« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )
« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា
ការរៀបចំបង្រៀននៅក្នុងអង្គការបឋមសិក្សា
ការសិក្សាផ្ទាល់ខ្លួន និងការសិក្សាជាគ្រួសារនៅគេហដ្ឋានគួរតែជាចំណុចស្នូលនៃការរៀនសូត្រដំណឹងល្អ ។ ការណ៍នេះពិតចំពោះបងប្អូន និងចំពោះកុមារដែលបងប្អូនបង្រៀន ។ នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយការមានបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងបទគម្ពីរ ។ នៅពេលបងប្អូនរស់នៅតាមដំណឹងល្អ ហើយស្វែងរកការរៀនសូត្រក្នុងបទគម្ពីរ និងស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាបរិសុទ្ធនោះការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់បងប្អូននឹងកើតមានសម្រាប់បងប្អូន ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាំងការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូន និងការរៀបចំខ្លួនរបស់បងប្អូនដើម្បីបង្រៀន ។ សៀវភៅនេះនឹងជួយបងប្អូនឲ្យទទួលបានការយល់ដឹងដ៏ស៊ីជម្រៅមួយ អំពីគោលការណ៍នៃគោលលទ្ធិទាំងឡាយដែលមាននៅក្នុងបទគម្ពីរ ។ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា នឹងផ្តល់នូវសកម្មភាពនានាសម្រាប់បទគម្ពីរ និងដំណើររឿងជាច្រើនដែលកុមារត្រូវបានអញ្ជើញឲ្យសិក្សានៅគេហដ្ឋានក្នុងអំឡុងសប្ដាហ៍នេះ ។
អំឡុងពេលបងប្អូនរៀបចំមេរៀន នោះគំនិត និងចំណាប់អារម្មណ៍ផ្សេងៗនឹងកើតឡើងដល់បងប្អូនអំពីកុមារដែលបងប្អូនបង្រៀន ។ បងប្អូននឹងទទួលបានការយល់ដឹងអំពីរបៀប ដែលគោលការណ៍នៅក្នុងព្រះគម្ពីរទាំងនេះនឹងប្រទានពរជ័យដល់ជីវិតរបស់ពួកគេ ។ បងប្អូននឹងត្រូវបានដឹកនាំឲ្យបំផុសគំនិតពួកគេឲ្យរកឃើញនូវគោលការណ៍ទាំងនោះ កាលពួកគេរៀនចេញពីព្រះគម្ពីរដោយខ្លួនឯង និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។
គំនិតសម្រាប់ការបង្រៀន
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចទទួលបានការបំផុសគំនិតបន្ថែម តាមរយៈការមើលក្នុងគម្រោងមេរៀនបង្រៀននៅក្នុងធនធាននេះ ។ សូមកុំចាត់ទុកថា គំនិតទាំងនេះគឺជាសេចក្ដីណែនាំមួយជំហានម្តងៗឡើយ ប៉ុន្តែផ្ទុយទៅវិញសូមចាត់ទុកវាជាយោបល់ដើម្បីជួយបង្កើតការបំផុសគំនិតផ្ទាល់របស់បងប្អូនវិញ ។ បងប្អូនស្គាល់កុមារទាំងនេះ ហើយបងប្អូននឹងស្គាល់ពួកគេកាន់តែច្បាស់ថែមទៀត ពេលបងប្អូនប្រាស្រ័យទាក់ទងជាមួយពួកគេនៅក្នុងថ្នាក់ ។ ព្រះអម្ចាស់ក៏ស្គាល់ពួកគេផងដែរ ទ្រង់នឹងបំផុសគំនិតដល់បងប្អូនតាមវិធីដ៏ល្អបំផុតដើម្បីបង្រៀន និងផ្ដល់ពរជ័យដល់ពួកគេ ។
