« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ ‹ ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៣–២៩ ខែ មករា
ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »
កាលបងប្អូនអានអំពីយ៉ូហាន-បាទីស្ទ និងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនានាដែលបងប្អូនទទួលបាន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់ពីបទគម្ពីរទាំងនេះ ហើយជួយបងប្អូនឲ្យគាំទ្រដល់ការរៀនសូត្រ ដែលកុមាររបស់បងប្អូនកំពុងរៀននៅឯផ្ទះ ។
អញ្ជើញឲ្យចែកចាយ
ដើម្បីផ្តល់ឱកាសឲ្យកុមារចែកចាយអ្វីដែលពួកគេបានរៀនរួចហើយ សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវកំពុងទទួលបុណ្យជ្រមុជទឹក ។ សូមស្នើសុំឲ្យពួកគេប្រាប់បងប្អូននូវអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនេះ ហើយពីរបៀបដែលពួកគេគិតអំពីការទទួលបុណ្យជ្រមុជទឹក ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចទទួលពិធីបុណ្យជ្រមុជទឹកដូចព្រះយេស៊ូវបានទទួលដែរ ។
តើបងប្អូនអាចប្រើដំណើររឿងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ ដើម្បីបង្រៀនកុមារឲ្យរៀបចំខ្លួនជ្រមុជទឹកដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសង្ខេបដំណើររឿងអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ៣:១៣–១៧; សូមមើលផងដែរ « ជំពូក ១០ ៖ ព្រះយេស៊ូវបានទទួលពិធីបុណ្យជ្រមុជទឹក » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ២៦–២៩ ឬវីដេអូដែលដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពន្យល់ថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹកដោយការពន្លិច ដោយបុគ្គលម្នាក់ដែលបានមានសិទ្ធិអំណាចបព្វជិតភាព ។ សូមតំណាលដំណើររឿងនេះបីបួនដង ហើយសូមឲ្យកុមារចែកចាយពីសេចក្ដីលម្អិតដែលពួកគេចងចាំ ។
-
សូមបង្ហាញរូបភាពដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក និងទំព័រសកម្មភាពសប្ដាហ៍នេះ ។ សូមឲ្យកុមារចង្អុលប្រាប់ពីភាពស្រដៀងគ្នារវាងរូបភាពទាំងពីរនេះ ។ ( សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវកំពុងទទួលបុណ្យជ្រមុជទឹកនៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។
-
សូមរំឭកសេចក្តីសន្យាដែលកុមារនឹងធ្វើ នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បុណ្យជ្រមុជទឹក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមសួរពួកគេថា តើកិច្ចការមួយណានៃកិច្ចការទាំងនេះដែលពួកគេបានធ្វើរួច ។
-
សូមអញ្ជើញសមាជិកគណៈប៊ីស្សពមួយរូបឲ្យប្រាប់កុមារអំពីបទសម្ភាសន៍ទទួលបុណ្យជ្រមុជទឹក ដែលពួកគេនឹងធ្វើ មុនពេលពួកគេទទួលបុណ្យជ្រមុជទឹក ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីពិធីបុណ្យជ្រមុជទឹកដូចជាបទ « ពិធីបុណ្យជ្រមុជទឹក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៤–៥៥ ) ។ សូមពិចារណាស្នើសុំកុមារម្នាក់ឲ្យដឹកនាំកុមារផ្សេងទៀត ខណៈដែលពួកគេកំពុងច្រៀង ។
ព្រះវិញ្ញាណបរិសុទ្ធជួយដល់ខ្ញុំ ។
