ជំពូក ៥៧ មនុស្សទុច្ចរិតសម្លាប់ស្ទេផាន មានពួកដឹកនាំសាសន៍យូដាជាច្រើនបានគិតថា អព្ភូតហេតុប្រភេទនោះនឹងបញ្ឈប់នៅពេលព្រះយេស៊ូវសុគត ។ ទោះជាយ៉ាងណាក៏ដោយ ពួកសាវកក៏អាចសម្ដែងអព្ភូតហេតុដែរ ។ មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានចូលសាសនាចក្រ ។ កិច្ចការ ៤:១–៤, ១៣–១៦, ៥:១៤ ហេតុការណ៍នេះបានធ្វើឲ្យពួកដឹកនាំសាសន៍យូដាខឹង ។ ពួកគេបានចាប់ពេត្រុស និង យ៉ូហាន ដាក់គុក ។ ស្ដេចហេរ៉ូដ អាគ្រីប៉ា បានសម្លាប់សាវកយ៉ាកុប ។ កិច្ចការ ៤:៣, ១២:១–២ ពួកសាវកបានហៅបុរសប្រាំពីរនាក់ ឲ្យជួយដឹកនាំសាសនាចក្រ ។ ម្នាក់ចំណោមពួកគេគឺជាបុរសសុចរិតឈ្មោះ ស្ទេផាន ។ គាត់បានបង្រៀនដំណឹងល្អដល់មនុស្សជាច្រើន ។ មនុស្សទុច្ចរិតមួយចំនួនបានកុហក ហើយថ្លែងថា ស្ទេផាន បានបង្រៀនទាស់នឹងក្រឹត្យវិន័យពួកសាសន៍យូដា ។ ពួកគេបាននាំគាត់ទៅសាកសួរនៅមុខពួកអ្នកដឹកនាំសាសន៍យូដា ។ កិច្ចការ ៦:៣-១២ ស្ទេផានបានប្រាប់ពួកអ្នកដឹកនាំថា ពួកគេគឺជាមនុស្សទុច្ចរិត ។ គាត់បានប្រាប់ថា ពួកគេបានធ្វើគុតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។ កិច្ចការ ៧:៥១-៥៤ លំដាប់នោះ ស្ទេផាន បានសម្លឹងមើលទៅស្ថានសួគ៌ ហើយបានឃើញព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ កាលគាត់បានប្រាប់ពួកអ្នកដឹកនាំអំពីអ្វីដែលគាត់បានឃើញ នោះពួកគេខឹងខ្លាំងណាស់ ។ កិច្ចការ ៧:៥៥-៥៦ ពួកគេបានយកស្ទេផានចេញទៅក្រៅទីក្រុងដើម្បីសម្លាប់គាត់ ដោយចោលគាត់នឹងដុំថ្ម ។ ពួកគេបានផ្ញើអាវគេដាក់នៅទៀបជើងកំលោះម្នាក់ឈ្មោះសុល ។ កាលស្ទេផានហៀបនឹងស្លាប់ គាត់បានទូលសូមព្រះឲ្យនាំវិញ្ញាណគាត់ទៅស្ថានសួគ៌ផង ។ គាត់ក៏បានទូលសូមព្រះឲ្យអត់ទោសដល់អស់អ្នកដែលសម្លាប់គាត់ដែរ ។ ក្រោយមក គាត់ក៏បានស្លាប់ទៅ ។ កិច្ចការ ៧:៥៨-៦០