ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង


« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

គ្រួសារ​កំពុង​មើល​រូបថត

ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា

ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង

កាល​បងប្អូន​អាន​បទគម្ពីរ​នៅក្នុង​គម្រោង​មេរៀន​នេះ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា​ដែល​បងប្អូន​ទទួល​បាន ។ បងប្អូន​នឹង​កត់សម្គាល់​ឃើញ​ថា គម្រោង​មេរៀន​នីមួយៗ​នៅក្នុង​សៀវភៅ​សិក្សា​នេះ មាន​នូវ​សកម្មភាព​សម្រាប់​កុមារ​តូចៗ និង​កុមារ​ធំៗ ប៉ុន្ដែ​បងប្អូន​អាច​សម្រប​សម្រួល​សកម្មភាព​ណាមួយ​សម្រាប់​ថ្នាក់រៀន​របស់​បងប្អូន​បាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅពេល​ចាប់ផ្ដើម​ថ្នាក់រៀន​នីមួយៗ សូម​ផ្ដល់​ឱកាស​ដល់​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ដំណឹងល្អ ។ ឧទាហរណ៍ នៅ​សប្ដាហ៍​នេះ​បងប្អូន​អាច​អញ្ជើញ​ឲ្យ​ពួកគេ​ចែកចាយ​ដំណើររឿង ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ទ្រង់ ។

បងប្អូន និង​កុមារ​នឹង​អាន​ដំណើររឿង​ជាច្រើន​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឆ្នាំ​នេះ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ហេតុផល​ដែល​យើង​រៀន​អំពី​ដំណើររឿង​ទាំងនេះ​គឺ​ដើម្បី​ឲ្យ​យើង​អាច​ដើរតាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់​តែ​ប្រសើរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​អំពី​ការអញ្ជើញ​របស់​ព្រះ​អង្គ​សង្រ្គោះ​ឲ្យ « ចូរ​មក​តាម​ខ្ញុំ » ដែល​មាន​នៅក្នុង ម៉ាថាយ ៤:១៨–២២ ។ សូម​ធ្វើ​សកម្មភាព​មួយ ដែល​មាន​កុមារ​ម្នាក់​ធ្វើ​កាយវិការ រួច​ហើយ​ប្រាប់​ដល់​កុមារ​ផ្សេង​ទៀត​ថា « សូម​ធ្វើ​តាម​ខ្ញុំ » ។ សូម​អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ធ្វើ​សកម្មភាព​នេះ​សាឡើង​វិញ ។

  • សូម​បង្ហាញ​រូបភាព​មនុស្ស​ដែល​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ខុសៗ​គ្នា អំឡុង​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ និង​នៅ​ជំនាន់​របស់​យើង ។ បងប្អូន​អាច​ស្វែងរក​រូបភាព​នានា​នៅក្នុង សៀវភៅ​រូបភាព​ដំណឹង ឬ​ក្នុង ទស្សនាវដ្តី​នៃ​សាសនាចក្របាន ។ បងប្អូន​ក៏​អាច​បង្ហាញ​វីដេអូ « Light the World » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​រកមើល​របៀប​ដែល​ប្រជាជន​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។ ការច្រៀង​បទ « ស្វែងរក​ព្រះអម្ចាស់​ពី​ក្មេង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៧ ) អាច​ផ្ដល់​គំនិត​មួយ​ចំនួន​ដល់​ពួកគេ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​គូរ​រូបភាព​ខ្លួន​ឯង​ដែល​កំពុង​ធ្វើ​រឿង​ទាំងនេះ ។

ក្មេងប្រុស​អាន​ព្រះគម្ពីរ

កុមារ​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរ ។

ព្រះគម្ពីរ​គឺ​ពិត ។

កុមារ​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​ថា ព្រះគម្ពីរ​គឺ​ពិត តាំង​ពីមុន​ពួកគេ​អាច​អាន​បាន​ទៅ​ទៀត ។ កាល​បងប្អូន​សិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​កុមារ​នា​ឆ្នាំ​នេះ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ដោយ​ខ្លួនឯង​ថា ព្រះគម្ពីរ​គឺ​ពិត ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​អំពី​អំណោយ​ដែល​ពួកគេ​ពេញចិត្ត ដែល​ពួកគេ​បាន​ទទួល​សម្រាប់​ថ្ងៃ​ខួបកំណើត ឬ​ក្នុង​ឱកាស​ផ្សេង​ទៀត ។ សូម​យក​ព្រះគម្ពីរ​មួយ​ក្បាល​ដែល​ខ្ចប់​ជា​កាដូ ហើយ​ឲ្យ​កុមារ​ម្នាក់​បើក​កាដូ​នោះ រួច​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​គឺជា​អំណោយ​មួយ​សម្រាប់​យើង​មកពី​ព្រះវរបិតាសួគ៌ ។