បន្ថែមលើការរៀបចំសម្រាប់ពិធីបុណ្យជ្រមុជទឹក កុមារក៏ត្រូវរៀបចំខ្លួនដើម្បីទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ តើបងប្អូនអាចជួយពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រើ ម៉ាថាយ ៣:១១, ១៦ ដើម្បីបង្រៀនកុមារថា ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើព្រះយេស៊ូវ កាលទ្រង់បានទទួលបុណ្យជ្រមុជទឹក ( សត្វព្រាបបានលេចមក ជាទីសម្គាល់មួយបង្ហាញថា ការណ៍នេះបានកើតឡើង ) ។ សូមបង្ហាញរូបភាព អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៥ ) ហើយសូមពន្យល់ថា យើងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងទទួលបានការបញ្ជាក់ ។
-
សូមយកប្រអប់មួយដែលមានវត្ថុផ្សេងៗដូចជា រូបភាពព្រះយេស៊ូវ ភួយដ៏ទន់មួយ និងត្រីវិស័យ ឬផែនទីមួយ ។ សូមឲ្យកុមារជ្រើសរើសវត្ថុមួយ រួចហើយឲ្យពួកគេពន្យល់ថា តើវត្ថុនីមួយៗតំណាងឲ្យវិធីដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយដល់យើងដោយរបៀបណា—ទ្រង់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ ( សូមមើល យ៉ូហាន ១៥:២៦ ) លួងលោមយើង ( សូមមើល យ៉ូហាន ១៤:២៦ ) និងបង្ហាញផ្លូវត្រូវដល់យើង ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។
-
សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូន ពេលទទួលបានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមអញ្ជើញកុមារឲ្យស្ដាប់រកវិធីដែលព្រះវិញ្ញាណបរិសុទ្ធជួយដល់យើង កាលពួកគេច្រៀងចម្រៀងអំពីទ្រង់ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំទទួលបានពរជ័យដោយសារពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន ។
យ៉ូហាន-បាទីស្ទ កាន់កូនសោបព្វជិតភាពអើរ៉ុន ដូច្នេះហើយការអានអំពីលោកនៅក្នុង ម៉ាថាយ ៣ គឺជាឱកាសដ៏ល្អដើម្បីបង្រៀនកុមារអំពីបព្វជិតភាពអើរ៉ុន ។ សូមជួយពួកគេឲ្យស្គាល់ពីពរជ័យ និងអំណាចដែលយើងទទួលបានតាមរយៈបព្វជិតភាពនេះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារធ្វើបញ្ជីមួយអំពីកាតព្វកិច្ចនៃបព្វជិតភាពអើរ៉ុនដោយប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៤៦, ៥៨–៦០; ៨៤:១១១ ។ សូមឲ្យកុមារអានក្នុង ម៉ាថាយ ៣ រកមើលគំរូរបស់យ៉ូហានដែលបានបំពេញតាមកាតព្វកិច្ចទាំងនេះមួយចំនួន ។ តើយើងទាំងអស់គ្នាអាចធ្វើអ្វីខ្លះ ដើម្បីអញ្ជើញមនុស្សដទៃទៀតឲ្យមករកព្រះគ្រីស្ទ ដូចដែលយ៉ូហានបានធ្វើដែរ ?
-
សូមបង្ហាញរូបភាពខ្លះអំពីអ្នកកាន់បព្វជិតភាពអើរ៉ុនដែលធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៣–៤, ១០៧–៨ ) ។ សូមពិភាក្សាពីរបៀបដែលពិធីបរិសុទ្ធទាំងនេះរៀបចំយើង ដើម្បីទទួលព្រះយេស៊ូវគ្រីស្ទ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។
-
សូមអានរួមគ្នាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ រួចពន្យល់ថា យ៉ូហាន-បាទីស្ទបានស្ដារឡើងវិញនូវបព្វជិតភាពអើរ៉ុនដល់យ៉ូសែប ស្ម៊ីធ ។ សូមសួរកុមារថា តើពួកគេបានទទួលពរជ័យយ៉ាងដូចម្ដេច ដោយសារបព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញនោះ ។
ម៉ាថាយ ៣:១៣–១៧; ម៉ាកុស ១:១–១១; លូកា ៣:២–១៨
ខ្ញុំអាចរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំបាន ។
