ជំពូក ១០ ព្រះយេស៊ូវបានទទួលពិធីបុណ្យជ្រមុជទឹក យ៉ូហានបានរស់នៅ ក្នុងទីរហោស្ថានអស់ជាច្រើនឆ្នាំ ។ លោកពាក់អាវរោមអូដ្ឋ ក៏មានកណ្ដូប និង ទឹកឃ្នុំព្រៃជាអាហារ ។ ប្រជាជនបានមកពីទីក្រុងទៅស្ដាប់លោកបង្រៀន ។ គេស្គាល់លោកថាជា យ៉ូហានបាទីស្ទ ។ ម៉ាថាយ ៣:១-៥ យ៉ូហានបាទីស្ទបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ លោកបានប្រាប់ពួកគេឲ្យប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយទទួលពិធីបុណ្យជ្រមុជទឹក ។ យ៉ូហានបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យអ្នកដែលបានប្រែចិត្តពីអំពើបាបរបស់ខ្លួន ។ ម៉ាថាយ ៣:២–៣, ៥–៦ ប្រជាជនបានសួរយ៉ូហានបាទីស្ទ អំពីរបៀបរស់នៅក្នុងជីវិតកាន់តែប្រសើរ ។ លោកបានប្រាប់ពួកគេឲ្យចែករំលែកជាមួយអ្នកក្រីក្រ មិនពោលពាក្យកុហក និង មានភាពយុត្តិធម៌ជាមួយមនុស្សដទៃ ។ លោកបានមានប្រសាសន៍ថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកក្នុងពេលឆាប់ៗនេះ ។ ព្រះយេស៊ូវនឹងប្រទានអំណោយជាព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ។ ម៉ាថាយ ៣:២, ១១–១២, លូកា ៣:១០–១៤ ថ្ងៃមួយ នៅពេលយ៉ូហានបាទីស្ទបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យប្រជាជនក្នុងទន្លេយ័រដាន់ នោះព្រះយេស៊ូវបានយាងមកឯលោក ។ ទ្រង់បានមានបន្ទូលសុំឲ្យយ៉ូហានធ្វើពិធីបុណ្យជ្រមុជទឹកថ្វាយទ្រង់ ។ យ៉ូហានបានដឹងថា ព្រះយេស៊ូវតែងតែគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ហើយមិនត្រូវការប្រែចិត្តទេ ។ យ៉ូហានបានគិតថា ព្រះយេស៊ូវពុំត្រូវការពិធីបុណ្យជ្រមុជទឹកទេ ។ ម៉ាថាយ ៣:១៣–១៥, នីហ្វៃទី២ ៣១:៥–៧ ប៉ុន្តែព្រះបានត្រាស់បង្គាប់ឲ្យមនុស្សទាំងអស់ទទួលពិធីបុណ្យជ្រមុជទឹក ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូហានឲ្យធ្វើពិធីបុណ្យជ្រមុជទឹកថ្វាយទ្រង់ ។ ព្រះយេស៊ូវបានធ្វើជាគំរូសម្រាប់យើង តាមរយៈការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ដែលត្រូវទទួលពិធីបុណ្យជ្រមុជទឹក ។ ម៉ាថាយ ៣:១៦, នីហ្វៃទី២ ៣១:៧–៩ កាលព្រះយេស៊ូវបានងើបចេញពីទឹកមក នោះព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកឯទ្រង់ ។ ព្រះបានមានបន្ទូលមកពីស្ថានសួគ៌ថា « នោះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់ » ។ យ៉ូហាន បាទីស្ទក៏បានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ។ ម៉ាថាយ ៣:១៦–១៧, យ៉ូហាន ១:៣៣–៣៦, Jesus the Christ ទំព័រ ១៥០