  • សូម​បង្ហាញ​កុមារ​នូវ​សៀវភៅ​ខ្លះៗ​ដែល​មាន​នូវ​ដំណើររឿង​ប្រឌិត ហើយ​សួរ​ពួកគេ​ថា តើ​ដំណើររឿង​មួយ​ណា​ដែល​ពួកគេ​ចូលចិត្ត​ជាងគេ ។ សូម​បង្ហាញ​ពួកគេ​ព្រះគម្ពីរ​នេះ ហើយ​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​នេះ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះ​សម្រាប់​យើង ។ ព្រះគម្ពីរ​ទាំងនេះ​ប្រាប់​អំពី​ប្រជាជន​ដែល​ពិត​ជា​បាន​មាន​ជីវិត និង​រឿងរ៉ាង​ទាំងទាំងឡាយ ដែល​ពិតជា​បាន​កើតឡើង​ពិតប្រាកដ​មែន ។

  • សូម​ចែកចាយ​សារលិខិត​ដែល​មាន​នៅក្នុង ធីម៉ូថេ ទី២ ៣:១៥ និង មរ៉ូណៃ ១០:៣–៥ ដោយ​ជួយ​កុមារ​ឲ្យ​អានឡើងវិញ​ពីរ​បី​ឃ្លា ។ សូមជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​អាច​ដឹង​ដោយ​ខ្លួន​ឯង​បាន​ថា ព្រះគម្ពីរ​គឺ​ពិត ។

  • សូម​លាក់​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​មួយ ហើយ​សូម​ផ្ដល់​នូវ​តម្រុយ​ខ្លះៗ​ដល់​កុមារ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រក​វា​ឃើញ ។ សូម​ជួយ​កុមារ​ឲ្យ​យល់ពី​របៀប​ដែលការស្រាវជ្រាវ​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​លាក់​រូបភាព​នោះ ហើយ​ប្រាប់​តម្រុយ​ដល់​កុមារ​ផ្សេង​ទៀត ។

  • សូម​ច្រៀង​ជាមួយគ្នា​នូវ​បទចម្រៀង​អំពី​ការរៀនសូត្រ​ដំណឹងល្អ ដូចជា​បទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ហើយ​ជួយ​កុមារ​ឲ្យ​បង្កើត​កាយវិការ​ឲ្យ​ដូច​នឹង​ពាក្យ​ទំនុកបទ ។ សូម​ចែកចាយ​បទគម្ពីរ​ដែល​បងប្អូន​ចូលចិត្ត​មួយ ឬ​ពីរ​ជាមួយ​នឹង​កុមារ ហើយ​ប្រាប់​ពួកគេ​ពី​របៀប​ដែល​បងប្អូន​ដឹង​ថា ព្រះគម្ពីរ​គឺ​ពិត ។ ប្រសិនបើ​កុមារ​មាន​បទគម្ពីរ ឬ​ដំណើររឿង​មក​ពី​ព្រះគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​ណាមួយ សូម​អញ្ជើញ​ឲ្យ​ពួកគេ​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​រៀន​អំពី​ទ្រង់ និង​ដើរ​តាម​ទ្រង់ ។

សូម​គិត​អំពី​របៀប​ដែល​បងប្អូន​បាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូន​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​រៀនសូត្រ​អំពី​ទ្រង់ ហើយ​ដើរតាម​ទ្រង់ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​រៀបរាប់​អំពី​មិត្តភក្ដិ​ដ៏​ជិតដិត​ម្នាក់​ដែល​ពួកគេ​ស្គាល់ ហើយ​ប្រាប់​ពី​របៀប​ដែល​បុគ្គល​រូប​នេះ​បាន​ក្លាយជា​មិត្ត​ម្នាក់ ។ សូម​អាន និង​ពិភាក្សា យ៉ូហាន ៥:៣៩ និង យ៉ូហាន ១៤:១៥ ដើម្បី​ស្វែងរក​របៀប​ដែល​យើង​អាច​មាន​អារម្មណ៍​ខិតជិត​ទៅ​ព្រះយេស៊ូវ ។ សូម​ឲ្យ​កុមារ​ចែកចាយ​ពេលវេលា​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា​ខិតជិត​ទៅ​ទ្រង់ ។

