ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
បងប្អូន​គឺជា​គ្រូបង្រៀន​របស់​កុមារ


« បងប្អូន​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )

« បងប្អូន​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​ព​កូន​ក្មេង

បងប្អូន​គឺជា​គ្រូបង្រៀន​របស់​កុមារ

បងប្អូន​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ដើម្បី​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ បងប្អូន​ត្រូវបាន​ញែកចេញ​ឲ្យ​មាន​ការហៅ​នេះ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទោះ​បី​ជា​បងប្អូន​គ្មាន​បទពិសោធន៍​ជា​គ្រូ​បង្រៀន​ក៏​ដោយ នៅ​ពេល​បងប្អូន​រស់នៅ​ដោយ​ស័ក្ដិសម អធិស្ឋាន​ជារៀង​រាល់​ថ្ងៃ ហើយ​សិក្សា​ព្រះគម្ពីរ នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ឥទ្ធិពល និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ( សូម​មើល នីហ្វៃ​ទី​២ ៣៣:១ ) ។

កុមារ​ទាំងឡាយ​ដែល​ស្ថិត​នៅក្នុងការមើលថែ​របស់​បងប្អូន គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ ពេល​បងប្អូន​អធិស្ឋាន​ស្វែងរកព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ណែនាំ​បងប្អូន នៅ​ពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន ហើយ​ខណៈ​ដែល​បងប្អូន​កំពុង​បង្រៀន ។ ទ្រង់​នឹង​បើក​សម្ដែង​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​គួរ​និយាយ និង​អ្វី​ដែល​បងប្អូន​គួរ​ធ្វើ ( សូមមើល នីហ្វៃ​ទី​២ ៣២:៥ ) ។

សូម​កុំ​មើល​ស្រាល​ពី​សមត្ថភាព​របស់​កុមារ​ដើម្បី​យល់ដឹង​ពី​ដំណឹងល្អ​ឡើយ ។ នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ កុមារ​ជាទី​ស្រឡាញ់​ទាំងនេះ​នឹង​បន្ដ​ស្រូបយក​ព័ត៌មាន បណ្ដុះ និង​សម្រិត​សម្រាំង​ទៅជា​គំនិត ហើយ​ធ្វើការ​ស្វែងរក ព្រមទាំង​ចែកចាយ​គំហើញទាំង​នោះ ។ ការណ៍​នេះ​គឺ​ពិត​ជាពិសេស​ចំពោះ​ដំណឹងល្អ ដោយសារ​កុមារ​ត្រៀម​ខ្លួន​ជាស្រេច និង​ចង់​រៀន​ពី​សេចក្ដីពិត​ដ៏​សាមញ្ញ​នៃ​ដំណឹង​ល្អ ។ សេចក្ដីជំនឿ​របស់​ពួកគេ​ក្នុង​រឿង​ខាង​វិញ្ញាណ​មាន​ភាពរឹងមាំ និង​បរិសុទ្ធ ហើយ​គ្រប់វិ​នាទី​ទាំងអស់​ជា​ពេលវេលា​រៀនសូត្រ​មួយ ។ ពួកគេ​ស្ម័គ្រចិត្ត​ធ្វើតាម​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ទោះបីជា​ការយល់ដឹង​របស់​ពួកគេ​ពុំ​ទាន់​បាន​ពេញលេញ​ក្ដី ។ នេះ​គឺជា​របៀប​ដែល​ពួកយើង​ទាំងអស់​គ្នា​គួរតែ​ទទួល​បាន​ដំណឹងល្អ ។ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « អ្នក​ណា​ដែល​មិន​ទទួល​នគរព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅក្នុង​នគរ​នោះ​ឡើយ » ( លូកា ១៨:១៧ ) ។

ការហៅ​ឲ្យ​បង្រៀនកុមារ​​គឺជា​ទំនុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ហើយ​ពេល​ខ្លះ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​នូវ​ការថប់​បារម្ភ​នោះ ។ ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌​របស់​បងប្អូន​បាន​ហៅ​បងប្អូន ហើយ​ទ្រង់​នឹងគាំទ្រដល់​បងប្អូន ។ នេះ​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​កាលដែល​បងប្អូន​បម្រើ « ឲ្យ​អស់​ពី​ចិត្ត​អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:២ ) នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព​អំណោយទាន និង​ទេពកោសល្យ​របស់​បងប្អូន ហើយ​ការបម្រើ​របស់​បងប្អូន​នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​កុមារ​ដែល​បងប្អូន​បង្រៀន ។