« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ ៖ ពួកយើងមកថ្វាយបង្គំទ្រង់ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ចូរយើងសរសើរថ្វាយទ្រង់ ដោយ ដាណា ម៉ារីអូ វូឌ
ថ្ងៃទី ៩–១៥ ខែ មករា
ម៉ាថាយ ២; លូកា ២
យើងមកថ្វាយបង្គំទ្រង់
កុមារដែលបងប្អូនបង្រៀនគឺជាបុត្រា និងបុត្រីដ៏មានតម្លៃរបស់ព្រះវរបិតាសួគ៌ ។ សូមទូលសូមទ្រង់ឲ្យជួយដល់បងប្អូន កាលបងប្អូនខិតខំបង្រៀនពួកគេចេញពីព្រះគម្ពីរ ។ ទ្រង់អាចដឹកនាំបងប្អូនទៅកាន់គោលការណ៍ទាំងឡាយដែលបងប្អូនគួរតែសង្កត់ធ្ងន់ និងអាចបំផុសគំនិតបងប្អូនឲ្យមានគំនិតធ្វើសកម្មភាពដែលនឹងជួយដល់បុត្រាបុត្រីរបស់ទ្រង់ ។
អញ្ជើញឲ្យចែកចាយ
សូមកុមារឲ្យប្រាប់បងប្អូននូវអ្វីដែលពួកគេចាំអំពីការប្រសូតរបស់ព្រះគ្រីស្ទ ។ តើផ្នែកមួយណានៃដំណើររឿងនេះដែលពួកគេចូលចិត្តជាងគេ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវបានប្រសូតមក ។
ព្រះយេស៊ូវបានយាងចេញពីព្រះរាជវាំងរបស់ទ្រង់ជាមួយនឹងព្រះវរបិតាសួគ៌ ដើម្បីមកប្រសូតនៅលើផែនដី ដើម្បីទ្រង់អាចក្លាយជាព្រះអង្គសង្គ្រោះរបស់យើងបាន ។ តើបងប្អូនអាចជួយកុមារឲ្យចងចាំពីដំណើររឿងនៃការប្រសូតរបស់ព្រះគ្រីស្ទដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
កាលបងប្អូនអានដំណើររឿងនៃការប្រសូតរបស់ព្រះគ្រីស្ទ សូមឲ្យកុមារសម្ដែងពីដំណើររឿងនេះដោយខ្លួនគេ ឬប្រើទំព័រសកម្មភាពនាសប្ដាហ៍នេះដើម្បីរំឭកដំណើររឿងនេះឡើងវិញ ។ ( សូមមើលផងដែរ « ជំពូក ៥ ៖ ព្រះយេស៊ូវបានប្រសូតមក » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣–១៥ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
ប្រសិនបើបងប្អូនមានរូបអំពីការប្រសូតមួយឈុត នោះសូមយករូបនេះមកកាន់ថ្នាក់រៀន ហើយស្នើសុំឲ្យកុមាររៀបរូបឲ្យបានត្រឹមត្រូវ កាលបងប្អូនតំណាលអំពីដំណើររឿងនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកគេ ។ បងប្អូនក៏អាចបង្ហាញរូបភាពការប្រសូត្រមួយផងដែរ ( សូមមើលជាឧទាហរណ៍នៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមចង្អុលទៅរូបមនុស្សផ្សេងៗគ្នានៅក្នុងប្រសូតកម្មនេះ ហើយឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីរូបមនុស្សនីមួយៗនោះ ។
-
សូមច្រៀងបទចម្រៀងដែលកុមារពេញចិត្តរួមគ្នាអំពីការប្រសូតរបស់ព្រះយេស៊ូវ ។ កាលណាបងប្អូនធ្វើបែបនេះ សូមស្វែងរកឱកាសដើម្បីថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះអង្គសង្រ្គោះ ។ សូមអញ្ជើញកុមារឲ្យចែកចាយពីមូលហេតុដែលពួកគេស្រឡាញ់ព្រះយេស៊ូវ ។
ខ្ញុំអាចថ្វាយដង្វាយល្អៗដល់ព្រះយេស៊ូវ ។