  • សូម​នាំ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ដើរ​ជុំវិញ​អគារ​ប្រជុំ ។ សូម​អញ្ជើញ​ឲ្យ​កុមារ​លើក​ដៃឡើង នៅពេល​ពួកគេ​ឃើញ​អ្វីមួយ​នៅ​តាម​ផ្លូវ​ដែល​រំឭក​ពួកគេ​អំពី​របៀប​មួយ ដែល​ពួកគេ​អាច​ដើរតាម​ព្រះអង្គ​សង្គ្រោះ​បាន ( ដូចជា​អាង​ជ្រមុជទឹក ឬ​រូបភាព​មួយ ) ។

  • សូម​ច្រៀង​ជាមួយ​កុមារ​នូវ​បទចម្រៀង​មួយ​បទ​អំពី​ការដើរតាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដូចជា​បទ « ចូរ​មក​តាម​ខ្ញុំ » ( ទំនុក​តម្កើង ល.រ. ៦៣ ) ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​គ្រា​ដែល​ពួកគេ​បាន​ដើរតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​អាច​សិក្សា​ព្រះគម្ពីរ​សម្រាប់​ខ្លួន​ខ្ញុំ ។

កាល​បងប្អូន​អាន​ព្រះគម្ពីរ​ជាមួយ​នឹង​កុមារ ហើយ​សួរ​សំណួរ​ពួកគេ នោះ​បងប្អូន​អាច​ស្ថាបនា​ទំនុកចិត្ត​ពួកគេ​ថា ពួកគេ​អាច​រៀន​ចេញពី​ព្រះគម្ពីរ ហើយ​រកឃើញ​នូវ​រតនសម្បត្តិ​ដ៏​មាន​តម្លៃ ពោល​គឺ​ចំណេះដឹង​នេះ​ឯង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ជាមួយគ្នា យ៉ូហាន ៥:៣៩ និង កិច្ចការ ១៧:១០–១១ហើយ​សួរ​កុមារ​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​របៀប​សិក្សា​ព្រះគម្ពីរ ។

  • សូម​ជ្រើសរើស​យក​បទគម្ពីរ​សាមញ្ញ ដ៏មាន​អានុភាព​ពីរ​បី​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​សរសេរ​បទគម្ពីរ​នីមួយៗ​នៅលើ​ក្រដាស​មួយ​សន្លឹក បន្ទាប់មក​លាក់​ក្រដាស​នោះ​ទុក ។ សូម​បង្ហើប​តម្រុយ​ដែល​ដឹកនាំ​កុមារ​ទៅរក « ការប្រមាញ់​រក​រតនសម្បត្តិ » នៅក្នុង​បរិវេណ​ថ្នាក់រៀន ឬ​អគារ​សាសនាចក្រ​ដើម្បី​ស្វែងរក​បទគម្ពីរ​ទាំងនេះ ។ ក្រោយពី​ពួកគេ​រកឃើញ​បទគម្ពីរ​នីមួយៗ​ហើយ សូម​ពិភាក្សា​ពី​អត្ថន័យ​នៃ​បទគម្ពីរ​នោះ និង​ពី​មូលហេតុ​ដែល​វា​គឺជា​រតនសម្បត្តិ​មួយ ។

  • សូម​ចែកចាយ​បទគម្ពីរ​ពីរបី​ដែល​បងប្អូន​ស្រឡាញ់ រួច​ពន្យល់​ពី​មូលហេតុ​ដែល​បទគម្ពីរ​នោះ​មាន​អត្ថន័យ​ចំពោះ​បងប្អូន ។ នៅក្នុង​ថ្នាក់រៀន​ទាំងមូល សូម​រក្សា​ទុក​នូវ​បញ្ជី​បទគម្ពីរ​ដែល​ជា​រតនសម្បត្តិ ដែល​កុមារ​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នា​ឆ្នាំ​នេះ—នៅឯ​គេហដ្ឋាន ឬ​អំឡុង​អង្គការ​បឋម​សិក្សា ។

