ជំពូក ៥១ ព្រះគ្រីស្ទរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវ និង ពួកសាវក បានទៅឯសួនច្បារគែតសេម៉ានី ។ យូដាសពុំបានទៅជាមួយឡើយ ។ គាត់បានទៅប្រាប់ពួកអ្នកដឹកនាំសាសន៍យូដាអំពីទីកន្លែងរបស់ព្រះយេស៊ូវ ។ ម៉ាថាយ ២៦:៣៦, ម៉ាកុស ១៤:៤៣, យ៉ូហាន ១៨:២–៣ ព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ឲ្យពេត្រុស យ៉ាកុប និង យ៉ូហាន ចូលទៅក្នុងសួនច្បារគែតសេម៉ានីជាមួយទ្រង់ ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេឲ្យរង់ចាំ កាលទ្រង់យាងទៅអធិស្ឋាន ។ ម៉ាថាយ ២៦:៣៦–៣៩, ម៉ាកុស ១៤:៣៣–៣៥ ព្រះយេស៊ូវបានជ្រាបថា ទ្រង់ចាំបាច់ត្រូវរងទុក្ខជំនួសអំពើបាបរបស់មនុស្សទាំងពួង ។ ទ្រង់ពុំសព្វព្រះទ័យនឹងរងទុក្ខទេ ប៉ុន្តែទ្រង់បានជ្រើសរើសគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌ ។ ម៉ាថាយ ២៦:៣៩–៤៤ ពេត្រុស យ៉ាកុប និង យ៉ូហាន បានដេកលក់កាលព្រះយេស៊ូវកំពុងអធិស្ឋាន ។ ព្រះយេស៊ូវបានយាងមក ហើយទតឃើញថា ពួកគេកំពុងដេកលក់ ។ ទ្រង់បានដាស់ពួកគេឲ្យក្រោកឡើង ។ ម៉ាថាយ ២៦:៤០-៤១ ទ្រង់បានយាងទៅអធិស្ឋានម្ដងទៀត ។ ពេត្រុស យ៉ាកុប និង យ៉ូហាន មិនចង់ដេកនោះទេ ប៉ុន្តែពួកគេអស់កម្លាំងពេក ។ ពួកគេបានដេកលក់ម្ដងទៀត ។ ព្រះយេស៊ូវបានយាងមក ហើយទតឃើញថា ពួកគេកំពុងដេកលក់ម្ដងទៀត ។ ទ្រង់បានយាងទៅអធិស្ឋានជាលើកទីបី ។ ម៉ាថាយ ២៦:៤២-៤៤ ព្រះយេស៊ូវបានអធិស្ឋាន ទ្រង់បានចាប់ផ្ដើមញ័រដោយសារតែភាពឈឺចាប់ ។ មានទេវតាមួយអង្គបានយាងមកចម្រើនកម្លាំងដល់ទ្រង់ ។ ទ្រង់បានរងទុក្ខយ៉ាងខ្លាំង ដែលធ្វើឲ្យទ្រង់បែកញើសជាដំណក់ឈាម ។ ទ្រង់បានរងទុក្ខជំនួសអំពើបាបរបស់យើង ដើម្បីយើងអាចបានអត់ទោសប្រសិនបើយើងប្រែចិត្ត ។ លូកា ២២:៤១–៤៤, គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ព្រះយេស៊ូវបានដាស់ពេត្រុស យ៉ាកុប និង យ៉ូហាន ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់នឹងត្រូវគេក្បត់ ហើយធ្វើគុត ។ ព្រះយេស៊ូវមានបន្ទូលថា ពួកទុច្ចរិតកំពុងមកចាប់ព្រះកាយទ្រង់ហើយ ។ ម៉ាថាយ ២៦:៤៥-៤៦