ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ « សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »


« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ម៉ារា និង អេលីសាបិត

ថ្ងៃទី ២–៨ ខែ មករា

ម៉ាថាយ ១; លូកា ១

« សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »

សូម​ចាប់ផ្តើម​ដោយ​ការអាន ម៉ាថាយ ១ និង លូកា ១ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ជំពូក​ទាំងនេះ ហើយ​គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​នូវ​គំនិត​បង្រៀន​នានា​ដល់​បងប្អូន​បាន ។ ប្រសិនបើ​បងប្អូន​ត្រូវការ​ជំនួយ​បន្ថែម​ក្នុង​ការបង្រៀន​ដល់​កុមារ​តូចៗ សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ខាងដើម​នៃ​ធនធាន​នេះ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ឲ្យ​កុមារ​អង្គុយ​ជា​រង្វង់ រួច​ហើយ​សូម​ឲ្យ​កុមារ​ម្នាក់​ចែកចាយ​អ្វីមួយ​ដែល​គាត់ ឬ​នាង​បាន​រៀន​ចេញពី​ព្រះគម្ពីរ​នាពេល​ថ្មីៗ​នេះ ។ បន្ទាប់មក កុមារ​នោះ​អាច​បោះ​កូនបាល់ ឬ​ចង្អុល​ទៅ​កុមារ​ម្នាក់​ទៀត​នៅក្នុង​រង្វង់​នោះ ដែល​នឹង​ត្រូវ​ចែកចាយ​បន្ទាប់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨

ទេវតា​ប្រកាស​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ ។

ទេវតា​មួយ​អង្គ​បានយាងមកជួប ម៉ារា និង​យ៉ូសែប ដែល​ទ្រង់​បាន​ប្រកាស​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បទពិសោធន៍​ទាំងនេះ​អាច​ជួយ​ឲ្យ​កុមារ​ឃើញ​ពី​សារៈសំខាន់​នៃ​ការប្រសូត​របស់​ព្រះគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​ឪពុកម្ដាយ​របស់​កុមារ​ម្នាក់​ឲ្យ​មក​ក្នុង​ថ្នាក់រៀន ដោយ​តុបតែងខ្លួន​ជា​ម៉ារា និង​យ៉ូសែប ។ សូម​ឲ្យ​ពួកគាត់​ចែកចាយ​បទពិសោធន៍​ដែល​បាន​កត់ត្រា​នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៨ ។

  • សូម​តំណាល​រឿង​ដែល​ទេវតា​បាន​បង្ហាញ​ព្រះកាយ​មក​ឯ​ម៉ារា និង​យ៉ូសែប ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( សូមមើល​ផងដែរ « ជំពូក ២ ៖ ម៉ារា និង​ទេវតា » និង « ជំពូក ៤ ៖ យ៉ូសែប និង​ទេវតា » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៨–៩, ១២ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូន​អាច​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ បាន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តំណាល​រឿង​នេះ​សាឡើង​វិញ​ប្រាប់​បងប្អូន ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​អំពី​ដំណើររឿង​ទាំងនេះ​ដែល​មាន​នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៨ ។

ទេវតា​កាព្រីយ៉ែល​ជួប​នឹង​ម៉ារា

ការជូន​ដំណឹង ដោយ ចន ស្កត

លូកា ១:៥–២៥, ៥៧–៦៣

ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

សាការី និង​អេលីសាបិត ប្រហែល​ជា​បាន​អធិស្ឋាន​សូម​កូន​ម្នាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​ទីបំផុត ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកលោក ដោយ​ប្រទាន​កូនប្រុស​ម្នាក់​ឈ្មោះ យ៉ូហាន បាទីស្ទ ឲ្យ​ពួកលោក ។ តើ​បងប្អូន​អាច​ប្រើ​រឿង​នេះ​ដើម្បី​បង្រៀន​ដល់​កុមារ​ថា ព្រះវរបិតាសួគ៌​ឆ្លើយតប​នឹង​ការអធិស្ឋាន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​ដំណើររឿង​នេះ​ដែល​មាន​នៅក្នុង លូកា ១:៥–២៥, ៥៧–៦៣តាមពាក្យ​ពេចន៍​របស់​បងប្អូន​ផ្ទាល់ ។ បងប្អូន​អាច​សុំកុមារ​ឲ្យ​តំណាល​រឿង​នេះ​សាឡើង​វិញ​ពីរ​បី​ដង​បាន ។ សូម​ចាត់​ឲ្យ​កុមារ​ដើរតួ​ធ្វើ​ជា សាការី អេលីសាបិត និង​ទេវតា ហើយ​សម្តែង​តាម​សាច់រឿង​នេះ ។ សូម​គូសបញ្ជាក់​ព្រះបន្ទូល​របស់​ទេវតា​ទៅកាន់ សាការី ៖ « ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ » ( លូកា ១:១៣ ) ។ សូម​ចែកចាយ​បទពិសោធន៍​ដែល​ព្រះវរបិតា​សួគ៌​បានឆ្លើយ​តប​ការអធិស្ឋាន​របស់​បងប្អូន ។