ពួកហោរបាននាំដង្វាយជាមាស ជាកំញាន និងជាជ័រល្វីងទេសថ្វាយដល់ព្រះយេស៊ូវ ។ តើបងប្អូនអាចប្រើដំណើររឿងនេះដើម្បីបង្រៀនដល់កុមារថា ពួកគេក៏អាចថ្វាយដង្វាយដល់ព្រះយេស៊ូវបានដែរ—ដូចជាសេចក្ដីស្រឡាញ់ ការបម្រើ និងការគោរពប្រតិបត្តិដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពពួកហោរ កាលបងប្អូនរំឭកដំណើររឿងរបស់ពួកលោក ដែលមានកត់ត្រានៅក្នុង ម៉ាថាយ ២:១–១២ ជាមួយនឹងកុមារ ។ បងប្អូនអាចបង្ហាញរូបភាព ពួកហោរថ្វាយដង្វាយ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមខ្ចប់រូបភាព ឬវត្ថុអ្វីមួយជាអំណោយ ដែលតំណាងឲ្យដង្វាយដែលយើងអាចថ្វាយទៅព្រះយេស៊ូវបាន ។ សូមឲ្យកុមារជួយបងប្អូនបើកអំណោយទាំងនោះ ហើយពិភាក្សាពីរបៀបដែលយើងនឹងថ្វាយដង្វាយទាំងនេះទៅដល់ព្រះអង្គសង្គ្រោះ ។
-
សូមជួយឲ្យកុមារម្នាក់ៗគូរ ឬសរសេរបញ្ជីដង្វាយមួយ ដែលពួកគេអាចថ្វាយដល់ព្រះយេស៊ូវដូចជា « ការធ្វើជាមិត្តដ៏ល្អម្នាក់ » ឬ « ការអធិស្ឋាន » ។ សូមឲ្យកុមារចែកចាយបញ្ជីរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ហើយរើសយក « អំណោយ » មួយដែលពួកគេនឹងថ្វាយដល់ព្រះយេស៊ូវនៅថ្ងៃនេះ ។
ព្រះយេស៊ូវធ្លាប់ជាក្មេងតូចដូចខ្ញុំដែរ ។
ការរៀនសូត្រអំពីកុមារភាពរបស់ព្រះអង្គសង្គ្រោះ អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យភ្ជាប់ខ្លួនគេទៅនឹងទ្រង់ ។ សូមសួរកុមារថា តើពួកគេអាចរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីរបៀបដែលពួកគេអាចក្លាយដូចជាព្រះយេស៊ូវនាពេលនេះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យយុវវ័យមួយរូបនៅក្នុងវួដមកកាន់ថ្នាក់រៀនរបស់បងប្អូន ហើយចែកចាយដំណើររឿងរបស់ព្រះយេស៊ូវ ដែលបានបង្រៀនមនុស្សនៅឯព្រះវិហារបរិសុទ្ធកាលទ្រង់នៅជាយុវជននៅឡើយ ។
-
នៅមុនពេលដល់សប្តាហ៍ដែលថ្នាក់ចាប់ផ្តើម សូមស្នើសុំឲ្យកុមារបីបួននាក់ឲ្យយករូបភាពខ្លួនគេកាលនៅជាទារកមកចែកចាយ ។ សូមសួរពួកគេថា តើពួកគេបានធំឡើងដោយរបៀបណា ។ សូមចែកចាយរបៀបមួយចំនួនដែលព្រះយេស៊ូវបានមានជន្មឡើង ( សូមមើល លូកា ២:៤០, ៥២ ) ។ សូមច្រៀងជាមួយនឹងកុមារនូវបទ « គ្រាមួយកាលព្រះយេស៊ូវនៅតូច » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៤ ) ឬចម្រៀងផ្សេងទៀតអំពីព្រះអង្គសង្គ្រោះ ។
-
សូមអាន លូកា ២:៥២ ហើយពន្យល់ពីអត្ថន័យនៃពាក្យ « ប្រាជ្ញា » និង « កាន់តែធំ » ។ បងប្អូនអាចស្នើសុំឲ្យកុមារសម្តែងនូវសកម្មភាពមួយចំនួន ដែលបង្ហាញពីអត្ថន័យនៃការប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង ។ ឧទាហរណ៍ ពួកគេអាចសម្ដែងជាការអានសៀវភៅ ឬជួយដល់នរណាម្នាក់ដែលត្រូវការ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្យាការីពីបុរាណបានព្យាករអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។