មានធនធានជាច្រើនផ្សេងទៀតដែលបងប្អូនអាចប្រើបាន នៅពេលបងប្អូនរៀបចំខ្លួន រួមបញ្ចូលទាំងគំនិតនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង ទស្សនាវដ្ដីសាសនាចក្រ ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីធនធានទាំងនេះ និងធនធានផ្សេងទៀត សូមមើល « ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » នៅក្នុងធនធាននេះ ។
រឿងមួយចំនួនដែលត្រូវចងចាំ
-
រាល់ពេលដែលបងប្អូនជួបជាមួយនឹងកុមារ សូមពិចារណាពីរបៀបនានា ដែលបងប្អូនអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយស្គាល់ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
-
ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បងក្នុងការបង្រៀនដល់កូនៗរបស់ពួកគេ ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ បងប្អូនមានការទទួលខុសត្រូវដ៏សំខាន់មួយដើម្បីគាំទ្រ លើកទឹកចិត្ត ហើយស្ថាបនាលើការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន ។ សូមប្រយ័ត្នជាមួយនឹងកុមារដែលឪពុកម្ដាយ មិនបានបង្រៀនដំណឹងល្អនៅឯគេហដ្ឋានរបស់ពួកគេ ។ សូមរួមបញ្ចូលកុមារទាំងអស់នៅក្នុងការពិភាក្សាអំពីដំណឹងល្អ ដោយមិនគិតអំពីកាលៈទេសៈដែលកើតឡើងនៅផ្ទះរបស់ពួកគេឡើយ ។
-
ការធ្វើសារឡើងវិញគឺល្អ ។ កុមាររៀនពីសេចក្ដីពិតនៃដំណឹងល្អកាន់តែមានប្រសិទ្ធភាពជាងមុន នៅពេលដែលសេចក្ដីពិតទាំងនេះត្រូវបានបង្រៀនម្ដងហើយម្ដងទៀតតាមរយៈសកម្មភាពផ្សេងៗគ្នា ។ ប្រសិនបើបងប្អូនរកឃើញថា សកម្មភាពរៀនសូត្រមួយមានប្រសិទ្ធភាពសម្រាប់កុមារ សូមពិចារណាធ្វើវាសារឡើងវិញ ជាពិសេសនៅពេលដែលបងប្អូនបង្រៀនដល់កុមារតូចៗ ។ បងប្អូនក៏អាចរំឭកសកម្មភាពមួយមកពីមេរៀនមុនផងដែរ ។
-
ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនទទួលបានជោគជ័យក្នុងនាមជាគ្រូបង្រៀនម្នាក់ ។ ទ្រង់បានប្រទានធនធានជាច្រើនដើម្បីជួយបងប្អូន រួមបញ្ចូលទាំងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផងដែរ ។ នៅក្នុងការប្រជុំទាំងនេះ បងប្អូនអាចប្រឹក្សាជាមួយនឹងគ្រូបង្រៀនផ្សេងៗទៀត អំពីឧបសគ្គនានាដែលបងប្អូនជួបប្រទះ ។ បងប្អូនក៏អាចពិភាក្សា ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទផងដែរ ។
-
ប្រសិនបើបងប្អូនបង្រៀនដល់កុមារតូចៗ ហើយត្រូវការជំនួយបន្ថែម សូមមើល « ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » នៅក្នុងធនធាននេះ ។
ធនធាននេះរួមមាននូវគម្រោងមេរៀនរាល់សប្ដាហ៍សម្រាប់ឆ្នាំនេះ ។ នៅថ្ងៃអាទិត្យណាដែលមិនមានអង្គការបឋមសិក្សា ដោយសារតែមានសន្និសីទទូទៅ សន្និសីទស្ដេក ឬហេតុផលផ្សេងទៀតណាមួយ នោះក្រុមគ្រួសារត្រូវបានលើកទឹកចិត្តឲ្យបន្តអានព្រះគម្ពីរសញ្ញាថ្មីនៅគេហដ្ឋាន ស្របតាមកាលវិភាគដែលបានបង្ហាញនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមកុំបារម្ភពីមេរៀនដែលបងប្អូនបានរំលងតែសូមបង្រៀនមេរៀនតាមកាលវិភាគដែលបានដាក់ប្រចាំសប្តាហ៍ ។