« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )
« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ធនធានបន្ថែមសម្រាប់បង្រៀនកុមារ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
បងប្អូនអាចកែសម្រួលសកម្មភាពមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ប្រើនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូនបាន ។ សូមកុំបារម្ភ ប្រសិនបើកុមារបានធ្វើសកម្មភាពទាំងនេះជាមួយគ្រួសារពួកគេនៅផ្ទះរួចហើយ ការធ្វើដដែលៗជួយកុមារឲ្យរៀន ។ កុមារអាចប្រាប់បងប្អូនអំពីរបៀបដែលពួកគេបានធ្វើសកម្មភាពទាំងនេះជាមួយនឹងគ្រួសាររបស់ពួកគេ និងពីអ្វីដែលពួកគេបានរៀន ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្រ្តីពិសិដ្ឋយាងអញ្ជើញព្រះវិញ្ញាណ ជួយយើងឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់នៃព្រះ និងបង្រៀនគោលលទ្ធិតាមរបៀបមួយដែលមិនអាចបំភ្លេចបាន ។ បន្ថែមទៅលើការប្រើប្រាស់កំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ បងប្អូនអាចរកបានវីដេអូ និងការថតជាសំឡេងនៃទំនុកតម្កើង និងចម្រៀងកុមារជាច្រើននៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី Sacred Music និងកម្មវិធី Gospel Media ។
សម្រាប់ជាគំនិតជំនួយ សូមមើល « ការប្រើតន្ត្រីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ។
មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា
ប្រធានបទជាច្រើនដែលលើកឡើងនៅក្នុង មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា ៖ សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន គឺស្រដៀងគ្នាទៅនឹងអ្វីដែលបងប្អូននឹងបង្រៀននៅក្នុងអង្គការបឋមសិក្សាដែរ ។ ជាពិសេស នៅពេលដែលបងប្អូនបង្រៀនកុមារតូចៗ សូមពិចារណាអានសៀវភៅសិក្សាថ្នាក់ទារកដ្ឋាននោះរកមើលចម្រៀង រឿងនិទាន សកម្មភាព និងសិប្បកម្មបន្ថែមនានា ។
ប្រិយមិត្ត
ទស្សនាវដ្ដី ប្រិយមិត្ត ផ្ដល់នូវដំណើររឿង និងសកម្មភាពនានា ដែលអាចជួយបញ្ជាក់បន្ថែមលើគោលការណ៍ដែលបងប្អូនកំពុងបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី
ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី អាចជួយកុមារឲ្យរៀនសូត្រពីគោលលទ្ធិ និងដំណើររឿងជាច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។ បងប្អូនក៏អាចរកបានវីដេអូពីដំណើររឿងទាំងនេះនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ GospelMedia.ChurchofJesusChrist.orgផងដែរ ។
សៀវភៅផាត់ពណ៌ដំណើររឿងព្រះគម្ពីរ—ព្រះគម្ពីរសញ្ញាថ្មី
ធនធាននេះមាននូវទំព័រសកម្មភាពផាត់ពណ៌សប្បាយៗដែលបានរចនាឡើង ដើម្បីធ្វើឲ្យការរៀនសូត្ររបស់កុមារអំពីព្រះគម្ពីរសញ្ញាថ្មីកាន់តែមានភាពប្រសើរឡើង ។
វីដេអូ និងគំនូរ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ពីគោលលទ្ធិ និងស្រមៃឃើញដំណើររឿងដែលទាក់ទងទៅនឹងបទគម្ពីរបាន ។ សូមចូលទៅ Gospel Media នៅលើគេហទំព័រ GospelMedia.ChurchofJesusChrist.org ដើម្បីរុករកកម្រងធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ ។ Gospel Media ក៏មាននៅលើកម្មវិធីឧបករណ៍ចល័តផងដែរ ។ រូបភាពជាច្រើនដែលបងប្អូនអាចប្រើនៅក្នុងថ្នាក់រៀនបាន មាននៅក្នុង សៀវភៅរូបភាពដំណឹងល្អ ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ អាចជួយបងប្អូនឲ្យរៀនសូត្រ និងអនុវត្តតាមគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។