ជំពូក ២២ បុរសមានអារក្សចូល បុរសម្នាក់ដែលរស់នៅឯទីស្មសានលើឆ្នេរសមុទ្រកាលីឡេ បានមានអារក្សអសោចចូល ដែលបានធ្វើឲ្យគាត់សម្ដែងកាយវិការយ៉ាងកំណាច ។ អ្នកស្រុកបានចង់គាត់ដោយច្រវាក់ ក៏ពុំបានផង ។ ម៉ាកុស ៥:១–៤ បុរសនោះបាននៅឯភ្នំ និង រូងភ្នំទាំងថ្ងៃទាំងយប់ជានិច្ច ។ គាត់បានស្រែកខ្លាំងៗ ហើយយកថ្មមកអារសាច់ខ្លួនឯង ។ ម៉ាកុស ៥:៥ ថ្ងៃមួយ ព្រះយេស៊ូវ និង ពួកសិស្សរបស់ទ្រង់បានជិះទូកឆ្លងកាត់សមុទ្រកាលីឡេ ។ កាលព្រះអង្គសង្គ្រោះបានយាងចេញពីទូក បុរសនោះក៏រត់ទៅឯទ្រង់ ។ ម៉ាកុស ៥:១–២, ៦ ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ឲ្យអារក្សចេញពីខ្លួនមនុស្សនេះទៅ ។ អារក្សបានដឹងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ ។ វាបានទទូចអង្វរទ្រង់កុំឲ្យធ្វើបាបវា ។ ម៉ាកុស ៥:៧–៨ កាលព្រះអង្គសង្គ្រោះមានបន្ទូលសួរឈ្មោះរបស់វា វាឆ្លើយថា « ទូលបង្គំឈ្មោះ កងទ័ព » ដែលមានន័យថា គ្នាច្រើន ។ មានវិញ្ញាណអារក្សជាច្រើនសណ្ឋិតនៅក្នុងបុរសនោះ ។ ពួកវាបានទទូចអង្វរព្រះយេស៊ូវអនុញ្ញាតឲ្យវា ចូលទៅជ្រកក្នុងសត្វជ្រូកនៅក្បែរនោះ ។ ម៉ាកុស ៥:៩–១២ ព្រះយេស៊ូវបានយល់ព្រម ។ វិញ្ញាណអារក្សបានចេញពីបុរសនោះ ហើយបានចូលទៅជ្រកក្នុងជ្រូកប្រមាណ ២០០០ ក្បាល ។ ជ្រូកទាំងនោះបានរត់ចុះពីភ្នំចូលក្នុងសមុទ្រ ហើយបានលង់ទឹកស្លាប់អស់ទៅ ។ ម៉ាកុស ៥:១៣ ពួកគង្វាលជ្រូកគេរត់ទៅឯទីក្រុង ហើយបានប្រាប់ប្រជាជនអំពីហេតុការណ៍ដែលបានកើតឡើង ។ ប្រជាជនក៏បានមក ហើយឃើញព្រះយេស៊ូវ និង បុរសកំណាចនោះ ។ ប៉ុន្តែបុរសនោះមិនកំណាចទៀតឡើយ ។ ម៉ាកុស ៥:១៤-១៥ ហេតុការណ៍នេះបានធ្វើឲ្យមនុស្សខ្លាចព្រះយេស៊ូវ ។ ពួកគេទូលសូមទ្រង់យាងចេញពីស្រុកគេទៅ ។ ទ្រង់ក៏បានយាងទៅឯទូកវិញ ។ ម៉ាកុស ៥:១៥-១៨ បុរសដែលទ្រង់បានប្រោសនោះ ក៏សូមទៅជាមួយនឹងទ្រង់ ។ ព្រះអង្គសង្គ្រោះមានបន្ទូលប្រាប់គាត់ឲ្យទៅផ្ទះវិញ ហើយប្រាប់បងប្អូនគាត់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ ។ ម៉ាកុស ៥:១៨-១៩ បុរសនោះបានប្រាប់បងប្អូនគាត់ ហើយពួកគេក៏មានសេចក្ដីអស្ចារ្យក្នុងចិត្ត ។ ម៉ាកុស ៥:២០