ជំពូក ៥៣ ព្រះយេស៊ូវត្រូវគេឆ្កាង ពួកទាហានបានវាយព្រះយេស៊ូវដោយខ្សែតី ។ ពួកគេបានបំពាក់រ៉ូបពណ៌ស្វាយលើទ្រង់ ។ ពួកគេបានធ្វើមកុដបន្លា ហើយបំពាក់លើកសិរសាទ្រង់ ។ ពួកគេបានសើចចំអក ហើយស្ដោះដាក់ទ្រង់ ។ ពួកគេបានហៅទ្រង់ថា « ស្តេចសាសន៍យូដា » ។ ម៉ាកុស ១៥:១៥-២០ មនុស្សជាច្រើនបានដើរតាមក្រោយពួកទាហាន នៅពេលពួកគេបាននាំព្រះយេស៊ូវទៅលើភ្នំមួយក្បែរក្រុងយេរ៉ូសាឡិម ។ ពួកគេបានឲ្យទ្រង់លីឈើឆ្កាងដោយអង្គទ្រង់ ។ ពួកគេបានវាយដែកគោលលើព្រះហស្ត និង ព្រះបាទាទ្រង់ ហើយបានលើកទ្រង់ឡើង ។ ពួកគេក៏បានឆ្កាងបុរសពីរនាក់ទៀត ដែលជាចោរដែរ ។ លូកា ២៣:២៧, ៣៣, យ៉ូហាន ១៩:១៧–១៨ ព្រះយេស៊ូវបានអធិស្ឋាន ។ ទ្រង់បានទូលសូមព្រះវរបិតាសួគ៌ ឲ្យអភ័យទោសដល់ពួកទាហានដែលបានឆ្កាងទ្រង់ ។ ពួកគេពុំបានដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនោះទេ ។ លូកា ២៣:៣៤ ម៉ារា ដែលជាមាតាព្រះយេស៊ូវ បានឈរនៅក្បែរឈើឆ្កាង ។ សាវកយ៉ូហានក៏នៅទីនោះដែរ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់យ៉ូហាន ឲ្យមើលថែមាតាទ្រង់ ។ យ៉ូហានបានយកមាតាព្រះយេស៊ូវទៅផ្ទះរបស់គាត់ ។ យ៉ូហាន ១៩:២៥–២៧ ភាពងងឹតបានគ្របដណ្ដប់ពេញដែនដី ។ ព្រះអង្គសង្គ្រោះបានរងទុក្ខនៅលើឈើឆ្កាងអស់ពេលច្រើនម៉ោង ។ ទីបំផុត ព្រះវិញ្ញាណទ្រង់បានយាងចេញពីព្រះកាយ ហើយទ្រង់ក៏សុគតទៅ ។ ម៉ាថាយ ២៧:៤៥, ៥០ កាលទ្រង់សុគត មានរញ្ជួយផែនដីមួយបានបំបែកថ្មមួយផ្ទាំងជាបំណែកតូចៗ ។ វាំងនននៅក្នុងព្រះវិហារបរិសុទ្ធ បានរហែកជាពីរ ។ ពួកទាហានរ៉ូមភិតភ័យ ។ ម៉ាថាយ ២៧:៥១, ៥៤ សាវកម្នាក់របស់ព្រះយេស៊ូវបានយកព្រះសពរបស់ព្រះអង្គសង្គ្រោះពីលើឈើឆ្កាង ។ គាត់បានរុំព្រះសពនឹងសំពត់ ហើយបញ្ចុះក្នុងផ្នូរ ជាទីដែលសាកសពត្រូវបានកប់ ។ មានថ្មមួយផ្ទាំងធំ ត្រូវបានប្រមៀលមកបិទមាត់ផ្នូរ ។ ម៉ាថាយ ២៧:៥៧–៦០