ព្យាការី និងអ្នកជឿទាំងឡាយបានទន្ទឹងរង់ចាំការប្រសូតរបស់ព្រះអង្គសង្គ្រោះអស់រយៈពេលរាប់សតវត្សរ៍ ។ ការយល់ដឹងពីសេចក្ដីពិតនេះអាចជួយកុមារឲ្យរឹតតែមានការកោតសរសើរកាន់តែជ្រាលជ្រៅដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមស្នើសុំឲ្យកុមារនិយាយអំពីអ្វីដែលពួកគេទន្ទឹងរង់ចាំ ដូចជាខួបកំណើត ឬថ្ងៃឈប់សម្រាកជាដើម ។ សូមឲ្យកុមារអាន ហេលេមិន ១៤:២–៥ រកមើលអ្វីមួយ ដែលពួកព្យាការីបានទន្ទឹងរង់ចាំ ។
-
សូមអានការព្យាករមួយចំនួនអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះរួមគ្នា ( សូមមើល អេសាយ ៧:១៤; ៩:៦; នីហ្វៃទី១ ១១:១៨; ហេលេមិន ១៤:៥ ) ។ សូមជួយកុមារឲ្យសរសេរសេចក្ដីលម្អិតដែលមាននៅក្នុងការព្យាករទាំងនេះ ព្រមទាំងរកមើលការបំពេញតាមការព្យាករទាំងនេះនៅក្នុង លូកា ២:១–២១ និង ម៉ាថាយ ២:១–១២ ។
-
សូមអញ្ជើញកុមារឲ្យគូររូបភាពនៃអ្វីមួយចេញពី ម៉ាថាយ ២:១–១២ ឬ លូកា ២:១–២១ និងចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណចំពោះការប្រសូតរបស់ព្រះយេស៊ូវ ។
ស៊ីម្មានកំពុងគោរពព្រះរាជកុមារ ព្រះគ្រីស្ទ ដោយ ហ្គេ្រក ខេ អុលសិន
ព្រះយេស៊ូវក៏កាន់តែធំ « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ។
ដូចជាព្រះយេស៊ូវដែរ កុមារដែលបងប្អូនបង្រៀនមានបេសកកម្មដ៏សំខាន់មួយដែលត្រូវរៀបចំទុក ។ តើពួកគេអាចរៀនអ្វីខ្លះមកពីគំរូរបស់ព្រះយេស៊ូវ ?
សកម្មភាពដែលអាចធ្វើបាន
-
កាលបងប្អូនអាន លូកា ២:៤០, ៥២ សូមប្រាប់កុមារឲ្យស្ដាប់រកអ្វីដែលព្រះយេស៊ូវបានធ្វើ ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេធំឡើង តាំងពីពួកគេនៅតូចៗម៉្លេះ ។ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនអំពីការរៀនសូត្រដំណឹងល្អបន្ដិចម្ដងៗ ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះអង្គសង្គ្រោះ ។
-
សូមធ្វើសកម្មភាពដែលបង្ហាញឃ្លានៅក្នុង លូកា ២:៤០, ៥២ ។ ឧទាហរណ៍ បងប្អូនអាចវាស់កម្ពស់របស់កុមារម្នាក់ៗ ( « ព្រះយេស៊ូវក៏កាន់តែធំ … » ) ឬ ឲ្យពួកគេចែកចាយបទគម្ពីរដែលពួកគេចូលចិត្ត ( « មានកម្លាំងខាងវិញ្ញាណរឹតតែច្រើនឡើង » ) ។ សូមជួយកុមារឲ្យកត់សម្គាល់ពីរបៀបដែលពួកគេធំលូតលាស់ឡើង ហើយចែកចាយពីការសម្គាល់នេះជាមួយក្រុមគ្រួសាររបស់ពួកគេ ។
-
ក្រោយពីរំឭក លូកា ២:៤០, ៥២ រួចហើយ សូមឲ្យកុមារចែកចាយថា តើពួកគេគិតថា ព្រះយេស៊ូវបានមានព្រះកាយដូចម្ដេច កាលទ្រង់មានព្រះជន្មប្រហែលនឹងពួកគេនោះ ។ តើទ្រង់បានប្រព្រឹត្តចំពោះមាតារបស់ទ្រង់យ៉ាងដូចម្ដេច ? ចុះចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់ ?