  • សូម​ប្រើ​បទ « យើង​បន្ទន់​កេសា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨ ) ឬ​បទចម្រៀង​ផ្សេង​ទៀត​ដើម្បី​បង្រៀន​កុមារ​ឲ្យ​ចេះ​អធិស្ឋាន ។ រាល់​ពេល​ដែល​កុមារ​ច្រៀង​ដល់​ពាក្យ « អធិស្ឋាន » ឬ « ការអធិស្ឋាន » សូម​ឲ្យ​ពួកគេ​ឱន​ក្បាល​របស់​ពួកគេ​ចុះ ហើយ​ឱប​ដៃ ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​ធ្វើ​កាយវិការ ដែល​តំណាង​ឲ្យ​អ្វី​មួយ​ដែល​គេ​អាច​អធិស្ឋាន​ទូល​សូម​បាន ។ សូម​អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ទស្សន៍ទាយ​ថា តើ​កាយវិការ​នោះ​តំណាង​ឲ្យ​អ្វី ។ ពួកគេ​អាច​រកឃើញ​គំនិត​នានា​នៅលើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ។

លូកា ១:៣០–៣៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះវរបិតាសួគ៌ និង​ម៉ារា ។ តើបងប្អូន​អាចធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀនសូត្រ​បន្ថែម​ទៀត​អំពី​ទ្រង់ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​ថា ទេវតា​បាន​មាន​បន្ទូល​ទៅ​ម៉ារា​ថា ទារក​របស់​នាង​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះរាជបុត្រា​នៃ​ព្រះ ( សូមមើល លូកា ១:៣៥ ) ។ សូម​ជួយ​កុមារ​ឲ្យ​ថា​ឃ្លា « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » សាឡើង​វិញ ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ថា នរណា​ជា​ឪពុកម្ដាយ​របស់​ព្រះយេស៊ូវ ដោយ​ឲ្យ​ពួកគេ​គូរ​រូប​ឪពុក​ម្ដាយ​របស់​ពួកគេ​ផ្ទាល់ ។ កាល​ពួកគេ​ធ្វើ​ដូច្នេះ សូម​ប្រាប់​ពួកគេ​ថា ព្រះយេស៊ូវ​ក៏​មាន​ឪពុក​ម្ដាយ​ដែរ—គឺ​ម៉ារា និង​ព្រះវរបិតាសួគ៌ ។ លើស​ពី​នេះ យ៉ូសែប ត្រូវ​បាន​បង្គាប់​ឲ្យ​ការពារ និង​មើលថែ​ដល់​ព្រះយេស៊ូវ កាល​ទ្រង់​បាន​រស់នៅ​លើ​ផែនដី​នេះ ។

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ នោះ​ទ្រង់​អាច​សុគត​សម្រាប់​អំពើបាប​របស់​យើង ហើយ​ទទួល​បាន​ព្រះជន្ម​ជាថ្មី​បាន ។ សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​នៅលើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៧, ៥៩ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ១:១៨–២៥; លូកា ១:៥–៣៧

ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ គ្មាន​សោះ​ឡើយ ។

ការប្រសូត​របស់​ព្រះយេស៊ូវ និង​កំណើត​របស់​យ៉ូហាន បាទីស្ទ អាច​ធ្វើ​ទៅបាន​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះ​ប៉ុណ្ណោះ ។ ការរៀនសូត្រ​អំពី​អព្ភូតហេតុ​ទាំងនេះ​អាច​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​កុមារ​ថា ព្រះ​មាន​អំណាច​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • កាល​បងប្អូន និង​កុមារ​រំឭក​ឡើងវិញ​ក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:៥–៣៧ សូម​សួរ​ដល់​កុមារ​នូវ​សំណួរ​ដូចជា « តើ​ប្អូនៗ​នឹង​និយាយ​អ្វី ប្រសិន​បើ​ប្អូន​គឺជា​ម៉ារា​នោះ ? » ឬ « តើ​ប្អូនៗ​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ប្អូន​ជា​សាការី​នោះ ? »

  • សូម​ប្រាប់​ដំណើររឿង​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:៥–៣៧ជា​ពាក្យ​សម្តី​សាមញ្ញៗ ។ សូម​ឲ្យ​កុមារ​លើក​ដៃ​ឡើង នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​អ្វី​មួយ​ដែល​មើល​ទៅ​មិន​អាច​កើតឡើង​បាន បើ​គ្មាន​អំណាច​របស់​ព្រះ​ទេ​នោះ ។ តើ​មាន​រឿង​ផ្សេង​ទៀត​ណា​ខ្លះ ដែល​កុមារ​អាច​ចែកចាយ​បាន ដែល​ក្នុង​រឿង​នោះ​ព្រះ​បាន​ធ្វើ​អ្វីមួយ​ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​អាច​ទៅ​រួច ?

