ជំពូក ១ អេលីសាបិត និង សាការី សាការី និង ភរិយារបស់លោក អេលីសាបិត គឺជាសាសន៍យូដា ដែលបានរស់នៅក្បែរក្រុងយេរ៉ូសាឡិម ។ ពួកគាត់បានគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ។ ពួកគាត់បានអធិស្ឋានជាច្រើនឆ្នាំ ដើម្បីឲ្យមានកូន ។ នៅពេលពួកគាត់បានឈានចូលវ័យចំណាស់ទៅហើយ ពួកគាត់នៅតែគ្មានកូន ។ លូកា ១:៥–៧, ១៣ សាការីគឺជាសង្ឃនៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្ងៃមួយ ទេវតាមួយអង្គព្រះនាមកាព្រីយ៉ែលបានយាងមកជួបលោក ។ ទេវតាកាព្រីយ៉ែលបានមានបន្ទូលថា ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់សាការី និង អេលីសាបិត ។ ពួកគាត់នឹងមានកូន ។ ទេវតាកាព្រីយ៉ែលមានបន្ទូលថា ពួកគាត់គួរតែដាក់ឈ្មោះទារកនោះថា យ៉ូហាន ។ លូកា ១:៨–១៣, ១៩ ទេវតាកាព្រីយ៉ែលបានមានបន្ទូលថា យ៉ូហាន នឹងក្លាយជាព្យាការីដ៏សុចរិតមួយរូបរបស់ព្រះ ។ លោកនឹងបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ លូកា ១:១៥–១៧ សាការីពុំជឿលើបន្ទូលរបស់ទេវតាទេ ។ អេលីសាបិតមានវ័យចំណាស់ពេកហើយក្នុងការមានកូននោះ ។ ទេវតាកាព្រីយ៉ែលមានបន្ទូលថា ដោយសារតែលោកពុំជឿលើបន្ទូលសន្យារបស់ព្រះ នោះសាការីនឹងក្លាយជាគ លុះត្រាតែយ៉ូហានបានកើតមក ។ លូកា ១:១៨–២០