  • សូម​ពិភាក្សា​ជាមួយ​នឹង​កុមារ​អំពី​មូលហេតុ​ដែល​ពេលខ្លះ​វា​ពិបាក​នឹង​អាន​ព្រះគម្ពីរ ។ សូម​ស្នើសុំ​ឲ្យ​កុមារ​ចែកចាយ​ដំបូន្មាន​ដល់​គ្នា​ទៅវិញទៅមក​អំពី​ការសិក្សា​ព្រះគម្ពីរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​បទពិសោធន៍​វិជ្ជមាន​នានា ដែល​ពួកគេ​បាន​មាន​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផងដែរ ។

  • សូម​ជួយ​កុមារ​ឲ្យ​បង្កើត​ប្រតិទិន​សាមញ្ញ​ដែល​ពួកគេ​អាច​ប្រើ​បាន ដើម្បី​គូសចំណាំ​ថា តើ​ពួកគេ​បាន​អាន​ព្រះគម្ពីរ​ញឹកញាប់​ប៉ុណ្ណា ។ ប្រតិទិន​ទាំងនេះ​អាច​រំឭក​ពួកគេ​ឲ្យ​អាន​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ។

ខ្ញុំ​ត្រូវការ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ខ្ញុំ ។

កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​ត្រូវការ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បំផុសគំនិត​ដល់​ពួកគេ​ឲ្យ​រៀន​ពី​សេចក្ដីពិត​ដោយ​ខ្លួនឯង ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​ដំណើររឿង​អំពី​ស្រ្តី​ព្រហ្មចារី​ដប់​នាក់ ( សូមមើល ម៉ាថាយ ២៥:១–១៣; សូមមើល​ផងដែរ « ជំពូកទី ៤៧ ៖ ស្រ្តី​ព្រហ្មចារី​ដប់​នាក់ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១១៨–២០ ឬ​វីដេអូ​ដែល​ដូចគ្នា​នេះ​នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូម​សួរ​កុមារ​នូវ​សំណួរ​បែបនេះ ៖ តើ​ទីបន្ទាល់​របស់​យើង​ដូចជា​ចង្កៀង​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង ?

  • សូម​ពិភាក្សា​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​យើង ។ សម្រាប់​គំនិត​បន្ថែម សូម​ឲ្យ​កុមារ​ស្រាវជ្រាវ យ៉ូហាន ៧:១៧ និង មរ៉ូណៃ ១០:៣–៥ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ពិត ។

  • សូម​ស្នើសុំ​ឲ្យ​កុមារ​ជួយ​បងប្អូន​តម្រៀប​ដុំឈើ​ដើម្បី​សង់អគារ​មួយ ដោយ​ប្រើ​សេចក្តីពិត​ដែល​បង្កើត​បានជា​ទីបន្ទាល់​របស់​យើង ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ទី​បន្ទាល់ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​ប្រើ​ដុំឈើ​នោះ ដើម្បី​សង់​អគារ​ទាំងមូល​ដែល​តំណាង​ឲ្យ​ទីបន្ទាល់​មួយ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ និង​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​រៀនសូត្រ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ផ្ទះ​ដោយ​របៀប​ណា ? ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​កុមារ​ឲ្យ​ទន្ទេញ​បទគម្ពីរ​មួយ ដែល​បងប្អូន​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការបំបែក​បទគម្ពីរ​នោះ​ទៅជា​ឃ្លា​ខ្លីៗ ) ហើយ​ចែកចាយ​ខគម្ពីរ​នោះ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កែប្រែ​សកម្មភាព​នានា​ឲ្យ​សមស្រប​តាម​អាយុ និង​សមត្ថភាព​របស់​កុមារ​ដែល​បងប្អូន​បង្រៀន ។ កុមារ​តូចៗ​ត្រូវការ​ការពន្យល់​លម្អិត ហើយ​រៀនសូត្រ​ពី​វិធីសាស្ដ្រ​បង្រៀន​ផ្សេងៗ​គ្នា ។ កាល​កុមារ​នោះ​ធំ​ទៅ ពួកគេ​អាច​ចូល​រួម​ចំណែក​បាន​ច្រើន​ជាងមុន ហើយ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន​ប្រសើរជាង ។ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ ថ្លែង​ទីន្ទាល់ និង​ចូលរួម ។ សូម​ផ្ដល់​ជំនួយ​តាម​តម្រូវការ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥–២៦ ) ។