ខ្ញុំអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវបាន ។
សូម្បីតែកាលពីនៅជាយុវជនម្នាក់នៅឡើយ ក៏ព្រះយេស៊ូវបានបង្រៀនដំណឹងល្អនៅឯព្រះវិហារបរិសុទ្ធដែរ ។ ដូចគ្នានេះដែរ កុមារនៅក្នុងថ្នាក់របស់បងប្អូនមានអ្វីៗជាច្រើនដើម្បីបង្រៀនដល់អ្នកនៅជុំវិញខ្លួនគេដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារម្នាក់រៀបចំឡើងមកសង្ខេបដំណើររឿងនៅក្នុង លូកា ២:៤១–៥២ ។ ដើម្បីជួយកុមារឲ្យយល់ពីដំណើររឿងនេះ សូមប្រាប់ពីអត្ថន័យនៃពាក្យ « ព្រះវិហាររបស់ព្រះវរបិតា » ( ខទី ៤៩ ) ។ ឧទាហរណ៍ បងប្អូនអាចប្រាប់សិស្សពីការងារដែលបងប្អូនធ្វើ ឬការងាររបស់ឪពុកម្ដាយបងប្អូន ។ តើអ្វីទៅជាការងារ ឬ « កិច្ចការ » របស់យ៉ូសែប ដែលជាឪពុកនៅលើផែនដីរបស់ព្រះយេស៊ូវនោះ ? ( សូមមើល ម៉ាថាយ ១៣:៥៥ ) ។ តើអ្វីជាកិច្ចការរបស់ព្រះវរបិតាសួគ៌ទ្រង់ ? ( សូមមើល លូកា ២:៤៦–៤៩; សូមមើលផងដែរ ម៉ូសេ ១:៣៩ ) ។
-
សូមអាន លូកា ២:៤៦–៤៩ ជាមួយនឹងកុមារ ហើយសួរថា « តើព្រះយេស៊ូវបានធ្វើ ‹ ព្រះវិហាររបស់ព្រះវរបិតា › របស់ទ្រង់បានល្អប៉ុណ្ណាដែរ ? » សូមជួយឲ្យកុមារសរសេរ ឬគូរនៅលើក្ដារខៀនពីរបៀបដែលពួកគេអាចជួយធ្វើកិច្ចការរបស់ព្រះវរបិតាសួគ៌ផងដែរ ។
-
ដើម្បីជួយកុមារឲ្យសាងនូវទំនុកចិត្តរបស់ពួកគេថា ពួកគេអាចបង្រៀនដំណឹងល្អបានដូចជាព្រះរាជកុមារព្រះយេស៊ូវដែរនោះ សូមជួយពួកគេឲ្យអនុវត្តការបង្រៀនគោលការណ៍មួយដល់គ្នាទៅវិញទៅមកចេញពី ដើម្បីកម្លាំងនៃយុវជន ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យបង្រៀនគ្រួសាររបស់ពួកគេពីអ្វីមួយ ដែលពួកគេបានរៀនអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការកែលម្អការបង្រៀនរបស់យើង
កុមារចូលចិត្តចង់ចេះចង់ដឹង ហើយរៀនតាមវិធីជាច្រើន ។ កុមារចូលចិត្តការរៀនសូត្រតាមរយៈបទពិសោធន៍ថ្មីៗ និងខុសៗគ្នា ។ សូមប្រើសកម្មភាពនានាដែលជួយពួកគេឲ្យធ្វើចលនាបាន ប្រើអស់ទាំងញាណរបស់ពួកគេ រុករក ហើយសាកល្បងរឿងថ្មីៗ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។