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ លូកា ១:៣៧ ។ ដើម្បី​ទន្ទេញ​វា​ចាំ បងប្អូន​អាច​សរសេរ​ខគម្ពីរ​នេះ​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​កុមារ​សូត្រ​វា​បី​បួន​ដង ។ បន្ទាប់​ពី​សូត្រ​បាន​ម្ដងៗ សូម​លុប​ពាក្យ​មួយ​ចោល ។

ម៉ាថាយ ១:២១–២៥; លូកា ១:៣០–៣៥, ៤៦–៤៧

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះវរបិតាសួគ៌ និង​ម៉ារា ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀន​ពី​សេចក្ដីពិត​នេះ​តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន លូកា ១:៣០–៣៥ ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ៖ « តើ​នរណា​ជា​មាតា​របស់​ព្រះយេស៊ូវ ? » និង « តើ​នរណា​ជា​ព្រះបិតា​របស់​ព្រះយេស៊ូវ ? » សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​តែ​មួយ​គត់​ដែល​មាន​មាតា​ជា​នាង​ម៉ារា ដែល​មាន​ជីវិត​រមែង​ស្លាប់ និង​ព្រះវរបិតា​មាន​ព្រះជន្ម​អមតៈ ដែល​ជា​ព្រះវរបិតា​សួគ៌ ( សូមមើល​ផងដែរ នីហ្វៃទី​១ ១១:១៨–២១ ) ។

  • កាល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​កុមារ​ស្វែងរក​ព្រះនាម ឬ​ព្រះបរមងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ព្រះនាម​ទាំងនេះ​មាន​ន័យ​ដូចម្ដេច ហើយ​តើ​វា​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ?

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

លូកា ១:៥–២៥, ៥៧–៦៦

ព្រះវរបិតាសួគ៌​ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ព្រះ​ឆ្លើយតប​ការអធិស្ឋាន ប៉ុន្ដែ​វា​មិន​តាម​របៀប​ដែល​យើង​រំពឹង​ទុក​ជានិច្ច​នោះ​ទេ ។ តើ​បងប្អូន​អាច​ប្រើ​ដំណើររឿង​របស់​សាការី និង​អេលីសាបិត បង្រៀន​ដល់​កុមារ​អំពី​សេចក្ដីពិត​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​ប្រាប់​អ្វីខ្លះ​ដល់​នរណាម្នាក់ ដែល​បាន​អធិស្ឋាន​សូម​ពរជ័យ ប៉ុន្ដែ​មិន​ទាន់​បាន​ទទួល​ពរជ័យ​នោះ​នៅឡើយ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ​នេះ កាល​ពួកគេ​អាន​រួម​គ្នា​ក្នុង លូកា ១:៥–២៥, ៥៧–៦៦ ។ ( សូមមើល​ផងដែរ « ជំពូក ១ ៖ អេលីសាបិត និង​សាការី » និង « ជំពូក ៣ ៖ យ៉ូហាន បាទីស្ទ​បាន​ចាប់​កំណើត » នៅក្នង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៦–៧, ១០–១១ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​សាការី និង​អេលីសាបិត អាច​ប្រាប់​នរណាម្នាក់​ដែល​បាន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​ពួកគេ​មិន​បាន​ទទួល​ចម្លើយ​សោះ​យ៉ាង​ដូចម្ដេច ?

  • ពី​មុន​ថ្នាក់​ចាប់ផ្ដើម សូម​អញ្ជើញ​កុមារ​បីបួន​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ។ សូម​ចែកចាយ​គ្រា​មួយ​ដែល​បងប្អូន​បាន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​បងប្អូន​ទទួល​បាន​ចម្លើយ​តាម​របៀប​ដែល​មិន​បាន​រំពឹង​ទុក​មួយ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​មួយ​នៃ​គ្រា​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន—ជា​ពិសេស​ចំពោះ​ការអធិស្ឋាន​មួយ​របស់​ពួកគេ​ផ្ទាល់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនូរ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ នូវ​រាល់​រូបភាព​ដែល​ពួកគេ​បាន​គូរ​នៅក្នុង​ថ្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សួរ​ទៅ​សមាជិក​គ្រួសារ​របស់​ពួកគេ អំពី​គ្រា​ដែល​ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគាត់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញពី​ព្រះគម្ពីរ សូម​ផ្ដោត​លើ​ខគម្ពីរ​តែ​មួយ ឬ​តែ​ឃ្លា​គន្លឹះ​មួយ​ឃ្លា​ប៉ុណ្ណោះ ។ បងប្អូន​អាច​ឲ្យ​កុមារ​ក្រោកឈរ ឬ​លើក​ដៃ​ឡើង នៅពេល​ពួកគេ​ឮ​ពាក្យ ឬ​ឃ្លា​នោះ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ២១ ) ។