ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ


« ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )

« ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
កុមារ​អង្គការ​បឋមសិក្សា

ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ

កុមារ​ត្រៀម​ខ្លួន​រួច​ជាស្រេច និង​អន្ទះសា​ចង់​រៀន​ពី​ដំណឹងល្អ ប្រសិនបើ​​បាន​បង្រៀន​តាម​របៀប​មួយ​ដែល​ពួកគេ​អាច​យល់​បាន ។ ជាពិសេស នៅពេល​ដែល​បងប្អូន​បង្រៀន​កុមារ​តូចៗ សូម​គិត​ពី​ការធ្វើ​តាម​ប្រភេទ​សកម្មភាព​ណាមួយដែល​ជួយ​ពួកគេ​ឲ្យ​រៀន ។

  • ច្រៀង ។ ទំនុកតម្កើង និង​ចម្រៀង​ចេញ​មកពី សៀវភៅ​ចម្រៀង​កុមារ បង្រៀន​អំពី​គោលលទ្ធិ​យ៉ាង​មាន​អានុភាព ។ សូមប្រើ លិបិក្រម​ប្រធានបទ នៅ​ខាង​ក្រោយ សៀវភៅ​ចម្រៀង​កុមារ ដើម្បី​រក​មើល​ចម្រៀង​ដែល​ទាក់​ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដែល​បងប្អូន​កំពុង​បង្រៀន ។ សូម​ជួយ​កុមារ​ឲ្យ​ផ្សារភ្ជាប់​សារលិខិត​នៃ​ចម្រៀង​នោះ​ទៅនឹង​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​សំណួរ​អំពី​ពាក្យ ឬ​ឃ្លា​នៅក្នុង​ទំនុកបទ​នោះ ។ បន្ថែម​ពី​ការច្រៀង​ចម្រៀង នោះ​កុមារ​អាច​ធ្វើ​កាយវិការ​ដែល​ស្រប​តាម​បទចម្រៀង ឬ​គ្រាន់តែ​ចាក់​ចម្រៀង​ចោល កាលដែល​ពួកគេ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត ។ សម្រាប់​គំនិត​នានា​ផ្សេងៗ​ទៀត សូម​មើល​ផ្នែក « ការប្រើ​តន្ត្រី​ដើម្បី​បង្រៀន​គោលលទ្ធិ » និង « ការជួយ​កុមារ​ឲ្យ​រៀន និង​ចងចាំ​បទចម្រៀង​កុមារ និង​ទំនុក​តម្កើង » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ។

  • ស្ដាប់ ឬ​សម្ដែង​រឿង ។ កុមារ​តូចៗ​ចូល​ចិត្ត​រឿងនិទាន—ចេញ​មកពី​ព្រះគម្ពីរ ចេញ​មកពី​ជីវិត​របស់​បងប្អូន ចេញ​ពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ចេញ​មកពី​ពង្សប្រវត្តិ​របស់​បងប្អូន ឬ​មកពី ទស្សនាវដ្តី​សាសនាចក្រ ។ សូម​ស្វែងរក​មើល​នូវ​វិធី​នានា​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការតំណាល​រឿងនិទាន​ទាំងឡាយ ។ ពួកគេ​អាច​កាន់​រូបភាព ឬ​វត្ថុ​អ្វី​មួយ គូរ​រូបភាព​អ្វី​ដែល​ពួកគេ​ស្ដាប់​ឮ សម្ដែង​រឿង ឬជួយ​និទានរឿង ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ពី​សេចក្ដីពិតនៃ​ដំណឹងល្អ​ចេញពី​រឿង​ដែល​បងប្អូន​ចែកចាយ​នោះ ។

