើបក្នុងការរៀនសូត្រ និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយឥទ្ធិពលរបស់មារសត្រូវនៅក្នុងជីវិត របស់បងប្អូន និងគេហដ្ឋាន របស់បងប្អូន នឹងថយចុះ ។ ការផ្លាស់ប្តូរនៅក្នុងគ្រួសាររបស់បងប្អូននឹងគួរឲ្យកត់សម្គាល់និងទទួលការគាំទ្រ » ( « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។
នៅដើមឆ្នាំថ្មី គឺជាពេលដ៏ល្អមួយដើម្បីមានក្រុមប្រឹក្សាគ្រួសារអំពីការធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជា « ទីបរិសុទ្ធនៃសេចក្ដីជំនឿ » និង « មជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ។ តើគំនិតអ្វីខ្លះបានផុសឡើង អំពីរបៀបដើម្បីធ្វើការណ៍នេះ ពេលដែលយើងអាន កាឡាទី ៥:២២–២៣ និង ភីលីព ៤:៨ ? ប្រហែលជាគ្រួសារបងប្អូនអាចដាក់គោលដៅផ្ទាល់ខ្លួន និងជាគ្រួសារ ដើម្បីសិក្សាព្រះគម្ពីរសញ្ញាថ្មីក្នុងឆ្នាំថ្មីនេះ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីរំឭកខ្លួនយើងអំពីគោលដៅរបស់យើង ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » សៀវភៅចម្រៀងកុមារ ទំព័រ ៧០ ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
រកមើលគោលលទ្ធិ ។ គោលលទ្ធិគឺជាសេចក្ដីពិតដ៏អស់កល្ប និងពុំផ្លាស់ប្ដូរ ។ ប្រធាន ប៊យ ឃេ ផាកកឺ បានប្រកាសថា « ពេលបានយល់ពីគោលលទ្ធិពិត នោះវាកែប្រែឥរិយាបថ និងចរិតរបស់មនុស្សបាន » ( « Little Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។ នៅពេលបងប្អូន និងគ្រួសារបងប្អូនសិក្សាព្រះគម្ពីរ សូមរកមើលសេចក្ដីពិតដែលអាចជួយបងប្អូនឲ្យរស់នៅកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ពន្លឺនៃពិភពលោក ដោយ ប្រែន បូរ៉ាប់