ការរៀនសូត្រអំពីដំណើររឿងនៃពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគឺជាឱកាសដ៏ល្អមួយ ដើម្បីជួយកុមារឲ្យរំឭកពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយតាំងចិត្តសាជាថ្មីដើម្បីធ្វើតាមសេចក្តីសញ្ញាទាំងនោះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យប្តូរវេនគ្នាអានខគម្ពីរទាំងនេះចេញពី ម៉ាកុស ១:១–១១ ។ សូមពិភាក្សាពីមូលហេតុដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងទទួលបុណ្យជ្រមុជទឹក ។ ហេតុអ្វីបានជាព្រះយេស៊ូវទទួលបុណ្យជ្រមុជទឹក ទោះបីជាទ្រង់មិនចាំបាច់លាងសម្អាតពីអំពើបាបក្តី ? សូមជួយកុមារឲ្យស្វែងរកចម្លើយចំពោះសំណួរនេះនៅក្នុង ម៉ាថាយ ៣:១៣–១៥ និង នីហ្វៃទី២ ៣១:៦–៧ ។
-
សូមរំឭកពីសេចក្ដីសញ្ញាដែលកុមារបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ដែលមាននៅក្នុង ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ។ សូមឲ្យកុមារសរសេរសេចក្ដីយោងទាំងនេះនៅលើទំព័រសកម្មភាពសប្ដាហ៍នេះ ។
-
សូមរៀបចំកាតបីបួនគូដែលផ្គូផ្គងឃ្លា ឬរូបភាព ដែលតំណាងឲ្យសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង ។ សូមផ្កាប់កាតចុះ ។ សូមអញ្ជើញកុមារឲ្យប្ដូរវេនគ្នាបើកកាតម្ដងពីរ ហើយរកមើលការផ្គូផ្គងដែលត្រូវគ្នា ។ ក្រោយពីផ្គូផ្គងបានត្រូវហើយ សូមឲ្យកុមារចែកចាយពីវិធីដែលពួកគេបានរក្សាតាមសេចក្ដីសញ្ញានោះ ។
-
សូមចែកចាយពរជ័យដែលបានមកពីការរក្សាតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់បងប្អូន ។
ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំខ្ញុំបាន ។
កុមារកំពុងរៀនពីរបៀបទទួលស្គាល់ និងធ្វើតាមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមជួយពួកគេឲ្យយល់ថា ការគោរពតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេនឹងជួយពួកគេឲ្យមានភាពស័ក្ដិសម ដើម្បីទទួលបានការដឹកនាំរបស់ទ្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមស្នើសុំឲ្យកុមារម្នាក់ៗអានបទគម្ពីរមួយនៅក្នុងចំណោមបទគម្ពីរដូចតទៅនេះ ហើយត្រូវពន្យល់ពីអ្វីដែលបទគម្ពីរទាំងនោះបង្រៀនអំពីរបៀប ដែលព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់យើង ៖ ហេលេមិន ៥:៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៣; ៨:២–៣; ១១:១២–១៣ ។
-
សូមឲ្យកុមារម្នាក់អាន ម៉ាថាយ ៣:១១ ។ តើព្រះវិញ្ញាណបរិសុទ្ធដូចជាភ្លើងដោយរបៀបណា ? ឧទាហរណ៍ ភ្លើងអាចជាការលួងលោមចិត្ត ហើយវាផ្តល់ពន្លឺដើម្បីដឹកនាំយើង ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី២ ៣២:៥ ) ។
-
សូមឲ្យកុមារបិទភ្នែក ហើយលាតដៃរបស់គេមកមុខ ។ បន្ទាប់មក សូមត្រដុសបាតដៃរបស់ពួកគេថ្នមៗនឹងរោមមាន់ ឬខ្សែមួយ ។ សូមឲ្យពួកគេប្រាប់បងប្អូន ពេលពួកគេមានអារម្មណ៍រសើប ។ តើសកម្មភាពនេះបង្រៀនអ្វីខ្លះ អំពីការស្គាល់នូវចំណាប់អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ?
-
សូមឲ្យកុមារចែកចាយបទពិសោធន៍ដែលពួកគេបានមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ហេតុអ្វីការរក្សាតាមសេចក្ដីសញ្ញារបស់យើងជួយយើងឲ្យទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារម្នាក់ៗឲ្យសាកសួរទៅឪពុកម្តាយរបស់ពួកគេ សមាជិកគ្រួសារដទៃទៀត ឬមិត្តភក្តិអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគាត់ ។