  • អានបទគម្ពីរ ។ កុមារ​តូចៗ​ពុំ​អាច​អាន​បាន​ច្រើនទេ ប៉ុន្តែ​បងប្អូន​នៅ​តែ​អាច​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ​បាន​ដដែល ។ បងប្អូន​អាច​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ខគម្ពីរ ឃ្លាគន្លឹះ ឬ​ពាក្យគន្លឹះ​តែមួយ​ប៉ុណ្ណោះ ។ កាល​បងប្អូន​អាន​បទគម្ពីរ​មួយ​ឮៗ នោះ​បងប្អូន​អាច​ឲ្យ​កុមារ​ក្រោកឈរ ឬ​លើក​ដៃ​ឡើង នៅពេល​ពួកគេ​ឮ​ពាក្យ ឬ​ឃ្លា​ជាក់លាក់​មួយ​ដែល​បងប្អូន​ចង់​ផ្ដោត​លើ​នោះ ។ ពួកគេ​ថែមទាំងអាច​ទន្ទេញ​ចាំ​ឃ្លា​ខ្លីៗ​ចេញ​មក​ពី​បទគម្ពីរ​ផងដែរ ប្រសិន​បើ​ពួកគេ​ថា​វា​ឡើងវិញ​បាន​ពីរបី​ដង ។ នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ ។

  • មាន​ភាពសកម្ម ។ ដោយសារ​ជាញឹកញាប់​កុមារ​តូចៗ​ពោរពេញ​ដោយ​កម្លាំង សូម​រៀបចំ​វិធី​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ចលនា—ដើរជាក្បួន លោត ហក់​រំលង ពត់​ខ្លួន ដើរ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ទាក់ទង​ទៅនឹង​គោលការណ៍ ឬ​រឿង​ដែល​បងប្អូន​កំពុង​បង្រៀន​នោះ ។ សកម្មភាព​ទាំងនេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ផងដែរ នៅពេល​ដែល​បងប្អូន​ច្រៀង​រួមគ្នា ។

  • មើល​រូបភាព ឬ​វីដេអូ​មួយ ។ នៅពេល​បងប្អូន​បង្ហាញ​រូបភាព ឬ​វីដេអូ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ ឬ​ដំណើររឿង​មួយ​ដល់​កុមារ សូម​សួរ​សំណួរ​ដល់​ពួកគេ​ដែល​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​អ្វី​ដែល​ពួកគេ​កំពុង​មើល​នោះ ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅក្នុង​រូបភាព ឬ​វីដេអូ​នេះ ? តើ​រឿង​នោះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? » កម្មវិធីបណ្ណាល័យ​ដំណឹង​ល្អ នៅលើ​គេហទំព័រ GospelMedia.ChurchofJesusChrist.org និង children.ChurchofJesusChrist.org គឺជា​កន្លែង​ដ៏​ល្អ ដើម្បី​រក​មើល​រូបភាព និង​វីដេអូ​ផ្សេងៗ ។

  • ជួយ និងលើកទឹកចិត្ត​ដល់កុមារឲ្យ​ចែកចាយ​បទពិសោធន៍ ។ កុមារ​តូចៗ​អាច​មិន​មាន​បទពិសោធន៍​ច្រើន​ដើម្បី​ចែកចាយ​ដូច​កុមារ​ធំៗ​នោះទេ ប៉ុន្ដែ​ប្រសិនបើ​បងប្អូន​ផ្ដល់​នូវ​ការដឹកនាំ​ជាក់លាក់​ដល់​ពួកគេ នោះ​ពួកគេ​អាច​ចែកចាយ​ពី​អារម្មណ៍ និង​បទពិសោធន៍​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នោះ​បាន ។

  • ច្នៃប្រឌិត ។ កុមារ​តូចៗ​អាច​សង់ គូរ ឬ​ផាត់ពណ៌​អ្វី​មួយ​ដែល​ទាក់ទង​នឹង​ដំណើររឿង ឬ​គោលការណ៍​ដែល​ពួកគេ​កំពុង​រៀន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យក​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ​ទៅ​ផ្ទះ ហើយ​ចែកចាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ដើម្បី​ជួយ​ឲ្យ​កុមារ​ចងចាំ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ។

  • ចូលរួម​ក្នុង​មេរៀន​ដែល​ប្រើ​វត្ថុ ។ មេរៀន​ដែល​ប្រើ​វត្ថុ​សាមញ្ញ​មួយ​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​គោលការណ៍​ដំណឹងល្អ​មួយ ដែល​វា​ពិបាក​នឹង​យល់ ។ កាល​បង្រៀន​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ សូម​រកមើល​នូវ​របៀប​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ទាំងឡាយ​បាន​ចូលរួម ។ ពួកគេ​នឹង​រៀន​បាន​កាន់តែ​ច្រើន​ចេញ​មកពី​បទពិសោធន៍​ប្រាស្រ័យទាក់ទង​គ្នា ជាជាង​គ្រាន់​តែ​មើល​​ការ​បង្ហាញ ។

  • សម្ដែងរឿង ។ នៅពេល​កុមារ​តូចៗ​ដើរ​តួ​សម្តែង​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​ប្រហែល​ជា​អាច​ជួប​ក្នុង​ជីវិត​ពិត នោះពួកគេ​នឹង​អាច​យល់​បាន​កាន់តែ​ច្បាស់​អំពី​របៀប ដែល​គោលការណ៍នៃ​ដំណឹងល្អ​មួយ​អាច​អនុវត្ត​បាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ធ្វើ​សកម្មភាព​សាឡើង​វិញ ។ កុមារ​តូចៗ​អាច​នឹង​ត្រូវការ​ស្ដាប់​អំពី​គំនិត​នានា​ឲ្យ​បាន​ច្រើន​ដង​ដើម្បី​យល់​ពី​គំនិត​នោះ ។ សូម​កុំ​ខ្លាច​នឹង​និទាន​រឿង ឬ​ធ្វើ​សកម្មភាព​សា​ឡើង​វិញ​ឲ្យ​បាន​ញឹកញាប់ សូម្បី​តែ​នៅក្នុង​មេរៀន​ដដែល​ក្ដី ។ ឧទាហរណ៍ បងប្អូន​អាច​ចែកចាយ​រឿងមួយ​ក្នុង​ព្រះគម្ពីរ​ចំនួនបី​បួន​ដង​តាម​វិធី​ខុសៗ​គ្នា​អំឡុងពេល​បង្រៀន—ដោយ​អាន​ព្រះគម្ពីរ សង្ខេប​រឿង​ជា​សម្ដី​របស់​បងប្អូនផ្ទាល់ ចាក់​បង្ហាញ​វីដេអូ អនុញ្ញាត​ឲ្យ​កុមារ​ជួយ​បងប្អូន​តំណាល​ប្រាប់​រឿង និង​អញ្ជើញ​ពួកគេ​ឲ្យ​សម្ដែង​រឿង ។ ល ។ ប្រសិនបើ​សកម្មភាព​មួយ​ដែល​បាន​ប្រើ​នៅក្នុង​ថ្នាក់រៀន​ក៏​ត្រូវ​បាន​ធ្វើ​សាឡើង​វិញ​នៅ​ផ្ទះ​ដែរ នោះ​ការធ្វើ​ដដែលៗ​នេះ​នឹង​ជួយ​កុមារ​ឲ្យ​រៀន និង​ចងចាំ ។

  • ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ ។ កុមារ​កំពុង​អភិវឌ្ឍ​ជំនាញ​សង្គម ហើយ​ជា​ញឹកញាប់​ពួកគេ​ចូលចិត្ត​រៀន និង​លេង​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ពួកគេ ។ សូម​បង្កើត​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ ប្ដូរ​វេន​គ្នា និង​សហការគ្នា​ខណៈ​ដែល​ពួកគេ​កំពុង​រៀន​នោះ ។

  • ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ ។ ជាទូទៅ កុមារ​តូចៗ​មាន​ការយកចិត្ត​ទុកដាក់​ខ្លី ហើយ​ពួកគេ​មាន​របៀប​រៀនសូត្រ​ខុសៗគ្នា ។ សូម​ប្រើ​សកម្មភាព​ផ្សេងៗ ហើយ​យកចិត្ត​ទុក​ដាក់​លើ​ទីសម្គាល់​ដែល​កុមារ​ប្រាប់​ថា ពួកគេ​ត្រូវការ​ការផ្លាស់ប្ដូរ​ល្បឿន ។ ឧទាហរណ៍ បងប្អូន​អាច​ត្រូវ​ផ្លាស់ប្ដូរ​ជា​ញឹកញាប់​រវាង​សកម្មភាព​ដែល​ស្ងប់ស្ងាត់ និង​ដែល​រស់រវើក ។

រូបភាព
គ្រូបង្រៀន និងកុមារ​ក្នុង​អង្គការ​បឋមសិក្សា

ផ្នែក​មួយ​នៃ​តួនាទី​របស់​បងប្អូន​ក្នុង​នាម​ជា​គ្រូបង្រៀន​កុមារ​តូចៗ​—ដោយ​បន្ថែម​ទៅ​លើ​ការបង្រៀន​គោលការណ៍​នៃដំណឹងល្អ​នោះ​—គឺ​ត្រូវ​ជួយ​កុមារ​ឲ្យ​រៀន​ពី​របៀប​ចូលរួម​ក្នុង​ថ្នាក់​នៅ​ព្រះវិហារ​ឲ្យ​បាន​សមរម្យ ។ ឧទាហរណ៍ ពួកគេ​អាច​ត្រូវ​រៀន​អំពី​ការប្ដូរវេន​គ្នា ការចែកចាយ និង​ការចេះ​គោរព​ដល់​មនុស្ស​ដទៃ​ជាដើម ។ គ្រូបង្រៀន​មួយ​ចំនួន​បង្កើត​តារាង ដោយ​មាន​ដាក់​កិច្ចការ​ឲ្យ​កុមារ​ម្នាក់ៗ​ចូលរួម​នៅក្នុង​ថ្នាក់រៀន​តាម​របៀប​ជាក់លាក់​មួយ ( ដូចជា​ដោយ​ពោល​ពាក្យ​អធិស្ឋាន កាន់​រូបភាព ឬ​ចែកចាយ​ក្រដាស ) ។ កិច្ចការ​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​រាល់​សប្ដាហ៍ ។ ការណ៍​នេះ​ជួយ​កុមារ​ឲ្យ​ចេះ​ប្ដូរវេន​គ្នា និង​រៀន​ប្រព្រឹត្ត​បាន​សមរម្យ​នៅក្នុង​ថ្នាក់រៀន ។

កុមារ—ជាពិសេស​កុមារ​តូចៗ—ជា​ញឹកញាប់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទម្លាប់​ដ៏​ទៀងទាត់ និង​ដែល​អាច​ទាយ​ទុក​ជាមុន​បាន ។ ដោយសារ​កុមារ​តូចៗ​មាន​កម្រិត​នៃ​ការយកចិត្ត​ទុកដាក់​ខ្លី ហើយ​ពេលខ្លះ​ពិបាក​នឹង​ផ្ដោតចិត្ត​ទុកដាក់​អំឡុងពេល​ថ្នាក់​ទាំងមូល នោះ​ជា​ធម្មតា វា​នឹង​ល្អ​បំផុត ប្រសិនបើ​ទម្លាប់​នេះ​រួម​បញ្ចូល​នូវ​ការផ្លាស់ប្ដូរ​ជាញឹកញាប់​ពី​សកម្មភាព​មួយ​ទៅ​សកម្មភាព​មួយ​ទៀត ។ ឧទាហរណ៍ ទម្លាប់​ថ្នាក់រៀន​របស់​បងប្អូន​អាច​រួម​មាន​នូវ​ការឈប់​សម្រាក​ម្ដងម្កាល​ដើម្បី​លេង​ល្បែង​កម្សាន្ត ផាត់​ពណ៌​រូបភាព ច្រៀង​ចម្រៀង​ជាដើម ។

បោះពុម្ព